ក្រសួង​ពាណិជ្ជកម្ម​ពន្យល់​ថា ប្រេងសាំង​ឡើងថ្លៃ​ដោយសារ​មានការ​ដំឡើង​ថ្លៃ​ពី​អន្តរជាតិ

ក្រសួងពាណិជ្ជកម្ម ពន្យល់​ថា ការ​ឡើងថ្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដោយសារតែ​តម្លៃ​ប្រេងឥន្ធនៈ​អន្តរជាតិ​ឡើងថ្លៃ ហើយ​បញ្ហា​នេះ​ជា​បញ្ហា​សាកល។ ក្រសួងពាណិជ្ជកម្ម អះអាង​ថា តម្លៃ​ប្រេងសាំង បាន​ឡើងថ្លៃ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ទូទាំង​ពិភពលោក មិនមែន​តែ​កម្ពុជា​ទេ។ សង្គម​ស៊ីវិល ចង់​ឲ្យ​របប​ក្រុងភ្នំពេញ បញ្ចេញ​ថវិកា​ជាតិ ទប់​កុំ​ឲ្យ​ប្រេងសាំង​ឡើងថ្លៃ​ពេក ព្រោះ​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ លើកឡើង​ថា វិធានការ​របស់​របប​លោក ហ៊ុន សែន ជា​ការ​ចាំបាច់​នៅ​ពេល​នេះ ព្រោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ធ្លាប់​បាន​បញ្ចេញ​ថវិកាជាតិ ទប់​តម្លៃ​ប្រេងសាំង​កុំ​ឲ្យ​ឡើងថ្លៃ៖ «ធ្វើ​បាន ទី​១ យើង​ឃើញ ដូច​ប្រទេស​ឡាវ វៀតណាម​អី គេ​មិន​ថ្លៃ​ខ្ពស់​ដូច​យើង អ៊ីចឹង​គេ​អាច​ធ្វើ​បាន។ អ៊ីចឹង​ខ្ញុំ​គិត​ថា អាច​ធ្វើ​បាន ទី​១​គឺ​បញ្ចុះតម្លៃ​ពន្ធ​ប្រេងឥន្ធនៈ។ ទី​២ គឺ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ទៅលើ​ប្រេងឥន្ធនៈ​គេច​ពន្ធ។ ទី​៣​នោះ គឺ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​មាន កញ្ចប់​ថវិកា ដើម្បី​ឧបត្ថម្ភ​ធំ ទៅ​លើ​ប្រេងឥន្ធនៈ ដើម្បី​កុំ​ឲ្យ​វា​ឡើងថ្លៃ។ នេះ​ជា​យន្តការ​សំខាន់ អ៊ីចឹង​ខ្ញុំ​គិត​ថា ចុះ​ពន្ធ​ប្រេងសាំង​ទៅ ខ្ញុំ​គិត​ថា អាច​ធ្វើ​បាន ហើយ​ទៅ​ឡើង​ពន្ធ​ផ្សេងៗ លើ​របស់​មិន​ចាំបាច់ ដូចជា​បារី ដូចជា​ស្រា​អី​ហ្នឹង ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាច​ធ្វើ​បាន»។

ក្រសួង​ពាណិជ្ជកម្ម កាល​នៅ​ថ្ងៃ​ទី​៣ តុលា ថា មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ​តម្លៃ​សាំង បណ្ដាល​មក​ពី​ការ​ប្រឈមមុខ​រវាង​ប្រទេស​លោក​ខាងលិច និង​ប្រទេស​ផលិត​ប្រេង​ធំៗ លើ​ពិភពលោក។ ក្រសួង​ពាណិជ្ជកម្ម​បន្ដ​ថា ការ​ប្រឈម​មុខ​រវាង​ប្រទេស​លោក​ខាងលិច និង​ប្រទេស​ផលិត​ប្រេង​ធំៗ ដែល​ប្រការ​នេះ បាន​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង​ឥន្ធនៈ​លក់រាយ​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​ដែរ ព្រោះ​កម្ពុជា ក៏​ជា​ប្រទេស​នាំចូល​ប្រេង ពី​ទីផ្សារ​អន្តរជាតិ ដូច​ប្រទេស​ដទៃ​ទៀត​ដែរ។

បើ​ទោះ​ជា​ក្រសួងពាណិជ្ជកម្ម តែង​ជូនដំណឹង​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ ប៉ុន្តែ ក្រសួង​នេះ បញ្ជាក់​ថា ខ្លួន​មិនមែន​ជា​អ្នក​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​មាន​ភារកិច្ច​ត្រឹមតែ​ស្រង់​តម្លៃ​ឡើង​ចុះ​នៃ​ប្រេងឥន្ធនៈ​ទៅតាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​អន្តរក្រសួង​ប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ពាក់កណ្ដាល​ខែ​កញ្ញា ប្រេងសាំង​មួយ​ធុង ឬ​ហៅថា មួយ​ប៉ារ៉ែល ចំណុះ​១៥៩​លីត្រ មិនទាន់​បូក​បញ្ជូន​ពន្ធ បាន​ឡើងថ្លៃ​ពី​៨៦.៩៨​ដុល្លារ​សហរដ្ឋអាមេរិក ដល់​៨៩.៥២​ដុល្លារ។ ឯ​ប្រេងម៉ាស៊ូត ចំណុះ​ដូចគ្នា មិនទាន់​បូក​បញ្ជូល​ពន្ធ បាន​ឡើងថ្លៃ​ពី​៩២.១៧​ដុល្លារ​សហរដ្ឋអាមេរិក ដល់​៩៦.៦៨​ដុល្លារ។ ក្រសួង​ពាណិជ្ជកម្ម បន្ដ​ថា តម្លៃ​ប្រេងឥន្ធនៈ​នេះ នឹង​ត្រូវ​បញ្ចុះ​ថ្លៃ​ចំនួន​៤​សេន ស្មើនឹង​១៦០​រៀល ក្នុង​១​លីត្រ នៅ​ពេល​លក់រាយ ដើម្បី​ឲ្យ​ស្របតាម​ការណែនាំ​របស់ លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក សេង ថៃ ប្រាប់​អាស៊ីសេរី​ថា កន្លងមក ទីផ្សារ​ប្រេងសាំង​នៅ​កម្ពុជា​ធ្លាប់​ជួប​បញ្ហា​នេះ​ម្ដង​ហើយ ក្រោយមក​ក្រសួង​បាន​កោះហៅ​ក្រុមហ៊ុន​ឯកជន មក​ប្រជុំ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណេញ តាម​ការណែនាំ​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ បន្ត​ថា ដើម្បី​ស្វែងរក​ការ​បញ្ចុះ​ថ្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ម្ដងទៀត ក្រសួងពាណិជ្ជកម្ម នឹង​កោះ​អញ្ជើញ​ក្រុមហ៊ុន​នាំចូល​ប្រេង​ឯកជន មក​ប្រជុំ នៅ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​គោលបំណង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ កាត់បន្ថយ​ថ្លៃ​ចំណេញ ដើម្បី​បញ្ចុះ​ថ្លៃ​ប្រេងសាំង​លើ​ទីផ្សារ​នៅ​កម្ពុជា៖ «ចង់ ប៉ុន្តែ​យើង​ក្រសួង អត់​អាច​ចុះ​ (​ ថ្លៃ​ )​ បានទេ។ ក្រសួង​ដូចជា​បាន​បញ្ជាក់​នៅ​លើ​ហ្នឹង​អ៊ីចឹង ( សេចក្ដីជូនដំណឹង​ ) គ្រាន់តែ​ជា​អ្នក​ស្រង់​តម្លៃ​ទីផ្សារ​អន្តរជាតិ មក​ផ្សព្វផ្សាយ។ តែ​យើង​អាច​ជជែក​គ្នា ជាមួយ​វិស័យ​ឯកជន ព្រោះ​កន្លងទៅ​យើង​បាន​ជជែក​គ្នា កន្លង​ហើយ លទ្ធផល​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង»។

បើ​ទោះ​ជា របប​ក្រុង​ភ្នំពេញ អះអាង​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ឡើងថ្លៃ ដោយសារ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ​ក៏ដោយ ប៉ុន្តែ​តម្លៃ​ប្រេងសាំង​លក់រាយ​លើ​ទីផ្សារ​នៅ ថៃ ឡាវ និង វៀតណាម មាន​តម្លៃ​ថោក​ជាង កម្ពុជា ប្រហែល​១​ពាន់​រៀល ក្នុង​មួយ​លីត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។