របបក្រុងភ្នំពេញអំពាវនាវរកវិនិយោគិនកូរ៉េបន្ថែម ខណៈប្រឈមបាត់បង់EBA
2019.03.15
មេដឹកនាំរបបក្រុងភ្នំពេញ អំពាវនាវឱ្យឯកជន និងអ្នកវិនិយោគកូរ៉េមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ការអំពាវនាវដូចនេះ ស្របពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-In) កំពុងបំពេញទស្សនៈកិច្ចនៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងអះអាងថា ប្រទេសកូរ៉េខាងត្បូង បានចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការវិនិយោគនានា។លោកឱ្យដឹងទៀតថា ប្រទេសទាំងពីរពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀត ដោយបើកទីផ្សារផលិតផលកម្ពុជាជាពិសេសទីផ្សារកសិកម្ម៖ «យើងបានគូសបញ្ជាក់ពីសារសំខាន់នៃការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលធានាជោគជ័យនូវក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធ្វើប្រព្រឹត្តិកម្មគ្រប់វិស័យ ដើម្បីនាំផលប្រយោជន៍ដល់ប្រទេសទាំងពីរ»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពេលដែលរបបលោក និងប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសំខាន់ៗចំនួន៥ នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះ។ កិច្ចព្រមព្រៀងរួមមាន៖ កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩-២០២៣ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា-កូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ សម្រួលការវិនិយោគពីកូរ៉េ និងអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ចមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាធារណរដ្ឋកូរ៉េ។
ប្រធានាធិបតីសាធារណរដ្ឋកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានថ្លែងដែរថា ក្រុមហ៊ុនជាច្រើនទៀតរបស់កូរ៉េខាងត្បូង នឹងមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ។ លោករំពឹងថាប្រទេសកូរ៉េរីករាយចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា៖ «រដ្ឋាភិបាលខ្ញុំ(កូរ៉េខាងត្បូង)បានសម្រេចពន្លឿនការវិនិយោគបន្ថែមទៀត»។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ធ្វើដំណើរមកកម្ពុជានៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរយៈពេល៣ថ្ងៃ តាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីសស់ យល់ថា នេះជាឱកាសល្អ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន អាចពង្រីកទំនាក់ទងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង ក្នុងពេលដែលកម្ពុជា កំពុងប្រឈមការព្យួរការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ កញ្ញាបន្តថា ដើម្បីបង្កើតទំនុកចិត្តដល់អ្នកវិនិយោគកូរ៉េរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវលុបបំបាត់អំពើពុករលួយ និងបែបផែនរដ្ឋបាលស្មុគស្មាញ ដែលកន្លងមកបានធ្វើឱ្យអ្នកវិនិយោគមានការថ្នាំងថ្នាក់ចិត្ត៖ «ប្រព័ន្ធរដ្ឋបាលជាពិសេសដំណើរនីតិវិធីនៃការធ្វើការវិនិយោគជាមួយវិនិយោគទុនបរទេស»។
ការវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ មានជាង ២០០គម្រោង ក្នុងទំហំទឹកប្រាក់សរុបចំនួន ៤,៥៦ពាន់លានដុល្លារ។ ការរកស៊ីរបស់កូរ៉េមួយចំនួន គឺបើករោងចក្រកាត់ដេរនាំចេញទៅលក់នៅទីផ្សារសហភាពអឺរ៉ុប៕