តើការបញ្ចូលសម្បត្តិវប្បធម៌ជាតិឲ្យទៅជាបេតិកភណ្ឌពិភពលោក អាចនឹងធ្វើឲ្យកម្ពុជា បានទទួលផលប្រយោជន៍ ឬចំណេញបានអ្វីខ្លះ ហើយបេតិកភណ្ឌពិភពលោកមានអត្ថន័យសារសំខាន់យ៉ាងដូចម្ដេចសម្រាប់មនុស្សជាតិ?
អ្នកសិក្សាស្រាវជ្រាវវប្បធម៌បានបញ្ជាក់ថា បេតិកភណ្ឌពិភពលោក គឺជាអ្វីៗដែលជាវត្ថុរូបិយនិងអរូបិយរបស់មនុស្សជាតិ ទាំងវប្បធម៌និងធម្មជាតិ។ ចំពោះសម្បត្តិវប្បធម៌រូបិយ គឺជាសំណង់ផ្សេងៗ ដូចជាប្រាសាទបុរាណ ឬវត្តអារាម ។ល។ រីឯសម្បត្តិវប្បធម៌អរូបិយវិញ រួមមានសិល្បៈ របាំ ផងទាំងឡាយ ដូចជារបាំបុរាណ របាំអប្សរា ជាដើម។
សម្រាប់សម្បត្តិវប្បធម៌ជាបេតិកភណ្ឌជាតិ គេបានចាត់ទុកថា គឺជារបស់មួយមានតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបាន ពីព្រោះវត្ថុទាំងអស់នោះគឺជាតំណាងឲ្យអត្តសញ្ញាណ ឬជាដួងព្រលឹងរបស់ជាតិសាសន៍នីមួយៗ។
ចំណែកឯសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកវិញ ក៏គេចាត់ទុកថា ជាវត្ថុមួយដ៏ខ្ពង់ខ្ពស់ និងមានតម្លៃបំផុតមិនអាចកាត់ថ្លៃបានដែរ ពីព្រោះវត្ថុនេះគឺជាកេរមរតករបស់មនុស្សជាតិជំនាន់មុនៗ ដែលបានកសាងទុកមកជាយូរអង្វែង។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា អ្នកសិក្សាស្រាវជ្រាវវប្បធម៌ និងជាប្រធានមូលនិធិកេរដំណែលខ្មែរ បានមានប្រសាសន៍ថា នៅក្នុងច្បាប់ផ្នែកសម្បត្តិវប្បធម៌ដែលគេអាចហៅថា បេតិកភណ្ឌបាន គឺវត្ថុនោះមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ៖ «គឺបានន័យថា អ្វីដែលសំខាន់សំដៅទៅលើរឿងវប្បធម៌ អារ្យធម៌ ជំនឿ ប្រពៃណី ទំនៀមទម្លាប់ ប្រសាទបុរាណស្អីៗទាំងអស់ដែលនៅជុំវិញខ្លួនយើងដែលបន្សល់ទុកតាំងពីសម័យមុនរហូតមកដល់ពេលបច្ចុប្បន្ន ហើយដែលតម្លៃដែលគេឲ្យទៅលើបេតិកភណ្ឌហ្នឹង គឺគេឲ្យតម្លៃដោយសារទៅលើអាយុកាល ដោយសារទៅលើភាពចំណាស់ ដោយសារទៅលើតម្លៃមានតែមួយមិនអាចកាត់ថ្លៃបាន ដែលមនុស្សពីជំនាន់ដើមហ្នឹងគឺលោកខំប្រឹងថែរក្សាទុកឲ្យកូនចៅជំនាន់ក្រោយ»។
ដោយយល់ឃើញថា សម្បត្តិវប្បធម៌ ឬបេតិកភណ្ឌទាំងអម្បាលមាណនោះមានសារសំខាន់ ទើបសព្វថ្ងៃនេះបណ្ដាប្រទេសផ្សេងៗ ក្នុងនោះរួមទាំងកម្ពុជាផង បានប្រឹងប្រែងការពារ និងរក្សាទុកឲ្យបានគង់វង្សសម្រាប់ជាតិសាសន៍តៗជំនាន់ ឬសម្រាប់មនុស្សជាតិតទៅថ្ងៃមុខ។ តួយ៉ាងដូចជាប៉ុន្មានថ្ងៃកន្លងមកនេះ នៅទីក្រុងភ្នំពេញ គេឃើញមានកិច្ចប្រជុំមួយរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ស្ដីអំពី «ការការពារបេតិកភណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ»។
ប្រទេសកម្ពុជាត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធាន ឬជាម្ចាស់ផ្ទះដើម្បីរៀបចំសម័យប្រជុំដែលមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមិថុនា និងមានមនុស្សជាង ១.០០០នាក់ មកពីបណ្ដាប្រទេសផ្សេងៗចំនួន ១២១ប្រទេសមកចូលរួម។ ប្រទេសទាំងអស់នោះ គឺជាសមាជិកនៃអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពី «ការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ» នៃអង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃសហប្រជាជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា យូណេស្កូ (UNESCO)។
ទាក់ទងនឹងសម្បត្តិវប្បធម៌ ឬបេតិកភណ្ឌពិភពលោកចំពោះប្រទេសកម្ពុជា រហូតមកដល់ពេលនេះបានដាក់បញ្ចូលសម្បត្តិវប្បធម៌ ឬបេតិកភណ្ឌជាតិរបស់ខ្លួនចំនួន ៤ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ របាំបុរាណ ឬ របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំ។
នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ស្ដីអំពី «ការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ» បានឲ្យដឹងថា កម្ពុជាក៏បានគ្រោងនឹងដាក់ប្រាសាទបុរាណខ្មែរចំនួន ២ ទៀត គឺប្រាសាទកោះកេរ និងប្រាសាទសំបូរព្រៃគុហ៍។ ប្រការដែលនាំឲ្យកម្ពុជា មានគំនិតបញ្ចូលសម្បត្តិវប្បធម៌ជាតិទៅជាបេតិកភណ្ឌពិភពលោក ពីព្រោះបានយល់ថា នឹងបានផ្ដល់ផលចំណេញច្រើន។
លោកបណ្ឌិត ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិតសភាកម្ពុជា។ លោកបានមានប្រសាសន៍ថា ផលចំណេញនោះ គឺកម្ពុជាអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងបានការទទួលស្គាល់ពីអន្តរជាតិ ថាជាប្រទេសដែលមានសម្បត្តិវប្បធម៌ អារ្យធម៌ដ៏រុងរឿងដែលមានអាយុកាលដ៏ចំណាស់យូរលង់ជាងគេនៅក្នុងពិភពលោក៖ «ហើយទី២ទៀត បើកាលណាយើងចូលទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកហើយ គឺអន្តរជាតិគេការពារ។ គេមិនត្រឹមតែការពារទេ គឺថា គេរកថវិកាមកជួសជុលទៀត។ ឧទាហរណ៍ ប្រាសាទពីរ៉ាមីត ដែលល្បីល្បាញកសាងតាំងពី ៤០០ឆ្នាំមុនដោយស្ដេចប៉ារ៉ាអុង នៃប្រទេសអេហ្សីប។ គេបាននិយាយថា បើមិនបានបញ្ចូលទៅជាសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកទេ គឺពេលហ្នឹងប្រហែលជាទន្លេនិល បានវ៉ៃផ្ដាច់ធ្វើឲ្យរលំហើយអាពីរ៉ាមីតហ្នឹង។ ប៉ុន្តែដល់បញ្ចូលអ៊ីចឹងទៅ គេការពារបាន គេបញ្ចៀសទឹកទន្លេនីល កុំឲ្យវាខូចខាត»។
លោកបន្តថា៖ «ឧទាហរណ៍មួយទៀត ដូចករណីព្រះវិហារយើង បន្តិចទៀតនៅចុងឆ្នាំហ្នឹង ខាងយូណេស្កូ គេដាក់ជំនាញការគេដើម្បីចាប់ផ្ដើមធ្វើការជួសជុល និងធ្វើការអភិរក្សហើយ។ អ៊ីចឹងអ្នកដែលប៉ងកម្ទេច ប្រល័យឲ្យខ្ទេចខ្ទីសម្បត្តិវប្បធម៌ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ គឺនឹងត្រូវគេថ្កោលទោសហើយ»។
លោកបានឲ្យដឹងទៀតថា ចំពោះការបញ្ចូលសម្បត្តិវប្បធម៌របស់ប្រទេសឯណានីមួយទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺក្នុងមួយឆ្នាំអាចបញ្ចូលបានតែម្ដងសម្រាប់ប្រទេស១។
អ្នកនាំពាក្យនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ នៅភ្នំពេញ អ្នកស្រី ចៅ ស៊ុនកិរិយា បានបញ្ជាក់ឲ្យដឹងពីគោលការណ៍នៃការបញ្ចូលសម្បត្តិវប្បធម៌របស់ប្រទេសនីមួយៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថា ប្រទេសទាំងឡាយនោះត្រូវមានឯកសារគ្រប់គ្រាន់បញ្ជាក់ពីសម្បត្តិវប្បធម៌ ឬសម្បត្តិធម្មជាតិរបស់ខ្លួនឲ្យបានច្បាស់លាស់។
អ្នកស្រី ចៅ ស៊ុនកិរិយា៖ «មានទាំងផែនទី។ ឥឡូវគេទាមទារទាំងអាប្លង់គ្រប់គ្រងទៀត ពីព្រោះគេថា មិនមែនយើងចុះបញ្ជីហើយ គឺយើងមិនមែនចោលអ៊ីចឹងទេ គឺយើងត្រូវមានប្លង់គ្រប់គ្រងឲ្យគេតាមដានថា យើងគ្រប់គ្រងរបៀបម៉េច ហើយគឺមុននឹងយកមកកន្លែងបេក្ខភាពហ្នឹង គឺឯកសារអស់ហ្នឹង គឺមានការវាយតម្លៃពីអ្នកជំនាញ។ ដែលគេថា ធម្មជាតិ គឺអ្នកជំនាញធម្មជាតិ បើខាងវប្បធម៌ គឺអ្នកជំនាញវប្បធម៌។ ដល់អ៊ីចឹងមួយឆ្នាំៗ គេអត់ធ្វើច្រើនទេ ដោយសារវាជជែកគ្នាយូរដែរ ជជែកជាមួយអ្នកជំនាញ ជជែកជាមួយភាគីរដ្ឋភាគីហ្នឹង»។
លោកបណ្ឌិតអនុប្រធានរាជបណ្ឌិតសភាកម្ពុជា បានប្រាប់ឲ្យដឹងដែរថា ចំពោះប្រទេសកម្ពុជា នៅឆ្នាំ២០១៣ នេះ គឺមិនអាចមានសិទ្ធិចុះឈ្មោះបញ្ចូលសម្បត្តិវប្បធម៌របស់ខ្លួនបន្ថែមទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានទេ ពីព្រោះកម្ពុជា បានទទួលខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ពោលគឺមានន័យថា ក្នុងឱកាសនេះកម្ពុជា គឺជាអ្នកមានភារកិច្ចជួយជំរុញឲ្យប្រទេសដទៃទៀតមកចុះឈ្មោះបញ្ចូលសម្បត្តិវប្បធម៌របស់គេទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីរក្សាទុកជាសម្បត្តិមនុស្សជាតិ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលផ្សព្វផ្សាយពីកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅភ្នំពេញ បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះមានសម្បត្តិបេតិកភណ្ឌពិភពលោកសរុបចំនួន ៩៦២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។