សមាគម​រោងចក្រ​ស្នើ​រដ្ឋាភិបាល​​ប្រាប់​ទៅ​ចិន​ឱ្យ​ពន្លឿន​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ដើម្បី​បំពេញ​ផលិតកម្ម

0:00 / 0:00

សមាគម​ថៅកែ​រោងចក្រ និង​សមាគម​ស្បែកជើង ដាក់​សំណើ​ជូន​ក្រសួង​ឧស្សាហកម្ម​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ចិន ជួយ​ផ្គត់ផ្គង់​វត្ថុធាតុដើម ដល់​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ដំណើរការ​ចង្វាក់​ផលិតកម្ម និង​បញ្ចៀស​ការ​ព្យួរ​ការងារ​កម្មករ។ ការ​ផ្អាក​ផ្គត់ផ្គង់​វត្ថុធាតុដើម​ចេញពី​រោងចក្រ​នៅ​ប្រទេស​ចិន ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ (Covid-19) ក្នុង​ពេល​បច្ចុប្បន្ន​នេះ ធ្វើ​ឱ្យ​រង្គោះរង្គើ វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ស្បែក​ជើង​នៅ​ប្រទេស​កម្ពុជា​។ បញ្ហា​នេះ ធ្វើ​ឱ្យ​ថៅកែ​រោងចក្រ​មួយ​ចំនួន សម្រេច​ព្យួរ​ការងារ​កម្មករ​ជិត ២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២​សប្ដាហ៍ ឬ​ពេញ​មួយ​ខែ ព្រោះ​ត្រូវ​រង់ចាំ​ការ​មក​ដល់​សម្ភារៈ​ចាំបាច់​ពី​ប្រទេស​ចិន។

មន្ត្រី​សមាគម​ថៅកែ​រោងចក្រ អះអាង​ថា រោងចក្រ​នៅ​មិនទាន់​ទទួល​បាន​វត្ថុធាតុដើម ចាំបាច់​សម្រាប់​ដំណើរការ​រោងចក្រ​នៅឡើយ​ទេ មក​ទល់​ពេល​នេះ។

អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ លោក ខេន លូ ប្រាប់​អាស៊ីសេរី​ថា វត្ថុធាតុដើម​ប្រមាណ​៦០% ដែល​ត្រូវ​ដឹក​ពី​ប្រទេស​ចិន នោះ មាន​ដូចជា ក្រណាត់ អំបោះ កាវ ជ័រ ឡេវ និង​សម្ភារៈ​ចាំបាច់​មួយទៀត ដើម្បី​ផលិត​ចេញ​ជា​ខោរ​អាវ និង​ស្បែកជើង ប៉ុន្តែ វត្ថុ​ទាំងនោះ​ត្រូវ​ផ្អាក​ផ្គត់ផ្គង់​បណ្ដោះអាសន្ន ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ (COVID-19) ដែល​ធ្វើ​ឱ្យ​រោងចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​បិទទ្វារ។

លោក​យល់​ថា បើ​មិន​មាន​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ទាន់​ពេល ហើយ​ត្រូវ​អូស​បន្លាយ​ពេល​យូរ នោះ​នឹង​ធ្វើ​ឱ្យ​រោងចក្រ​ជាច្រើន​ទៀត ត្រូវ​ផ្អាក​ការងារ​ជា​បន្តបន្ទាប់​។ លោក ឱ្យ​ដឹង​ថា គិត​មក​ថ្ងៃ​ទី​៤ ខែ​មីនា មាន​រោងចក្រ​ជាង​៣០ ហើយ​កម្មករ​ប្រមាណ​២​ម៉ឺន​នាក់ ត្រូវ​បាន​ក្រសួង​ការងារ​អនុញ្ញាត​ឱ្យ​ផ្អាក និង​ព្យួរ​ការងារ ដោយសារ​ខ្វះ​វត្ថុធាតុដើម៖ «ខ្ញុំ​ថា​មិន​បញ្ជា​ទិញ​ពី​ភាគី​ចិន​បាន​ស្រួល​ទេ ព្រោះ​ត្រូវការ​ជាង​ខែ បាន​ដឹក​មកដល់​ស្រុក​ខ្មែរ​យើង​។ យើង​ត្រូវ​ត្រួតពិនិត្យ​គុណភាព​ក្រណាត់​ហើយ​គុណភាព​វត្ថុធាតុដើម មិនមែន​យើង​ចង់​ទិញ យើង​ទិញ​ភ្លាម​នោះ​ទេ​។ ឥឡូវ យើង​អត់​ទាន់​ដឹង​ថា ក្រុមហ៊ុន​ដឹកជញ្ជូន​ឬក៏​កប៉ាល់ គេ​អាច​ឡើង​តម្លៃ​ឬក៏​យ៉ាង​មិច យើង​មិនទាន់​ដឹង​ទេ»។

ចំណែក អគ្គលេខាធិការ​រង​សមាគម​ស្បែកជើង លោក ងួន ចាន់ណារ៉ា មាន​ប្រសាសន៍​ថា មាន​រោងចក្រ​ដេរ​ស្បែកជើង​មួយ​ចំនួន ត្រូវ​ផ្អាក​ការងារ​មួយ​រយៈ​ពេល​សិន ព្រោះ​ខ្វះ កាវ ជ័រ ស្បែក និង​ឡេវ ជាដើម ដែល​តម្រូវការ​ចាំបាច់​សម្រាប់​ផលិត​ស្បែកជើង ឱ្យ​ចេញ​ជា​ផលិតផល​សម្រេច​។ លោក​បន្ត​ថា បើ​ខ្វះ​សម្ភារៈ​មួយ​មុខ​ណា នោះ​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផលិត​ស្បែកជើង​ទាំង​ស្រុង។

លោក ងួន ចាន់ណារ៉ា មិន​អាច​ដឹង​អំពី​ពេល​វេលា​ជាក់លាក់ ថា​តើ​វត្ថុធាតុដើម​ដែល​ប្រទេស​ចិន ផ្ដល់​ឱ្យ​តាម​តម្រូវការ​របស់​រដ្ឋាភិបាល​កម្ពុជា មកដល់​នៅ​ពេល​ណា​នោះ​ទេ ព្រោះថា​ស្ថានការណ៍​ពេល​នេះ បញ្ហា​ជំងឺឆ្លង​កូវីដ១៩ នៅតែ​បន្ត​រាល​ដាន​ក្នុង​ប្រទេស​ចិន និង​តាម​ប្រទេស​ផ្សេងទៀត។

ទោះបីជា​យ៉ាងណា លោក ងួន ចាន់ណារ៉ា បញ្ជាក់​ថា ខាង​សមាគម​រោងចក្រ​ស្នើ​ដល់​ក្រសួង​ឧស្សាហកម្ម ប្រាប់​ទៅ​ប្រទេស​ចិន ឱ្យ​ផ្ដល់​វត្ថុធាតុដើម​ដល់​កម្ពុជា​មុនគេ នៅ​ពេល​រោងចក្រ​ផលិត​វត្ថុធាតុដើម​ទាំងនោះ ទាំង​ចាប់ផ្ដើម​ដំណើរ​ឡើងវិញ៖ «សម្រាប់​ខាង​សមាគម យើង​បាន​ជួប​ប្រជុំ​ជាមួយ​ខាង​ក្រសួង​ឧស្សាហកម្ម​ហើយ​កាលពី​សប្ដាហ៍​មុន អ្វី​ដែល​វិធានការ​រដ្ឋាភិបាល គឺ​យើង​ស្នើសុំ​ភាគី​ចិន ពន្លឿន ពេលណា​ដែល​រោងចក្រ​នៅ​ប្រទេស​ចិន គាត់​ចាប់ផ្ដើម​ដំណើរ​ការ​ធ្វើ​ផលិតផល សម្រាប់​ការនាំចេញ មិន​ថា​នាំ​ចេញទៅ​ស្រុក​ខ្មែរ​ទេ នាំចេញ​ទៅ​គ្រប់​ពិភពលោក​។ អ៊ីចឹង​ ! ខាង​រដ្ឋាភិបាល​ថា ធ្វើ​ម៉េច​ពន្លឿន​ផលិតផល​វត្ថុធាតុដើម​ឱ្យ​ដល់​ស្រុក​ខ្មែរ​បាន​មុនគេ»។

គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មីនា អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម លោក អ៊ុំ សុថា និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួង និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ជាច្រើន​ដង​តែ​គ្មាន​អ្នកទទួល។

អាស៊ីសេរី ក៏​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) តាម​សារ​អេឡិចត្រូនិក អំពី​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​វត្ថុធាតុដើម​ពី​រដ្ឋាភិបាល​ចិន​ដែរ ក៏ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅឡើយ។

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា បញ្ហា​កង្វះ​វត្ថុធាតុដើម​នេះ ធ្វើ​ឱ្យ​រោងចក្រ​មួយ​ចំនួន បាន​ស្នើ​សុំ​ព្យួរ​ការងារ​កម្មករ ក្នុង​រយៈពេល​ខ្លី ព្រោះ​ភាគី​រោងចក្រ​ដឹង​ថា វត្ថុធាតុដើម​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​ទី​៤ ខែ​មីនា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ លើកឡើងថា ក្នុ​ង​ដំណាក់កាល​ខ្វះ​វត្ថុធាតុដើម​នេះ ចំពោះ​រោងចក្រ​ខ្លះ ដែល​ខ្វះ​វត្ថុធាតុដើម​តិចតួច ប្រទេស​ចិន​អាច​នឹង​ផ្ដល់​ឱ្យ​តាម​តម្រូវការ ប៉ុន្តែ​សម្រាប់​រោងចក្រ​ខ្លះ​ទៀត ដែល​អស់​វត្ថុធាតុដើម​ពី​ក្នុង​ឃ្លាំង នោះ​គឺជា​បញ្ហា​ប្រឈម​ខ្លាំង ព្រោះ​ត្រូវ​រង់ចាំ​ពេល​យូរ ហើយក៏​មិន​ប្រាកដ​ថា រោងចក្រ​នៅ​ប្រទេស​ចិន​អាច​ដំណើរ​ផ្គត់ផ្គង់​ដូចដើម​វិញ​បាន​ដែរ​ឬ​យ៉ាងណា ស្រប​ពេល​ដែល​ជំងឺ​កូវីដ១៩ (COVID-19) កំពុង​រាលដាល​ខ្លាំង​ដូច្នេះ ។

លោក​យល់​ថា ការ​ប៉ះពាល់​វិស័យ​កាត់ដេរ និង​ស្បែកជើង​នៅ​ពេល​នេះ គឺ​កើត​ចេញ​ពី​ការ​ផ្ទុះ​ជំងឺឆ្លង​កូវីដ​១៩ ច្រើនជាង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប ២០% ព្រោះ​រដ្ឋាភិបាល​ក៏បាន​ត្រៀមលក្ខណៈ​ក្នុង​រឿង​នេះ​ដែរ​។ លោក​បារម្ភ​ថា បើ​បញ្ហា​នេះ មិន​ដោះស្រាយ​បានទេ ហើយ​ត្រូវ​អូស​បន្លាយ​ទៅ​មុខ​ទៀត នោះ កម្មករ​រាប់​ម៉ឺន​នាក់​នឹង​ត្រូវ​បាត់បង់​ការងារ​ធ្វើ​ជាក់​ជា​ពុំ​ខាង៖ «បើ​តាម​ក្រសួង​ប្រកាស​ជិត​២០០​រោងចក្រ កម្មករ​ជិត​២០​ម៉ឺន​នាក់​។ ថ្មី​នេះ​មកដល់​ថ្ងៃនេះ គឺ​ជាង​៣០​ក្រុមហ៊ុន មានកម្ម​ករ​ជិត ២​ម៉ឺន​នាក់​ហើយ ដែល​គេ​រៀបចំ​ព្យួរ ហ្នឹង​គឺ​ប៉ះ​ហើយ​។ បើ​ក្នុង​រយៈពេល​ពី​នេះ​ទៅមុខ​២​ខែ​ទៀត​ហ្នឹង មិន​ដឹង​ថា​មានលទ្ធភាព​អាច​ស្ដារ​វិញ​បាន​ឬ​អត់​។ បើ​អត់​មាន​លទ្ធភាព​ស្ដារ​ទេ គឺ​ប៉ះ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ»។

ថ្មី​នេះៗ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​រដ្ឋាភិបាល​ប្រទេស​ចិន ឱ្យ​ដឹក​សាច់​ក្រណាត់ តាម​យន្តហោះ និង​កប៉ាល់ទឹក មក​កម្ពុជា ឱ្យ​បាន​លឿន​តាម ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ទប់ស្កាត់​ស្ថានភាព ការ​បិទ​រោងចក្រ និង​កម្មករ​គ្មាន​ការងារ​ធ្វើ។

លោក ហ៊ុន សែន ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា ពឹង​ផ្អែកលើ​ការ​នាំ​ចូល​សាច់​ក្រណាត់​ពី​ចិន​ជាង​ពាក់​កណ្ដាល (៦០​ភាគរយ​) ដូច្នេះ លោក​សង្ឃឹមថា ចិន នឹង​បញ្ចេញ​យន្តហោះ​ឱ្យ​បាន​ច្រើន​គ្រឿង​សម្រាប់​ដឹក​សាច់​ក្រណាត់​មក​កម្ពុជា រួម​ទាំង​ការ​ដឹកជញ្ជូន​វត្ថុធាតុដើម​ទាំងនេះ តាម​ផ្លូវ​ទឹក​ដូច​ធម្មតា ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ខ្វះខាត​សម្ភារៈ​នៅ​កម្ពុជា ពេល​នេះ។

លោក អាត់ ធន់ យល់​ថា ដំណោះស្រាយ​ពេលនេះ រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​លទ្ធភាព​វត្ថុធាតុដើម នៅ​ក្នុង​ឃ្លាំង​ស្ដុក​ឱ្យ​អស់​លទ្ធភាព​សិន គួរ​កែប្រែ​វិស័យ​ផ្សេងទៀត ឱ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ចូល​ធ្វើ​ការ​ជំនួស ឧទាហរណ៍ ដូចជា វិស័យ​កសិកម្ម ជាដើម​។ លោក អាត់ ធន់ បន្ត​ថា រដ្ឋាភិបាល ក៏​គួរ​ពិនិត្យ​មើល​លទ្ធភាព​បើក​រោងចក្រ​ផលិត​វត្ថុធាតុដើម សម្រាប់​វិស័យ​កាត់ដេរ នៅ​ក្នុង​ប្រទេស​កម្ពុជា ជំនួស​ឱ្យ​ការ​នាំ​ចូល ដែល​ជា​ការ​កាត់បន្ថយ​ការពឹងផ្អែក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។