ស្ថាប័នជំនាញអន្តរជាតិធំៗ ក្នុងនោះរួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអ្នកជំនាញអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) វាយតម្លៃស្របគ្នាថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ខាងមុខនេះ នឹងរងផលប៉ះពាល់ជាអវិជ្ជមាន និងធ្លាក់ចុះ ដោយសារការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប។ អ្នកជំនាញយល់ស្របទៅនឹងការវាយតម្លៃនេះ និងថា របបក្រុងភ្នំពេញ អាចនឹងសុខចិត្ត ចាក់បញ្ចូលលុយជាង ៧០០ លានដុល្លារអាមេរិក ស្មើនឹងជាង ១២% នៃថវិកាជាតិឆ្នាំ២០១៩ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដោយបញ្ហាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចៀសវាងការស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ទន្ទឹមពេលដែលធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍអាស៊ី (ADB) បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០ខាងមុខនេះ ដែលថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពី៧% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម៦,៨%នោះ ឥឡូវនេះដល់វេនមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលចេញមុខមកវាយតម្លៃវិញម្ដង។ បើទោះបីជាការវាយតម្លៃនេះនៅមិនទាន់ផ្លូវការនៅឡើយ ខណៈស្ថាប័ននេះត្រៀមនឹងចេញផ្សាយរបាយការណ៍ផ្លូវការនៅដំណាច់ឆ្នាំនេះ អ្នកជំនាញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលទើបបិទបញ្ចប់បេសកកម្មវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា បានចេញផ្សាយនូវរបកគំហើញបឋមរបស់ខ្លួនថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កំពុងបង្កជាហានិភ័យមួយដែលអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះបានគួរឱ្យកត់សម្គាល់។
អ្នកជំនាញរបស់ IMF ផ្ដល់អំណះអំណាងថា ការបន្តដំណើរការសើរើប្រព័ន្ធ EBA របស់សហភាពអឺរ៉ុប ដែលគឺជាដៃគូនាំចេញចម្បងរបស់កម្ពុជានោះ អាចនឹងឈានទៅដល់ការសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះតែម្ដងនៅឆ្នាំក្រោយនេះ ហើយហេតុការណ៍នេះ អាចបង្កឱ្យមាននូវផលប៉ះពាល់ជាអវិជ្ជមានធំធេងទៅដល់សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លីបាន។ បើតាមអ្នកជំនាញរបស់ IMF ដដែលនេះ ក្រៅពីបញ្ហា EBA នេះ សេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវប្រឈមនឹងហានិភ័យបីផ្សេងទៀត ក្នុងនោះមានដូចជា ការកើនឡើងអំពើគាំពារនិយមនៃពាណិជ្ជកម្មសាកល ដែលអាចប៉ះពាល់ដល់ការនាំចេញ និងទំនុកចិត្តរបស់អ្នកវិនិយោគ ភាពទន់ខ្សោយជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចសាកលដោយសារកំណើនរាងយឺតយ៉ាវរបស់សេដ្ឋកិច្ចប្រទេសចិន និងហានិភ័យបណ្ដាលមកពីភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុដែលចេះតែកើនឡើង។ អ្នកជំនាញមូលនិធិរូបិយវត្ថុអន្តរជាតិដដែលនេះ ផ្ដល់អនុសាសន៍ថា ក្នុងករណីដែលកម្ពុជាពិតជាត្រូវបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA មែននោះ នោះចាំបាច់តម្រូវឱ្យរដ្ឋមានផែនការជាក់លាក់ពីសំណាក់រដ្ឋាភិបាល ក្នុងការបន្ថែមចំណាយប្រចាំឆ្នាំ រួមផ្សំជាមួយនឹងការអនុវត្តកំណែទម្រង់ជាប្រព័ន្ធ ក្នុងគោលដៅតម្រង់ទិស និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលខ្លីបណ្តាលមកពីបញ្ហានេះ។
ការវាយតម្លៃ និងអនុសាសន៍របស់អ្នកជំនាញមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នេះ គឺមិនសូវជាខុសគ្នាប៉ុន្មានទេពីអនុសាសន៍ទើបនឹងដាក់ចេញដោយធនាគារពិភពលោក (World Bank)។ របាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា រក្សាជំហរព្យាករណ៍ដដែលថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះពី ៧% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៨% ក្នុងឆ្នាំ២០២០ខាងមុខនេះ។ ធនាគារពិភពលោក ផ្ដល់អំណះអំណាងនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនេះថា កម្ពុជាប្រឈមមុខនឹងហានិភ័យធំៗពីរ ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់កំណើនសេដ្ឋកិច្ច។ ហានិភ័យធំៗទាំងពីរនោះ គឺគ្មានអ្វីក្រៅពីភាពមិនប្រាកដប្រជានៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប និងការស្រុតចុះដោយគំហុកនៃសេដ្ឋកិច្ចចិន ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ធនាគារពិភពលោកពន្យល់ក្នុងរបាយការណ៍បច្ចុប្បន្នភាពរបស់ខ្លួនថា នៅចំពោះមុខ កម្ពុជាប្រឈមនឹងហានិភ័យមួយចំនួន ដែលក្នុងនោះ រួមមានទាំងភាពមិនប្រាកដប្រជាជុំវិញលទ្ធភាពក្នុងការនាំទំនិញក្រោមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ចូលទៅទីផ្សារសហភាពអឺរ៉ុប ដែលស្រូបយក ៤០ភាគរយ នៃផលិតផលនាំចេញពីកម្ពុជា។ ក្រៅពីនេះ ធនាគារពិភពលោក បន្តប្រមើលមើលឃើញថា ការស្រុតចុះដោយគំហុកណាមួយនូវសេដ្ឋកិច្ចរបស់ចិន ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងធ្វើឱ្យលទ្ធភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវស្រុតចុះទៅវិញ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះ ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស ឬ FDI និងភ្ញៀវទេសចរណ៍ពីប្រទេសចិន។
ឆ្លើយតបនឹងហានិភ័យចម្បងនេះ ជាលើកដំបូងហើយដែលធនាគារពិភពលោក ផ្ដល់អនុសាសន៍ជាក់លាក់ថា ប្រសិនបើកម្ពុជាមិនចង់ឃើញផលប៉ះពាល់ជាអវិជ្ជមានដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២០ខាងមុខនេះទេ នោះរដ្ឋាភិបាលត្រូវចាត់វិធានការអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុមួយ ឬជាការចាក់លុយបញ្ចូលទៅក្នុងសេដ្ឋកិច្ច ក្នុងទំហំសាច់ប្រាក់ច្រើនគួរឱ្យកត់សម្គាល់ គឺជាង ៧៣៥ លានដុល្លារអាមេរិក ស្មើនឹងជាង ៣% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ឬ GDP។ ផ្អែកតាមទិន្នន័យរបស់ធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០១៨ មានតម្លៃ ២៤,៥ ប៊ីលានដុល្លារអាមេរិក ក្នុងចំណោមប្រជាជនសរុបជាង ១៦,៣ លាននាក់ ខណៈផលិតផលក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់ៗស្មើនឹង ១ពាន់៥រយ (១.៥០០) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ទឹកប្រាក់ ៧៣៥លានដុល្លារអាមេរិកនេះ គឺស្មើនឹងជាង ១២% បើធៀបនឹងថវិកាជាតិប្រចាំឆ្នាំ២០១៩ ដែលមានតម្លៃសរុបជាង ៦ប៊ីលានដុល្លារអាមេរិក (US$6,018,543,704)។
ឆ្លើយតបចំពោះការដាក់ចេញអនុសាសន៍នេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យនៃរបបក្រុងភ្នំពេញ ប្រាប់អាស៊ីសេរី នៅថ្ងៃទី១០ តុលា ថា ជាការឆាប់រហ័សពេកហើយដែលធនាគារពិភពលោក ធ្វើការផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាល ត្រៀមចាក់លុយចូលជួយទប់សេដ្ឋកិច្ចកម្ពុជានេះ ព្រោះលោកថា ពេលនេះកម្ពុជាកំពុងចរចាជាមួយសហភាពអឺរ៉ុបនៅឡើយ ដើម្បីកុំឱ្យមានការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «វាលឿនពេកហើយចំពោះចម្លើយនេះ អាស្រ័យដោយរាជរដ្ឋាភិបាលកំពុងតែនិយាយគ្នា កំពុងតែដោះស្រាយជាមួយនឹងគណៈកម្មការអឺរ៉ុប។ សហភាពអឺរ៉ុប កំពុងពិគ្រោះជាមួយសមាសភាពរបស់គេ។ អ៊ីចឹង យើងពិបាកនឹងឆ្លើយ ពិបាកនឹងនិយាយថាម៉េច។ ប៉ុន្តែ ទោះជាយ៉ាងណា រាជរដ្ឋាភិបាល យើងមានគម្រោង មានថវិកា ដើម្បីដោះស្រាយពីអ្វីដែលជាយថាហេតុដែលយើងជួបនេះឯង»។
បើតាមការអះអាងរបស់លោក ផៃ ស៊ីផាន ថវិកាដែលកម្ពុជាមានសម្រាប់ត្រៀមបម្រុងនោះ បានមកពីទឹកប្រាក់សន្សំរបស់រដ្ឋាភិបាល ហើយទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏កំពុងកាត់បន្ថយប្រព័ន្ធការិយាធិបតេយ្យដែលមានទម្ងន់លើពាណិជ្ជករ ព្រមទាំងការពង្រឹង ឬបង្កើតដៃគូទីផ្សារពាណិជ្ជកម្មផ្សេងទៀត។
ជុំវិញអនុសាសន៍ជាក់លាក់របស់ធនាគារពិភពលោកនាពេលនេះ មន្ត្រីសង្គមស៊ីវិលផ្នែកការងារ លោក មឿន តុលា ចោទជាសំណួរថា កម្ពុជាពិបាករកលុយពីវិស័យដទៃ ដើម្បីយកទៅត្រៀមចាក់បញ្ជូលជួយសង្គ្រោះសេដ្ឋកិច្ច នៅពេលដែលសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ខណៈចំណូលបានមកពីវិស័យប្រេងកាត នៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ៖ «បើ EBA នឹងបាត់ វាធ្វើឱ្យភាពប្រកួតប្រជែង (National Competitiveness) វាចុះខ្សោយដែរ។ បើចុះខ្សោយ វាធ្វើឱ្យអ្នកវិនិយោគទុន គេមានការស្ទាក់ស្ទើរ។ ដូច្នេះ រដ្ឋពិបាកនឹងរកវិស័យណាមកជំនួសវិស័យហ្នឹង ដើម្បីបង្គ្រប់ ដើម្បីរកលុយឱ្យបាន ៣ % នៃ GDP ទៅបង្គ្រប់។ មើលទៅឃើញរឿងប្រេងសព្វថ្ងៃនេះ ដែលរដ្ឋកំពុងសំឡឹងមើល ក៏មិនប្រាកដប្រជាដែរ។ ខ្ញុំមើលទៅឃើញថា សមត្ថភាពនៃប្រទេសកម្ពុជា ក៏នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយក្នុងការទទួលយកប្រេង ហើយស្តាប់ទៅដូចជាឱ្យទៅក្រុមហ៊ុនចិនទៀត។ ដូច្នេះ ចំណូលរបស់ជាតិ [ ពីវិស័យនេះ ] ហាក់ដូចជានៅក្នុងភាពមិនច្បាស់លាស់នៅឡើយ»។
លោក មឿន តុលា បន្តថា ពេលវេលា គឺខិតកាន់តែកៀកហើយ សម្រាប់សហភាពអឺរ៉ុបធ្វើការសម្រេចចិត្តជាផ្លូវការក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន។ លោកនៅតែទទូចឱ្យរដ្ឋាភិបាល ធ្វើយ៉ាងណាបញ្ចៀសសហភាពអឺរ៉ុប ពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ ដោយងាកមកស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដូចតាមការចង់បានរបស់សហគមន៍អន្តរជាតិ៖ «ខ្ញុំនៅតែទទូចអីចឹង ខ្ញុំថា វាពិតជាមានភាពចាំបាច់សម្រាប់កម្ពុជា។ ខ្ញុំតែងតែថា អ៊ីចឹង គឺថាកម្ពុជាអត់មានទាន់បានត្រៀមខ្លួនក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនៅឡើយទេ។ ទាំងប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទៅអឺរ៉ុប គឺប្រព័ន្ធ EBA ហ្នឹង ហើយនឹងទាំងប្រព័ន្ធអនុគ្រោះពន្ធទៅសហរដ្ឋអាមេរិក គឺប្រព័ន្ធ GSP ។ ដូច្នេះ រឿងដែលសំខាន់បំផុតសម្រាប់កម្ពុជា គឺគួរតែព្យាយាមធ្វើយ៉ាងណារក្សាប្រព័ន្ធទាំងពីរនេះឱ្យបាន»។
សម្រាប់អ្នកជំនាញ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ពន្យល់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១០ ខែតុលា ថា ទឹកប្រាក់ចាក់បញ្ជូលជាង ៧០០ លានដុល្លារអាមេរិកនេះ គឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ តែលោកថា យ៉ាងណាក៏ដោយ របបលោក ហ៊ុន សែន ធ្លាប់អួតអាងថា ខ្លួនមានតម្កល់មាសសុទ្ធ ៣០តោននៅប្រទេសស្វីស ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងនៅធនាគារកណ្តាល ក្រុងភ្នំពេញ ហើយថា កម្ពុជាក៏មានទុនបម្រុងអន្តរជាតិ ១៥ប៊ីលានដុល្លារអាមេរិក និងមានសាច់ប្រាក់សុទ្ធក្នុងដៃជាង ៤ប៊ីលានដុល្លារអាមេរិក។ ដូច្នេះហើយ បណ្ឌិត អៀ សុផល វិភាគថា ដោយសាររបបក្រុងភ្នំពេញ ស្រឡាញ់លុយជាងស្រឡាញ់សេរីភាព និងប្រជាធិបតេយ្យ ឬក៏អ្វីមួយដែលរបបនេះថាដើម្បីជាការការពារអធិបតេយ្យរបស់ខ្លួននោះ របបនេះទំនងជានឹងអាចសុខចិត្តបង់ខាត តាមរយៈការចាក់បញ្ចូលលុយជាង ៧០០លានដុល្លារអាមេរិក ចូលទៅក្នុងសេដ្ឋកិច្ច ដើម្បីបញ្ចៀសពីផលប៉ះពាល់អវិជ្ជមាននៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
យ៉ាងណាក៏ដោយ អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ព្រមានថា គ្មាននរណាម្នាក់ដឹងឱ្យប្រាកដឡើយ ថាតើមាសសុទ្ធដែលកម្ពុជាតម្កល់ទុកនេះ ជារបស់ពលរដ្ឋកម្ពុជាទូទៅដែលជាអ្នកបង់ពន្ធរដ្ឋ ឬជារបស់ឯកជន និងថា តើរបបក្រុងភ្នំពេញអាចដកយកទុនបម្រុងអន្តរជាតិមកចំណាយក្នុងកម្រិតណា សម្រាប់ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិនោះ? បណ្ឌិត អៀ សុផល បន្តថា មានពេលខ្លះ ទុនបម្រុងអន្តរជាតិទាំងនេះ អាចនឹងបាត់បង់ទៅវិញដោយគ្មានការពន្យល់ជាក់លាក់ ដោយសារតែមេដឹកនាំរបបក្រុងភ្នំពេញ អាចនឹងដកយកទៅចាយវាយក្នុងប្រតិបត្តិការសាច់ប្រាក់ជាលក្ខណៈបុគ្គលឯកជន ហើយដែលគ្មាននរណាអាចដឹងបានឡើយ។ លោកថា វាមិនត្រូវការពេលវេលាយូរពេកទេក្នុងការធ្វើឱ្យបាត់បង់ទុនបម្រុងអន្តរជាតិនេះ ព្រោះរឿងរ៉ាវទាំងអស់នេះ សុទ្ធតែធ្លាប់កើតមានឡើងនៅប្រទេសថៃ និងម៉ាឡេស៊ីជាឧទាហរណ៍ស្រាប់។
សហភាពអឺរ៉ុបបានបិទបញ្ចប់ដំណាក់កាល ៦ខែដំបូងនៃការតាមដាន និងវាយតម្លៃរបស់ខ្លួន កាលពីសីហាកន្លងទៅ ហើយបច្ចុប្បន្នគណៈកម្មការសហភាពអឺរ៉ុប កំពុងបន្តសរសេររបាយការណ៍អំពីការរកឃើញ និងការវាយតម្លៃរបស់ខ្លួនទៅលើស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជា ដែលខ្លួនត្រៀមនឹងចេញផ្សាយនៅខែវិច្ឆិកាខាងមុខនេះ មុននឹងឈានទៅសម្រេចថា តើត្រូវដក ឬមិនដកហូត ទាំងស្រុង ឬដោយផ្នែកណាមួយនៃប្រព័ន្ធអនុគ្រោះពន្ធនេះ យ៉ាងយូរបំផុតនៅត្រឹមពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០២០ខាងមុខ។ ប្រសិនបើសហភាពសម្រេចថា ត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះមែន នោះការយកពន្ធពីសហភាពអឺរ៉ុបមកលើទំនិញកម្ពុជា នឹងត្រូវធ្វើឡើងជាផ្លូវការចាប់ពីខែសីហា ឆ្នាំ២០២០ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
