គណៈកម្មការអឺរ៉ុប សម្រេចជាផ្លូវការ ដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស លាងលុយកខ្វក់ ដែលបង្កការគំរាមកំហែងខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់អឺរ៉ុប។ ការសម្រេចនេះ ធ្វើឲ្យកម្ពុជា ជាប់ឈ្មោះជាមួយប្រទេសមីយ៉ាន់ម៉ា ឬភូមា ក្លាយជាប្រទេសពីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតក្នុងបញ្ជីខ្មៅរបស់អឺរ៉ុប ក្រៅពីប្រទេស ១០ ផ្សេងទៀតនៅលើពិភពលោក ដែលគណៈកម្មការអឺរ៉ុប ទើបបញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ក្នុងឆ្នាំ២០២០ នេះ។ អ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា អ្នកមានខ្មែរក្នុងជួររដ្ឋាភិបាល ដែលលួចលុយជាតិ នឹងមិនអាចយកលុយទៅរក្សាទុកក្នុងធនាគារនៅអឺរ៉ុបបានទេ។
ដូចតាមការគ្រោងទុក គណៈកម្មការអឺរ៉ុបបានសម្រេចដាក់បញ្ចូលឈ្មោះប្រទេសចំនួន ១២ ទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ក្នុងឆ្នាំ២០២០ នេះ បន្ថែមទៅលើបញ្ជីចាស់ ដែលមានស្រាប់កាលពីឆ្នាំកន្លងទៅ។ នៅតំបន់អាស៊ី មាន កម្ពុជា មីយ៉ាន់ម៉ា និងម៉ុងហ្គោលី ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ នៃក្រុមប្រទេសមានហានិភ័យខ្ពស់ ផ្នែកអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម បង្កការគំរាមកំហែងដល់ប្រព័ន្ធ ហិរញ្ញវត្ថុរបស់អឺរ៉ុប។ ក្រៅពីនោះ នៅតំបន់ផ្សេងទៀត មានប្រទេសប៉ាណាម៉ា នីការ៉ាហ្គ័រ និង ហ្សីមបាវ៉េ ជាដើម។ គណៈកម្មការអឺរ៉ុប ហៅក្រុមប្រទេសទាំងនេះថា ជាប្រទេសដែលមានកង្វះខាត ជាយុទ្ធសាស្ត្រផ្នែកក្របខណ្ឌប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងអំពើហិរញ្ញប្បទាន ភេរវកម្ម។
We need to put an end to dirty money infiltrating our financial system.<br/>Today we have put forward an Action Plan to further strengthen the EU's fight against money laundering and terrorist financing. <br/>Read more →
អាស៊ីសេរីមិនអាចទាក់ទងសុំប្រតិកម្មពីមន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ជុំវិញរឿងនេះបានទេ ដោយលោកមិនលើកទូរស័ព្ទ កាលពីថ្ងៃទី៧ ឧសភា។ រីឯអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សេរី ក៏មិនលើកទូរស័ព្ទដូចគ្នា។ យ៉ាងណាក៏ដោយ កន្លងមក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ទទួលស្គាល់ថា កម្ពុជានឹងប្រឈមនឹងការលំបាក បើស្ថាប័នអន្តរជាតិផ្នែកឃ្លាំមើល អំពើលាងលុយកខ្វក់របស់ពិភពលោក ដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅ។ រីឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញធ្លាប់ប្ដេជ្ញាថា នឹងមិនឲ្យកម្ពុជាក្លាយជាជម្រកលាងលុយ កខ្វក់ឡើយ៖ « ទោះបីយើងមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម តែត្រូវធ្វើឲ្យប្រទេសកម្ពុជាយើង កុំក្លាយទៅជាប្រទេសនៃជម្រក ឬការឆ្លងកាត់របស់ពួកភេរវកម្ម។ កុំឲ្យប្រទេសយើងក្លាយទៅជាកន្លែងដែលសម្អាតប្រាក់ ព្រោះអាសំណុំបញ្ហា ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរការលាងលុយកខ្វក់ គឺសំណុំរឿងទៅតែមួយ » ។
ការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន សែន នេះ មិនបានធ្វើឲ្យកម្ពុជារួចផុតពីបញ្ជីខ្មៅលាងលុយ កខ្វក់របស់អឺរ៉ុបឡើយ។ គណៈកម្មការអឺរ៉ុប បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៧ ឧសភា ថា ខ្លួននឹងដាក់សេចក្ដីសម្រេចចិត្តនេះ ឲ្យសភា និងក្រុមប្រឹក្សាអឺរ៉ុបសម្រេចបន្ត មុននឹងចាប់ផ្ដើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែតុលាតទៅ ដោយសារតែពិភពលោកកំពុងប្រឈមនឹងបញ្ហាវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។ ទន្ទឹមគ្នានេះ គណៈកម្មការអឺរ៉ុប ក៏បានសម្រេចដាក់ចេញវិធានការរួម ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ ឬលាងលុយកខ្វក់ និងអំពើហិរញ្ញប្បទានភេរវកម្ម។ ក្រៅពីនេះ គណៈកម្មការអឺរ៉ុប ក៏កំពុងពិចារណាបង្កើតស្ថាប័នប្រឆាំងអំពើលាងលុយកខ្វក់ ដាច់ដោយឡែកមួយ នាពេលអនាគត មិនស្ថិតក្រោមចំណុះរបស់ធនាគារកណ្ដាលអឺរ៉ុប។
អ្នកជំនាញខាងវិស័យធនាគារឯកជន បណ្ឌិត អ៊ិន ចាន់នី បដិសេធផ្ដល់ការអត្ថាធិប្បាយ ជុំវិញការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបនេះ ពីព្រោះលោកមិនទាន់ បានអានឯកសារនោះ។ ក៏ប៉ុន្តែ លោកថា វិស័យធនាគារនៅកម្ពុជាទាំងផ្នែកឯកជន និងផ្នែករដ្ឋ តែងតែអនុវត្តតាមអនុសាសន៍ ដាក់ចេញដោយស្ថាប័នឃ្លាំមើលអំពើ លាងលុយកខ្វក់របស់ពិភពលោក ពីព្រោះកម្ពុជាមិនអាចធ្វើអាជីវកម្មហិរញ្ញវត្ថុ ដោយគ្មានការគាំទ្រជាអន្តរជាតិនោះទេ៖ « មិនមែនបានន័យថា យើងមិនធ្វើតាមទេ គឺយើងធ្វើតាម ព្រោះយើងខ្វាយខ្វល់ដូចគ្នា។ ថ្នាក់ជាតិក៏លោកខ្វាយខ្វល់ ថ្នាក់ស្ថាប័នឯកជន ក៏យើងខ្វាយខ្វល់ ព្រោះយើងមិនអាចធ្វើអាជីវកម្មហិរញ្ញវត្ថុដោយ គ្មានការគាំទ្រជាអន្តរជាតិបានទេ ពីព្រោះថា ច្រកសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចមួយៗ គឺពឹងផ្អែកគ្នាទៅវិញទៅមក មិនមែនថា ប្រទេសយើងមានការរីកចម្រើន យើងអាចធ្វើការតែម្នាក់ឯងនោះទេ គឺយើងត្រូវការការទូទាត់ជាអន្តរជាតិ » ។
បណ្ឌិត អ៊ិន ចាន់នី បន្តថា ការចាយវាយនៅកម្ពុជាស្ទើរតែជាង ៨០% ពឹងផ្អែកខ្លាំងលើរូបិយប័ណ្ណបរទេសដែលជាប្រាក់ដុល្លារ។ ដូច្នេះ លោកថា កម្ពុជាមិនអាចធ្វើឲ្យបាត់បង់មធ្យោបាយ ក្នុងការផ្ទេរប្រាក់នោះទេ។
ជុំវិញការដាក់ចេញវិធានការតឹងរ៉ឹងរបស់អឺរ៉ុបនាពេលនេះ សម្រាប់អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល វិញ លោកយល់ឃើញថា ផលប៉ះពាល់ពីការដាក់បញ្ចូលក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ របស់សហភាពអឺរ៉ុបនេះ នឹងមានសភាពធ្ងន់ធ្ងរ ហើយកាន់តែពិបាក សម្រាប់ពួកអ្នកមានខ្មែរក្នុងជួររដ្ឋាភិបាល ដែលលួចលុយជាតិ យកទៅរក្សាទុក ក្នុងធនាគារនៅអឺរ៉ុប បន្ថែមពីលើអ្វីដែលសហរដ្ឋអាមេរិកកំពុងឃ្លាំមើលកម្ពុជាស្រាប់។ លោកថា ស្ថាប័នថ្មីរបស់អឺរ៉ុបនេះ អាចមានអំណាចដាក់ទណ្ឌកម្ម និងកំណត់អត្តសញ្ញាណចំពោះលំហូរសាច់ប្រាក់ទាំងឡាយណា ដែលគួរឲ្យសង្ស័យ។
កាលពីឆ្នាំ២០១៩ នៅទូទាំងពិភពលោក មានប្រទេស និងដែនដីសរុបចំនួន ២៣ ជាប់ឈ្មោះ ក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបខាងផ្នែកលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ សហភាពអឺរ៉ុបចាត់ទុកប្រទេស និងដែនដីទាំងនោះថា បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រព័ន្ធ ហិរញ្ញវត្ថុរបស់ខ្លួន ដោយសារតែក្រុមប្រទេសទាំងនោះបានបរាជ័យមិនបានដោះស្រាយ បញ្ហាលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។
តាំងពីឆ្នាំ២០១៩ មក កម្ពុជាជាប់ឈ្មោះពីរឆ្នាំជាប់គ្នាក្នុង « បញ្ជីប្រផេះ» នៃក្រុមប្រទេស ឬដែនដីដែលមានកង្វះខាតជាយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងចំណោម ១៨ប្រទេស របស់ស្ថាប័នឃ្លាំមើលអំពើលាងលុយ កខ្វក់ពិភពលោកដ៏មានឥទ្ធិពល ហៅកាត់ថា FATF។
ការសម្រេចដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅរបស់អឺរ៉ុបនេះ ធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា ខាងប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម កាន់តែអាក្រក់នៅលើឆាកអន្តរជាតិ ស្របពេលដែលប្រទេសមួយនេះ សម្បូរណ៍ដោយសែស្រឡាយអ្នកលួចជាតិ យកលុយទៅលាក់ទុកនៅបរទេស ហើយពួកគេខ្លះកំពុងរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។