បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងចាប់ខ្លួនមនុស្សទាំង ៤នាក់នោះ ទៅកាន់តុលាការ ដើម្បីធ្វើការចោទប្រកាន់។
លោក នូ ហួរ ជាប៉ូលិសប្រធានការិយាល័យបង្ក្រាបគ្រឿងញៀនខេត្តស្ទឹងត្រែង។ លោកបានឲ្យដឹងនៅថ្ងៃទី១៤ កញ្ញា ថា មនុស្សទាំង៤នាក់នោះ ជាជនជាតិខ្មែរ ហើយប៉ូលិសចាប់បាននៅពេលកំពុងជក់។
លោក ហូ សំអុល អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក នៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោកបានទទួលព័ត៌មានអំពីការចាប់ខ្លួននេះ តែលោកមិនទាន់មានព័ត៌មានសព្វគ្រប់ទាក់ទងការចាប់ខ្លួននោះនៅឡើយទេ។
លោក ហូ សំអុល បានកត់សម្គាល់ថា ក្នុងរយៈពេលពី ៣ទៅ៤ខែកន្លងទៅថ្មីៗនេះ ប៉ូលិសខេត្តស្ទឹងត្រែង មានការប្រឹងប្រែងបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានជាច្រើនករណី ហើយមានមនុស្សដែលពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រមាណ ១០ទៅ ២០នាក់ បានត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីកាត់ទោស៕