ក្រៅអំពីការប្រារព្ធភ្ជុំបិណ្ឌ ដែលនាំយកចង្ហាន់និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម ឪពុកម្ដាយគឺជាជម្រើសដំបូងដែលកូនចៅបានយកចិត្តទុកដាក់ និងប្រើឱកាសនេះធ្វើបុណ្យជូនលោកទាំងពីរជាការតបស្នងសងគុណ។
ពាក្យថាធ្វើបុណ្យទាន់ខែភ្លឺ បានដាស់តឿនក្រើនរំលឹកដល់កូនខ្មែរ ដែលមានន័យប្រៀបធៀបថា ធ្វើបុណ្យទាន់លោកអ្នកមានគុណទាំងពីរនៅរស់ នៅហូបបាន។ អំពើនេះមិនសំដៅតែធ្វើបុណ្យជូនលោកទាំងពីរនៅពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះទេ គឺអាចធ្វើជូនគាត់គ្រប់ពេលវេលា។
ប៉ុន្តែនៅឱកាសនេះ គឺជាពេលវេលាដ៏វិសេសវិសាលមួយ ដែលកូនៗត្រូវតែនឹកឃើញហើយគោរពប្រតិបត្តិជូនលោកទាំងទ្វេ ដោយសារជាពេលវេលាបានសម្រាកពីការងារ និងការរកទទួលទាន។
អង្គុយរង់ចាំរថយន្តឈ្នួល នៅក្បែរស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ យុវជន សៀង ប៉ូឡូញ ក្នុងវ័យ ៣១ឆ្នាំ ពាក់អាវកឌុបពណ៌សក្រឡាឆ្នូត មានស្ពាយកាបូបនៅនឹងខ្លួន ថ្លែងថា ដោយក្ដីនឹករលឹកដោយសារគាត់ចាកចេញមកធ្វើការនៅភ្នំពេញ រាល់ពេលមានពិធីបុណ្យធំៗយ៉ាងហោចណាស់ ១ឆ្នាំ ២ដង គាត់តែងទៅលេងស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិពិសេសអ្នកម្ដាយ៖ «គោលបំណងទៅលេងអ្នកម្ដាយ និងក្រុមគ្រួសារញាតិមិត្តបងប្អូន។ អ្នកធ្វើការចំណាកស្រុកអ៊ីចឹងទៅ និយាយរួមឱកាសមានតែម្ដង មានថវិកាបន្តិចបន្តួចជូនគាត់ យើងធ្វើម៉េចឲ្យគាត់សប្បាយចិត្ត»។
យុវជនប្រុសស្រីជាច្រើនបានឈរត្រៀបត្រារង់ចាំរថយន្តដឹកជញ្ជូនពួកគេទៅស្រុកកំណើត ខ្លះទិញនំចំណី ផ្លែឈើដែលគេយកមកលក់នៅនឹងចំណត និងខ្លះអង្គុយរង់ចាំលើរថយន្ត។ សំណើចក្អាកក្អាយបានលាន់លឺចេញមកក្រៅរថយន្ត៖ «សំឡេងសើច»។ ពួកគេនិយាយចំអែចំអន់គ្នាលេងបណ្ដើរ និងសើចលេងបណ្ដើរ ទាំងអ្នកជិះ និងព្រូឡាន។
កញ្ញា សុភា អាយុ ២៥ឆ្នាំ ជាកម្មកររោងចក្រធ្វើការនៅទីក្រុងភ្នំពេញ កំពុងអង្គុយលើរថយន្តឈ្នួលរង់ចាំចេញដំណើរទៅស្រុកកំណើតទៅខេត្តកំពង់ចាម ថ្លែងថា ទោះធ្វើបុណ្យនៅនឹងវត្តតែនាងមិនភ្លេចធ្វើជូនឪពុកម្ដាយជាមុននោះទេ។ សេចក្ដីប៉ងប្រាថ្នារបស់នាងគឺបន់ស្រន់ឲ្យមាតាបិតាមានអាយុយឺនយូរមានសុខភាពល្អ៖ «ខែភ្ជុំចូលឆ្នាំអ៊ីចឹង ទៅលេងម៉ែឪបងប្អូន ធ្វើបាយសម្លទៅវត្តជូនឪពុកម្ដាយទៅវត្តទៅអី ជូនថវិកាជូនបាយម្ហូបអីទៅ និងប៉ងឲ្យគាត់មានសេចក្ដីសុខ»។
ឈរក្រៅរថយន្តឈ្នួលដែលរង់ចាំដឹកអ្នកដំណើរឆ្ពោះទៅស្រុកចំការលើ ខេត្តកំពង់ចាម យុវជនវ័យ ២០ឆ្នាំគត់ ស្លៀកខោខោវប៊យ ពាក់អាវយឺត និងស្បែកជើងឃ្លុបបែបស៊ីវិល័យ មានអាជីពជាជាងច្នៃម៉ូតគ្រឿងអលង្ការ យុវជន ស៊្រន់ លីហេង ថ្លែងថា ឆ្នាំនេះ គាត់មានចិត្តអន្ទះសាជាងរាល់ឆ្នាំដោយ ព្រោះតែគាត់មានការងាររវល់ធ្វើច្រើនស្ទើរខកខានមិនបានទៅស្រុកកំណើត។
យុវជនដដែលថា គាត់បាននាំយកថវិកា និងអាហារហូបចុកដែលអ្នកមានគុណទាំងពីរចង់ទទួលទាន រួមទាំងទិញរបស់របប និងសំលៀកបំពាក់ជូនលោកទាំងពីរផង៖ «ខ្ញុំទិញគ្រឿងសមុទ្ទផ្ញើគាត់ ប៉ាគាត់ចង់ញុំាំ គាត់ចង់បានសំលៀកបំពាក់ ខ្ញុំទិញឲ្យគាត់បានខោបីដែរ ហើយនិងខោអាវឲ្យអាកូន ១កំផ្លេដែរ។ មានអារម្មណ៍ថា ពេលដែលយើងនៅជិតម៉ែឪធ្វើអ្វីមួយត្រូវអារកាត់ពីគាត់ពេលអត់លុយអ៊ីចឹង ម៉ាក់កូនដប់ដុល្លារ កូនម្ភៃដុល្លារ។ ខ្ញុំនៅទីនេះខ្ញុំបែកគាត់ ៤ឆ្នាំហើយ ពេលណាខ្ញុំអត់លុយយើងខំប្រឹងខ្លួនឯងពេលនិយាយទៅនឹកគាត់ខ្លាំងមែនទែន»។
ក្នុងសំលៀកបំពាក់ប្រពៃណីកាន់ទេយ្យទាននៅក្នុងដៃ នាំយកមកវត្តព្រះពុទ្ធមានបុណ្យជាមួយម្ដាយ និងបងស្រីផង កញ្ញា សុខ ធារ៉ា អាយុ ២៧ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនមួយរស់នៅរាជធានីភ្នំពេញ នាងថ្លែងថា នៅរាល់ពិធីបុណ្យទានធំៗរាល់ឆ្នាំ ជាពិសេសរដូវបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌម្ដងៗ នាងតែងតែជូនថវិកាដល់ម្ដាយ ទោះតិច ឬច្រើន ដើម្បីឲ្យគាត់ធ្វើម្ហូបយកចង្ហាន់ទៅវត្ត និងរៀបចំស្លាដកប្រគេនព្រះសង្ឃជាដើម។ នាងបន្តការធ្វើដូច្នេះមិនមែនតែក្នុងឱកាសនេះទេ ប៉ុន្តែវាជាពេលវេលាល្អមួយដែលពិសេសជាងសព្វមួយដងដែលកូនៗគួរតែនឹកឃើញដល់អ្នកមានគុណ៖ «មុនពេលខ្ញុំទៅវត្តខ្ញុំត្រៀមម្ហូបអាហារឲ្យគាត់ហើយខ្ញុំមានជាលុយជូនគាត់ ហើយបបួលគាត់មកវត្តជាមួយគ្នានៅពេលគាត់ស្រស់ស្រូបអាហារពេលព្រឹកហើយ»។
នៅបណ្ដាបុណ្យប្រចាំ ១២ខែ ខ្មែរបានចាត់ទុកបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ។ ក្រៅអំពីការប្រារព្ធពិធីបុណ្យនេះតាមប្រពៃណី ឪពុកម្ដាយដែលនៅរស់រានមានជីវិតនោះ កូនចៅក៏បានយកចិត្តទុកដាក់ ប្រើឱកាសនេះធ្វើបុណ្យជូនលោកទាំងពីរជាការតបស្នងសងគុណផងដែរ។ នេះក៏ជាឱកាសឈប់សម្រាកពីការងារបានជួបជុំញត្តិសន្តាននៅស្រុកកំណើត ឬកម្សាន្តនៅរមណីយដ្ឋាននានាយ៉ាងសប្បាយរីករាយ។
សមាជិកគណៈកម្មការវត្តព្រះពុទ្ធមានបុណ្យ ដូនជី សោម ចាន់ថា បានពន្យល់ថា កូនដែលបានគោរពប្រតិបត្តិដល់មាតាបិតា លើកសរសើរដល់មាតាបិតានោះរមែងបានទទួលសុខសុភមង្គលក្នុងជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។