អ្នកជំនាញ​ថា យុវជន​ខ្មែរ​មិនសូវ​ចាប់អារម្មណ៍​ពិធីបុណ្យ​វិសាខបូជា

0:00 / 0:00

នៅ​ថ្ងៃទី​១៥​ខែវិសាខ ជា​ពេល​ដែល​គេ​តែង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ធំ​បំផុត​នៅក្នុង​ព្រះពុទ្ធសាសនា គឺ​បុណ្យ​វិសាខបូជា ដើម្បី​រំឭក​ប្រវត្តិ​ដ៏​សំខាន់ៗ​ចំនួន​បី​របស់​ព្រះពុទ្ធ​។ ប៉ុន្តែ​នៅ​កម្ពុជា ពិធីបុណ្យ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មិនសូវ​មាន​យុវជន​ចាប់អារម្មណ៍ និង​ចូលរួម​ប្រារព្ធ​ឱ្យ​បាន​អធិកអធម​ច្រើន ក្នុងនាម​ជា​ប្រទេស​ដែល​ប្រកាន់​យក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ឡើយ។

អ្នកជំនាញ​យល់​ថា​យុវជន​ត្រូវ​មាន​ឧត្ដមគតិ​បង្ហាញ​ពី​ការ​ផ្ដល់​តម្លៃ​ព្រះពុទ្ធសាសនា ប៉ុន្តែ​យុវជន​ខ្មែរ​នៅពេល​បច្ចុប្បន្ន ហាក់​បាត់​ឧត្ដមគតិ​មួយ​នេះ ដោយសារ​គ្មាន​អ្នក​នាំមុខ​ដឹកនាំ​ឱ្យ​ស្គាល់​ពី​កេរ​តំណែង​ដូនតា ដូចជា​ការ​ដឹក​នាំ​ឱ្យ​យុវជន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​ជាដើម។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក សំបូរ មាណ្ណារ៉ា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៤​ឧសភា​ថា ដើម្បី​ដឹកនាំ​ឱ្យ​ក្រុម​យុវជន​ជំនាន់​ក្រោយ ចូលរួម​លើកកម្ពស់​តម្លៃ​កេរដំណែល​ដូនតា និង​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​ឱ្យ​បាន​ច្រើន​គគ្រឹកគគ្រេង គឺ​ត្រូវ​ចាប់ផ្ដើម​ដំបូង​ពី​សាលារៀន វត្ត​អារាម និង​ឪពុកម្ដាយ។

លោក​បន្ត​ថា សាលារៀន ត្រូវ​ដើរ​តួនាទី​ជា​មូលដ្ឋានគ្រឹះ វត្ត​អារាម​ត្រូវ​ដើរ​តួនាទី​ជាទី​ពំនាក់​អាស្រ័យ ហើយ​ឪពុកម្ដាយ ត្រូវ​ដើរ​តួនាទី​ជា​អ្នកផ្ដល់​ឱវាទ​និង​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ប្រារព្ធ​បុណ្យ​វិសាខបូជា ប៉ុន្តែ​លោក​ថា នៅ​តាម​សាលារៀន​រដ្ឋ បែរជា​ពុំបាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដើម្បី​បំផុស​ឱ្យ​សិស្សានុសិស្ស ចូលរួម​អបអរ និង​ណែនាំ​ឱ្យ​ស្គាល់​ពី​អត្ថន័យ​ពិធីបុណ្យ​នេះ​ឡើយ។

លោក សំបូរ មាណ្ណារ៉ា៖ «ម៉ោង​នេះ ពេលនេះ ជួនកាល កំពុង​ផឹក​ស្រវឹង បើកឡាន​បុក​គ្នា កំពុង​ឈ្លោះ​គ្នា កំពុង​តវ៉ា​គ្នា​។ ដូច្នេះ​!អា​ទាំង​អស់ហ្នឹង ព្រះពុទ្ធសាសនា​នៅក្នុង​ប្រទេស​កម្ពុជា ជា​សាសនា​របស់​រដ្ឋ សម​ទេ​?អត់​សម​ទេ​។ អ៊ីចឹង​!ដើម្បី​ឱ្យ​ប្អូន​ចូលរួម​បាន លុះតែ​ម៉ែឪ​ពុក សាលារៀន និង​វត្ត​អារាម គួរ​ផ្ដុំ​គ្នា​ឡើង នាំ​យុវជន​ឱ្យ​ចូល​គន្លង​ហ្នឹង​ទៅ ម្ដង​បន្តិចៗ យូរ​ទៅ យើង​នឹង​បាន​យុវជន​ចូលរួម​ហើយ»។

វិសាខបូជា ត្រូវ​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែវិសាខ ដើម្បី​រំឭក​ពី​ការ​ប្រសូតិ ត្រាស់ ដឹង និង​ចូល​បរិនិព្វាន​របស់​ព្រះពុទ្ធ កាលពី​២៥៥៦​ឆ្នាំមុន​។ វិសាខបូជា ក៏​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ប្រកាស​ទទួលស្គាល់ ជា​បុណ្យ​អន្តរជាតិ​ចាប់​តាំងពី​ឆ្នាំ​១៩៩៩ ដើម្បី​ទទួល​ស្គាល់​ពី​ការ​រួម​ចំណែក​របស់​ព្រះពុទ្ធសាសនា ជា​សាសនា​ដ៏​ចំណាស់​បំផុត​មួយ ជួយ​ជំរុញ​ឱ្យ​ពិភពលោក​មាន​សន្តិភាព មេត្តាធម៌ និង​សច្ចធម៌ ហើយ​អង្គការ​នេះ តែង​រៀបចំ​ប្រារព្ធ​បុណ្យ​វិសាខបូជា​ជា​រៀងរាល់​ឆ្នាំ​នៅ​ទីស្នាក់ការ​អង្គការ និង​តាម​ការិយាល័យ​មួយចំនួន​របស់​ខ្លួន។

ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​បុណ្យ​វិសាខបូជា ជា​បុណ្យជាតិ​។ ខេត្ត​មួយចំនួន​បាន​រៀបចំ​ពិធី​ដង្ហែ​ធំ នៅក្នុង​ខេត្ត​ខ្លួន ក្នុង​នោះ​មាន​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប រីឯ​នៅ​រាជធានី​ភ្នំពេញ​វិញ​មាន​វត្ត​ខ្លះ បាន​ធ្វើ​ពិធី​ដង្ហែ​តាម​វត្ត​រៀងៗ ខ្លួន ដោយមាន​អ្នកចូលរួម​ហែ​ពី​បរិស័ទ​ជុំវិញ​វត្ត។

ជុំវិញ​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​លើកឡើង​ពី​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី និង​ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​គណៈ​សង្ឃនាយក​នៃ​កម្ពុជា​សម្ដេច ឃឹម សន បាន​ទេ នៅ​ថ្ងៃទី​៤ ឧសភា​នេះ។

ព្រះ​ចៅអធិការ​វត្ត ប្រាសាទ​រាជា​សំរោង នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ព្រះតេជព្រះគុណ ថូ ធូរស់ មាន​ថេរ​ដីកា​ថា វត្ត​ព្រះអង្គ​មិនបាន​រៀបចំ​ពិធី​ដង្ហែ​ឱ្យ​បាន​អធិកអធម​ឡើយ បាន​ត្រឹម​ធ្វើ​ដូច​រាល់​ឆ្នាំ ដូចជា​ពិធី​សូត្រធម៌ ការសម្ដែង​ធម៌​ទេសនា ការ​ដង្ហែ​នៅ​ជុំវិញ​ព្រះវិហារ និង​នៅពេល​យប់ ដុត​គោម និង​សូត្រ​ធម្ម​សង្វេគ​ដើម្បី​រំឭក​គុណព្រះពុទ្ធ។

ព្រះអង្គ​យល់​ឃើញ​ថា ដើម្បី​ឱ្យ​ការរៀបចំ​ពិធីបុណ្យ​វិសាខ​បូជា ឱ្យ​បាន​អធិកអធម គឺ​ចាប់ផ្ដើម​ពី​មូលដ្ឋានគ្រឹះ​នៃ​ការ​អប់រំ​នៅ​តាម​សាលារៀន ប៉ុន្តែ​ព្រះអង្គ​សង្កេត​ឃើញ​ថា នៅ​តាម​សាលារៀន នៅពេល​មាន​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​តាម​បែប​គ្រិស្ដ​សាសនា បែរជា​បាន​រៀបចំ​បំផុស​ឱ្យ​សិស្សសាលា​ចូលរួម​អបអរសាទរ​ច្រើនជាង​ពិធីបុណ្យ​សាសនា​របស់​ខ្លួន​ទៅវិញ។

ព្រះតេជព្រះគុណ ថូ ធូរស់៖ «ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​យុវជន​ឱ្យ​បាន​ច្រើន​ផុលផុស គឺ​មានតែ​ការ​អប់រំ ការ​ជំរុញ​ពួកគាត់​ហ្នឹង ឱ្យ​ចូលរួម​កម្មវិធី​ហ្នឹង។ ហើយ​ស្រប​ពេល ក្នុង​ថ្ងៃ​វិសាខបូជា​នេះ គឺជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​របស់​មន្ត្រី​រាជការ ក៏ដូចជា​សិស្សានុសិស្ស ប៉ុន្តែ​ក្នុង​ពេល​ពួកគាត់​ឈប់សម្រាក​ហ្នឹង អត់​បាន​មក​ប្រារព្ធ​វិសាខបូជា ដូចជា​កម្មវិធី​បុណ្យ​នៅក្នុង​សាសនា​ផ្សេងៗ​ទេ»។

ជុំវិញ​ពិធីបុណ្យ​វិសាខបូជា​នេះ អតីត​ព្រះសង្ឃ និង​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ សង្កេត​ឃើញ​ថា បុណ្យ​វិសាខបូជា​កាលពី​ប៉ុន្មាន​ឆ្នាំមុន ត្រូវ​បាន​គេ​រៀបចំឡើង​ដោយមាន​ការចាប់អារម្មណ៍​យ៉ាង​ក្រាស់ក្រែល​ពី​ពលរដ្ឋ​និង​ក្រុម​យុវជន​។ ប៉ុន្តែ​លោក​ថា នៅ​ក្រោយ​មាន​បញ្ហា​នយោបាយ​កើតឡើង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ចាប់ផ្ដើម​ប្រកាន់​បក្សពួក​ដូច​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ហាក់​មិន​ត្រូវ​បាន​គេ​ខ្វល់ខ្វាយ​រៀបចំ​ដឹកនាំ​ឡើង​ឱ្យ​បាន​ទូលំទូលាយ​ដូច​មុន​ឡើយ។

លោក កើត សារ៉ាយ៖ «ដូច្នេះ​!ខ្ញុំ​មើលឃើញ​ថា បុណ្យ​វិសាខបូជា​នេះ មិន​ទាន់​ក្លាយ​ទៅ​ជា បុណ្យ​មួយ​ដែល​រដ្ឋ​យកចិត្តទុកដាក់ ដើម្បី​លើកកម្ពស់​ឱ្យ​បាន​ពេញ​លេញ​ទេ»។

លោក កើត សារ៉ាយ យល់​ឃើញ​ថា ក្រសួង​ធម្មការ និង​សាសនា និង​គណៈ​សង្ឃនាយក គួរ​រៀបចំ​ឱ្យ​មាន​ក្រុមការងារ ដើម្បី​គិតគូរ​ផ្សព្វផ្សាយ​ទៅ​ក្រុម​យុវជន​ឱ្យ​ចូលរួម​បុណ្យ​វិសាខបូជា​ឱ្យ​បាន​ច្រើន​ផុលផុស ដែល​ត្រូវ​រៀបចំឡើង​នៅ​ឆ្នាំក្រោយៗ​ទៀត ឬ​អាច​ដាក់​បញ្ចូល​កម្មវិធី​បុណ្យ​នេះ នៅ​ក្នុង​កម្មវិធីសិក្សា​ណាមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។