លីកាដូ៖ ពលរដ្ឋ​ជំពាក់​លុយ​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​ត្រូវ​បង្ខំ​ចិត្ត​ចំណាកស្រុក​ដោះ​បំណុល

0:00 / 0:00

របាយការណ៍​អង្គការ​លីកាដូ (Licadho) បង្ហាញ​ថា ពលរដ្ឋ​ជំពាក់​លុយ​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​ដើម្បី​រក​ប្រាក់​ដោះ​បំណុល​និង​រំ​លោះ​ប្លង់ដី​ដែល​ខ្លួន​បាន​ដាក់​ជា​ទ្រព្យ​បញ្ចាំ​។ ទោះ​បី​យ៉ាងណា អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​ថា ការស្រាវជ្រាវ​នេះ​មិន​មាន​លក្ខណៈ​ពេញលេញ ឬ​ឆ្លុះ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នោះ​ទេ។

របាយការណ៍​អង្គការ​លីកាដូ​សិក្សា​ស្រាវជ្រាវ​លើ​ពលរដ្ឋ​ចំនួន ៣០​គ្រួសារ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ គឺ​មុន​នៃ​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ-១៩ បង្ហាញ​ពីលើ​ទិដ្ឋភាព​នៃ​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ​ដោយ​រក​ឃើញ​ថា ការ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​លើសលប់​គឺជា​កត្តា​ចម្បង​លើកទឹកចិត្ត​នាំ​ឱ្យ​មាន​ការ​ធ្វើ​ចំណាកស្រុក។ ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ខែ​ឧសភា​ឱ្យ​ដឹង​ថា សមាជិក​គ្រួសារ​ដែល​បាន​ផ្ដល់​បទ​សម្ភាស​បាន​រៀបរាប់​ថា មន្ត្រី​ឥណទាន​មួយ​ចំនួន​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ធ្វើការ​ចំណាកស្រុក​ដែល​ជា​លក្ខខណ្ឌ​ដំបូង មុន​ពេល​ទទួល​បាន​ប្រាក់កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​។ ជាង​នេះ​ទៅ​ទៀត កម្ចី​ជាច្រើន​ផ្ដល់​ឱ្យ​ពលរដ្ឋ​ជា​លុយ​បាត​របស់​ថៃ។ របាយការណ៍​ដដែល​បង្ហាញ​ថា ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ភាគច្រើន​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​មីក្រូហិរញ្ញវត្ថុ​ដោយសារ ពួកគេ​ប្រើប្រាស់​ដីធ្លី​របស់​ពួកគេ​ធ្វើជា​ទ្រព្យ​ធានា ឬ​បញ្ចាំ​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​។ ភូមិ​នេះ ក៏​ស្ទើរតែ​គ្មាន​មនុស្ស​ពេញវ័យ​រស់នៅ​គឺ​មាន​តែ​សមាជិក​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ​ចាំ​មើលថែ​ក្មេង​តូចៗ​ប៉ុណ្ណោះ​។ អង្គការ​លីកាដូ​បញ្ជាក់​ថា ការ​បែកបាក់​គ្រួសារ​គឺជា​ប្រភព​នៃ​ការ​ព្រួយ​បារម្ភ​សម្រាប់​អ្នក​ដែល​ផ្ដល់​បទសម្ភាសន៍​ក្នុង​របាយការណ៍។

នាយករង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​អាស៊ីសេរី​ដឹង​ថា គោលបំណង​នៃ​ការ​ធ្វើ​របាយការណ៍​នេះ​គឺ​អង្គការ​លីកាដូ​ចង់​ឱ្យ​រដ្ឋាភិបាល និង​មីក្រូហិរញ្ញវត្ថុ​ពិនិត្យ​ពិចារណា​ឡើងវិញ​ពី​គោលការណ៍​នៃ​ការ​ផ្ដល់​ប្រាក់​កម្ចី​ឱ្យ​ស្របតាម​គោលការណ៍​ម្ចាស់​ជំនួយ​ដែល​ផ្ដោត​លើ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា បញ្ហា​កើតឡើង​ក្នុង​របាយការណ៍​នេះ នឹង​ធ្វើ​ឱ្យ​មានការ​ចំណាកស្រុក​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ហើយ​ក្នុង​ករណី​ចំណាកស្រុក​ខុសច្បាប់​គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ឬ​ត្រូវ​ថៅកែ​ធ្វើបាប​ជាដើម៖ «ការដែល​ជួប​ហ្នឹង​បើសិន​មាន​អ្នកធ្វើ​ចំណាកស្រុក​គាត់​ (​ មន្ត្រី​ឥណទាន ) អាច​នឹង​ផ្ដល់​ឥណទាន​បើ​តាម​គោលការណ៍​មីក្រូហិរញ្ញវត្ថុ​គឺ​ខុស​ហើយ ប៉ុន្តែ​មន្ត្រី​ឥណទាន​មួយ​ចំនួន​តូច​ដែល​គាត់​ធ្វើ​គឺ​ប្រាសចាក​ដើម្បី​បាន​អតិថិជន​នេះ​ជា​រឿង​ខុស​មួយទៀត»។

អង្គការ​លីកាដូ​លើកឡើង​ថា ការបាត់បង់​ប្រាក់ចំណូល​របស់​ពលករ​ជាង ៨​ម៉ឺន​នាក់ ដែល​បាន​ចាក​ចេញពី​ប្រទេស​ថៃ ព្រោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នាំ​ឱ្យ​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ប​ន្ថែ​ម​ទៀត​ដោយសារ​បញ្ហា​បំណុល​នេះ ក្នុង​នោះ​មានការ​បង្ខំ​ឱ្យ​លក់​ដី​សងបំណុល​ជាដើម។

ទោះបីជា​យ៉ាងណា​ប្រធាន​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី យល់​ថា របាយការណ៍​នេះ គ្រាន់តែ​ច្បិច​យក​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ក្នុង​តំបន់​មួយ​ដែល​មាន​អត្រា​ចំណាកស្រុក​ខ្ពស់​លើក​មក​សិក្សា។ លោក​ថា បញ្ហា​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ករណី​ពិត​ទូទាំង​ប្រទេស​នោះ​ទេ និង​ជា​ការ​បង្កើត​រូបភាព​មិនល្អ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ថែម​ទៀត​ផង​។ លោក​ថា ការ​ផ្ដល់​សេវា​ប្រាក់​កម្ចី​មិនមែន​ជា​ការ​ជំរុញ​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្វើការ​ចំណាកស្រុក​ទេ​។ ប៉ុន្តែ​លោក​ថា មីក្រូហិរញ្ញវត្ថុ​នឹង​សិក្សា​បន្ថែម​ទៀត​ដើម្បី​ស្រាវជ្រាវ​ថា​សមាជិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពិតជា​បាន​ធ្វើ​ដូច​ក្នុង​របាយការណ៍​នេះ​ឬទេ៖ «បើ​សិន​យើង​រក​ឃើញ​ថា អ៊ីចឹង​មែន​ក៏​យើង​នឹង​ចាត់វិធានការ​បន្ថែម​ដែរ តើ​គ្រឹះស្ថាន​ដែល​ជា​សមាជិក​គាត់​បាន​ធ្វើ​អ៊ីចឹង​មែន​ឬ​អត់ យើង​នឹង​អាច​មាន​វិធានការ»។

លោក កាំង តុងងី ឱ្យ​ដឹង​ថា គ្រឹះស្ថាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កំពុង​ផ្ដល់​សេវា​របស់​ខ្លួន​ជាង​ពីរ​លាន​នាក់​ក្នុង​បំណង​ចូលរួម​លើកកម្ពស់​ជីវភាព​ពលរដ្ឋ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ពលរដ្ឋ​ជំពាក់​លុយ​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ម្នាក់​រស់នៅ​ខេត្ត​កំពង់ស្ពឺ លោក វាន់ វឿន ឱ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ក្នុង​សហគមន៍​លោក​រស់​នៅ​មាន​ពលរដ្ឋ​ជាច្រើន​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​រកលុយ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។ លោក​បន្ត​ថា នៅ​តំបន់​លោក​រស់នៅ​ជួប​បញ្ហា​ធំៗ​ពីរ​គឺ​បញ្ហា​គ្មាន​ការងារ​ធ្វើ និង​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​៖ «បាទ​ខ្ញុំ​អំពាវនាវ​ទៅ​អង្គការ​ដៃគូ ក៏ដូចជា​សប្បុរសជន​ក៏ដូចជា​ខាង​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ម៉េច​ជួយ​បន្ធូរបន្ថយ​ក៏ដូចជា​ជួយ​រក​គន្លឹះ​សម្រាប់​អ្នក​ដែល​មាន​ឈ្មោះ​ជំពាក់​មីក្រូហិរញ្ញវត្ថុ នឹង​ឱ្យ​មានការ​ពន្យារ​ការ​បង់​ប្រចាំខែ​ហ្នឹង​ផង»។

អាស៊ីសេរី​ក៏បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អគ្គនាយក​បច្ចេកទេស​និង​ជា​អ្នកនាំពាក្យ​ធនាគារ​ជាតិ អ្នកស្រី ជា សិរី តាម​ទូរស័ព្ទ​ជាច្រើន​ដង​នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ រីឯ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែល​ធ្វើ​ការងារ​ផ្នែក​ពលករ​ចំណាកស្រុក​មិន​អាច​សុំ​ការ​អត្ថា​អធិប្បាយ​បាន​ដែរ​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទទួល​ការ​ហៅ​ចូល។

អង្គការ​លីកាដូ​សង្ឃឹមថា រដ្ឋាភិបាល និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ផ្អាក​ការ​សង​បំណុល​មីក្រូហិរញ្ញវត្ថុ​។ អង្គការ​សង្គម​ស៊ីវិល​ដដែល​សង្ឃឹមថា អ្នក​វិនិយោគ​បរទេស​របស់​គ្រឹះស្ថាន​ទាំងនេះ​នឹង​អាច​វាយតម្លៃ​ឡើងវិញ​ចំពោះ​ការ​ផ្ដល់​ប្រាក់កម្ចី​ជា​ប្រាក់​បាត ឬ​ធ្វើការ​ស៊ើបអង្កេត​ថា តើ​ប្រាក់កម្ចី​ទាំងនេះ​នាំ​ឱ្យ​មាន​ធ្វើការ​ចំណាកស្រុក​ខុសច្បាប់ ការ​​ជួញដូរ​មនុស្ស ឬ​ការរំលោភ​សិទ្ធិមនុស្ស​ឬ​យ៉ាងណា​។ កាលពី​ខែ​មេសា ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​លិខិតស្នើ​ទៅ​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លើកលែង​ការ​ផាក​ពិន័យ​ចំពោះ​អតិថិជន​របស់​ខ្លួន ក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​រហូតដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០។ ប៉ុន្តែ​លោក អំ សំអាត សង្កេត​ឃើញ​ថា ទោះ​មានការ​ណែនាំ​ក្តី​ប៉ុន្តែ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​តម្រូវ​ឱ្យ​អតិថិជន​ធ្វើការ​ស្នើសុំ​ហើយ​ពលរដ្ឋ​មួយ​ចំនួន មិន​បាន​ដឹង​ពី​ការ​តម្រូវ​ឱ្យ​ស្នើសុំ​និង​មិនបាន​ទៅ​ស្នើ​ដែល​ករណី​នេះ​នៅតែ​ធ្វើ​ឱ្យ​ជួប​បញ្ហា​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។