សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាងថា ប្រសិនបើការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ចូលជាធរមានមែន នោះអ្នកដែលត្រូវបង់ពន្ធ គឺក្រុមហ៊ុនបញ្ជាទិញ មិនមែនថៅកែរោងចក្រនៅកម្ពុជាទេ។ ក៏ប៉ុន្តែ GMAC ថា ផលវិបាកសម្រាប់ថៅកែរោងចក្រនៅស្រុកខ្មែរនោះ គឺក្រុមហ៊ុនបញ្ជាទិញមួយចំនួនអាចនឹងដកការបញ្ជាទិញខ្លះពីកម្ពុជា ប្រសិនបើពួកគេត្រូវបង់ពន្ធ។ សហជីពយល់ថា មានតែការរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធនេះទេ ទើបភាគីនីមួយៗមិនខាតបង់ផលប្រយោជន៍របស់ខ្លួន។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ឱ្យអាស៊ីសេរីដឹងថា ផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូប ត្រូវជាប់ពន្ធសរុបប្រមាណ ១៥០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើការសម្រេចរបស់គណៈកម្មការអឺរ៉ុបចូលជាផ្លូវការនៅខែសីហា ខាងមុខ។ ក្នុងនោះសំលៀកបំពាក់តែឯង នឹងត្រូវជាប់ពន្ធប្រមាណ១២០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណា លោក ខេន លូ បញ្ជាក់ថា លោកមិនដឹងថា តើកាតព្វកិច្ចពន្ធនេះនឹងប៉ះពាល់ដល់រោងចក្រ ឬកម្មករច្រើនប៉ុនណានោះទេ ពីព្រោះវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុនបញ្ជាទិញថា តើពួកគេដកការបញ្ជាទិញពីកម្ពុជាដែរឬមួយក៏អត់ ហើយបើដកមែន តើដកចំនួនប៉ុន្មានភាគរយ?។ លោកអះអាងថា សមាគមថៅកែរោងចក្រនៅតែចង់ឱ្យសហភាពអឺរ៉ុបផ្តល់ការអនុគ្រោះពន្ធទាំងស្រុងដដែល ដើម្បីភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជា៖ «បើ EU ដកការអនុគ្រោះពន្ធ មានន័យថា អ្នកបញ្ជាទិញដែលនៅតែកុម្ម៉ង់ពីស្រុកខ្មែរចង់នាំចូលទៅអឺរ៉ុប គាត់អ្នកត្រូវបង់ពន្ធ។ អ៊ីចឹងពេលដែលគាត់ត្រូវបង់ពន្ធ អាចគាត់គិតថា តម្លៃកុម្ម៉ង់ទិញពីប្រទេសកម្ពុជា អាចថ្លៃជាងគាត់កុម្ម៉ង់ទិញពីប្រទេសជិតខាង ឬក៏ប្រទេសផ្សេងៗ។ អ៊ីចឹងបញ្ហាដែលនិយោជកនៅស្រុកខ្មែរអាចជួបផលលំបាក មានន័យថា អ្នកបញ្ជាទិញអាចដកបញ្ជាទិញមួយចំនួន»។
លោក ខេន លូ ឱ្យដឹងទៀតថា សមាគមរោងចក្រកាត់ដេរកំពុងរកវិធីសាស្ត្រកាត់បន្ថយថ្លៃដើមផលិត ហើយគ្រោងជជែក និងលើកជាសំណូមពរពាក់ព័ន្ធនឹងបញ្ហានេះទៅកាន់រដ្ឋាភិបាល។ លោកបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលកាលពីពេលកន្លងទៅ អាចជួយនិយោជកបានមួយផ្នែក ប៉ុន្តែមិនបានទាំងស្រុងនោះទេ៖ «អ្នកបញ្ជាទិញពីមុន ឧទាហរណ៍ថា គាត់ទិញអីវ៉ាន់ ១រៀល អត់ត្រូវបង់ពន្ធទេ អ៊ីចឹងបូកទាំងអស់នៅតែ១ រៀល ប៉ុន្តែឥលូវគាត់ទិញ១ រៀលហើយ ត្រូវបង់ឧទាហរណ៍១០ % ពន្ធ វាឡើងទៅ១ រៀល ១ កាក់។ ប៉ុន្តែបើយើងរោងចក្រនៅស្រុកខ្មែរអាចលក់អីវ៉ាន់ចុះពី ១រៀល សល់៩ កាក់ ឬក៏៩ កាក់ ៥ សេន ឬក៏យ៉ាងម៉េច អាចចុះ មានន័យថា តម្លៃសរុបទាំងអស់ក៏អាចប្រកួតប្រជែងជាមួយអ្នកផ្សេងបានដែរ។ យើងមិនមែនបាត់ទីផ្សារនោះទេ យើងនៅតែមានទីផ្សារអឺរ៉ុប គ្រាន់តែថា យើងបាត់ការអនុគ្រោះពន្ធ។ ប្រសិនបើរដ្ឋាភិបាលអាចជួយកាត់បន្ថយចំណាយរោងចក្រនៅស្រុកខ្មែរ ហើយយើងអាចពង្រឹងការកើនឡើងផលិតផល អ៊ីចឹងយើងនៅតែអាចប្រកួតប្រជែងពីប្រទេសផ្សេងៗ»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបន្តរកស៊ីនៅកម្ពុជាតទៅទៀត ប្រឈមមុខនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។ វិធានការទាំងនោះ រួមមាន ការបញ្ចប់តួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៅតាមទីកន្លែងត្រួតពិនិត្យទំនិញ ការលុបចោលភ្នាក់ងារកម្ពុជានាវាចរណ៍ (CAMSAB) ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រឧស្សាហកម្ម ការលុបចោលថ្ងៃឈប់សម្រាក៦ ថ្ងៃចាប់ពីឆ្នាំ២០២០ តទៅ ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រ និងការតាក់តែងច្បាប់ថ្មីស្តីពីការវិនិយោគ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
បន្ទាប់ពីដាក់ចេញវិធានការទាំងនោះហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដង្ហោយហៅក្រុមអ្នកវិនិយោគនៅប្រទេសចិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយស្នើសុំឱ្យរដ្ឋាភិបាលក្រុងប៉េកាំងជួយបើកទីផ្សារកាន់តែធំទៀតសម្រាប់ប្រទេសកម្ពុជា។ ទំនងជាដោយសារកត្តាទាំងនេះ ទើបលោក ហ៊ុន សែន ហាក់មានទំនុកចិត្ត និងប្រកាសថា លោកទទួលយកសេចក្តីសម្រេចដកការអនុគ្រោះពន្ធផ្នែកខ្លះពីកម្ពុជា ដោយគ្មានការអល់អែក៖ «ខ្ញុំអត់មានអ្វីតបតទេ អាហ្នឹងសិទ្ធិនៅក្នុងដៃគេ ប៉ុន្តែគេក៏ត្រូវគោរពសិទ្ធិនៅក្នុងដៃរបស់យើងដែរ។ តែប៉ុណ្ណឹង វាឆាប់ចប់ កុំបាច់ជជែកសាំតាប៉ែអ្វី។ ខ្មែររស់វេទនាណាស់ ទម្រាំបានប៉ុណ្ណេះ ងើបឈរបានប៉ុណ្ណេះ ហើយបង់ពន្ធឱ្យគេទៅ។ ក្នុងមួយឆ្នាំ១០០ លាន ជាង១០០ លានបន្តិចបន្តួច ទៅបង់ទៅ»។ទោះជាយ៉ាងនេះក្តី នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ជឿថា វិធានការទាំងនេះ មិនអាចជួយឱ្យក្រុមថៅកែរោងចក្របន្តការវិនិយោគនៅស្រុកខ្មែរបានឡើយ ប្រសិនបើគ្មានការអនុគ្រោះពន្ធ EBA ហេតុដូច្នេះទើបបានជាក្រុមថៅកែរោងចក្រចេញសេចក្ដីថ្លែងការណ៍បង្ហាញពីកង្វល់របស់ខ្លួននៅពេលគណៈកម្មការអឺរ៉ុបសម្រេចដកការអនុគ្រោះពន្ធ ២០% ពីកម្ពុជា។
ទោះជាយ៉ាងណា លោក មឿន តុលា សង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនអាចចេះតែសម្របតាមក្រុមថៅកែរោងចក្រនោះទេ ពីព្រោះចំណុចខ្លះធ្វើឱ្យបាត់បង់ប្រយោជន៍កម្មករ មានជាអាទិ៍ ការលុបថ្ងៃឈប់សម្រាក ៦ ថ្ងៃ និងកែប្រែច្បាប់ការងារឱ្យប្រាក់ខែអ្នកធ្វើការវេនយប់ស្មើនឹងប្រាក់ខែវេនថ្ងៃ ជាដើម។ លោកបន្ថែមថា ជម្រើសល្អបំផុតដើម្បីកុំឱ្យខាតទាំងអស់គ្នានោះ គឺរដ្ឋាភិបាលត្រូវព្យាយាមធ្វើយ៉ាងណារក្សាការអនុគ្រោះពន្ធ EBA បន្តទៅទៀត៖ «វាពិបាកសម្រាប់ឱ្យក្រុមហ៊ុនបញ្ជាទិញធំៗហ្នឹង គេរៀបចំជាផែនការអាជីវកម្មរបស់គេក្នុងការទម្លាក់ការបញ្ជាទិញមកស្រុកខ្មែរ ហើយបើអត់មានការបញ្ជាទិញច្បាស់លាស់ទេ ចំនួននៃការនាំចេញរបស់យើងហ្នឹងវានៅតិចនៅឡើយ ឬក៏វាអាចថយចុះថែមទៀត។ បើថយចុះថែមទៀត រដ្ឋយើងគិតតែពីចេញខាត។ កាលណាយើងចេញខាតរហូត គឺផលប៉ះពាល់ហ្នឹងវាប៉ះទាំងអស់។ អ្នករកស៊ីក៏ប៉ះ ចំណូលរបស់រដ្ឋក៏ថយ ហើយចំណូលរបស់ពលរដ្ឋហ្នឹងក៏មានការធ្លាក់ចុះ ដូចជា គាត់អត់មានការងារធ្វើពេញលេញ ជួនកាល គាត់អត់មានលុយគ្រប់គ្រាន់នៅក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុជាដើម វាប៉ះទាំងអស់ហ្នឹងឯង»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសមាគមស្បែកជើងកម្ពុជា នៅពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុបដែលដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ផ្នែកទាំងពីរនេះ។ ទាំងសមាគមរោងចក្រកាត់ដេរ និងសមាគមស្បែកជើង សុទ្ធតែស្នើឱ្យគណៈកម្មការអឺរ៉ុបពិចារណាឡើងវិញចំពោះការផ្តល់ EBA ទាំងស្រុងដល់កម្ពុជាវិញ ដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋខ្មែរឱ្យរួចចាកផុតពីភាពក្រីក្រ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ថ្លែងថា ការប៉ាន់ស្មានថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% អាចនឹងប៉ះពាល់ដោយផ្ទាល់ទៅលើរោងចក្រប្រមាណ៣០ ទៅ៤០ រោងចក្រ ក្នុងចំណោមរោងចក្រទាំងធំ ទាំងតូចជាង ១ពាន់រោងចក្រនៅកម្ពុជា ហើយបើគិតពីកម្មករដែលត្រូវប្រឈមនឹងហានិភ័យការងារ គឺមានចន្លោះ ៧ ទៅ ៨ម៉ឺននាក់។
លោកយល់ថា មានមធ្យោបាយមួយចំនួនដែលរដ្ឋាភិបាល និងនិយោជកអាចនឹងដាក់ចេញ រួមមាន ការកាត់បន្ថយ ឬលើកលែងពន្ធលើវត្ថុធាតុដើមដែលនាំចូលពីក្រៅប្រទេស និងពន្ធលើប្រាក់ចំណេញ ជាដើម ក៏ប៉ុន្តែលោកថា ការធ្វើរបៀបនេះ នឹងធ្វើឱ្យរដ្ឋត្រូវបាត់បង់ចំណូលពន្ធពីក្រុមហ៊ុន។ ជម្រើសមួយទៀត គឺការកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករ និងដំឡើងថ្លៃផលិតផលដែលត្រូវលក់លើទីផ្សារ ក៏ប៉ុន្តែការធ្វើបែបនេះ លោកថា នឹងប៉ះពាល់ដល់កម្មករ ហើយក៏ប៉ះពាល់អតិថិជនរបស់ពួកគេដែរ។ លោក អាត់ ធន់ ជឿថា ជម្រើសដែលល្អបំផុតនោះ គឺគ្មានអ្វីក្រៅពីការរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ពីព្រោះទាំងកម្មករ និយោជក និងរដ្ឋាភិបាល នឹងនៅតែទទួលផលប្រយោជន៍ច្រើនពីវិស័យកាត់ដេរ៖ «បើរដ្ឋាភិបាលបញ្ចុះតម្លៃពន្ធ ឬក៏មិនយកពន្ធសោះអំពីពន្ធលើប្រាក់ចំណេញ ឬក៏អនុគ្រោះពន្ធនាំចូលវត្ថុធាតុដើម។ ឧទាហរណ៍ថា នាំអំបោះ នាំក្រណាត់ដែលត្រូវគិតពន្ធហ្នឹង អត់យក ដើម្បីសម្រួលឱ្យផលិត ហើយនាំចេញទៅ ដើម្បីបង់ពន្ធទៅសហភាពអឺរ៉ុប។ នេះជាវិធីមួយទៀតដែរ តែចំណូលជាតិអត់បានទេ។ អ៊ីចឹងក្រៅពីអនុវត្តតាមការស្នើរបស់សហភាពអឺរ៉ុបដើម្បីទទួលបានប្រយោជន៍ហ្នឹង គឺអត់មានអ្វីចំណេញទេ មានន័យថា ត្រូវខាតទាំងអស់»។
គិតត្រឹមថ្ងៃទី២១ កុម្ភៈ រដ្ឋាភិបាលលោក ហ៊ុន សែន មានពេលជាង៥ ខែទៀត មុនពេលសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបចូលជាធរមាននៅថ្ងៃទី១២ សីហា ខាងមុខ។ កម្ពុជាអាចមានឱកាសទទួលបានការអនុគ្រោះ EBA ទាំងស្រុងឡើងវិញចំពោះទំនិញនាំទៅសហភាពអឺរ៉ុប ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន សែន ព្រមកែលម្អកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សស្របទៅតាមលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប។
ស្របពេលសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបមិនទាន់ចូលជាធរមាននេះ ក្រុមហ៊ុនបញ្ជាទិញធំៗបានស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បំពេញទៅតាមលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប ដើម្បីឱ្យអឺរ៉ុបផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនវិញ។ ក្រុមហ៊ុនបញ្ជាទិញបានព្រមានថា ប្រសិនបើស្ថានភាពអាក្រក់នេះមិនត្រូវបានកែលម្អទេ ហើយ EBA ត្រូវបាត់បង់មែន នោះវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសគឺប៉ះពាល់ដល់ទំនុកចិត្តនៃការវិនិយោគរបស់ពួកគេនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។