ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលក្លោងទ្វារចូលប្រាសាទអង្គរ នៅផ្នែកខាងកើត កាលពីថ្ងៃទី១៨ ខែតុលា។ ក្លោងទ្វារនេះ ត្រូវបានខូចខាត ដោយសារអាយុកាល បញ្ហាអាកាសធាតុ និងការដុះដើមឈើជុំវិញជាដើម។
អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២០ ខែតុលា ឲ្យដឹងថា បុរាណវិទូទទួលបន្ទុកការងារជួសជុល លោក ភិន វិជ្ជាសាចារ៉ា សង្កេតឃើញថា ថ្វីបើច្រកចូលខាងកើតនៃប្រាសាទអង្គរវត្តត្រូវបានខូចខាតបន្តិចបន្តួចនៅផ្នែកខ្លះដូចជា ជណ្តើរ ដំបូល និងហោជាង ក៏ដោយ ក៏ចាំបាច់ត្រូវការជួសជុលនិងថែទាំឡើងវិញ ដើម្បីចៀសវាងការខូចខាតធ្ងន់ធ្ងរ នាពេលអនាគត។ លោកបន្តថា
ក្រុមការងារបានសិក្សាពីការបែងចែកស្រទាប់ថ្ម ដោយយកថ្មចេញសំអាតទាំងអស់ រួចដាក់បញ្ចូលទៅកន្លែងដើមរបស់វាវិញ។
ឧទ្យានបុរាណអង្គរទំហំ ៤រយ (៤០០) គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគពាយ័ព្យនៃខេត្តសៀមរាប ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូ (UNESCO) កាលពីឆ្នាំ ១៩៩២។
មុនការរាតត្បាតនៃជំងឺកូវីដ-១៩ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាតំបន់អង្គរ មានចំនួនជាង២លាន (២,២) នាក់ ក្នុងឆ្នាំ ២០១៩ ដោយទទួលបានប្រាក់ចំណូលសរុប ៩៩ លានដុល្លារពីការលក់សំបុត្រ។ ក៏ប៉ុន្តែក្នុងអំឡុងពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរ បានធ្លាក់ចុះយ៉ាងគំហុក ចុះមកត្រឹម ចំនួនជាង ៦ម៉ឺននាក់ (៦.១៦៧) ដែលថយចុះជាង៩៨% បើធៀបអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលទទួលបានចំណូលជាង ២៥ម៉ឺនដុល្លារ (២៥៣.៨០៩)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។