"​កម្ពុជា​ចាក់​អង្ករ​យកអង្កាម​ រឿង​​ធ្វើ​​ឲ្យ​​បាត់​​ EBA​ មួយ​ផ្នែក​ រួច​រត់​ទៅ​ពឹង​ចិនកុម្មុនីស្ត​​"

0:00 / 0:00

អ្នកវិភាគ​គោល​នយោបាយ​ និង​​មន្រ្តីសិទ្ធិមនុស្ស​​អន្តរជាតិ​ សុទ្ធតែ​យល់ស្រប​គ្នា​ថា​ របបក្រុង​ភ្នំពេញ​ ធ្វើ​នយោបាយ​​​ចាក់​អង្ករ​យក​អង្កាម​ រឿង​ធ្វើ​ឲ្យ​បាត់​ EBA​ ពី​ប្រទេស​ប្រជាធិបតេយ្យ​​សេរី​​ រួចហើយ​​បែរជា​ទៅ​​ពឹង​ចិន​កុម្មុនីស្ត​ ឲ្យ​ជួយ​ផ្នែក​ពាណិជ្ជកម្ម​​ បើទោះបីជា​​ប្រទេស​ចិន​ មាន​ប្រវត្តិ​កេង​ប្រវ័ញ្ច​ពី​កម្ពុជា​ក្តី​។

អ្នកវិភាគ​​គោល​នយោបាយ​ និង​​ជា​​សាស្ត្រាចារ្យ​​ផ្នែក​កិច្ចការ​​ពិភពលោក​ នៃ​​មហាវិទ្យាល័យ​ Occidental​ នៃ​រដ្ឋ​​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក​ លោកបណ្ឌិត​ អៀ​ សុផល​ យល់​ថា​​ វា​ជា​រឿង​ផ្តេសផ្តាស​មួយ​ ដែល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន​ សែន​ និង​​គណបក្ស​ប្រជាជន​កម្ពុជា​​ ​សុខៗ​ធ្វើឲ្យបាត់បង់​ប្រភព​នៃប្រាក់​ចំណូល​ ដ៏ធំមួយ​​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​​។​ គ្មាន​ EBA​ គឺ​គ្មានលុយ​ហូរចូល​ដូចមុន​ទៀតទេ​។​ លោក​ថា​ ការបាត់បង់​ដ៏​ធំធេងនេះ​ គ្មាន​អ្វី​អាចមកប៉ះប៉ូវ​ជំនួស​បាន​នោះឡើយ​​។​ លោកចោទ​ជា​សំណួរ​ថា​ តើកម្ពុជា​អាងអ្វី​ ឬអាងលក់​ ឬជួលដី​ខ្មែរ​ ​ឲ្យបរទេស​ ៩៩ ឆ្នាំ​​?

ប្រតិកម្ម​​របស់​​អ្នកវិភាគ​គោលនយោបាយ​រូបនេះ​ ធ្វើឡើង​ក្រោយ​របបក្រុងភ្នំពេញ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ និងមានះ​មិនព្រម​ស្តារស្ថានភាព​អាក្រក់នេះ​ឡើងវិញ រហូត​ដល់​សហភាពអឺរ៉ុប​សម្រេច ដកការអនុគ្រោះពន្ធ​ EBA​ ២០%​ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ១ពាន់​លានដុល្លារ​ពីកម្ពុជា កាលពី​ថ្ងៃទី​ ១២​ ខែ​ សីហា​។​

ប៉ុន្តែ​ក្នុងពេលជាមួយគ្នា​នោះ ​របបក្រុងភ្នំពេញ នៅចុងខែ កក្កដា បាន​ប្រញាប់ប្រញាល់​បង្ហើយ​ការចរចា​ជាមួយ​រដ្ឋាភិបាលចិន​​កុម្មុនីស្ត​ដើម្បី​ឈានទៅ​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន (FTA)​។​

មន្រ្តី​របប​ក្រុងភ្នំពេញ​ ហាក់ដូចជា​មានភាព​ត្រេកអរ​ នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នេះ​ណាស់ ដោយ​ម្នាក់ៗ​ ឡើង​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​អួតអាង​អំពីផលចំណេញ​ពី​កិច្ចព្រមព្រៀង​នេះ ស្របពេល​ដែល​របបនេះ ធ្វើឲ្យ​បាត់​ផលប្រយោជន៍​ ដ៏ធំធេង​ពីការអនុគ្រោះពន្ធ​ EBA​ ដែលមិនសមនឹង​បាត់សោះ​យ៉ាងណាក៏ដោយ​។​

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោក សុខ​ សុភ័ក្រ្ដ​ ថ្លែង​អួតថា​ទំនិញ​ខ្មែរ​ប្រមាណ​ជាង​ ១ម៉ឺន​មុខ​ (១០,៨៥០) នឹងរួចពន្ធ​នាំទៅចិន​ ស្របពេល​ដែល​ទំនិញ​រួចពន្ធ​របស់​ចិន​នាំមក​កម្ពុជា​មាន​ប្រមាណ​ ៩,៥៣០ មុខ​ប៉ុណ្ណោះ​។ ទោះជាយ៉ាងណា​ លោក​ សុខ​ សុភ័ក្រ្ត​ បញ្ជាក់​ថា​ ក្នុង​ទំនិញ​របស់ខ្មែរ​ទាំង​ជាង​ ១ម៉ឺន​មុខ​នេះ​ គឺមាន​ទំនិញ​ធំៗ​ជាច្រើន​មុខ​ មិន​រួច​ពន្ធ​ទេ៖ «ជា ប់​ពន្ធ​មួយ​ចំនួន ដូចជា​អង្ករ​ ដូចជា​កៅស៊ូ ​ដូចជា​ថ្នាំជក់​ ដូចជា​ស្ករស​ មួយទៀត​ទាក់ទងទៅនឹង​ម្សៅ​ធ្វើពី​ពោត​សាលី​ នៅ​ជាប់​ពន្ធ​ខ្លះ​» ។​

កម្ពុជា​រង​ការរិះគន់​ ថាមិនទាន់​បានត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ ដើម្បី​ប្រកួត​ប្រជែង​លើទីផ្សារ​ ផ្នែក​ពាណិជ្ជកម្ម​សេរី​ជាមួយប្រទេស​ជិតខាង​បានផង​ កុំថាឡើយទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​នោះ ព្រោះកម្លាំង​ផលិត​ក្នុង​ស្រុក នៅ​មានកម្រិត​។

​មន្រ្តី​របប​ក្រុងភ្នំពេញ​មួយរូប​ទៀត ដែល​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺ​លោក​ ចាន់​ សុភាព​ ទទួលស្គាល់​ថា ចិន​គឺជាភាគី​ផលិតដ៏​ធំបំផុត​មួយនៅ​លើ​ពិភពលោក​ដែរ៖ «ទោះជា​អត់មាន FTA នេះ​យើង​ដឹង​ហើយ ប្រទេសចិន​គឺជាប្រទេស​អ្នក​ផលិត​ធំ power house មួយ និង​ជា production house មួយធំ។ ទោះជា​អត់មាន​ FTA នេះក៏យើង​នៅតែត្រូវការ​នាំ​ទំនិញ​មកពីចិន​ដដែល​ហ្នឹង​» ។​

ក្នុង​ស្ថានភាព​ ដែល​កម្ពុជា​តូច កម្រិត​ផលិត​បានដោយ​ខ្លួនឯង​នៅទាប​ ដែលមិនអាច​ធៀបនឹង​ប្រទេស​ធំ​ដូចប្រទេសចិន​បែបនេះ​ ទើបធ្វើ​ឲ្យ​លោក បណ្ឌិត អៀ សុផល យល់ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយចិន​នេះ គឺជាការ​គេចយករួចខ្លួន​ពីការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​សង្ឃឹម​ថា​យកពាណិជ្ជកម្ម​សេរីចិន មកជួយប៉ះប៉ូវ​ជំនួស​។ ប៉ុន្តែ​លោក​ អៀ សុផល​ ថា​រឿងនេះ​ ទៅមិនរួចទេ​ ព្រោះចិន​ទិញ ១ដុល្លារ​ពីខ្មែរ​ ប៉ុន្តែខ្មែរ​ទិញ ៧ដុល្លារ​ពីចិន​ គឺ​បានន័យ​ ខុសគ្នា​ដល់ទៅ​ ៧ ដង​ឯណោះ​។​

ជាងនេះ​ទៅទៀត​ លោកអះអាងថា​ការងាក​ខ្លាំងទៅរកចិន​ រហូត​អនុញ្ញាត​ឲ្យចិន​សង់មូលដ្ឋាន​ទ័ពនៅ​កម្ពុជា និង​ជួលដីកម្ពុជា​ឲ្យចិន ៩៩ ឆ្នាំជាដើម​ គឺមិនមែន​ជាដំណោះស្រាយ​នោះឡើយ​។​ ប៉ុន្តែ​ វានឹង​នាំទៅរក​បញ្ហាកាន់តែខ្លាំង​ជាងនេះ​។​

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក​ ប្រ៊ែដ​ អាដាម​ (Brad Adams)​ ឯណោះ​ថា ការប្រញាប់​ប្រញាល់​ឲ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយចិន​ ជាវាយវិការផ្គើន​ និង​ឌឺដាក់​សហភាព​អឺរ៉ុប​។​ លោកថា​ កម្ពុជា​កំពុងតែ​ចាក់អង្ករ​យកអង្កាម​៖​ «តើដែល​មានប្រទេសណាមួយ​ក្នុង​លោក​នេះ​ ដែលចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយចិន​ ហើយ​បាន​ចំណេញ​អ្វីខ្លះ​ដល់​ប្រទេស​ខ្លួនឯង ក្រៅតែពី​ចិនឬទេ​ ?​ គឺអត់​ដែលមានទេ​ ! ដូច្នេះ​អ្នកដែល​បានប្រយោជន៍​គឺចិន​ឯណោះទេ​ មិនមែនខ្មែរទេ​។ ខ្ញុំថាព័ត៌មាន​អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយចិន​នេះ វាល្អ​តែមើល​ទេ មិនល្អហូបទេ​។ វាគ្រាន់តែ​ជាព័ត៌មានលម្អ ​តាមកញ្ចក់ទូរទស្សន៍ និង​ប្រព័ន្ធ​ឃោសនា​របស់លោក​ ហ៊ុន សែន ​ប៉ុណ្ណោះ​ ថាកម្ពុជា​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី។​ ជាក់ស្ដែង​រឿងចិននេះ​ ទៅដល់ទីណា​ គឺកេងប្រវ័ញ្ច​ប្រយោជន៍​ម្ចាស់ផ្ទះ​នៅទីនោះ​។ ពាណិជ្ជកម្មសេរី​ទូទៅ​ គ្មានអ្វីអាក្រក់ទេ​ តែបើជាមួយចិន​ គឺកម្ពុជា​ជាអ្នកខាតបង់​ ! អត់មាន​ចំណេញ​អ្វីទេ !​»

លោក ប្រ៊ែដ អាដាម ឲ្យ​ជាអនុសាសន៍​ទៅរបប​ក្រុងភ្នំពេញ​ថា ដើម្បី​ធ្វើយ៉ាងណា​កុំឲ្យពឹងចិន និង​ធ្វើឲ្យ​ខ្មែរ​ចំណេញ​យូរអង្វែង​ គឺគ្មានអ្វី​លំបាក​ទេ តែ​លោក​ ហ៊ុន សែន ត្រូវ​កែចរិត និង​របៀប​ដឹកនាំ​សព្វថ្ងៃ៖ «គោរពរដ្ឋធម្មនុញ្ញកម្ពុជា អនុវត្តតាម​សន្ធិសញ្ញាអន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ធ្វើខ្លួន​ឲ្យជា​រដ្ឋាភិបាល​ល្អ កុំធ្វើខ្លួន​ជារដ្ឋាភិបាល​ពុករលួយ និង​ផ្តាច់ការ​ដូចសព្វថ្ងៃ។ បើ​លោក​ ហ៊ុន សែន​ កែចរិត និង​របៀបដឹកនាំ ធ្វើខ្លួនជា​អ្នកប្រជាធិបតេយ្យ​នឹង​គេ។ ចាបផ្តើម​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​។ អនុញ្ញាតឲ្យ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ មានសេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដោយគ្មានការធ្វើទុក្ខបុកម្នេញ​។ ប្រកាស​ថា​ការបោះឆ្នោត​ខាងមុខ​ នឹង​ធ្វើឲ្យមានភាព​សេរី ត្រឹមត្រូវ​ និងយុត្តិធម៌​ជាដើម។ តាមពិត​បើលោក ហ៊ុន សែន ធ្វើតែតាមអ្វី​ដែល​សហភាព​អឺរ៉ុប ​ស្នើឲ្យធ្វើ ក៏កម្ពុជា​មិនវេទនានោះ​ទេ​។ បើគាត់កែខ្លួន សហគមន៍អន្តរជាតិ គេចាំតែជួយ​កម្ពុជា​ហ្នឹង !​ និយាយរួម បើ​លោក ហ៊ុន សែន គ្រាន់តែ​ស្តារសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ប្រាកដណាស់​សហគមន៍អន្តរជាតិ មានអាមេរិក អឺរ៉ុប អូស្រ្តាលី និ​ង​ជប៉ុន​ជាដើម​ គេចាំតែ​ជួយទេ។ បើធ្វើបែបនេះ​បាន មិនខ្វះគេជួយទេ​ មិនចាំបាច់ពឹងចិន នាំតែឲ្យចិន​កេងប្រវ័ញ្ច​ខ្មែរ​បែបនេះ​នោះទេ​» ។​

តើលោក​ ហ៊ុន សែន​ អាច​កែចរិត ដើម្បីឲ្យចំណេញខ្មែរនេះ​បានដែរ​ឬយ៉ាងណា គឺមាន​តែពេលវេលា​ប៉ុណ្ណោះ​ទើប​អាចបញ្ជាក់​បាន។​

ទោះជាយ៉ាងនេះក្តី​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយចិននេះ​ ឥឡូវ​មិនដឹង​ថានឹង​ត្រូវ​ចុះ​ហត្ថលេខា​ពេលណានៅឡើយ​ទេ ព្រោះ​វិបត្តិនៃជំងឺកូវីដ-១៩ ក៏មិនទាន់ធូរស្បើយ​នោះដែរ​។ ប៉ុន្តែ​ មន្រ្តីរដ្ឋាភិបាល​ ថាអ្វីៗរួចរាល់​អស់ហើយ​ នៅចាំតែ​ថ្ងៃចុះហត្ថលេខា​តែប៉ុណ្ណោះ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។