ព្រះសារីរិកធាតុដែលត្រូវបានតម្កល់ទុកបណ្ដោះអាសន្នក្នុងព្រះបរមរាជវាំងមួយរយៈបន្ទាប់ពីចោរមួយក្រុមបានលួចកាលពីឆ្នាំ២០១៣ នោះ នៅពេលនេះត្រូវបានដង្ហែយកទៅតម្កល់ទុកនៅព្រះសក្យមុនីចេតិយលើភ្នំព្រះរាជទ្រព្យ ខែត្រកណ្ដាល វិញហើយ។ ពិធីដង្ហែនេះដឹកនាំដោយមន្ត្រីរាជវាំង និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងពុទ្ធបរិស័ទច្រើនពាន់នាក់ នៅទី២០ ខែឧសភា ដែលជាថ្ងៃវិសាខបូជា។
ពិធីដង្ហែបានចាប់ផ្ដើមចេញពីព្រះបរមរាជវាំង តាំងពីម៉ោង ៤ព្រលឹម ចេញពីមហាវិថីព្រះនរោត្ដម វិថីព្រះបាទអង្គឌួង មហាវិថីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ឆ្ពោះទៅផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្ដាម ទៅកាន់ព្រះសក្យមុនីចេតិយភ្នំអដ្ឋរស្ស ម៉ោងជាង ៩ព្រឹកថ្ងៃដដែល ព្រមទាំងធ្វើពិធីសាសនាមួយចំនួន។
មនុស្សជាច្រើនពាន់នាក់បានចូលរួមក្នុងពិធីដង្ហែព្រះសារីរិកធាតុទៅកាន់ភ្នំព្រះរាជទ្រព្យ នៅថ្ងៃទី២០ ខែឧសភា។ ការធ្វើពិធីដង្ហែព្រះសារីរិកធាតុទៅតម្កល់នៅកន្លែងដើមវិញនេះ គឺស្របពេលដែលកម្ពុជា ប្រារព្ធពិធីវិសាខបូជា។
ពលរដ្ឋម្នាក់ដែលបានចូលរួមក្នុងពិធីនេះគឺលោក សំ រិតសឿន មានប្រសាសន៍ថា លោកមានទឹកចិត្តជ្រះថ្លា ព្រោះលោកមានជំនឿថា ព្រះសារីរិកធាតុនេះ នឹងនាំមកនូវសេចក្ដីសុខ និងភាពរីកចំរើនដល់ប្រទេសជាតិ៖ «ខ្ញុំមានជំនឿជឿជាក់លើព្រះពុទ្ធសាសនា ដែលបានរក្សាកេរដំណែលព្រះសារីរិកធាតុលើភ្នំអដ្ឋរស្សនេះ ធ្វើឲ្យកម្ពុជា ត្រជាក់ត្រជំ សុខដុមរមនា និងនាំឲ្យពុទ្ធបរិស័ទទាំងអស់មានការរីកចំរើន»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតដែលមកពីខេត្តកំពង់ឆ្នាំង គឺលោកស្រី អៀង គី មានប្រសាសន៍ថា ដោយសារខ្លាចមកមិនទាន់ពិធីនេះ លោកស្រីបានធ្វើដំណើរមកមុនមួយថ្ងៃ។ លោកស្រីបន្តថា នេះជាពិធីដែលពិសេសពិសាលមិនងាយនឹងបានចូលរួមនោះឡើយ៖ «ឮដំណឹងថា គេហែព្រះសារីរិកធាតុចង់មក ព្រោះមួយជីវិតយើងមិនដែលបានជួបទេ គ្រាន់តែឮៗ»។
ទោះជាយ៉ាងណាក៏ដោយចុះ ពលរដ្ឋបានស្នើដល់ថ្នាក់ដឹកនាំឲ្យមានវិធានការការពារ ទប់ស្កាត់កុំឲ្យមានការលួចម្ដងទៀត។
ជុំវិញរឿងនេះដែរ អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថា ស្ថាប័នរដ្ឋាភិបាលបានប្រគល់ជូនអាជ្ញាធរមានសមត្តកិច្ចដែលមានទីតាំងនៅក្បែរភ្នំព្រះរាជទ្រព្យនោះ រួមមានខេត្ត៥ គឺភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងកំពង់ចាម ដើម្បីថែរក្សាការពារសុវត្ថិភាពព្រះសារីរិកធាតុ៕
[ ទស្សនាវីដេអូOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។