អ្នកជំនាញ និងមន្ត្រីអង្គការសង្គមស៊ីវិល បារម្ភថា ការបន្តអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ នឹងរុញច្រានកម្ពុជាឲ្យធ្លាក់ផុងទៅក្នុងការខ្ចីបុលលុយពីបរទេស ជាពិសេសមហាយក្សចិន។ ពួកគេថា រដ្ឋាភិបាលអាចយកកម្ចីទាំងនោះទៅប្រើប្រាស់មិនបានចំគោលដៅ។ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បដិសេធការលើកឡើងនេះ ហើយថារដ្ឋាភិបាលពុំបានពឹងផ្អែកទៅលើជំនួយ ឬកម្ចីបរទេសនោះទេ តែកំពុងប្រើប្រាស់ថវិកាបម្រុងរបស់រដ្ឋសុទ្ធសាធ។
អ្នកជំនាញ និងមន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញស្របគ្នាថា ការបន្តអូសបន្លាយនៃវិបត្តិកូវីដ-១៩អាចនឹងធ្វើឲ្យកម្ពុជាចៀសមិនផុតពីការធ្លាក់ខ្លួនឈានទៅខ្ចីបុលលុយពីបរទេសបន្ថែមទៀត ដើម្បីយកមកស្រោចស្រង់សេដ្ឋកិច្ច ដែលកំពុងតែត្រដរខ្យល់ស្រាប់។ ការអះអាងនេះ ដោយសារតែរដ្ឋាភិបាលទើបខ្ចីលុយពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ដល់ទៅ២៥០លានដុល្លារ និងខ្ចីធនាគារពិភពលោក (World Bank) ចំនួន១០០លានដុល្លារ។

អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល បារម្ភថា ការឈានទៅខ្ចីបុលបរទេស ពិសេស មហាយក្សចិនបន្ថែមទៀតនេះ គឺដោយសារតែរដ្ឋងាយស្រួលខ្ចីបុលលុយពីបរទេស ជាងចាយវាយលុយខ្លួនឯង។ លោកថា លុយរដ្ឋ មានដូចជាមាសសុទ្ធ៣០តោន តម្កល់ទុកនៅប្រទេសស្វីស (Switzerland) ទីក្រុងឡុងដ៏ (London) និងក្រុងភ្នំពេញ ថវិកាបម្រុងអន្តរជាតិដល់ទៅ ១៥ពាន់លានដុល្លារ ព្រមទាំងលុយសុទ្ធក្នុងដៃជាង ៤ពាន់លានដុល្លារនោះ អាចស្ថិតក្នុងដៃរបស់បុគ្គលឯកជនបាត់ទៅហើយ។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាលហ៊ានចំណាយថវិកាតែបន្តិចបន្តួច គឺតែជាង១ពាន់លានដុល្លារ ដែលការចំណាយលម្អិតទៀតសោត នៅមានភាពស្រពិចស្រពិលនៅឡើយ។ លោកពន្យល់ថា នេះគឺដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន មិនចង់ដកលុយទាំងនោះយកទៅចាយវាយតាំងពីដំបូងមកម្ល៉េះ ព្រោះតែចង់ទុកលុយទាំងនោះក្នុងដៃបុគ្គលឯកជនជារៀងរហូត។
សម្រាប់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ឬ TI-Cambodia លោក ប៉ិច ពិសី វិញ លោកក៏បារម្ភពីការកើនឡើងនៃលទ្ធភាពដែលរដ្ឋអាចទៅខ្ចីបុលបរទេសបន្ថែមទៀត យកមកដោះស្រាយបញ្ហា វិបត្តិកូវីដ-១៩នៅចំពោះមុខ ជាជាងយកទៅវិនិយោគឲ្យមានប្រសិទ្ធភាព។ លោកព្រមានថា ការណ៍នេះ នឹងធ្វើឲ្យកម្ពុជា រឹតតែជាប់ជំពាក់បំណុលបរទេសកាន់តែច្រើន ហើយរដ្ឋអាចនឹងយកបំណុលទាំងនោះ ទៅប្រើប្រាស់ដោយគ្មានប្រសិទ្ធភាព បន្ថែមទៅលើបញ្ហាខ្វះតម្លាភាពដោយសារតែរដ្ឋពុំដែលបង្ហាញឲ្យដឹងពីខ្ទង់ចំណាយលម្អិតជាក់លាក់នោះទេ៖ « យើងមានការព្រួយបារម្ភខ្លាំងដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ - ១៩ តាមអ្នកជំនាញរបស់ IMF ក្តី World Bank ក្តី គេបានទស្សន៍ទាយអំពីការធ្លាក់ចុះសេដ្ឋកិច្ចរហូតដល់ អាចដល់កម្រិតក្រោមសូន្យទៅទៀត។ អ៊ីចឹង លទ្ធភាពនៃការបង្វិលសាច់ប្រាក់នៅប្រទេសយើង អាចស្ទើរ ហើយប្រសិនបើយើងប្រើប្រាស់ការខ្ចីលុយយកបំណុលដើម្បីមកដោះបញ្ហា វាអាចធ្វើឲ្យបំណុលកើនឡើងដោយសារតែចំណាយដែលយើងយកទៅប្រើ ភាគច្រើន ជាចំណាយចរន្ត ... មិនមែនជាការវិនិយោគទេ ជាចំណាយដែលបាត់។ អញ្ចឹង អាចធ្វើឲ្យការប្រើប្រាស់បំណុល អត់សូវមានប្រសិទ្ធភាពទេ »។
ដូចគ្នានេះដែរ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថា រដ្ឋទំនងជានឹងមិនបញ្ចប់ត្រឹមការខ្ចីបុលលុយពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន២៥០លានដុល្លារនេះទេ តែអាចនឹងឈានទៅខ្ចីបុលបន្ថែមទៀត។ លោកក៏ចង់ឃើញរដ្ឋាភិបាលបង្ហាញពីគម្រោងចំណាយថវិកា ឲ្យបានច្បាស់លាស់ និងស៊ីជម្រៅដែរ៖ « មើលទៅបើសិនជាកូវីដ - ១៩នេះ នៅតែបន្ត ទំនងជាតម្រូវការមួយចំនួន អាចនឹងរុញច្រានឈានទៅដល់ការខ្ចីបុលបន្តទៀតដែរ។ ចំណុចនេះ យើងចង់ឃើញវិធានការ ក៏ដូចជាការដាក់ផែនការឲ្យមានលក្ខណៈស៊ីចង្វាក់គ្នា ជាមួយនឹងតម្រូវការ ហើយនិងការរកវិធានការដោះស្រាយ។ វិធានការដោះស្រាយអាចមានការពិនិត្យមើលទៅលើចំណូលអាទិភាពរបស់ជាតិនៅក្នុងស្ថានភាពនេះ ឬមួយក៏ការខ្ចីណាមួយ។ ប៉ុន្តែ វាគួរតែផ្អែកទៅលើមូលដ្ឋានតម្រូវការជាក់លាក់ដែរ។ យើងចង់ឲ្យមានការបង្ហាញឲ្យបានច្បាស់លាស់ និងស៊ីជម្រៅដែរទាក់ទងទៅនឹងការចំណាយទៅលើការឆ្លើយតប ឬដំណោះស្រាយទៅលើកូវីដ - ១៩។ »
: ADB's $250 million loan will help strengthen Cambodia's health care system, increase social assistance to the poor and vulnerable, and provide economic stimulus to businesses, including SMEs.<br/> <br/>READ ➡️
ចាប់តាំងពីមានការផ្ទុះជំងឺរាតត្បាតសាកលកូវីដ-១៩ ដៃគូអភិវឌ្ឍន៍អន្តរជាតិមិនតិចជាង ១០ទេ បានផ្តល់ ឬបង្វែរជំនួយដល់កម្ពុជាក្រោមរូបភាពជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ជំនួយឥតសំណង និងកម្ចីឥណទានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ សរុបជាទឹកប្រាក់ត្រួសៗ គិតត្រឹមខែកក្កដានេះ ជំនួយ និងកម្ចីទាំងនេះ គឺអាចមានក្នុងរង្វង់ទឹកប្រាក់មិនតិចជាង ៧០០លានដុល្លារនោះទេ ក្នុងនោះសហរដ្ឋអាមេរិក ជួយកម្ពុជាជាង ១១លានដុល្លារ ជប៉ុនជាង ៦,៣លានដុល្លារ សហភាពអឺរ៉ុបប្រមាណ ៤៨៣លានដុល្លារ និងធនាគារពិភពលោកចំនួន២០លានដុល្លារ។ ក្រៅពីនោះ ក៏នៅមានប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី ចិន វៀតណាម ព្រមទាំងស្ថាប័នអន្តរជាតិដទៃទៀត ដូចជា អង្គការសុខភាពពិភពលោក WHO ជាដើម។
approved a $100 million credit from for to enhance rural communities' access to critical services, such as health centers, referral hospitals, schools and markets, through the improvement of climate-resilient rural roads
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ កក្កដា ប្រកាសថា រដ្ឋមិនទាន់បានប្រើលុយបរទេសទាំងនេះ សូម្បីតែមួយសេនដើម្បីជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះបណ្ដាលមកពីផលប៉ះពាល់នៃជំងឺកូវីដ-១៩នោះទេ។ លោកព្រមានចាប់ខ្លួនសកម្មជនបក្សប្រឆាំងមួយរូបនៅខេត្តបន្ទាយមានជ័យដែលថា លោកយកលុយរបស់អឺរ៉ុប ទៅបើកឲ្យពលរដ្ឋក្រីក្រ ហើយថាជាលុយរបស់រដ្ឋ៖ « បើថ្ងៃនោះខ្ញុំបញ្ជាឱ្យចាប់ ពេលនេះលោក សុធី ឯងនៅក្នុងគុកដែលថា ខ្ញុំយកលុយពីអឺរ៉ុបទៅបើកឱ្យប្រជាពលរដ្ឋ ១ខែ២៥លានដុល្លារនេះ ឈ្មោះ រ័ត្ន សុធី លោកឯងនៅកន្លែងណា ? លោកឯងនិយាយយ៉ាងម៉េច ? លោកឯងចាំខ្លួនឯងទៅ ខ្ញុំផ្តាំទៅលោកឯងតែប៉ុណ្ណឹងទេ ហ៊ុនសែន អត់ទាន់ប្រើប្រាស់លុយបរទេស១សេនណា ទៅលើបញ្ហាការដោះស្រាយបញ្ហាសង្គមរបស់ប្រជាពលរដ្ឋកម្ពុជាទេ » ។
ដោយឡែក អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បញ្ជាក់ថា គិតរហូតមកទល់ពេលនេះ រដ្ឋទទួលបានជំនួយបឋមពីប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួនសម្រាប់ដោះស្រាយតែបញ្ហាកូវីដ-១៩មួយ មានក្នុងរង្វង់ទឹកប្រាក់ ៤០លានដុល្លារ។ លោកអះអាងថា ចំពោះបំណុលសាធារណៈដែលរដ្ឋខ្ចីបុលពីបរទេសវិញ ពុំមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ ព្រោះស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF វាយតម្លៃជារៀងរាល់ឆ្នាំថា កម្ពុជាមានហានិភ័យទាបនៅក្នុងការខ្ចីប្រាក់ និងការសងបំណុលវិញ។ លោកផ្តល់អំណះអំណាងថា នេះមិនមែនជាការជំពាក់បំណុលវន្តករនោះទេ ព្រោះម្ចាស់បំណុលនៅតែអនុញ្ញាតឲ្យកម្ពុជាខ្ចីនៅឡើយ ខុសពីប្រទេសដទៃមួយចំនួនដែលចង់ខ្ចី តែគ្មានលទ្ធភាពទទួលបានកម្ចី៖ « ខ្ញុំចង់ឲ្យប្រជាពលរដ្ឋលោកទៅស្តាប់ខាងស្ថាប័នអន្តរជាតិ ដែលល្បីៗជាពិសេសស្ថាប័នហិរញ្ញវត្ថុ ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលមានទីស្នាក់ការនៅវ៉ាស៊ីនតុនឌីស៊ី។ ខ្ញុំចង់ឲ្យប្រជាពលរដ្ឋស្តាប់ទៅវិញ ថាតើការវាយតម្លៃអំពីកម្ចីរបស់រដ្ឋាភិបាល មានលក្ខណៈបែបណា ? តើជាលក្ខណៈដែលមានហានិភ័យខ្ពស់ ឬក៏ហានិភ័យទាប។ សូមឲ្យស្តាប់អញ្ចឹងវិញ ពីព្រោះអីបើសិនយើងស្តាប់តែខាងរដ្ឋាភិបាល ប្រហែលជាអាចនៅតែមិនទទួលយកនៅក្នុងការបកស្រាយនេះ »។
បើទោះជាអំណះអំណាងរបស់មន្ត្រីរដ្ឋាភិបាលនេះអាចត្រឹមត្រូវ ក៏ប៉ុន្តែ បណ្ឌិត អៀ សុផល ពន្យល់ថា កម្ចីភាគច្រើនប្រមូលផ្តុំទៅលើម្ចាស់បំណុលតែមួយ គឺមហាយក្សចិន ដែលមានតម្លាភាពតិចតួចបំផុត។ លោកចោទសួរថា ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវខ្ចីលុយបន្ថែម នៅពេលដែលរដ្ឋាភិបាលតែងអួតអាងថា ខ្លួនមានមាសសុទ្ធ ៣០តោន មានទុនបម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ និងមានសាច់ប្រាក់ក្នុងដៃដល់ទៅ ៤ពាន់លានដុល្លារនោះ ហើយហេតុអ្វីបានជារដ្ឋាភិបាលមិនយកប្រាក់ទាំងនេះមកប្រើប្រាស់។

គិតត្រឹមដំណាច់ឆ្នាំ២០១៩ ផ្អែកតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច កម្ពុជាជំពាក់បំណុលបរទេសដោយបានដកសាច់ប្រាក់យកមកចាយវាយ សរុបជាង ៨ពាន់លានដុល្លារ (៨.០៨១,១៤លានដុល្លារ)។ ក្នុងនោះ គ្រាន់តែប្រទេសចិនតែមួយ កម្ពុជាជំពាក់ដល់ទៅជាង ៤ពាន់លានដុល្លារ (៤.០១៥,៩៤លានដុល្លារ) ស្ទើតែជិតពាក់កណ្តាល ឬ ៥០% (៤៩,៧០%) នៃបំណុលសាធារណៈសរុប ខណៈរដ្ឋជំពាក់បំណុលម្ចាស់ឥណទានពហុភាគី ដូចជា ធនាគារអភិវឌ្ឍអាស៊ី ADB ធនាគារពិភពលោក World Bank ជាដើម មានចំនួនជាង៣៣%។ បើគិតជាការចុះកិច្ចព្រមព្រៀងខ្ចីបុលវិញ គិតត្រឹមដំណាច់ឆ្នាំ២០១៩ រដ្ឋខ្ចីបុលបរទេសសរុបរហូតដល់ទៅជាង ១២ពាន់លានដុល្លារ (១២.៦៣៧,៩៨ លានដុល្លារ)។
ដើម្បីដោះស្រាយបញ្ហាបំណុលរដ្ឋឲ្យមានប្រសិទ្ធភាព អ្នកជំនាញ និងមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាតម្លាភាព ថាទាល់តែលុបបំបាត់ចោលអំពើពុករលួយ ធ្វើផែនការថវិកាឲ្យបានល្អិតល្អន់ច្បាស់លាស់ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល លុបបំបាត់ខ្ទង់ចំណាយមិនចាំបាច់ និងកែលម្អច្បាប់លទ្ធកម្មសាធារណៈឡើងវិញ ដើម្បីធានានីតិវិធីនៃការចំណាយលើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។