សង្គមស៊ីវិល ចង់ឃើញក្រសួងពាណិជ្ជកម្មរកដំណោះស្រាយបញ្ចុះតម្លៃប្រេងសាំងជាបន្ទាន់ ខណៈតម្លៃប្រេងសាំងនៅតែបន្ដហក់ឡើងជិត ៥.០០០ (ពាន់)រៀល ក្នុងមួយលីត្រ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថា ដំណោះស្រាយចំពោះមុខមានតែវិធីម្យ៉ាងគត់ គឺក្រសួងគ្រោងកោះហៅតំណាងក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ប្រជុំរកវិធីកាត់បន្ថយថ្លៃចំណេញ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ យល់ថា ក្រសួងពាណិជ្ជកម្មគួរតែចាត់វិធានការបញ្ចុះថ្លៃសាំងឲ្យបានលឿនបំផុត តាមការសន្យានៅមុនភ្ជុំបិណ្ឌ។ លោក វ៉ន់ ពៅ សង្កេតឃើញថា តម្រូវការប្រេងសាំង ជាកត្តាចាំបាច់របស់ពលរដ្ឋគ្រប់វិស័យនៅទូទាំងប្រទេស។ ដូច្នេះ របបក្រុងភ្នំពេញ ត្រូវប្រញាប់រកវិធានការទប់ស្កាត់ការឡើងថ្លៃ និងរកវិធីដោះស្រាយទម្លាក់ថ្លៃសាំងវិញជាបន្ទាន់៖ «ក្រោយភ្ជុំហើយ ខ្ញុំគិតថា ក្រសួងគួរតែធ្វើតាមអ្វី ដែលបានសន្យាកាលពីមុនភ្ជុំហ្នឹង ដែលគាត់បាននិយាយថា នឹងកោះក្រុមហ៊ុនសាំង ដើម្បីរកវិធានការបញ្ចុះតម្លៃប្រេងសាំង អាហ្នឹងទី១។ ទី២ ខ្ញុំគិតថា ក្រសួងគួរតែរិះរកវិធានការយ៉ាងណា ដើម្បីធ្វើការឧបត្ថម្ភពន្ធ ដោយឡើងតម្លៃពន្ធលើសម្ភារៈមិនចាំបាច់ ដូចជា បារី ស្រា ហើយសម្ភារៈមួយចំនួន ដើម្បីយកថវិកាទាំងអស់ហ្នឹង មកឧបត្ថម្ភពន្ធថ្លៃសាំងវិញ » ។
ក្រសួងពាណិជ្ជកម្ម កាលនៅថ្ងៃទី៣ តុលា បានជូនដំណឹងថា មូលហេតុនៃការឡើងថ្លៃតម្លៃសាំងនៅកម្ពុជា គឺបណ្ដាលមកពីការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ លើពិភពលោក ដែលប្រការនេះ បានជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈលក់រាយនៅទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សេង ថៃ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៤ តុលា គឺកាលពីមុនពីធិបុណ្យភ្ជុំបិណ្ឌ ថាដំណោះស្រាយមានតែ ១គត់ គឺក្រសួងពាណិជ្ជកម្មនឹងកោះហៅក្រុមហ៊ុនប្រេងសាំង ប្រជុំរកដំណោះស្រាយនៅក្រោយភ្ជុំបិណ្ឌ៖ « យើងអាចជជែកគ្នាជាមួយវិស័យឯកជន។ កន្លងមកយើងធ្លាប់ជជែកម្ដងហើយ » ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សេង ថៃ នៅថ្ងៃទី១៥ តុលាជាច្រើនដង ប៉ុន្ដែមិនមានការលើកទូរស័ព្ទទេ។
គិតចាប់ពីពាក់កណ្ដាលខែកញ្ញាមក ប្រេងសាំង មួយធុង ឬហៅថា មួយប៉ារ៉ែល ចំណុះ ១៥៩លីត្រ មិនទាន់បូកបញ្ជូលពន្ធ មានតម្លៃពី ៨៦,៩៨ដុល្លារដល់ ៨៩.៥២ដុល្លារសហរដ្ឋអាមេរិក។ ឯប្រេងម៉ាស៊ូត ចំណុះដូចគ្នា មិនទាន់បូកបញ្ជូលពន្ធ បានឡើងថ្លៃពី ៩២.១៧ដុល្លារសហរដ្ឋអាមេរិក ដល់៩៦.៦៨ដុល្លារ។ បើទោះជាបែបណាក្ដី ក្រសួងពាណិជ្ជកម្ម អះអាងថា តម្លៃប្រេងឥន្ធនៈទាំងនេះ នឹងត្រូវបញ្ចុះថ្លៃចំនួន៤សេនដុល្លារ ស្មើនឹង១៦០រៀល ក្នុង១លីត្រ នៅពេលលក់រាយ ដើម្បីឲ្យស្របតាមការណែនាំរបស់លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ។
លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ បានសន្យានៅមុនរបបលោករៀបចំព្រឹត្តិការណ៍បោះឆ្នោតថា ចាប់ពីនៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ទៅ ប្រេងសាំងនឹងចុះតម្លៃ ទាំងអស់ មិនថាស៊ុបពែរ និងធម្មតា៖ « ប្រេងគ្រប់ប្រភេទទាំងអស់ ត្រូវចុះ ១៨០រៀលទាំងអស់ សាំង ម៉ាស៊ូត មិនថាស៊ុបពែ ឬមិនស៊ុបពែ ត្រូវចុះឲ្យបានទាំងអស់ » ។
តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ តុលា ត្រូវបានក្រសួងពាណិជ្ជកម្មអះអាងថា តម្លៃមធ្យមលើទីផ្សារអន្ដរជាតិ គឺ ៤.៣៦៤ (បួនពាន់បីរយហុកសិបបួន) រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ឯប្រេងម៉ាស៊ូត ១លីត្រ ៤.១៩៥ (បួនពាន់មួយរយកៅសិបប្រាំ) រៀល។ ប៉ុន្ដែ នៅកម្ពុជា ត្រូវបានចុះថ្លៃ៤សេន តាមអនុសាសន៍ លោក ហ៊ុន សែន គឺ ប្រេងសាំងធម្មតា ត្រូវលក់តម្លៃ៤២០០ រៀល និង ប្រេងម៉ាស៊ូត ត្រូវលក់តម្លៃ ៤០០០រៀល ក្នុងមួយលីត្រ។
បើទោះជាក្រសួងពាណិជ្ជកម្មអះអាងថាបែបនេះ ប៉ុន្ដែសម្រាប់អ្នកតាមដានសង្គមវិញ សង្កេតឃើញថា តម្លៃលក់នេះ នៅតែមានតម្លៃថ្លៃជាងប្រទេសក្បែរខាងកម្ពុជា ដូចជាថៃ ឬវៀតណាម ដែលសុទ្ធសឹងតែជាប្រទេសនាំចូលប្រេងដូចកម្ពុជាដែរ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ថ្វីត្បិត ការកោះហៅតំណាងក្រុមហ៊ុនមកទម្លាក់ថ្លៃប្រេងជាដំណោះស្រាយចំពោះមុខ ប៉ុន្ដែរបបក្រុងភ្នំពេញ គួរគិត ១ជំហានទៅមុខបន្ដទៀត គឺពន្ធនាំចូល ត្រូវធ្វើយ៉ាងណា ឲ្យមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសជិតខាង ហើយរបបក្រុងភ្នំពេញ ត្រូវបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់តម្លៃសាំងកុំឲ្យឡើងថ្លៃបែបនេះ៖ «នៅកម្ពុជាមានតម្លៃខ្ពស់ជាងគេ។ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែទៅមួយជំហានទៀត ទៅគិតរឿងតម្លៃពន្ធ ពន្ធនាំចូលសាំង » ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បន្ថែមថា របបក្រុងភ្នំពេញ គួរបើកចំហឲ្យមានទីផ្សារប្រកួតប្រជែងគ្នា ក្នុងការនាំចូលប្រេងឥន្ធនៈ ចូលកម្ពុជា កុំឲ្យមានការនាំចូលផ្ដាច់មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
