កិច្ចចរចាត្រីភាគី ស្តីពីប្រាក់ឈ្នួលគោលឆ្នាំ២០២២ សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង កាលពីថ្ងៃទី១៤ ខែកញ្ញា នៅមិនទាន់ចុះសម្រុងគ្នានៅឡើយទេ ដោយភាគីនីមួយៗមានអំណះអំណាងរៀងៗខ្លួន ផ្អែកលើកត្តាសេដ្ឋកិច្ចសង្គម។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ខែកញ្ញាថា ភាគីនិយោជក ឬក្រុមហ៊ុន មិនត្រឹមតែមិនតម្លើងទេតែបែរជាស្នើបន្ថយប្រាក់ឈ្នួលគោលរបស់កម្មកររហូតដល់ទៅជាង៨ដុល្លារទៅវិញគឺពីចំនួន ១៩២ ដុល្លារក្នុង១ខែ ដែលជាប្រាក់ឈ្នួលគោលនៅឆ្នាំ២០២០មកនៅត្រឹមជាង ១៨៣ដុល្លារវិញ។ ចំពោះតួលេខដែលបង្ហាញដោយភាគីក្រសួងការងារវិញ គឺបានកំណត់យកចំនួន ១៩១,៩ ដុល្លារ។
លោកបន្តថា ភាគីសហជីពនៅតែរក្សាគោលជំហរសុំតម្លើង ២២,២ ដុល្លារអាមេរិក ឬស្មើប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតចំនួន ២១៤,២ ដុល្លារក្នុងមួយខែ។ លោកបញ្ជាក់ថាមូលហេតុដែលសុំតម្លើងប្រាក់ឈ្មួលគោលនេះដោយសារការរស់នៅប្រចាំថ្ងៃរបស់កម្មករត្រូវចំណាយប្រាក់ច្រើនជាងមុនដោយសារទំនិញសព្វសារពើឡើងថ្លៃជាដើម៖ «កិច្ចប្រជុំនេះ ធ្វើទៅដោយពុំមានការឯកភាពគ្នាទេ ។ ខាងនិយោជក នៅតែប្រកាន់គោលជំហរថា វិបត្តិកូវីដ-១៩ វាមានបញ្ហាច្រើន ត្រឹមតែរក្សាការងារទៅ។ ខាងរដ្ឋាភិបាលថា តាមការគណនារបស់ខ្លួន បញ្ហាកូវីដ-១៩ ជាបញ្ហាដែលមិនទាន់អាចឡើងបានទេ ។ ចំណែកកម្មករនិយោជិត យល់ឃើញថា ប្រាក់ឈ្នួលនេះត្រូវតែឡើងដោយសារកម្មករមានការពិបាក ព្រោះអតិផរណា ឡើងដល់៣ % ហើយផលិតភាពក៏ឡើង ២ . ៦ % ដែរ។ ចុងក្រោយនេះកម្ពុជានៅតែមានសក្តានុពល និងចំណេញដល់ទៅ ៥រយ (៥០០)ទៅ៧រយ (៧០០)លានដុល្លារ ដែលសហជីព សុំឲ្យពិចារណា »។
ប្រធានសហភាពការងារកម្ពុជារូបនេះបន្តថាទោះបីជាកិច្ចពិភាក្សាលើកនេះមិនទាន់ចុះសម្រុងគ្នាក៏ដោយក៏ភាគីទាំងអស់យល់ព្រមទៅប្រជុំពិភាក្សាគ្នាផ្ទៃក្នុង ជាមួយអ្នកជំនាញរបស់ខ្លួននីមួយៗ ដើម្បីឈានទៅការជួបចរចាគ្នាលើប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២២ ម្តងទៀត នៅថ្ងៃទី២១ ខែកញ្ញាខាងមុខ។ ការស្រាវជ្រាវរបស់សហជីពរកឃើញថា ក្នុងសមាជិកគ្រួសារដែលមានគ្នា ៥នាក់ គឺមានសមាជិកតែ ២នាក់ប៉ុណ្ណោះ ដែលរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ រីឯប្រាក់ចំណូលទៀតសោតក៏មានចំនួនតិចតួចមិនអាចទ្រទ្រង់ក្នុងជីវភាពរស់នៅឲ្យបានសមរម្យនោះទេដោយសារពួកគេត្រូវការចាយវាយប្រចាំថ្ងៃ សងប្រាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុនិងចំណាយលើការឈឺថ្កាត់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។