អ្នកឃ្លាំមើលសង្គម ថា សហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ តែ ២០ ភាគរយមែន ប៉ុន្តែទំធំនៃផលប៉ះពាល់នៃទណ្ឌកម្មនេះ គឺធំជាងអ្វីដែលមន្ត្រីរដ្ឋាភិបាលអះអាង។
ទាំងមន្ត្រីសហជីពកម្មករ សាស្ត្រាចារ្យសាកលវិទ្យាល័យ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ និងសមាគមថៅកែរោងចក្រកាត់ដេរ រួមទាំងសមាគមអ្នកបញ្ជាទិញផង សុទ្ធតែយល់ស្របគ្នា ថាការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ទោះក្នុងរូបភាពណាក៏ដោយ ក៏មានផលប៉ះពាល់ធំធេង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងប៉ះពាល់ដល់ដំណើររីកលូតលាស់ផ្នែកសេដ្ឋកិច្ចទាំងមូល។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ថា ស្ថានភាពកម្ពុជាសព្វថ្ងៃ ដែលសហភាពអឺរ៉ុប មិនទាន់ចាប់ផ្ដើមដកប្រព័ន្ធអនុគ្រោះពន្ធផង គឺមិនអំណោយផលស្រាប់ទៅហើយ សម្រាប់ការវិនិយោគទុន ព្រោះភ្លើងអគ្គិសនីក៏ថ្លៃ សេវាការិយាធិបតេយ្យក៏ច្រើន គួបផ្សំនឹងអំពើពុករលួយផង។ ចុះទម្រាំបើបាត់បង់ការអនុគ្រោះពន្ធទៀត នោះនឹងនាំឱ្យម្ចាស់រោងចក្រសហគ្រាស រើកន្លែងទៅប្រទេសផ្សេង ដែលមានអំណោយផលជាងនេះ។
លោក រ៉ុង ឈុន បន្ថែមថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ សហភាពអឺរ៉ុបមិនបិទទីផ្សារនាំចេញពីកម្ពុជាទៅអឺរ៉ុបនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាធំមួយទៀតនោះ គឺលោកឡើងថា អ្នកបញ្ជាទិញធំៗ អាចឈប់បញ្ជាទិញផលិតផលពីស្រុកខ្មែរ ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលជាដើមចមក្នុងការធ្វើឱ្យម្ចាស់ក្រុមហ៊ុនទាំងនោះ បាត់ទំនុកចិត្តលើប្រទេសកម្ពុជា។
ភ្លាមៗក្រោយគណៈកម្មការអឺរ៉ុប ប្រកាសដកប្រព័ន្ធអនុគ្រោះពន្ធជាង ១,៣០០ លានដុល្លារពីកម្ពុជាភ្លាម ក្រុមហ៊ុនធំៗ ដែលបញ្ជាទិញសំលៀកបំពាក់ និងស្បែកជើងជាង ៦០ រួមទាំងក្រុមហ៊ុន H&M ផងបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ បង្ហាញការព្រួយបារម្ភ អំពីផលប៉ះពាល់ជាអវិជ្ជមាន ដែលនឹងកើតមានជាយថាហេតុ ក្នុងផ្នែកវិនិយោគនៅកម្ពុជា។ បញ្ហាធំៗចំនួនពីរ ដែលក្រុមអ្នកបញ្ជាទិញទាំងនេះ បារម្ភនោះ គឺការបាត់ជំនឿចិត្ត និងភាពមិនច្បាស់លាស់ក្នុងការបន្តបញ្ជាទិញ។
លោក រ៉ុង ឈុន ថានេះគឺជាសញ្ញាណអាក្រក់សម្រាប់កម្ពុជា ដែលមិនត្រូវមើលរំលង៖ «បើគ្មានការបញ្ជាទិញវិញ នឹងមានផលប៉ះពាល់ធំធេង ដែលធ្វើឱ្យកម្មករកម្មការិនីបាត់បង់ការងារភាគច្រើនតែម្ដង»។
ការបាត់បង់ការងារនេះ ឥឡូវនេះកំពុងតែក្លាយជាបញ្ហាកង្វល់ស្រាប់ទៅហើយ ចំពោះកម្មកររោងចក្រ ក្រោយសេចក្តីជូនដំណឹងពីរោងចក្រមួយចំនួន អំពីការព្យួរកិច្ចសន្យាការងាររបស់កម្មករ និងផ្អាកសកម្មភាពរោងចក្ររយៈពេលខ្លី ជាបណ្ដើរៗហើយ ដោយរោងចក្រទាំងនោះ អះអាងថា មកពីមិនអាចនាំចូលវត្ថុធាតុដើម ពីប្រទេសចិនទាន់ពេលវេលា។
ប៉ុន្តែ មន្ត្រីសហជីពសង្ស័យថា មូលហេតុបិទរោងចក្រ អាចមិនមែនមកពីរឿងខ្វះវត្ថុធាតុដើមនេះទេ ព្រោះប្រទេសចិន មានរោងចក្រផលិតវត្ថុធាតុដើមច្រើនណាស់ ក្រៅពីតំបន់វូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ដែលកំពុងរាតត្បាតដោយមេរោគរលាកផ្លូវដង្ហើមកូវីត-១៩ (Covid-19) នោះ។ ម្យ៉ាងទៀត បើខ្វះវត្ថុធាតុដើម ដោយសារបញ្ហាមេរោគនេះ គឺអាចខ្វះយូរខែ ឬឆ្នាំផង មិនមែនខ្វះតែមួយខែ ឬពីរខែទេ ដោយសារបញ្ហាមេរោគ Covid-19 នេះ មិនទាន់មានថ្នាំវ៉ាក់សាំងការពារទេ គឺទាល់តែ ១៨ខែ ទៀតទើបអាចមាន។កម្មកររោងចក្រចាប់ផ្ដើមបង្ហោះសារតាមហ្វេសប៊ុក ដើម្បីបង្ហាញអំពីក្តីព្រួយបារម្ភរបស់ខ្លួន។ កម្មការិនីពីររូប នៅរោងចក្រមួយ បានត្អូញត្អែរអំពីទំនិញឡើងថ្លៃទ្វេដង ស្របពេលដែលប្រាក់ខែឆ្នាំ ២០២០ នេះឡើងមិនដល់ ១០ ដុល្លារផង។ ពួកគាត់ថា កុំថាឡើយប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការចំណាយទូទៅផ្សេងទៀត សូម្បីតែប្រាក់ទិញខ្វិត ១,០០០ រៀល ក៏លំបាកដែរ នេះរោងចក្រមិនទាន់បិទទ្វារនៅឡើយផង៖ «ទាក់ទងនឹងម្ហូបហូបចុក ក៏ដូចគ្នាដែរ ពីមុនតែត្រឹម ៥០០០ ឬ ៦០០០ រៀល គឺហូបបរិបូរ គ្នាពីរនាក់បីនាក់ហូបមិនអស់ផង។ តែឥឡូវចាប់ពី ១ម៉ឺនជាង ទិញអត់បានទៀត។ ពេលប្រាក់ខែឡើងឱ្យពួកខ្ញុំ ទំនិញទីផ្សារក៏ឡើងដែរ។ អ៊ីចឹងខ្ញុំអត់ដឹងថា ត្រូវធ្វើដូចម្ដេចទេ។ បើសិនជាពិបាកពេក មិនបាច់ចាំឡើងទេ ព្រោះអីឡើងតែ ៨ ដុល្លារ តែដូចរឿងខ្វិតនេះអ៊ីចឹង កាលមុន ៥០០ រៀលទិញបានហូប តែឥឡូវទាល់តែ ១០០០ រៀល។ សួរថាគាត់គិតយ៉ាងម៉េចទៅវិញ ? ឥឡូវថ្មីៗហ្នឹងឮថានឹងព្យួរការងារមួយខែ ឬពីរខែ ពួកខ្ញុំបារម្ភ និងព្រួយចិត្តយ៉ាងខ្លាំង។ មានការងារធ្វើផង នៅរកលុយទិញខ្វិត ១០០០ រៀលស៊ីអត់បានផង ចុះទម្រាំព្យួរការងារ ! ម្នាក់ៗកំពុងជំនុំគ្នារឿងនេះ»។
លោក រ៉ុង ឈុន អះអាងថា សព្វថ្ងៃនេះ កម្មករស្ទើរតែ ១០០% ជំពាក់ប្រាក់ធនាគារ ដែលមានការប្រាក់ប្រចាំខែ៖ «បើបាត់បង់ការងារ បាត់បង់ប្រាក់ឈ្នួល គាត់បានអ្វីបង់ថ្លៃធនាគារ។ ចំណែកឯកអ្នកលក់ដូរតាមរោងចក្រ និងអ្នកដឹកកម្មករ ក៏រងផលប៉ះពាល់នេះដែរ»។
ផលប៉ះពាល់នេះ នៅមិនទាន់គិតពីផលប៉ះពាល់នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកនៅឡើយទេ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថា ជាទម្លាប់ ឱ្យតែសហភាពសម្រេចអ្វីមួយ ដែលមានតម្លៃសាកល សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត ច្រើនតែធ្វើតាមដែរ ដោយមិននៅស្ងៀមទេ៖ «ពីរនេះគឺជាដៃគូគ្នាទេ ! ប្រៀបដូចឡាន គឺឡានកង់មុខទាំងពីរ អឺរ៉ុប និងសហរដ្ឋអាមេរិក។ ដូច្នេះបើអឺរ៉ុបដាក់ ២០ % ខាងសហរដ្ឋអាមេរិក ក៏មានវិធានការផ្សេងៗដែរ»។
លោក ឯម សុវណ្ណារ៉ា លើកឧទាហរណ៍ ដូចជាវិធានការច្បាប់សាកល ដាក់ទណ្ឌកម្មបុគ្គលដែលរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តិពុករលួយ ឈ្មោះថាច្បាប់ the Global Magnitsky Act ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក ឥឡូវនេះសហភាពអឺរ៉ុបក៏កំពុងពិចារណាយកច្បាប់នេះមកប្រើដែរ ហើយតំណាងរាស្ត្រអូស្ត្រាលីឯណោះ ក៏កំពុងជំរុញឱ្យរដ្ឋាភិបាលប្រទេសនេះ ធ្វើច្បាប់នេះដែរ។ ដូច្នេះលោកយល់ថា ទណ្ឌកម្មនេះ មិនមែនស្រាល ដូចអ្វីដែលខាងរដ្ឋាភិបាលកម្ពុជា អះអាងនោះទេ។
ខាងរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម ចាត់ទុកការដាក់ទណ្ឌកម្មត្រឹមទឹកប្រាក់ជាង ១,៣០០ ពាន់លានដុល្លារនេះ មិនធ្ងន់នោះទេ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងពាណិជ្ជកម្ម អះអាងថា បានពិគ្រោះជាមួយតំណាងរោងចក្រ ដែលអះអាងថា នឹងនៅតែមានលទ្ធភាពបន្តផលិតនៅកម្ពុជា ព្រោះកម្ពុជាបានកែទម្រង់មុតស្រួចជាកញ្ចប់ ដើម្បីជួយវិស័យឯកជន ទប់ទល់នឹងបញ្ហានេះរួចហើយ។ ហើយអំពាវនាវឱ្យសាធារណជន ទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។
ទោះជាយ៉ាងនេះក្តី លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ថាការទុកចិត្ត ឬមិនទុកចិត្តលើរដ្ឋាភិបាល គឺអាស្រ័យលើតថភាពជាក់ស្ដែង ដែលកំពុងកើតមាននៅកម្ពុជា និងលទ្ធភាពក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន។
លោកបន្ថែមថា បើពិនិត្យមើលទំហំនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ទោះបីជា ២០% មែន ប៉ុន្តែបើគិតទាំងការខាតពន្ធ និងផលប៉ះពាល់នៃទំហំនាំចេញ នោះគឺកម្ពុជាអាចខាតបង់រហូតដល់ប្រហែល ១,៥០០ លានដុល្លារ និងប៉ះពាល់កម្មកររាប់សែននាក់ឯណោះ។ លោកបារម្ភ សព្វថ្ងៃកម្ពុជាខ្វះថវិកាជាតិ សម្រាប់ផ្គត់ផ្គង់ប្រចាំឆ្នាំរហូតដល់ជិត ២ ពាន់លានដុល្លារស្រាប់ទៅហើយ ចុះបើបាត់ចំនួនដ៏ច្រើននេះទៀត តើនឹងទៅជាយ៉ាងណា?៖ «បើក្នុងដំណាក់កាល នៃយន្តការនៃការដាក់នេះ អត់មានការប្រែប្រួល ខ្ញុំគិតថាមួយឆ្នាំឬពីរឆ្នាំក្រោយ មិននៅត្រឹមប៉ុណ្ណឹងទេ អាចប្រឈមច្រើនជាងហ្នឹង»។
ចំណែកពលរដ្ឋខ្មែរម្នាក់នៅខេត្តត្បូងឃ្មុំ គឺលោក ជា ម៉េន ព្រួយផង ស្ដាយខ្លាំងផង ដែលកម្ពុជា មិនបានស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅតាមការទាមទាររបស់សហគមន៍អន្តរជាតិ ដែលធ្វើឱ្យខាតប្រយោជន៍ជាតិ យ៉ាងធំធេងបែបនេះ៖ «ខ្ញុំសោកស្ដាយមែនទែន ! ត្រីមាននៅក្នុងត្រកទៅហើយ បែរជាឱ្យបាត់ទៅវិញ»។
លោក ឯម សុវណ្ណារ៉ា ក៏យល់ស្របអំពីការលំបាកនេះដែរ។ លោកថាកុំថា ឡើយបាត់ការអនុគ្រោះពន្ធ ២០% នេះ សូម្បីតែស្ថានភាពបច្ចុប្បន្ន ដែលនៅមានប្រព័ន្ធអនុគ្រោះពន្ធយ៉ាងម៉េច នៅមានប្រជាពលរដ្ឋរាប់លាននាក់ ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស៖ «នៅក្នុងស្ថានភាពដែលល្អ ពិបាករកការងារឱ្យបានធ្វើគ្រប់គ្នាផង ចុះពេលបាត់បង់ ?»។
បញ្ហានេះ នៅមិនទាន់រាប់បញ្ចូលទាំងផលប៉ះពាល់សាកល នៃការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលកំពុងប៉ះពាល់វិស័យទេសយ៉ាងដំណំផង។ ប្រទេសកម្ពុជាប៉ះពាល់ខ្លាំង ផ្នែកវិស័យទេសចរ ដោយសារតែភ្ញៀវទេសចរភាគច្រើន ដែលមកលេងស្រុកខ្មែរ គឺភ្ញៀវចិន។
ចំណែកឯមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា របបលោក ហ៊ុន សែន នឹងប្រឈមមុខ ទៅនឹងវិធានការក្ដៅជាងនេះ បើនៅតែមិនព្រមកែខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា ចំណាត់ការរបស់សហភាពអឺរ៉ុបលើរបបក្រុងភ្នំពេញ ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះ គឺជាជំហានដំបូងជាវិជ្ជមានមួយរបស់សហភាពអឺរ៉ុប ដែលនឹងឈានចំណាត់ការកាន់តែខ្លាំងក្លាច្រើនជាងនេះទៀត ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែមិនប្រសើរឡើងទេនោះ។
ទោះជាយ៉ាងនេះក្តី កម្ពុជានៅមានពេល ៦ ខែទៀត ចាប់ពីពេលនេះ រហូតដល់ខែ សីហា ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីជាថ្នូរនឹងការបានការអនុគ្រោះពន្ធពេញមកវិញ និងគេចផុតពីទណ្ឌកម្មផ្សេងទៀតរបស់អន្តរជាតិ។ ដូច្នេះកូនសោរ គឺស្ថិតនៅក្នុងដៃលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។