ពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ចាប់​អារម្មណ៍​ចូលរួម​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព

ដោយ អាស៊ីសេរី
2017.10.31
អុំទូក ២០១៦ ៦២២ ទិដ្ឋភាព​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA/Brach Chev

ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បង្ហាញ​ការ​ព្រួយបារម្ភ អំពី​បញ្ហា​សន្តិសុខ​សុវត្ថិភាព នា​ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ​ទេ ដោយ​អ្នកខ្លះ បាន​ត្រៀម​ចេញទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​ចេញទៅ​ក្រៅ​ប្រទេស​ជាដើម។

ប៉ុន្តែ​បញ្ហា​នេះ អភិបាល​រាជធានី​ភ្នំពេញ អះអាង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់​ស្ថាប័ន បាន​ពង្រាយ​គ្រប់​គោលដៅ ត្រៀម​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ នា​ពិធី​បុណ្យអុំទូក ដើម្បី​ផ្ទល់​ភាព​កក់ក្ដៅ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​មាន​ភាព​សប្បាយ​រីករាយ។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​រស់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ឲ្យ​អាស៊ីសេរី​ដឹង នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ថា នឹង​មិន​មក​ចូលរួម​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ទេ ដោយ​ពួកគេ​បារម្ភ​អំពី​បញ្ហា​កកស្ទះ ពិសេស​អសន្តិសុខ​ចោរលួច​ឆក់​ប្លន់ ដែល​កើតមាន​ស្ទើរ​រាល់ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​គ្មាន​លទ្ធភាព​ទប់ស្កាត់។

យុវតី​ដែល​រស់នៅ​រាជធានី​ភ្នំពេញ អោយ​ដឹង​ថា នាង​នឹង​មិន​ចូលរួម​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ទេ ដោយ​សារ​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​តាម​ផ្លូវ​សាធារណៈ និង​បទល្មើស​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ ហើយ​សមត្ថកិច្ច​មិន​អាច​ទប់ស្កាត់​បាន។ យុវតី​រូប​នេះ អះអាង​ទៀត​ថា បច្ចុប្បន្នភាព​រាជធានី​ភ្នំពេញ គឺ​តែង​កើតមាន​បទល្មើស​ចោរលួច ឆក់ និង​ប្លន់ បាន​កើត​មាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​ភាគច្រើន​សមត្ថកិច្ច​បង្ក្រាប​ជនល្មើស​មិនទាន់​ពេលនោះ​ទេ។

កញ្ញា​បញ្ជាក់​ថា បុណ្យអុំទូក​ឆ្នាំនេះ មាន​គម្រោង​ណាត់​មិត្តភ័ក្ដិ​មួយ​ក្រុម ធ្វើដំណើរ​ចេញទៅ​កម្សាន្ត​នៅ​តាម​ខេត្ត​មួយ​ចំនួន មាន​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​ជាដើម។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​តាកែវ​ជាដើម បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា នឹង​មិន​មក​ចូលរួម​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ទេ ព្រោះ​លើក​ហេតុផល​ថា ពិធី​នេះ​ហាក់​បី​ដូចជា​សោះកក្រោះ និង​បារម្ភ​ពី​បញ្ហា​អសន្តិសុខ។

ប្រជាពលរដ្ឋ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ច្រើន​ទៀត បាន​បញ្ជាក់​ពី​មូលហេតុ ដែល​ពួកគាត់​មិន​នាំ​ក្រុម​គ្រួសារ​មក​ចូលរួម​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ព្រោះ​លោក​យល់ថា កម្ដៅ​នយោបាយ ដែល​អ្នក​នយោបាយ​នៅ​កម្ពុជា បង្កើត​ឡើង​រាល់​ថ្ងៃ​នេះ នាំ​ឲ្យ​មាន​ភាព​វឹកវរ និង​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ។ លោក​ថា ស្ថានការណ៍​នយោបាយ ដែល​កំពុង​កើត​មាននៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ទំនងជា​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មិន​សូវ​មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដាល​ខេត្ត​ច្រើន​កុះករ​ចូលរួម​ទេ ព្រោះ​ពួកគេ​បារម្ភ​អំពី​បញ្ហា​អសន្តិសុខ។

ផ្ទុយ​ពី​ការ​ព្រួយ​បារម្ភ​នេះ អភិបាល​រាជធានី​ភ្នំពេញ​ញ លោក ឃួង ស្រេង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា សមត្ថកិច្ច​ចម្រុះ គ្រប់​ស្ថាប័ន បាន​ដាក់​ពង្រាយ​នៅ​គ្រប់​គោលដៅ​ទាំង​ក្នុង និង​ជាយក្រុង ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ដោយ​យកចិត្តទុកដាក់។

លោក​បន្ត​ថា ដើម្បី​ឲ្យ​ការងារ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ មាន​ប្រសិទ្ធភាព រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា បាន​ប្រគល់​ម៉ូតូ​ចំនួន ១៦៥​គ្រឿង និង​រថយន្ត​ស្ទូច​ពីរ​គ្រឿង ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២ និង​ប៉ុស្តិ៍​នគរបាល​ទាំង ១០៥ សម្រាប់​ជា​មធ្យោបាយ​ចល័ត​កម្លាំង ចុះ​ការពារ​សុវត្ថិភាព​នៅ​តាម​គោលដៅ​នានា ឲ្យ​បាន​ទាន់​ពេល។

បញ្ហា​នេះ​ដែរ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា បាន​ត្រៀម​កម្លាំង​ចុះ​ល្បាត និង​ប្រចាំការ​នៅ​តាម​គោលដៅ​គ្រប់​ចក្រ​ល្ហក ដើម្បី​រង់ចាំ​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ឲ្យ​បាន​សប្បាយរីករាយ។

ទោះជា​បែបនេះ​ក្ដី លោក ជួន សុវណ្ណ ដែល​មាន​តួនាទី​ជា អគ្គស្នងការ​រង​នគរបាល​ជាតិ​ផង​នោះ មិនបាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បាន​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ នា​ពិធីបុណ្យ​អុំទូក​មាន​ចំនួន ប៉ុន្មាន​នាក់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។