GMAC បារម្ភ​ការ​ផ្សាយ​ព័ត៌មាន​បែប​ស្មាន​ករណី​ EBA ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ទំនុក​​ចិត្ត​​អ្នក​​បញ្ជា​​ទិញ និង​​អ្នក​​វិនិយោគ​​ទូទៅ

0:00 / 0:00

មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) សម្ដែង​ក្តី​បារម្ភ​ថា ការផ្សាយ​ព័ត៌មាន​ដែល​សមាគម​នេះ​អះអាង​ថា ជា​ការ​ផ្សាយ​បែប​ស្មាន អំពី​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នកបញ្ជា​ទិញ និង​អ្នក​វិនិយោគ​ទូទៅ ខណៈ​កម្ពុជា​នៅ​មាន​សង្ឃឹម​ថា នឹង​ជៀស​ផុត​ពី​ការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ។ រីឯ​ខាង​សហជីព​ថា គម្រោង​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​រឿង​ធំ​បំផុត ហើយ​ប្រសិន បើ​របប​លោក ហ៊ុន សែន មិន​បន្ទន់​ឥរិយាបថ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​ទេ​នោះ គឺ​ការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នឹង​កើត​ឡើងជា​ប្រាកដ។

អគ្គលេខាធិការ​រង សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា បាន​សរសេរ​នៅ លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន​ថា គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា គណៈកម្មាធិការ​​សហភាព​​អឺរ៉ុប នឹង​​សម្រេច​ចិត្ត​​យ៉ាង​ណា​​អំពី​​រឿង​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​នោះ​​ទេ ព្រោះ​​នៅ​​រយៈ​ពេល​​យូរ​ទៀត ដែល​នឹង​អាច​កើតឡើង​នៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ។ ដូច្នេះ​ការ​យល់ឃើញ​ទាំងឡាយ​អំពី លទ្ធផល​នៃ​ដំណើរការ​នេះ​គឺជា​ការ​ប៉ាន់ស្មាន​សុទ្ធសាធ។

លោក​បារម្ភ​ថា ការ​ផ្សាយ​ព័ត៌មាន​ដែល​លោក​អះអាង​ថា បែប​ប៉ាន់ស្មាន​នេះ អាច​នាំ​ឲ្យ​ថយ​ចុះ​នូវ​ទំនុក​ចិត្ត​អ្នកបញ្ជា​ទិញ និង​អ្នក​វិនិយោគ​ទូទៅ ខណៈ​ដែល​ស្ថានភាព​ជាក់ស្ដែង អាច​មាន​លក្ខណៈ​ធូរស្រាល​ជាង។ លោក​បន្ត​ថា នៅ​មាន​ពេល​ជាង​មួយ​​ឆ្នាំ ហើយ​ឱកាស​នៅ​តែ​មាន​សម្រាប់​ភាគី​ទាំងពីរ បើក​កិច្ច​សន្ទនា​គ្នា ប្រកបដោយ​អត្ថន័យ និង​ផ្លែផ្កា និង​​ដោយ​​ការ​​គោរព​​គ្នា​​ទៅ​វិញ​​ទៅ​​មក​​​ដែល​​​នឹង​​​ឈាន​​ទៅ​​ដល់​​ដំណោះស្រាយ​ដ៏​ប្រសើរ​មួយ។

លោក កាំង ម៉ូនីកា នៅ​តែ​សង្ឃឹមថា វិស័យ​កាត់ដេរ​សំលៀក​បំពាក់​និង​ស្បែកជើង នឹង​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ជៀស​​​ផុត​​ពី​​ការ​​ដក​​ភាព​​អនុគ្រោះ​​ផ្នែក​​ពាណិជ្ជកម្ម​ដោយសារ​កម្ពុជា បាន​កែ​លំអ​និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ និង​​ការ​​គោរព​​សិទ្ធ​កម្មករ និង​សហជីព​ដោយ​អនុលោម​ទៅតាម​ច្បាប់​ជាតិ បទដ្ឋាន ការងារ​និង​អនុសញ្ញា​ស្នូល​របស់​អន្តរជាតិ។ កម្ពុជា​​បាន​​ជួយ​​ស្ត្រី​​ក្រីក្​រ​រាប់​​សែន​លាន​​នាក់ និង​​គ្រួសារ​របស់​​គេ​​ឲ្យ​​ងើប​ផុត​ពី​ភាព​ក្រីក្រ ដូច្នេះ​សហភាព​អឺរ៉ុប​មិន​ចង់​ឲ្យ​​ពួក​គេ ត្រឡប់​ទៅ​កាន់​​ភាព​​ក្រីក្រ​​ដូច​​អតីតកាល​​នោះ​​ទេ។

កាលពី​សប្ដាហ៍​មុន សហភាព​អឺរ៉ុប​បាន​ជូនដំណឹង​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន អំពី​ចំណាត់​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” នេះ។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ចំណាត់​ការ​នេះ គឺ​​ដោយ​សារ​តែ​ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ​នេះ។ សហភាព​អឺរ៉ុប​ទុក​រយៈពេល ៦​ខែ​ពីរ​ដង ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​​ឡើង​វិញ ហើយ​​បើ​ក្នុង​រយៈពេល​នេះ របប​ក្រុងភ្នំពេញ​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​នេះ​ទេ នោះ​សហភាព​អឺរ៉ុប នឹង​​លុប​ចោល​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើក​ឡើង​ថា សមាគម​រោងចក្រ​កាត់ដេរ (GMAC) និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន មិន​ហ៊ាន​និយាយ​ការពិត​នោះ​ទេ បែរជា​ខំ​និយាយ​តាម ឬ​ការពារ​មេដឹកនាំ​ទៅវិញ ទោះបីជា​ពួកគេ បាន​ដឹង​ច្បាស់​ថា ខាត​ឬ​ចំណេញ​ក៏ដោយ។ ទង្វើ​បែបនេះ គឺ​កំពុងតែ​រុញច្រាន​កម្ពុជា​ឲ្យ​ដើរ​ផ្លូវ​ខុស។ លោក​បន្ថែម​ថា នៅ​ពេល​នេះ ប្រសិនបើ​របប​លោក ហ៊ុន សែន វិល​ទៅ​រក​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​នោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​មិន​មាន​បញ្ហា​ឡើយ ប៉ុន្តែ​ប្រសិន​បើ​​របប​​លោក ហ៊ុន សែន នៅ​តែ​មានៈ​មិន​ព្រម​គោរព​សិទ្ធិមនុស្ស និង​បញ្ចប់​វិបត្តិ​នយោបាយ គឺ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​ត្រូវ​ដក ហើយ​កម្ពុជា នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល ខាង​សហជីព​លើកឡើង​កន្លងមក៖ «យើង​ជា​សហជីព​តែងតែ​អោយ​រដ្ឋាភិបាល​​ត្រូវតែ​ពិនិត្យ ពិចារណា​ឡើងវិញ ព្រោះ​រឿង​នេះ​ជា​រឿង​ធំ។ បើ​គេ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទៅ​ប៉ះពាល់​ដល់​កម្មករ​រាប់​សិប​ម៉ឺន​នាក់ ហើយ​អ្នក​ទទួល​ផលប្រយោជន៍​តាមរយៈ​កម្មករ​នេះ ក៏​មាន​ច្រើន អ៊ីចឹង​ហើយ​បានជា យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ចូល​​តុ​​ដើម្បី​​ចរចា ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ហើយ​បើសិនជា​យើង​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន ពេល​នោះ EBA នឹង​ត្រូវតែ​បន្ត​ទៅ​ទៀត ហើយ​កូនចៅ​កម្មករ​នឹង​មាន​ការងារ​​ធ្វើ។មួយទៀត​នោះ វា​នឹង​ជួយ​រក្សា​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ផ្ទុយទៅវិញ បើ​កម្ពុជា​បាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ គឺ​កំណើន​សេដ្ឋកិច្ច​យើង​ក៏​ប៉ះពាល់​ផង​ដែរ បាទ»។

លោក រ៉ុង ឈុន បន្ថែម​ថា ចំពោះ​ការ​អះអាង​ថា មាន​ការ​គោរព​សិទ្ធិ និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​កម្មករ​​នោះ គឺ​​មិន​​ឆ្លើយ​តប​​ទៅ​​នឹង​​ស្ថានភាព​​ជាក់​ស្ដែង​​របស់​​កម្មករ ​ដែល​​កំពុង​​ជួប​ប្រទះ​​ឡើយ ព្រោះ​​សហជីព និង​​កម្មករ កំពុង​​រង​​ផល​​ប៉ះពាល់ និង​​មាន​ការ​​រឹត​ត្បិត​​សិទ្ធិ​សេរីភាព​​យ៉ាង​​ខ្លាំង ដោយសារតែ​ច្បាប់​សហជីព និង​វិសោធនកម្ម​ច្បាប់​ការងារ​ថ្មី​​បាន​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​សិទ្ធ​​បញ្ចេញ​មតិ​​របស់​​កម្មករ​​ជា​ដើម។

របប​លោក ហ៊ុន សែន ចោទប្រកាន់​សហភាព​អឺរ៉ុប​ថា ធ្វើឡើង​ដោយ​ផ្អែកលើ​ហេតុផល​នយោបាយ​សុទ្ធសាធ មិន​យុត្តិធម៌ និង​​មិន​​ឆ្លុះ​បញ្ចាំង​ពី​​ការ​​ខំ​​ប្រឹង​ប្រែង​​អភិវឌ្ឍ​​ជាតិ ដែល​​របប​នេះ​បាន​ធ្វើ​ក្នុង​រយៈពេល ជាង​២០​ឆ្នាំ​កន្លងទៅ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។