យុវជនមួយក្រុមគ្រោងធ្វើកូដកម្មបង្អត់អាហារទាមទារប្រសិទ្ធភាពនៃការពន្យារពេលឱ្យពលរដ្ឋសងបំណុល
2020.05.08

យុវជនមួយក្រុមដែលមានឈ្មោះថា “ខ្មែរថាវរៈ” គ្រោងជួបជុំគ្នាធ្វើកូដកម្មបង្អត់អាហារពេញមួយថ្ងៃ នៅថ្ងៃសៅរ៍ ទី៩ ឧសភា ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុវត្តឱ្យមានប្រសិទ្ធភាពចំពោះការពន្យារពេលសងបំណុលរបស់ពលរដ្ឋ។
តំណាងក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ប្រាប់អាស៊ីសេរីថា កូដកម្មបង្អត់អាហារនេះ នឹងធ្វើឡើងនៅមុខសាលាខេត្តបាត់ដំបង និងនៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនក្នុងក្រុងបាត់ដំបង។ លោកថា មូលហេតុដែលពួកលោកមិនធ្វើសកម្មភាពនេះនៅរាជធានីភ្នំពេញ ព្រោះបារម្ភខ្លាចអាជ្ញាធរក្រុងភ្នំពេញចេញមករារាំង ដូចករណីតវ៉ារបស់ពលរដ្ឋនាពេលកន្លងទៅដែរ ហើយម្យ៉ាងទៀត ក្រុមយុវជនខ្មែរថាវរៈមានបណ្ដាញច្រើននៅខេត្តបាត់ដំបង។ តំណាងយុវជនរូបនេះបញ្ជាក់ថា កូដកម្មបង្អត់អាហារនេះ គឺជាសារបង្ហាញទៅភាគីពាក់ព័ន្ធថា នៅពេលឆាប់ៗនេះ នឹងមានពលរដ្ឋខ្មែរជាច្រើនធ្លាក់ខ្លួនក្នុងភាពក្រីក្រ ខ្វះអាហារហូបចុក នៅពេលពួកគាត់គ្មានប្រាក់ចំណូល ហើយត្រូវគេបង្ខំឱ្យសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ «យើងអត់អាហារនេះ ដើម្បីឱ្យគាត់ដឹងថា អ្វីដែលគាត់ធ្វើកន្លងមកនេះហ្នឹង វាប្រាកដជាទៅថ្ងៃមុខឆាប់ៗនេះ មនុស្សអត់បាយហូបមែន។ អ៊ីចឹងយើងចង់ឱ្យគាត់ដឹងមុន ដូចដាស់គាត់ឱ្យភ្ញាក់ឡើងវិញអ៊ីចឹង។ សារាចររបស់ធនាគារជាតិក្ដី ការឆ្លើយតបរបស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្តីហ្នឹង គ្រាន់តែជាការនិយាយទេ ប៉ុន្តែការអនុវត្តវាអត់ដូច»។
កាលពីពេលថ្មីៗនេះ ធនាគារជាតិបានចេញសារាចរណែនាំឱ្យធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវរៀបចំឥណទានឡើងវិញ ឬពន្យារពេលសងបំណុលបណ្ដោះអាសន្នចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងពីវិបត្តិជំងឺកូវីដ-១៩ ក្នុងវិស័យចំនួន៤ រួមមាន ទេសចរណ៍ កាត់ដេរ សំណង់ និងវិស័យដឹកជញ្ជូន។ ការពន្យារពេលសងនេះ មានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជន សង្កេតឃើញថា មានស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតិចតួចប៉ុណ្ណោះ ដែលបានអនុវត្តតាមសារាចរនេះ ពោលគឺភាគច្រើននៅតែបន្តទារបំណុលពីអតិថិជនដដែល ទោះជាពួកគេកំពុងបាត់បង់មុខរបរ ឬធ្លាក់ចុះប្រាក់ចំណូលយ៉ាងណាក្តី។ ក្រុមសង្គមស៊ីវិលបារម្ភថា នៅប៉ុន្មានខែខាងមុខទៀតនេះ បញ្ហាបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ អាចនឹងរុញច្រើនឱ្យពលរដ្ឋជាច្រើនលក់ដីសងបំណុល ឬធ្វើការងារដើម្បីតែដោះបំណុល ហើយករណីជួញដូរ និងរំលោភសិទ្ធិមនុស្សដទៃទៀត ក៏អាចនឹងកើតមានឡើងផងដែរ៕