អ្នក​ខ្ចី​លុយ​ធនាគារ​សង់ផ្ទះ ឬ​អគារ​ជួល​ឱ្យ​ចិន​នា​ខេត្ត​ព្រះសីហនុ​កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​ចិន​មិន​វិល​វិញ

0:00 / 0:00

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ និង​អ្នក​មាន​ដី និង​ផ្ទះ សម្រាប់​ជួល ជាពិសេស​ក្រុម​អ្នក​ខ្ចី​លុយ​ធនាគារ​យក​មក​សង់ផ្ទះ និង​សង់​អគារ ទុក​ជួល​ឱ្យ​ចិន កំពុង​ព្រួយបារម្ភ​ខ្លាច​ចិន មិន​វិល​មក​ខេត្ត​ព្រះសីហនុ​វិញ ព្រោះ​ពលរដ្ឋ​ខ្លះ​បាន​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។

ព័ត៌មាន​នៃ​ការ​ចាកចេញ​ជនជាតិ​ចិន​ជាច្រើន​ម៉ឺន​នាក់ ពី​ខេត្ត​ព្រះសីហនុ បាន​ក្លាយ​ជា​ប្រធានបទ​យ៉ាង​ក្តៅ​គគុក​នៃ​ការ​ជជែក​គ្នា​របស់​ប្រជាពលរដ្ឋ ឬ​ក្រុម​អ្នកមាន​ដី និង​ផ្ទះ សម្រាប់​ជួល ជាពិសេស​ក្រុម​អ្នក​ខ្ចី​លុយ​ធនាគារ យក​មក​សង់ផ្ទះ និង​អគារ ទុក​ជួល​ឱ្យ​ចិន។

ត្រង់​ចំណុច​នេះ អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទួល​ស្គាល់​ថា ការ​ចាក​ចេញ របស់​ជនជាតិ​ចិន​ប៉ុន្មាន​សប្ដាហ៍​មកនេះ ពិតជា​នាំ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ជា​ម្ចាស់​អចលនទ្រព្យ មាន​ដី​និង​ផ្ទះ បម្រុង​ជួល ឬក៏​ជួល​រួចហើយ មានការ​ព្រួយបារម្ភ ព្រោះ​ខ្លាច​ចិន​មិន​វិល​មក​ខេត្ត​ព្រះសីហនុ​វិញ ហើយ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល។

អ្នកស្រី​បន្ត​ថា ចំពោះ​អ្នក​ដែល​ព្រួយបារម្ភ​ខ្លាំង​ជាងគេ គឺជា​ក្រុម​មនុស្ស ដែល​បាន​ទៅ​ខ្ចី​លុយ​ពី​ធនាគារ យក​ទៅ​សង់ផ្ទះ និង​អគារ​ទុក​ជួល​ឱ្យ​ជនជាតិ​ចិន ព្រោះ​ពួកគេ​ខ្លាច​បាត់​ចំណូល ដោយសារតែ​ចិន​រត់ចោល​ផ្ទះ​ជួល ឬ​ដី​ជួល ដែល​បាន​ជួល​រួច និង​បម្រុង​ជួល ជាពិសេស​អ្នក​ជំពាក់​លុយ​ធនាគារ៖ «ទាក់ទិន​ការ​វិល​ត្រឡប់ របស់​ជនជាតិ​ចិន​ហ្នឹង​ក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ព្រួយបារម្ភ​ដែរ សម្រាប់​អ្នក​ទៅ​ខ្ចី​លុយ​ពី​ធនាគារ មក​សង់​អាគារ​ទុក​ជួល។ ទាំងនេះ ក៏​ជា​មេរៀន​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជនបរទេស ដែល​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ដោយហេតុថា ពួកគាត់​ទាំងអស់​ហ្នឹង​អាច​ផ្លាស់ប្ដូរ​ការសម្រេច​ចិ្ត និង​ប្រែប្រួល​មិន​ទៀងទាត់​។ អ៊ីចឹង​សម្រាប់​ពលរដ្ឋ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​មក​សាងសង់​សំណង់​នេះ ត្រូវ​បង់លុយ​ឱ្យ​ធនាគារ​ជា​ទៀងទាត់»។

ចំពោះ​ព័ត៌មាន​ចិន​ចាកចេញ​នេះ​ដែរ សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​បាន​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ក៏​ទទួលស្គាល់​ថា ពួកគាត់​កំពុងតែ​ភ័យ​ព្រួយ​សម្រាន្ត​មិន​លក់ ដោយសារ​ពួកគាត់​បាន​ទៅ​ខ្ចី​លុយ​ពី​ធនាគារ យក​ទៅ​វិនិយោគ​សង់​អគារ ឬ​ផ្ទះ សម្រាប់​ទុក​ជួល​ឱ្យ​ជនជាតិ​ចិន​រស់នៅ និង​បើក​ធ្វើ​អាជីវកម្ម​ផ្សេងៗ ប៉ុន្តែ​ពេលនេះ​ពួកគាត់ បារម្ភ​ខ្លាច​អត់​មាន​ចិន​ជួល ហើយ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។

ទាក់ទិន​បញ្ហា​នេះ លោក ស្រេង វ៉ានលី អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ទទួលស្គាល់​ថា ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះ ពិត​ជា​មាន​ជនជាតិ​ចិន​ចាកចេញ ពី​ខេត្ត​ព្រះសីហនុ​ពិតមែន។

លោក​បន្ត​ថា ការ​ព្រួយបារម្ភ របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​អ្នក​ប្រកប​របរ​បាន​ប្រាក់ចំណេញ​ពី​វត្តមាន​ជនជាតិ​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ​នេះ គឺ​បាន​កើតឡើង​ក្រោយពេល ឃើញ​ជនជាតិ​ចិន កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៩ បាន​សម្រុក​ចេញពី​ខេត្ត​ព្រះសីហនុ រាប់ពាន់ ឬ​រាប់​ម៉ឺន​នាក់ ក្រោយ​រដ្ឋាភិបាល​បិទ​ល្បែង​តាម Online និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​ប្រកាស​ស្ដីពី​ការកំណត់​ប្រភេទ​មុខរបរ និង​ការងារ ដែល​ត្រូវ​ហាមឃាត់ ចំពោះ​ជនបរទេស ចំនួន​១០​ប្រភេទ ហាម​មិន​ឱ្យ​ជនបរទេស បើក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា៖ «ទន្ទឹម​នឹង​តម្រូវការ​ខ្ពស់ របស់​អ្នកវិនិយោគទុន​ចិន យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​សង់​អគារ​ទុក​ជួល​ឱ្យ​ចិន​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ខ្លះ ក៏បាន​រួចខ្លួន ប៉ុន្តែ​អ្នកខ្លះ​ទៀត ក៏​កំពុងតែ​ប្រឈម នូវ​បញ្ហា​ដោយសារតែ​យើង​សង្កេត​ឃើញ​ថា នា​ពេល​ថ្មីៗ​នេះ មាន​ជនជាតិ​ចិន បាន​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ​មួយ​ចំនួន ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​នោះ ក៏​យើង​មិន​ច្បាស់​ថា ដោយសារតែ​មូល​អ្វី​ឱ្យ​ពិតប្រាកដ​ដែរ»។

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ បាន​ទទួល​ស្គាល់​ថា នៅ​ចុងខែ​សីហា ឆ្នាំ​២០១៩ មាន​ជនជាតិ​ចិន រាប់​ម៉ឺន​នាក់ បាន​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​រឹត​បន្តឹង​លើ​ល្បែងស៊ីសង​តាម​អនឡាញ និង​ការ​ហាមឃាត់​ជនបរទេស​មិន​ឱ្យ​ធ្វើ​ការងារ​មួយ​ចំនួន​ដែល​អាច​ជា​ដណ្ដើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។