កម្ពុជាបានជួបបញ្ហាខ្វះខាតអំបិល២ ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០១៨ និង២០១៩ ដោយសារតែមានភ្លៀងកក់ខែជាប្រចាំ ធ្វើឱ្យកសិករផលិតអំបិលបានតិចតួច។ កត្តានេះជំរុញឱ្យកម្ពុជានាំចូលអំបិលពីក្រៅប្រទេស គឺពីប្រទេសចិន និងឥណ្ឌា។ ទោះជាយ៉ាងណា នៅឆ្នាំនេះ សហគមន៍អ្នកផលិតអំបិលរំពឹងថា នឹងមិនមានការខ្វះខាតទៀតទេ ដោយសារកសិករផលិតអំបិលបានច្រើន ព្រោះអាកាសធាតុអំណោយផលល្អ។
ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប លោក ប៊ុន បារាំង ឱ្យអាស៊ីសេរីដឹងថា គិតត្រឹមពាក់កណ្ដាលខែឧសភា កសិករផលិតអំបិលបានប្រមាណ ៨ម៉ឺនតោនហើយ ហើយពួកគាត់កំពុងខំប្រឹងផលិតបន្ថែមទៀត ទាន់មេឃក្តៅ នៅធ្វើបាន។ លោកជឿថា អំបិលដែលផលិតបាននៅឆ្នាំនេះ នឹងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅក្នុងស្រុក ដែលមានប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ៖ « នៅឆ្នាំ២០១៨ និង២០១៩ យើងធ្វើអត់បាន ដោយសារអាកាសធាតុមិនអំណោយផលអស់រយៈពេល ២ឆ្នាំ។ វាភ្លៀងធ្លាក់ ធ្វើឱ្យប្រជាកសិករយើងផលិតអត់បាន។ គ្នាខាត២ ឆ្នាំ តែដល់ឆ្នាំនេះ វាអាកាសធាតុអំណោយផលតាំងពីដើមដៃមក អ៊ីចឹងទាំងគេទាំងខ្ញុំកំពុងផលិតបានច្រើន។ អ៊ីចឹងយើងឆ្នាំនេះ មិនខ្វះខាតទេអំបិល គឺគ្រប់គ្រាន់ » ។
លោក ប៊ុន បារាំង ឱ្យដឹងថា អំបិលផលិតបាននាពេលបច្ចុប្បន្ន មានតម្លៃទៅតាមប្រភេទរបស់វា។ ក្នុងនោះ អំបិលលេខ១ សម្បុរសក្បុស មានតម្លៃ ១៥.០០០រៀល លេខ២ សមធ្យម តម្លៃ ១២.០០០រៀលនិងលេខ៣ សរាងក្រម៉ៅ តម្លៃ ១១.០០០រៀល សម្រាប់អំបិលមួយបាវទម្ងន់ ៥០គីឡូក្រាម។ លោកថា តម្លៃប៉ុននេះ អាចឱ្យកសិករផលិតបាន មិនខាតបង់នោះទេ៖ « ឡើងក៏មិនឡើងច្រើន ចុះក៏មិនចុះច្រើន តម្លៃវានៅនឹង ព្រោះអំបិលយើងផលិតនៅក្នុងស្រុក។ យើងគិតទៅ វាមិនជាខាតទេ ឱ្យតែយើងបានតម្លៃហ្នឹងឡើងទៅ យើងអាចផលិតបាន » ។
ការផលិតអំបិលសព្វថ្ងៃនេះ នៅធ្វើតាមលក្ខណៈប្រពៃណីនៅឡើយ គឺកសិករបង្ហូរទឹកសមុទ្របញ្ចូលស្រែ ទុកឱ្យឡើងផ្កាអំបិល រួចកៀរគរជាពំនូក ហើយរែកទៅទុកនៅក្នុងឃ្លាំងក្បែរស្រែរបស់ពួកគាត់។ ការផលិតបែបនេះ ត្រូវការកម្លាំងពលកម្មច្រើន ធ្វើឱ្យថ្លៃដើមផលិតកាន់តែខ្ពស់។
លោក ម៉ម ស៊ាប គឺជាមេភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ហើយក៏ជាអ្នកផលិតអំបិលមួយរូបផងដែរ។ លោកប្រាប់អាស៊ីសេរីថា ការផលិតអំបិលបច្ចុប្បន្ននេះមានបញ្ហាប្រឈមធំជាងគេ រឿងខ្វះកម្លាំងពលកម្ម ពីព្រោះមនុស្សភាគច្រើនបានងាកទៅធ្វើការរោងចក្រ និងការងារសំណង់ ជាជាងនៅធ្វើជាកម្មករស្រែអំបិលដែលត្រូវធ្វើការក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង និងមានចំណូលមិនទៀងទាត់៖ « យើងខ្វះកម្លាំងពលកម្ម ព្រោះកម្លាំងពលកម្មហ្នឹងដូចដឹងស្រាប់ហើយ សព្វថ្ងៃអ្នកខ្លះគេមិនសូវធ្វើទេ ព្រោះស្រែអំបិល វាក្ដៅ។ ធ្វើជាកម្មករ វាទៅម្លប់អ៊ីចឹងទៅ ហើយប្រាក់ខែគ្រប់គ្រាន់អ៊ីចឹងទៅ គេអាចស្រួលជាងធ្វើស្រែអំបិល ហើយស្រែអំបិល ខែវស្សាយើងអត់មានលុយចិញ្ចឹមកម្មករទេ » ។
លោក ម៉ម ស៊ាប ឱ្យដឹងទៀតថា លោកមានស្រែអំបិលជាង ៨ហិកតារ ប៉ុន្តែលោកធ្វើបានតែ ៣ហិកតារប៉ុណ្ណោះ ដោយដី ៣ហិកតារនេះ លោកផលិតអំបិលបានប្រហែល ១០០តោន។ លោកបញ្ជាក់ថា លោកមិនចង់ទុកស្រែអំបិល៥ ហិកតារនោះចោលទេ ប្រសិនបើមានកម្លាំងពលកម្មគ្រប់គ្រាន់ ឬមានបច្ចេកទេសទំនើបអាចឱ្យលោកធ្វើដីទាំងអស់នោះបាន៖ « ប្រទេសកម្ពុជាមានតែខេត្តកំពតមួយទេដែលអាចផលិតអំបិលបាន។ បើយើងបាត់បង់គ្រប់គ្នាទៅ វាអាចអំបិលនាំចូលពីប្រទេសក្រៅវិញ។ អំបិលយើងអំបិលធម្មជាតិសុទ្ធ មិនមែនអំបិលរ៉ែឯណា អ៊ីចឹងស្ដាយដែរ ប្រសិនបើបាត់បង់ទៅ » ។
កម្ពុជាមានមណ្ឌលផលិតអំបិលចំនួន៧ នៅក្នុងខេត្តកំពត និងខេត្តកែប ដែលមានក្រុមផលិត ២០០ក្រុម ស្របពេលដីស្រែអំបិលមានជាង ៤ពាន់ហិកតារ។ ដីស្រែអំបិលនេះ រដ្ឋាភិបាលហាមមិនឱ្យមានការលក់ដូរក្នុងទិសដៅយកទៅធ្វើអ្វីផ្សេង ក្រៅពីការផលិតអំបិលនោះទេ។ ការហាមឃាត់នេះ គឺដើម្បីថែរក្សាមុខរបរផលិតអំបិលបែបប្រពៃណីរបស់ពលរដ្ឋ។
ទោះជាយ៉ាងណា ដោយសារខ្វះកម្លាំងពលកម្មកសិករខ្លះបានទុកស្រែអំបិលចោល លែងផលិត និងងាកទៅប្រកបរបរផ្សេងជំនួសវិញ។ ម្យ៉ាងវិញទៀត ដោយសារតែថ្លៃដើមផលិតខ្ពស់ ហើយអំបិលដែលផលិតបានមានតម្លៃទាបជាច្រើនឆ្នាំជាប់គ្នានោះ កសិករខ្នាតតូចមួយចំនួនក៏បានសម្រេចចិត្តលក់ស្រែអំបិលរបស់ខ្លួនទៅឱ្យកសិករខ្នាតធំជាបន្តបន្ទាប់ផងដែរ។
អាស៊ីសេរីបានព្យាយាមទាក់ទងអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម លោក សុន សេងហួត ជាច្រើនដងតាមទូរស័ព្ទនៅថ្ងៃទី១៩ ឧសភា តែលោកមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែមន្ត្រីជំនាញរូបនេះធ្លាប់ប្រាប់អាស៊ីសេរីថា ក្រសួងតែងបានរិះរកបច្ចេកទេសថ្មីៗ ផ្ដល់ជូនកសិករ និងរកមធ្យោបាយជួយឱ្យថ្លៃដើមផលិតកាន់តែទាបជាងមុន៖ « យើងពង្រឹង យើងជួយបច្ចេកទេសគាត់ ជួយធ្វើឱ្យគាត់មានការសន្សំសំចៃ ជួយឱ្យផលិតកម្មហ្នឹងមានកម្រិតខ្ពស់ ទិន្នផលគាត់ខ្ពស់ អាហ្នឹងថ្លៃដើមគាត់ចុះទាប។ អាហ្នឹងគាត់កើនតម្លៃហើយ យើងជួយគាត់អ៊ីចឹង » ។
ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតអំបិលឱ្យបានច្រើនតាមតម្រូវការវិញ មន្ត្រីជំនាញរូបនេះធ្លាប់បញ្ជាក់ថា កម្ពុជាមិនទាន់អាចប្រើប្រាស់បច្ចេកវិទ្យាទាំងនោះបាននៅឡើយទេ ព្រោះត្រូវចំណាយដើមទុនច្រើន។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញខាងកសិកម្ម បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែមានកញ្ចប់ថវិកាពិសេសមួយដើម្បីលើកកម្ពស់ការផលិតអំបិល ព្រោះអំបិលជាទំនិញយុទ្ធសាស្ត្រផ្នែកសន្តិសុខស្បៀង និងវិស័យឧស្សាហកម្ម៖ « ឧទាហរណ៍ដូចជានៅប្រទេសជប៉ុនអ៊ីចឹង បើគេនាំអង្ករពីខ្មែរ ពីថៃ ពីអ្វីទៅ អាហ្នឹង គេចំណេញជាង ធូរថ្លៃ ប៉ុន្តែគេសុខចិត្តអត់នាំទេ។ អស់ប៉ុន្មានអស់ទៅ គេសុខចិត្តគាំទ្រ ដើម្បីឱ្យកសិករគេប៉ុន្មាននាក់ហ្នឹងនៅធ្វើស្រែតទៅទៀត។ ហេតុអ្វីគេធ្វើអ៊ីចឹង ? ព្រោះវាទាក់ទងនឹងរឿងសន្តិសុខស្បៀង រឿងប្រពៃណី រឿងវប្បធម៌ អ៊ីចឹងគេអត់ខ្លាចចាយលុយមួយចំណែកតូចណាមួយនៃថវិកាជាតិ ដើម្បីគេទ្រទ្រង់វិស័យស្រូវអង្កររបស់គេទេ។ អ៊ីចឹងវាដូចគ្នាដែរ យើងសម្រាប់វិស័យស្រែអំបិលហ្នឹង រឿងអ្វីយើងខ្លាចចាយលុយតិចតួច ដើម្បីគាំទ្រអ្នកធ្វើស្រែអំបិលដែលមានមនុស្សតិចតួចហ្នឹងធ្វើបន្តទៀត។ វាជារឿងមួយទាក់ទងនឹងទស្សនវិស័យរបស់អ្នកដឹកនាំទេ » ។
បណ្ឌិត យ៉ង សាំង កុមារ សង្កត់ធ្ងន់ថា ការហាមឃាត់មិនឱ្យកសិករលក់ស្រែអំបិលមិនមែនជាដំណោះស្រាយសមស្របក្នុងការថែរក្សាមុខរបរប្រពៃណីនៃការផលិតអំបិលឡើយ។ លោកថា មានតែអន្តរាគមន៍របស់រដ្ឋាភិបាលលើគ្រប់បញ្ហាប្រឈមរបស់កសិករទេ ទើបអាចធានាថា ពួកគាត់នឹងបន្តផលិតអំបិលបានយូរអង្វែងតទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
