ពិធី​មង្គលការ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ

ដោយ សេក បណ្ឌិត
2023.03.20
Share on WhatsApp
Share on WhatsApp
ពិធី​មង្គលការ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ពិធីចងដៃ​ក្នុង​ពិធីពាពាហ៍ពិពាហ៍របស់​ពលករខ្មែរ​ធ្វើការ​​នៅ​ខេត្ត​ឈុនបុរី (Chonburi) ប្រទេស​ថៃ កាលពីថ្ងៃទី១១ មីនា ២០២៣។
រូបពីពលរដ្ឋ

ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​នៅពេល​ពួកគេ​សម្រេច​កាន់​ដៃ​បង្កើត​គ្រួសារ អ្នកខ្លះ​រៀបចំ​ពិធី​មង្គលការ និង​អ្នក​ខ្លះទៀត ធ្វើ​ពិធីសែនព្រេន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ។ ការ​ធ្វើ​ពិធី​តូច ឬ​ធំ​គឺ​អាស្រ័យ​តាម​លទ្ធភាព​ថវិកា និង​ស្ថានភាព​ជាក់ស្ដែង​របស់​ពួកគាត់​រៀងៗ​ខ្លួន​។ គូ​ស្វាមីភរិយា​ថ្មី លើកឡើង​ថា ការរៀបចំ​ពិធី​នេះ​នៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​ថែរក្សា​ប្រពៃណី​ខ្មែរ បើ​ទោះ​ជា​ពួកគាត់​មក​ធ្វើការ​នៅ​ឆ្ងាយ​ស្រុកកំណើត​ក្ដី តែ​មិន​ភ្លេច​​ប្រពៃណី​របស់​ខ្លួន​ឡើយ។

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ នៅតែ​រក្សា​ប្រពៃណី​ខ្មែរ បើ​ទោះ​ជា​ពួកគាត់​មាន​ជីវភាព​មិន​សូវ​ធូរធារ ប៉ុន្តែ ពួកគាត់​ពុះពារ​ត្បិតត្បៀត​សន្សំ​ប្រាក់​ដើម្បី​រៀប​ពិធី​មង្គល តាម​ប្រពៃណី​ជា​ការ​

ផ្ដល់​ដំណឹង​ឱ្យ​សាច់ញាតិ​បាន​ដឹងឮ​។ ទឹកចិត្ត​ថែរក្សា​ទំនៀម​ទំលាប់​ខ្មែរ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​សំឡេង​ភ្លេង​ការ លាន់​លឺ​កងរំពង​ចេញ​រោង​ជ័យ​មួយ​កន្លែង​ក្នុង​ខេត្ត​ឈុនបុរី (Chonburi) ប្រទេស​ថៃ។

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​១០​ឆ្នាំ​មក​ហើយ លោក ប្រាក់ ឡូញ បាន​ក្លាយជា​កូនកំលោះ​ក្នុង​រោង​ជ័យ ដោយមាន​លោក​មេបា ចៅ​មហា និង​មិត្ត​ភ័ក្ត្រ​ប្រុស​ស្រី​ចូលរួម​អបអរ​។​លោក ប្រាក់ ឡូញ លោក​រៀប​រាប់ទាំង​រីករាយ និង​អឹមអៀន​ផង​ថា បើ​ទោះ​ជា​លោក​មិន​សូវ​មាន​សាច់ញាតិ​ពី​ស្រុក​ខ្មែរ​មក​ចូលរួម​ច្រើន​ក្ដី តែ​លោក​រីករាយ​នៅ​ពេល​ឃើញ​មិត្តភ័ក្ដិ និង​អ្នក​ធ្វើ​ការងារ​ជាមួយគ្នា មក​ចូលរួម​ពិធី​មង្គល​របស់​លោក​ផង។

លោក ប្រាក់ ឡូញ៖ «ជា​ប្រពៃណី​តាំងពី​ជីដូន​ជីតា​យើង​មក​យើង​មិន​អាច​ចោល​បាន​ទេ យើង​មាន​ការងារ​អី យើង​អាច​ពឹងពាក់​ទៅវិញទៅមក​បាន​ជួនកាល​ម្ដង​យើង​ម្ដង​គេ ដល់​គេ​មានកម្មវិធី​ក៏​គេ​ហៅ​យើង​ទៅជា​ភ្ញៀវកិត្តិយស ពេល​យើង​មានកម្ម​វិធី​វិញ​ក៏​ទៅ​អញ្ជើញ​គេ​ជា​ភ្ញៀវកិត្តិយស​វិញ​ដែរ​បាទ»

គូ​ស្វាមីភរិយា​ថ្មី​នេះ ពួកគាត់​ជា​ពលករ​ខ្មែរ មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ អ្នក​ទាំង​ពីរ​បាន​យល់ព្រម​កាន់​ដៃ​គ្នា​ចូល​រោង​ជ័យ ក្រោយ​ស្វែង​យល់​ចិត្ត​គ្នា និង​ប្រឹងប្រែង​សន្សំ​ប្រាក់​ឈ្នួល​ជាច្រើន​ឆ្នាំ​។ ពិធី​មង្គល​ការ​នេះ រៀបចំ​នៅផ្ទះ​ពួកគេ​ស្នាក់នៅ​។ រោង​ការ​សង់​នៅមុខ​ផ្ទះ ចំណែក​នៅ​ខ្លោងទ្វារ​រោង​ជ័យ មាន​តាំង​រូបថត​កូនកំលោះ​កូនក្រមុំ អម​ដោយ​ផ្កា​គ្រប់​ពណ៌​លំអ​មិន​ចាញ់​ពិធី​មង្គលការ​នៅ​ខ្មែរ​ប៉ុន្មាន​ទេ។

លោក ប្រាក់ ឡូញ ប្រាប់​ថា ដើម្បី​រៀបចំ​ពិធី​នេះ​បាន លោក​ត្រូវ​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ថៃ។

wedding_haircut.jpg
ពិធីកាត់សក់​​ក្នុង​ពិធីពាពាហ៍ពិពាហ៍របស់​ពលករខ្មែរ​ធ្វើការ​​នៅ​ខេត្ត​ឈុនបុរី (Chonburi) ប្រទេស​ថៃ កាលពីថ្ងៃទី១១ មីនា ២០២៣។ RFA

ចំណែក កូនក្រមុំ កញ្ញា ផាត ស្រីពៅ ក៏​រីករាយ​សប្បាយចិត្ត​នៅពេល​កញ្ញា​បាន​ធ្វើ​កម្មវិធី​ចូល​រោង​ជ័យ​ពេលនេះ​។ កញ្ញា​យល់​ថា កូន​ខ្មែរ​អាច​ធ្វើ​បាន ទោះ​ទៅដល់​ទីណា ក៏​កញ្ញា​មិន​ចោល​ប្រពៃណី​ខ្មែរ​ដែរ។

កញ្ញា ផាត ស្រីពៅ៖ «រំភើប​ខ្លាំង​ដែល​កូន​ខ្មែរ​អាច​ធ្វើ​បាន​ទោះ​នៅ​ទីណា​ក៏ដោយ​គឺ​គោរព​ប្រពៃ​អត់​បោះបង់ចោល​អ៊ីចឹង​ណា មាន​បងប្អូន​ច្រើន​ជំរុញ​ហើយ​ណាមួយ​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​ប្រពៃណី​ខ្មែរ​ខ្ញុំ​អត់​បោះបង់ចោល​ទេ អ៊ីចឹង​នាង​ខ្ញុំ​ត្រូវ​បន្ត​ការពារ បើ​ទោះបី​នាង​ខ្ញុំ​នៅ​ឆ្ងាយ​តែ​នាង​ខ្ញុំ​អាច​ធ្វើ​បាន​រំភើប​ហើយ​សប្បាយ​ដែល​បងប្អូន​ខ្មែរ​ចេះ​ជួយ​គ្នា​ទៅដល់​ណា​ក៏​នៅ​ជួយ​គ្នា​ដដែល»

ពិធី​មង្គលការ​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចេះ​ជួយ​យកអាសា​ពី​មិត្ត​ភ័ក្ត្រ បងប្អូន និង​សាច់ញាតិ​ពលករ​នៅ​ទីនេះ​ដែរ។ ពលករ​ទាំងនោះ​អ្នកខ្លះ​រៀបចំ​តុ​កៅអី លាង​បន្លែ ធ្វើ​ម្ហូប និង​លាងចាន​លាង​ឆ្នាំង​ជាដើម។

លោកស្រី កែន ស៊ីណា មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ជិត​១០​ឆ្នាំ​ក៏​មក​ជួយ​រៀបចំ​ពិធី​មង្គលការ​នេះ​ដែរ។ ថ្ងៃ​មង្គល​នេះ​លោកស្រី​មាន​តួនាទី​សំខាន់​ពីរ គឺ​ជួយ​ធ្វើ​ម្ដាយ​កូនក្រមុំ​ត្បិត​កូនក្រមុំ​កំព្រា​ម្ដាយ​ឪពុកម្ដាយ និង​ជួយ​មើល​ការខុសត្រូវ​រៀបចំ​បន្ថែម​ត្រី​សាច់។ លោកស្រី​ប្រាប់​ថា លោកស្រី​សប្បាយចិត្ត​ជំនួស​ប្អូនៗ នៅ​ពេល ឃើញ​ក្មេងៗ​ខិតខំ​រៀប​ពិធី​មង្គលការ​នេះ។

លោកស្រី កែន ស៊ីណា៖ «មាន​អារម្មណ៍​ថា រំភើប ហើយ​ឃើញ​ថា ខ្មែរ​យើង​ក៏​មិនអាច​ភ្លេច​ប្រពៃណី​ខ្មែរ​យើង​ទេ ទោះបីជា​ទៅដល់​ទីណា​ក៏​មិន​អាច​បំភ្លេច​ប្រពៃណី​។ មានកម្ម​វិធី​អី​ក៏​យើង​រាប់អាន​គ្នា​ទៅ យើង​ដូច​ថា ខ្មែរ​យើង​ដូចគ្នា​យើង​ជួយ​គ្នា​អ៊ីចឹង​ណា​បង ហើយ​យើង​ទៅ​រក​គ្នា​មក»

ក្រៅពី​រោង​មង្គលការ​នេះ ក៏​មាន​គូ​ស្វាមី​ភរិយា​ថ្មី ពលករ​ផ្សេង​ទៀត​រៀបចំ​ពិធី​សែនព្រេន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​តាម​គន្លង​ប្រពៃណី​ខ្មែរ​ដែរ។

wedding_fruit.jpg
ពិធីហែ​ជំនូន​​ក្នុង​ពិធីពាពាហ៍ពិពាហ៍របស់​ពលករខ្មែរ​ធ្វើការ​​នៅ​ខេត្ត​ឈុនបុរី (Chonburi) ប្រទេស​ថៃ កាលពីថ្ងៃទី១១ មីនា ២០២៣។ RFA

សំឡេង​ភ្លេង​ការ​បន្លឺ​ឡើង​តិចៗ ចេញពី​កន្លែង​ស្នាក់នៅ​របស់​ពលករ​ខ្មែរ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន (Samut Prakan ) ប្រទេស​ថៃ។

នៅ​ទីនេះ​មាន​សាច់​ញាតិ​គូ​ស្វាមីភរិយា​ថ្មី និង​អ្នកធ្វើការ​ជាមួយគ្នា​ជាង​១០​នាក់ ធ្វើ​ពិធីសែនព្រេន​យ៉ាង​សាមញ្ញ​ដើម្បី​ឱ្យ​ចាស់ទុំ និង​លោក​មេបា​ទាំងសងខាង​ដឹង​ឮ​ថា គូស្នេហ៍​ពលករ​មួយគូ​នេះ​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ចាប់​ពី​ពេល​នេះ​តទៅ។ គូរ​ពលករ​នេះ​បាន​ធ្វើ​នេះ កាល​ពី​ប្រទេស​ថៃ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីត​១៩ ក្នុង​ឆ្នាំ​២០២១។

លោក សោម គឹមសាន ជា​កូនកំលោះ​ដែល​ធ្វើ​ពិធីសែនព្រេន​ឱ្យ​ដឹង​ថា ការ​សម្រេចចិត្ត​ធ្វើ​ពិធី​នេះ​ព្រោះ​លោក​មិន​អាច​វិល​ទៅ​ស្រុក​ខ្មែរ​ធ្វើ​ពិធី​មង្គលការ​បាន។ លោក​បន្ត​ថា ទោះ​ពិធី​នេះ​មិនមែន​ជា​ពិធី​ធំដុំ​ក្ដី ប៉ុន្តែ​លោក​សប្បាយចិត្ត​ដែល​បាន​ធ្វើ​វា​ដើម្បី​ឱ្យ​បងប្អូន​សាច់ញាតិ និង​ភ្ញៀវ​ដែល​ចូលរួម​បាន​ដឹង​ឮ និង​អបអរ។

លោក សោម គឹមសាន៖ «ខ្ញុំ​និង​អា​អូន (​ប្រពន្ធ​) ស្គាល់គ្នា​យូរហើយ​អ៊ីចឹង​ខ្ញុំ​ស្រលាញ់​គ្នា​មើលចិត្ត​គ្នា​យូរ​ដែរ រស់​នៅ​ជាមួយ​មួយ​រយៈ​ធំ​ខាង​បងស្រី​បងប្រុស​គាត់​រៀប​ពិធី​ឱ្យ។ ខ្ញុំ​សប្បាយចិត្ត ប៉ុន្តែ​មួយ​រឿង​ទៀត អន់ចិត្ត​កម្មវិធី​មិន​បាន​ធំដុំ​ណាមួយ​មាន​រោគ​ក​វីដ​ចូល​មក​យើង​មិន​អាច​ធ្វើ​ធំ»

ការ​រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ខ្មែរ​នេះ​មាន​មាន់ស្ងោរ ក្បាល​ជ្រូក​ស្ងោរ ផ្កា​ភ្ញី និង​ផ្លែឈើ​មួយចំនួន​អម​ដោយ​អាចារ្យ​បួងសួង​សុំ​សុខ សុំ​ជ័យ​ពី​មេបា និង​ញាតិមិត្ត​ប្រុស​ស្រី។ បន្ទាប់​មក​គឺ​ពិធី​សែន​ចងដៃ​ដែល​មាន​ភ្លេង​បទ​បាយខុន​ចងដៃ​បន្លឺ​ក្នុង​ពិធី ហើយ​លោក​មេបា​ទាំង​សងខាង និង​ភ្ញៀវ​ចាប់ផ្ដើម​ចូល​ចងដៃ​កូន​កំលោះ​កូនក្រមុំ ព្រមទាំង​បាចផ្កា​ស្លា​ដល់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​មួយ​គូ​នេះ។

ត្បិត​តែ​ពិធី​នេះ​ធ្វើ​នៅ​ទឹកដី​ថៃ​ក្ដី តែ ចុងភៅ សំអាងការ និង​អាចារ្យ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ពួកគាត់​ធ្វើការងារ​នៅ​ថៃ​ដូច​ពលករ​ផ្សេងទៀត​ដែរ តែ​នៅ​ពេល​មាន​ពលករ​ខ្មែរ​ពិធី​មង្គលការ ឬ​ពិធី​ផ្សេងៗ​ទៀត គឺ​ពួកគាត់​អាច​រៀបចំ​ចាត់ចែង​តាម​ជំនាញ​រៀងៗ​ខ្លួនៗ។

លោក​អាចារ្យ បោ លាម ឱ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ​២០២៣​នេះ លោក​រៀបចំ​មង្គលការ​ឱ្យ​ពលករ​ខ្មែរ​បាន​ជាង ១០​គូ​ហើយ​។ លោក បោ លាម ជា​ពលករ​ធ្វើការ​រោងចក្រ​មួយ​កន្លែង នៅ​ខេត្ត​សមុទ្រប្រាកាន (Samut Prakan) ប្រទេស​ថៃ តែបើ​មាន​អ្នក​រៀបចំ​មង្គល អញ្ជើញ​លោក​រៀបចំ​អាច​ឆ្លៀត​ចូលរួម​រៀបចំ​តាម​ពិធី​តាម​ការ​អញ្ជើញ។ លោក​ថា ពិធី​នេះ​មិន​អាច​ធ្វើ​ពេញលេញ​ដូច​ការ​ធ្វើ​នៅ​ប្រទេស​កម្ពុជា តែ​លោក​ព្យាយាម​រៀបចំ​ធ្វើ​ពិធី​សំខាន់ ដូចជា​រាប់​ផ្លែឈើ កាត់សក់ ឬ​កាត់​ចំណង​ដៃ​ជាដើម​។ លោក​យល់​ថា ការរៀបចំ​ពី​នេះ​ជា​រឿង​សំខាន់​ក្នុង​ចូលរួម​ថែរក្សា​ប្រពៃណី​ខ្មែរ។

លោក​អាចារ្យ បោ លាម៖ «អារម្មណ៍​ទឹកចិត្ត​របស់ខ្ញុំ​បាទ​មានការ​សប្បាយរីករាយ​ណាស់​ព្រោះថា បាន​លើកស្ទួយ​អភិរក្ស វប្បធម៌​ប្រពៃណី​ដូនតា​យើង ខ្ញុំ​យល់​ឃើញ​ថា ប្រពៃណី​មួយ​ល្អ​ដែល​មាន​តាំងពី​បរម​បុរាណ​ដូនតា​យើង​តាំងពី​សម័យ​ព្រះ​ជ័យ​ចេស្ដា​មក​ខ្ញុំ​ក៏​ជា​កុលបុត្រ កុលធីតា​ខ្មែរ​មួយ​រូប​ខំ​ជ្រំ​ជ្រែង​ជួយ​ថែរក្សា​អភិរក្ស​រហូត​តទៅទៀត​បាទ»

របាយការណ៍​របស់​ក្រសួង​ការងារ ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ធ្វើការ​នឹង​រស់នៅ​ប្រទេស​ថៃ​ប្រមាណ​មួយ​លាន​ពីរ​សែន​នាក់ ប៉ុន្តែ អង្គការ​សង់ត្រាល់ ដែល​ធ្វើ​ការងារ​ទាក់ទង​ពលករ​ចំណាកស្រុក ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ ដែល​ធ្វើការ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ ជាង​ពីរ​លាន​នាក់។ ពលករ​ខ្មែរ​ដែល​បាន​ភ្ជាប់​និស្ស័យ​នៅ​ទីនេះ អ្នក​មាន​លទ្ធភាព​គេ​រៀបចំ​ធ្វើ​ពិធី​មង្គលការ ចំណែក​អ្នក​ខ្លះទៀត ពួកគាត់​រៀបចំ​ត្រឹម​សែនព្រេន​។ ចំណែក​អ្នក​ខ្លះទៀត​ក៏​រស់នៅ​ជាមួយគ្នា​ស្ងាត់​សិន​ត្រឹម​ជា​គូសង្សារ ហើយ​ពួកគាត់​ខំប្រឹង​ធ្វើការ​សន្សំ​លុយ​ដើម្បី​ទៅ​ធ្វើ​មង្គល​នៅ​ស្រុកកំណើត​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។