អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា កំពុងតែបន្តការស្រាវជ្រាវ និងស៊ើបការណ៍សម្ងាត់ជាបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងបណ្ដាញឧក្រិដ្ឋជនអន្តរជាតិដ៏ធំមួយ ដែលបានរត់ពន្ធសារធាតុគ្រឿងញៀនមកប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
ក្នុងនោះបានចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ កាលពីថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១០ ហើយតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ និងឃុំខ្លួន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ក្រោមបទជួញដូរគ្រឿងញៀនខុសច្បាប់ចំនួនជិត ៧លានគ្រាប់ ដែលជាសារធាតុគ្រឿងញៀនផ្ទុកនៅក្នុងឱសថបាននាំចូលមកពីប្រទេសកូរ៉េខាងត្បូង។
ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃកម្ពុជា លោកឧត្ដមសេនីយ៍ឯក ម៉ឹក ដារ៉ា និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១០ថា វិធានការបង្ក្រាបនេះនៅតែបន្ត។
លោក ម៉ឹក ដារ៉ា មានប្រសាសន៍បន្តថា ៖ «វាមិនមែនជាអង្គការចាត់តាំងសម្រាប់ធ្វើសកម្មភាពតែកម្ពុជា តែប៉ុណ្ណោះទេ។ វាមានលក្ខណៈជាប្រព័ន្ធ ពីព្រោះសារធាតុញៀនដែលផ្ទុកនៅក្នុងរូបភាពជាឱសថនេះ វាមិនមែនផលិតនៅក្នុងប្រទេសកម្ពុជាទេ វាផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងជាប្រភព ហើយគោលដៅនោះក៏មិនជាគោលដៅចុងក្រោយនៅកម្ពុជាដែរ»។
ក្រុមជនសង្ស័យចំនួន ៦នាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថ្មីៗនេះ គឺក្រោយពីមានការបង្ក្រាបលើកទី១ នៅក្នុងខែតុលា ឆ្នាំ២០០៩ កន្លងទៅ ក្នុងការប៉ុនប៉ងនាំចេញគ្រឿងញៀនជាច្រើនទៅប្រទេសញូវហ្សែឡេន (Newzealand) និងលើកទី២ នៅខែសីហា ឆ្នាំ២០១០ បានរឹបអូសបានសារធាតុគ្រឿងញៀនផ្ទុកក្នុងឱសថចំនួនជាង ១៣លានគ្រាប់ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។
មន្ត្រីជំនាញប្រឆាំងគ្រឿងញៀនបានប៉ាន់ស្មានថា សារធាតុគ្រឿងញៀនចំនួនជិត ៧លានគ្រាប់ ដែលរឹបអូសបានថ្មីៗនេះ គេអាចផលិតជាគ្រឿងញៀនមេតំហ្វេតាមីន (Methamphetamine) ចំនួនជាង ៧០០គីឡូក្រាម និងសារធាតុគ្រឿងញៀនចំនួន ១៣លានគ្រាប់ គេអាចផលិតជាគ្រឿងញៀនមេតំហ្វេតាមីន ចំនួនជាង ៧០០គីឡូក្រាមផងដែរ ដែលមានតម្លៃជាច្រើនលានដុល្លារអាមេរិក។
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា កំពុងតែសហប្រតិបត្តិការជាមួយប្រទេសលាវ ប្រទេសវៀតណាម និងប្រទេសថៃ ដើម្បីចែករំលែកព័ត៌មានសម្ងាត់អំពីការជួញដូរគ្រឿងញៀន ចរាចរណ៍គ្រឿងញៀន និងការរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ នៅគ្រាដែលឧក្រិដ្ឋជនកំពុងតែប្រើប្រាស់វិធីចរាចរណ៍សារធាតុសំយោគនានា ដើម្បីផលិតគ្រឿងញៀន៕
