ពលករខ្មែរធ្វើការងារនៅប្រទេសថៃនៅពេលពួកគេសម្រេចកាន់ដៃបង្កើតគ្រួសារ អ្នកខ្លះរៀបចំពិធីមង្គលការ និងអ្នកខ្លះទៀត ធ្វើពិធីសែនព្រេនចាប់ដៃគ្នាជាប្ដីប្រពន្ធ។ ការធ្វើពិធីតូច ឬធំគឺអាស្រ័យតាមលទ្ធភាពថវិកា និងស្ថានភាពជាក់ស្ដែងរបស់ពួកគាត់រៀងៗខ្លួន។ គូស្វាមីភរិយាថ្មី លើកឡើងថា ការរៀបចំពិធីនេះនៅប្រទេសថៃ ដើម្បីចូលរួមថែរក្សាប្រពៃណីខ្មែរ បើទោះជាពួកគាត់មកធ្វើការនៅឆ្ងាយស្រុកកំណើតក្ដី តែមិនភ្លេចប្រពៃណីរបស់ខ្លួនឡើយ។
ពលករខ្មែរនៅប្រទេសថៃ នៅតែរក្សាប្រពៃណីខ្មែរ បើទោះជាពួកគាត់មានជីវភាពមិនសូវធូរធារ ប៉ុន្តែ ពួកគាត់ពុះពារត្បិតត្បៀតសន្សំប្រាក់ដើម្បីរៀបពិធីមង្គល តាមប្រពៃណីជាការ
ផ្ដល់ដំណឹងឱ្យសាច់ញាតិបានដឹងឮ។ ទឹកចិត្តថែរក្សាទំនៀមទំលាប់ខ្មែរនេះហើយ បានធ្វើឱ្យសំឡេងភ្លេងការ លាន់លឺកងរំពងចេញរោងជ័យមួយកន្លែងក្នុងខេត្តឈុនបុរី (Chonburi) ប្រទេសថៃ។
ពលករធ្វើការនៅប្រទេសថៃជាង១០ឆ្នាំមកហើយ លោក ប្រាក់ ឡូញ បានក្លាយជាកូនកំលោះក្នុងរោងជ័យ ដោយមានលោកមេបា ចៅមហា និងមិត្តភ័ក្ត្រប្រុសស្រីចូលរួមអបអរ។លោក ប្រាក់ ឡូញ លោករៀបរាប់ទាំងរីករាយ និងអឹមអៀនផងថា បើទោះជាលោកមិនសូវមានសាច់ញាតិពីស្រុកខ្មែរមកចូលរួមច្រើនក្ដី តែលោករីករាយនៅពេលឃើញមិត្តភ័ក្ដិ និងអ្នកធ្វើការងារជាមួយគ្នា មកចូលរួមពិធីមង្គលរបស់លោកផង។
លោក ប្រាក់ ឡូញ៖ «ជាប្រពៃណីតាំងពីជីដូនជីតាយើងមកយើងមិនអាចចោលបានទេ យើងមានការងារអី យើងអាចពឹងពាក់ទៅវិញទៅមកបានជួនកាលម្ដងយើងម្ដងគេ ដល់គេមានកម្មវិធីក៏គេហៅយើងទៅជាភ្ញៀវកិត្តិយស ពេលយើងមានកម្មវិធីវិញក៏ទៅអញ្ជើញគេជាភ្ញៀវកិត្តិយសវិញដែរបាទ»។
គូស្វាមីភរិយាថ្មីនេះ ពួកគាត់ជាពលករខ្មែរ មកធ្វើការងារនៅប្រទេសថៃ អ្នកទាំងពីរបានយល់ព្រមកាន់ដៃគ្នាចូលរោងជ័យ ក្រោយស្វែងយល់ចិត្តគ្នា និងប្រឹងប្រែងសន្សំប្រាក់ឈ្នួលជាច្រើនឆ្នាំ។ ពិធីមង្គលការនេះ រៀបចំនៅផ្ទះពួកគេស្នាក់នៅ។ រោងការសង់នៅមុខផ្ទះ ចំណែកនៅខ្លោងទ្វាររោងជ័យ មានតាំងរូបថតកូនកំលោះកូនក្រមុំ អមដោយផ្កាគ្រប់ពណ៌លំអមិនចាញ់ពិធីមង្គលការនៅខ្មែរប៉ុន្មានទេ។
លោក ប្រាក់ ឡូញ ប្រាប់ថា ដើម្បីរៀបចំពិធីនេះបាន លោកត្រូវបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានថៃ។

ចំណែក កូនក្រមុំ កញ្ញា ផាត ស្រីពៅ ក៏រីករាយសប្បាយចិត្តនៅពេលកញ្ញាបានធ្វើកម្មវិធីចូលរោងជ័យពេលនេះ។ កញ្ញាយល់ថា កូនខ្មែរអាចធ្វើបាន ទោះទៅដល់ទីណា ក៏កញ្ញាមិនចោលប្រពៃណីខ្មែរដែរ។
កញ្ញា ផាត ស្រីពៅ៖ «រំភើបខ្លាំងដែលកូនខ្មែរអាចធ្វើបានទោះនៅទីណាក៏ដោយគឺគោរពប្រពៃអត់បោះបង់ចោលអ៊ីចឹងណា មានបងប្អូនច្រើនជំរុញហើយណាមួយខ្ញុំជាជនជាតិខ្មែរប្រពៃណីខ្មែរខ្ញុំអត់បោះបង់ចោលទេ អ៊ីចឹងនាងខ្ញុំត្រូវបន្តការពារ បើទោះបីនាងខ្ញុំនៅឆ្ងាយតែនាងខ្ញុំអាចធ្វើបានរំភើបហើយសប្បាយដែលបងប្អូនខ្មែរចេះជួយគ្នាទៅដល់ណាក៏នៅជួយគ្នាដដែល»។
ពិធីមង្គលការនេះ ក៏បង្ហាញឱ្យឃើញពីការចេះជួយយកអាសាពីមិត្តភ័ក្ត្រ បងប្អូន និងសាច់ញាតិពលករនៅទីនេះដែរ។ ពលករទាំងនោះអ្នកខ្លះរៀបចំតុកៅអី លាងបន្លែ ធ្វើម្ហូប និងលាងចានលាងឆ្នាំងជាដើម។
លោកស្រី កែន ស៊ីណា មកធ្វើការនៅប្រទេសថៃជិត១០ឆ្នាំក៏មកជួយរៀបចំពិធីមង្គលការនេះដែរ។ ថ្ងៃមង្គលនេះលោកស្រីមានតួនាទីសំខាន់ពីរ គឺជួយធ្វើម្ដាយកូនក្រមុំត្បិតកូនក្រមុំកំព្រាម្ដាយឪពុកម្ដាយ និងជួយមើលការខុសត្រូវរៀបចំបន្ថែមត្រីសាច់។ លោកស្រីប្រាប់ថា លោកស្រីសប្បាយចិត្តជំនួសប្អូនៗ នៅពេល ឃើញក្មេងៗខិតខំរៀបពិធីមង្គលការនេះ។
លោកស្រី កែន ស៊ីណា៖ «មានអារម្មណ៍ថា រំភើប ហើយឃើញថា ខ្មែរយើងក៏មិនអាចភ្លេចប្រពៃណីខ្មែរយើងទេ ទោះបីជាទៅដល់ទីណាក៏មិនអាចបំភ្លេចប្រពៃណី។ មានកម្មវិធីអីក៏យើងរាប់អានគ្នាទៅ យើងដូចថា ខ្មែរយើងដូចគ្នាយើងជួយគ្នាអ៊ីចឹងណាបង ហើយយើងទៅរកគ្នាមក»។
ក្រៅពីរោងមង្គលការនេះ ក៏មានគូស្វាមីភរិយាថ្មី ពលករផ្សេងទៀតរៀបចំពិធីសែនព្រេនចាប់ដៃគ្នាជាប្ដីប្រពន្ធតាមគន្លងប្រពៃណីខ្មែរដែរ។

សំឡេងភ្លេងការបន្លឺឡើងតិចៗ ចេញពីកន្លែងស្នាក់នៅរបស់ពលករខ្មែរនៅខេត្តសមុទ្រប្រាកាន (Samut Prakan ) ប្រទេសថៃ។
នៅទីនេះមានសាច់ញាតិគូស្វាមីភរិយាថ្មី និងអ្នកធ្វើការជាមួយគ្នាជាង១០នាក់ ធ្វើពិធីសែនព្រេនយ៉ាងសាមញ្ញដើម្បីឱ្យចាស់ទុំ និងលោកមេបាទាំងសងខាងដឹងឮថា គូស្នេហ៍ពលករមួយគូនេះចាប់ដៃគ្នាជាប្ដីប្រពន្ធចាប់ពីពេលនេះតទៅ។ គូរពលករនេះបានធ្វើនេះ កាលពីប្រទេសថៃផ្ទុះរាតត្បាតជំងឺកូវីត១៩ ក្នុងឆ្នាំ២០២១។
លោក សោម គឹមសាន ជាកូនកំលោះដែលធ្វើពិធីសែនព្រេនឱ្យដឹងថា ការសម្រេចចិត្តធ្វើពិធីនេះព្រោះលោកមិនអាចវិលទៅស្រុកខ្មែរធ្វើពិធីមង្គលការបាន។ លោកបន្តថា ទោះពិធីនេះមិនមែនជាពិធីធំដុំក្ដី ប៉ុន្តែលោកសប្បាយចិត្តដែលបានធ្វើវាដើម្បីឱ្យបងប្អូនសាច់ញាតិ និងភ្ញៀវដែលចូលរួមបានដឹងឮ និងអបអរ។
លោក សោម គឹមសាន៖ «ខ្ញុំនិងអាអូន(ប្រពន្ធ)ស្គាល់គ្នាយូរហើយអ៊ីចឹងខ្ញុំស្រលាញ់គ្នាមើលចិត្តគ្នាយូរដែរ រស់នៅជាមួយមួយរយៈធំខាងបងស្រីបងប្រុសគាត់រៀបពិធីឱ្យ។ ខ្ញុំសប្បាយចិត្ត ប៉ុន្តែមួយរឿងទៀត អន់ចិត្តកម្មវិធីមិនបានធំដុំណាមួយមានរោគកវីដចូលមកយើងមិនអាចធ្វើធំ»។
ការរៀបចំពិធីតាមទំនៀមទម្លាប់ខ្មែរនេះមានមាន់ស្ងោរ ក្បាលជ្រូកស្ងោរ ផ្កាភ្ញី និងផ្លែឈើមួយចំនួនអមដោយអាចារ្យបួងសួងសុំសុខ សុំជ័យពីមេបា និងញាតិមិត្តប្រុសស្រី។ បន្ទាប់មកគឺពិធីសែនចងដៃដែលមានភ្លេងបទបាយខុនចងដៃបន្លឺក្នុងពិធី ហើយលោកមេបាទាំងសងខាង និងភ្ញៀវចាប់ផ្ដើមចូលចងដៃកូនកំលោះកូនក្រមុំ ព្រមទាំងបាចផ្កាស្លាដល់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ។
ត្បិតតែពិធីនេះធ្វើនៅទឹកដីថៃក្ដី តែ ចុងភៅ សំអាងការ និងអាចារ្យ គឺជាពលរដ្ឋខ្មែរទាំងអស់ ពួកគាត់ធ្វើការងារនៅថៃដូចពលករផ្សេងទៀតដែរ តែនៅពេលមានពលករខ្មែរពិធីមង្គលការ ឬពិធីផ្សេងៗទៀត គឺពួកគាត់អាចរៀបចំចាត់ចែងតាមជំនាញរៀងៗខ្លួនៗ។
លោកអាចារ្យ បោ លាម ឱ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ លោករៀបចំមង្គលការឱ្យពលករខ្មែរបានជាង ១០គូហើយ។ លោក បោ លាម ជាពលករធ្វើការរោងចក្រមួយកន្លែង នៅខេត្តសមុទ្រប្រាកាន (Samut Prakan) ប្រទេសថៃ តែបើមានអ្នករៀបចំមង្គល អញ្ជើញលោករៀបចំអាចឆ្លៀតចូលរួមរៀបចំតាមពិធីតាមការអញ្ជើញ។ លោកថា ពិធីនេះមិនអាចធ្វើពេញលេញដូចការធ្វើនៅប្រទេសកម្ពុជា តែលោកព្យាយាមរៀបចំធ្វើពិធីសំខាន់ ដូចជារាប់ផ្លែឈើ កាត់សក់ ឬកាត់ចំណងដៃជាដើម។ លោកយល់ថា ការរៀបចំពីនេះជារឿងសំខាន់ក្នុងចូលរួមថែរក្សាប្រពៃណីខ្មែរ។
លោកអាចារ្យ បោ លាម៖ «អារម្មណ៍ទឹកចិត្តរបស់ខ្ញុំបាទមានការសប្បាយរីករាយណាស់ព្រោះថា បានលើកស្ទួយអភិរក្ស វប្បធម៌ប្រពៃណីដូនតាយើង ខ្ញុំយល់ឃើញថា ប្រពៃណីមួយល្អដែលមានតាំងពីបរមបុរាណដូនតាយើងតាំងពីសម័យព្រះជ័យចេស្ដាមកខ្ញុំក៏ជាកុលបុត្រ កុលធីតាខ្មែរមួយរូបខំជ្រំជ្រែងជួយថែរក្សាអភិរក្សរហូតតទៅទៀតបាទ»។
របាយការណ៍របស់ក្រសួងការងារ ឱ្យដឹងថា មានពលករខ្មែរធ្វើការនឹងរស់នៅប្រទេសថៃប្រមាណមួយលានពីរសែននាក់ ប៉ុន្តែ អង្គការសង់ត្រាល់ ដែលធ្វើការងារទាក់ទងពលករចំណាកស្រុក ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរ ដែលធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ ជាងពីរលាននាក់។ ពលករខ្មែរដែលបានភ្ជាប់និស្ស័យនៅទីនេះ អ្នកមានលទ្ធភាពគេរៀបចំធ្វើពិធីមង្គលការ ចំណែកអ្នកខ្លះទៀត ពួកគាត់រៀបចំត្រឹមសែនព្រេន។ ចំណែកអ្នកខ្លះទៀតក៏រស់នៅជាមួយគ្នាស្ងាត់សិនត្រឹមជាគូសង្សារ ហើយពួកគាត់ខំប្រឹងធ្វើការសន្សំលុយដើម្បីទៅធ្វើមង្គលនៅស្រុកកំណើតវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។