ក្រុមយុវជនដែលធ្វើការពាក់ព័ន្ធផ្នែកវប្បធម៌មើលឃើញថា ប្រទេសកម្ពុជាមានប្រាសាទបុរាណរាប់រយកន្លែង និងរាជធានីបុរាណល្បីល្បាញ ក៏ប៉ុន្តែពេលនេះមានតែទីតាំងប្រវត្តិសាស្ត្រធំៗចំនួន ៤ប៉ុណ្ណោះ បានចុះបញ្ជីបេតិកភណ្ឌពិភពលោក។
ពួកគេស្នើឱ្យរដ្ឋាភិបាលប្រឹងប្រែងបន្ថែមទៀត ដាក់បញ្ចូលប្រាសាទបុរាណខ្មែរ និងទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ (UNESCO)។
ក្រុមយុវជនដែលធ្វើការពាក់ព័ន្ធផ្នែកវប្បធម៌អំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញពីបច្ចុប្បន្នភាពចុងក្រោយដែលក្រសួងវប្បធម៌បញ្ចូលទីតាំងប្រវត្តិសាស្ត្រសំខាន់ៗមានប្រាសាទបុរាណ និងរាជធានីបុរាណខ្មែរដទៃទៀតដើម្បីចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ (UNESCO)។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរខ្មែរអង្គរលោក ខៀវ ធី យល់ថា រដ្ឋាភិបាលគួរតែពន្លឿនកិច្ចប្រឹងប្រែងបន្ថែមទៀតរៀបចំរាជធានីបុរាណភ្នំគូលែន ចុះបញ្ជីបេតិកភណ្ឌពិភពលោកដើម្បីការពារព្រៃឈើ និងខឿនប្រាសាទបុរាណនានាដែលកំពុងប្រឈមការលួចកាប់ឆ្ការព្រៃធ្វើចម្ការជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់។ លោកបារម្ភថា ការពន្យារពេលចុះបញ្ជីតំបន់ប្រវត្តិសាស្ត្រដ៏ល្បីនេះនឹងបង្កហានិភ័យខ្ពស់ដល់ធនធានធម្មជាតិ និងតំបន់អភិរក្សប្រវត្តិសាស្ត្រដ៏មានតម្លៃ។
លោក ខៀវ ធី៖ «ភ្នំគូលែនជាតំបន់ប្រវត្តិសាស្ត្រអស្ចារ្យរបស់ជាតិខ្មែរយើង មិនត្រឹមតែផ្តល់នូវទឹក ខេត្តសៀមរាបប៉ុណ្ណោះទេ ជាតំបន់អតីតរាជធានីខ្មែររាប់រយប្រាសាទ មានរូងភ្នំធម្មជាតិមានទឹកធ្លាក់សំបូរណាស់គ្រប់។ គិតថា រដ្ឋាភិបាលគួររៀបចំចុះបញ្ជីតំបន់បេតិកភណ្ឌភ្នំគូលែនដើម្បីការពារធម្មជាតិ និងការរំលោភបំពានកាត់ឆ្វៀលដីពីតំបន់ឧទ្យានជាតិនេះ»។
យុវជនដែលធ្វើការពាក់ព័ន្ធផ្នែកវប្បធម៌ថ្លែងសុំមិនបញ្ចេញឈ្មោះសង្កេតឃើញថា មានប្រាសាទបុរាណជាច្រើនទៀត ឋិតក្នុងព្រៃជ្រៅក្បែរប្រាសាទបឹងមាលាក្នុងស្រុកស្វាយលើ ខេត្តសៀមរាបមិនទាន់មានការថែទាំល្អនៅឡើយទេ ហើយផ្លូវចូលទៅប្រាសាទនេះក៏ពិបាកធ្វើដំណើរដែរ។ លោកថាផ្លូវបុរាណមួយខ្សែ ចាប់ពីប្រាសាទបឹងមាលាឆ្ពោះទៅប្រាសាទព្រះខាន់កំពង់ស្វាយឋិតក្នុងខេត្តព្រះវិហារ ក៏មានប្រាសាទជាច្រើនទៀតដែរ មានរូបរាងល្អនៅឡើយឋិតក្នុងព្រៃជ្រៅក៏ពុំទាន់មានការអភិរក្ស ជួសជុល និងថែទាំនៅឡើយទេ។
ពលរដ្ឋលាក់ឈ្មោះ៖ «គេថែទាំហើយតែមិនទាន់ពេញលេញ បើប្រាសាទទាំងអស់ហ្នឹង ត្រូវបានគេសិក្សាហើយ លើកតម្កើងវា និងថែទាំវា ហើយដាក់ចុះបញ្ជីរបស់យូនីស្កូ វានឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ពីឯកជនរបស់រដ្ឋ និងដៃគូអភិវឌ្ឍន៍ របស់យូនីស្កូ ឬក៏របស់ប្រទេសផ្សេងៗទៀត ដើម្បីជួយការងារអភិរក្សដើម្បីលើកម្ពស់ផ្លូវ ហេដ្ឋារចនាសម្ពន្ធផ្សេងៗ»។
ឆ្លើយតបរឿងនេះរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌លោក ស៊ុំ ម៉ាប់ មានប្រសាសន៍ថាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រសំខាន់ៗរួមមានឧទ្យានជាតិភ្នំគូលែន ប្រាសាទបន្ទាយឆ្មារប្រាសាទបាណន់ និងប្រាសាទមួយចំនួនទៀតឋិតក្នុងខេត្តតាកែវក្រសួងបានចុះក្នុងបញ្ជីបម្រុង និងបានផ្ញើជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូរួចហើយ។ លោកបញ្ជាក់ថា តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រទាំងនោះមានរាជធានីបុរាណ និងប្រាសាទបុរាណសរុបជាង១០កន្លែងដែលកំពុងស្នើសុំចុះបញ្ជីជាច្រើនឆ្នាំមកហើយ ហើយមន្ត្រីជំនាញបន្តសិក្សាធ្វើកិច្ចការងារនេះ។
«កាលពីមុនយើងដាក់៧ យើងធ្វើបច្ចុប្បន្នភាពរហូតតែឥលូវដូចជាង១០កន្លែងហើយ។ ខ្លះឱ្យតែកន្លែងធំៗ មានទាំងអស់ អ្នកជំនាញរបស់យើងកំពុងចងក្រងឯកសារ ដាក់ចូលមិនងាយស្រួល ព្រោះត្រូវបញ្ជាក់ឱ្យគេ មានចែងក្នុងអនុសញ្ញាដែល វាមាន ១០ ហើយ ១ ក្នុងចំនួន ១០ បេតិកភណ្ឌពិភពលោក តែយើងមិនងាយកសាងឯកសារហ្នឹងទេពិបាកណាស់។ យើងត្រូវធ្វើកំណាយ និងកសាងឯកសារ ច្រើនណាស់»។
មកទល់ពេលនេះមានទីតាំងប្រវត្តិសាស្ត្រធំៗចំនួន៤ប៉ុណ្ណោះ បានចុះបញ្ជីបេតិកភណ្ឌពិភពលោកគឺតំបន់ឧទ្យានអង្គរ ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងចុងក្រោយប្រាសាទកោះកេរ។
លោក ខៀវ ធី បន្ថែមថា ប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តឧត្តរមានជ័យ និងប្រាសាទព្រះខាន់កំពង់ស្វាយ ឋិតក្នុងខេត្តព្រះវិហារ និងប្រាសាទបឹងមាលារដ្ឋាភិបាលគួរតែប្រឹងប្រែងបន្ថែមទៀតពន្លឿនចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីថែទាំជួសជុលនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធទីនោះឱ្យល្អឡើងវិញបំណងរុញច្រានឱ្យវិស័យទេសចរណ៍លូតលាស់កាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។