មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលនឹងរកដំណោះស្រាយរួមគ្នាជាមួយវិស័យឯកជនបន្ថែមទៀតជុំវិញវិបត្តិខ្វះទីផ្សារនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា។ សហជីព និងអ្នកជំនាញសេដ្ឋកិច្ចថា រដ្ឋាភិបាលត្រូវត្រៀមកញ្ចប់ថវិកាជួយឧបត្ថម្ភដល់កម្មករ ក្នុងករណីដែលរោងចក្រត្រូវបិទទ្វារដោយគ្មានសំណង។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងប្រាប់អាស៊ីសេរីថា បញ្ហាគ្មានទីផ្សារសម្រាប់ផលិតផលកាត់ដេរនេះ កើតមានពាសពេញពិភពលោកមិនមែនតែកម្ពុជាមួយនោះទេ។ លោកថា ថ្មីៗនេះរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជួយចេញប្រាក់ឈ្នួល២០% សម្រាប់កម្មករដែលត្រូវព្យួរការងារហើយ ហើយវិធានការយ៉ាងណាទៀតនោះ លោកបង្វែរឱ្យទៅសួរខាងក្រសួងការងារវិញ។
លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា រដ្ឋាភិបាលបានគិតគូរគ្រប់បែបយ៉ាងដល់អ្នកវិនិយោគលើវិស័យកាត់ដេរ ដូច្នេះលោកថា វិបត្តិគ្មានទីផ្សារនៅពេលនេះ ម្នាក់ៗត្រូវខំទូលរែកទាំងអស់គ្នា មិនអាចទម្លាក់បន្ទុកលើរដ្ឋាភិបាលតែមួយនោះទេ៖ «ក្នុងរឿងកាត់ដេរ យើងដឹងហើយថា អ្នកទាំងអស់ហ្នឹងរកបានផលចំណេញពីកម្ពុជា។ រាជរដ្ឋាភិបាលបានគិតគ្រប់បែបយ៉ាងដើម្បីជួយសម្រួលហ្នឹង។ ក្នុងនាមជាដៃគូដែលបានសន្យាគ្នារួចស្រេចទៅហើយហ្នឹង យើងរកដំណោះស្រាយណាមួយសមស្របដើម្បីជួយកម្មករ។ យើងត្រូវនាំគ្នារែកទាំងអស់គ្នា បន្ទុកហ្នឹងមិនមែនទម្លាក់មករដ្ឋាភិបាលតែមួយទេ ត្រូវចែកគ្នា»។
ក្រុមហ៊ុនម៉ាកយីហោសំលៀកបំពាក់ និងស្បែកជើងល្បីៗ ព្រមទាំងអ្នកលក់រាយជាច្រើន កំពុងលុបចោល ឬក៏ពន្យារពេលការបញ្ជាទិញ ដោយសារហាងទំនិញធំៗនៅអឺរ៉ុប និងសហរដ្ឋអាមេរិកត្រូវបង្ខំចិត្តបិទទ្វារ ព្រោះតែការផ្ទុះរាលដាលជាសាកលនៃជំងឺកូវីដ-១៩ (COVID-19)។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៨មីនា ថា រោងចក្រកាត់ដេរកំពុងប្រឈមមុខនឹងការក្ស័យធន ដោយសារតែខ្វះទីផ្សារនាំចេញ។ លោកថា ក្រុមហ៊ុនបញ្ជាទិញបានផ្អាកទទួលយកទំនិញដែលផលិតរួច ហើយចំពោះទំនិញដែលមិនទាន់បានធ្វើ ពួកគេបានប្រាប់ឱ្យរោងចក្រត្រូវផ្អាកផលិតជាបណ្ដោះអាសន្នសិន ហើយការផ្អាកនេះភាគច្រើនមានរយៈពេល ២ខែ៖ «អ្នកបញ្ជាទិញភាគច្រើននៅអាមេរិក និងនៅអឺរ៉ុប គេផ្អាកទទួលអីវ៉ាន់ ព្រោះហាងវាបិទ។ អីវ៉ាន់ដែលយើងផលិតរួចហើយ គេអត់ទទួលយក អីវ៉ាន់ដែលកំពុងផលិត គេឱ្យយើងឈប់ផលិតភ្លាមៗ ផ្អាកជាបណ្ដោះអាសន្ន។ អ៊ីចឹង គិតយ៉ាងម៉េច ? ជិតដួលហើយ ជិតដួល ព្រោះអត់មានលុយហូរចូល។ ពេលដែលអ្នកបញ្ជាទិញអត់ទទួលអីវ៉ាន់ មានន័យថា គេអត់បើកលុយឱ្យយើងទេ។ អ៊ីចឹងសួរថា រយៈពេល ២ខែ យើងមានលុយឯណាបើកឱ្យកម្មករ ? វាអត់មានលុយបើកឱ្យកម្មករទេ ហើយយើងមានន័យថា រោងចក្រជួបបញ្ហាចំពោះមុខ បញ្ហាហ្នឹងខ្លាំង ហើយអ្នកបញ្ជាទិញ គេអត់ទទួលខុសត្រូវទេ»។
លោក ខេន លូ បញ្ជាក់ថា ខាងរោងចក្រមិនមានលទ្ធភាពបើកប្រាក់ឈ្នួល៤០% ឱ្យកម្មករដែលត្រូវព្យួរពីការងារ តាមអ្វីដែលរដ្ឋាភិបាលបានដាក់ចេញនោះទេ ព្រោះរឿងសំខាន់ពេលនេះ គឺរោងចក្រខ្វះទីផ្សារនាំចេញ។ លោកថា លោកមិនអាចប៉ាន់ស្មានថា តើនឹងមានរោងចក្រចំនួនប៉ុន្មានត្រូវបិទទ្វារនោះទេ ព្រោះផលប៉ះពាល់ជាក់ស្ដែងនឹងលេចចេញក្នុងចន្លោះ ១ ទៅ ២សប្ដាហ៍ខាងមុខទៀតនេះ៖ «យើងពិបាកតវ៉ាជាមួយអ្នកបញ្ជាទិញ ដឹងស្រាប់ហើយ ហើយគ្រាន់តែឥលូវយើងនៅតែសំណូមពរឱ្យរដ្ឋាភិបាលជួយខ្លះ ហើយយើងសុំបងប្អូនកម្មករយោគយល់ខ្លះ ទៅចរចាជាមួយបងប្អូនកម្មករ។ ចាំមើលថា ទៅមុខយើងគួរតែធ្វើយ៉ាងដូចម្ដេច ?»។
ទោះជាយ៉ាងណា ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ខាងថៅកែរោងចក្រគួរតែផ្តល់ប្រាក់ឈ្នួល៤០% នេះ ដល់កម្មករ ព្រោះថៅកែបានទទួលប្រាក់ចំណេញពីអាជីវកម្មរបស់ខ្លួនជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះ លោកក៏ស្នើដល់រដ្ឋាភិបាលឱ្យផ្ដល់ប្រាក់ឈ្នួល២០% ជូនកម្មករ ដោយមិនចាំបាច់មានលក្ខខណ្ឌបណ្ដុះបណ្ដាលអ្វីនោះដែរ។
មេដឹកនាំសហជីពរូបនេះយល់ថា កង្វះទីផ្សារនាំចេញ គឺជារឿងគួរឱ្យព្រួយបារម្ភបំផុតសម្រាប់វិស័យកាត់ដេរ ហើយក្នុងស្ថានភាពនេះ រដ្ឋាភិបាលត្រូវតែចេញមុខជួយដោះស្រាយ៖ «និយោជកគួរតែសម្របសម្រួលផ្តល់ឱ្យកម្មករក្នុងរយៈពេល៣ ខែទៅ ព្រោះកន្លងមកថា ឱ្យ៤០ % មែន ប៉ុន្តែកម្មករទាំងអស់ហ្នឹងអត់ទាន់ទទួលបានអាហ្នឹងនៅឡើយទេ ហើយខាងរដ្ឋាភិបាល ២០ % ហ្នឹងគួរតែឱ្យគាត់ទៅ និងលុបចោលលក្ខខណ្ឌរៀននេះទៅ ព្រោះរៀនយ៉ាងដូចម្ដេច បើជំងឺកូរ៉ូណាទៀត។ បើមិនធ្វើបែបនេះទេ មានន័យថា កម្មករពិបាក។ កម្មករអាចអត់មានលុយ គឺគាត់ពិបាកតែម្ដង។ គាត់ពិបាក ទី១ ហូបចុក ទី២ កូនរៀន ទី៣ សងបំណុល ទី៤ គឺអាចឈឺ អត់មានលុយព្យាបាល គឺថាពិបាកច្រើនរឿងណាស់»។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺរឿងនេះពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ជាច្រើនដង នៅថ្ងៃទី២៨ និង២៩ មីនា ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។ លោក ហេង សួរ គឺជាអ្នកនាំពាក្យមួយរួបដែលមិនសូវសហការផ្ដល់ព័ត៌មានឡើយ ហើយអ្នកសារព័ត៌មានខ្លះបានរិះគន់លោកថា ជាមន្ត្រីដែលមិនគោរពតួនាទីជាអ្នកនាំពាក្យ។
មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅបូរីញូយ៉ក (New York) សហរដ្ឋអាមេរិក និងនៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស បានចេញផ្សាយអត្ថបទមួយកាលពីពេលថ្មីៗនេះថា ការផ្អាក ឬលុបចោលការបញ្ជាទិញនេះកំពុងបង្កជាហានិភ័យដល់ជីវភាពរបស់កម្មករកាត់ដេរប្រមាណ៦០ លាននាក់ទូទាំងពិភពលោក។ ស្ថាប័នដដែលនេះពន្យល់ថា ជាស្តង់ដារនៃការអនុវត្ត ក្រុមហ៊ុនបញ្ជាទិញបង់ប្រាក់នៅពេលទំនិញត្រូវបានដឹកជញ្ជូនទៅដល់គោលដៅ ហើយនៅពេលការបញ្ជាទិញត្រូវផ្អាក ឬលុបចោលនោះ ការបង់ប្រាក់ក៏ត្រូវផ្អាក ឬក៏លុបចោលតាមនោះដែរ។ ការមិនបង់ប្រាក់សម្រាប់ទំនិញដែលមិនទាន់បានដឹកចេញពីរោងចក្រ ធ្វើឱ្យរោងចក្រផ្គត់ផ្គង់គ្មានលទ្ធភាពបើកប្រាក់ខែឱ្យកម្មកររបស់ខ្លួន ហើយពួកគេក៏ត្រូវជំពាក់បំណុលក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមផងដែរ។
មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្សដែលប្រមូលផ្តុំដោយក្រុមអ្នកស្រាវជ្រាវនៅជុំវិញពិភពលោក វាយតម្លៃថា បញ្ហានេះបណ្តាលឱ្យរោងចក្រជាច្រើន បញ្ឈប់ ឬព្យួរការងារកម្មករ ដោយមិនផ្តល់ប្រាក់ឈ្នួល និងប្រាក់គាំពារសង្គមឡើយ ជាហេតុធ្វើឱ្យក្រុមកម្មករដែលខ្សត់ខ្សោយស្រាប់ទៅហើយនោះ ត្រូវជួបប្រទះភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចកាន់តែធំធេងថែមទៀត។
អ្នកជំនាញខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់ថា រោងចក្រខ្លះទំនងជានៅរង់ចាំមើលស្ថានការណ៍បានប្រសើរឡើងវិញ ក៏ប៉ុន្តែខ្លះទៀតនឹងបិទទ្វារដោយសារតែពួកគេខ្វះទុនបម្រុង ឬមានបញ្ហាហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា លោកមើលឃើញថា ជោគវាសនានៃរោងចក្រកាត់ដេរនៅកម្ពុជា គឺអាស្រ័យលើសមត្ថភាពនៃការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសនានាក្នុងតំបន់អឺរ៉ុប។ លោកស្នើឱ្យរដ្ឋាភិបាលត្រៀមថវិកាមួយកញ្ចប់ដោយឡែកសម្រាប់ឧបត្ថម្ភដល់កម្មករ ប្រសិនបើរោងចក្រត្រូវបិទទ្វារលែងដំណើរការ ទោះជាថវិកានោះបានច្រើន ឬតិចក៏ដោយ៖ «មិនមែនតែរឿងអាទិភាពទៅលើជីវភាពកម្មករប៉ុណ្ណឹងទេ រដ្ឋាភិបាលត្រូវមានអាទិភាពច្រើនទៀត ទាក់ទងនឹងការទប់ស្កាត់ការរាលដាលជំងឺហ្នឹងផង ហើយនិងបញ្ហាសង្គមផ្សេងៗជាច្រើនទៀតដែលត្រូវប្រឈម។ បើទោះជារដ្ឋាភិបាលជួយកម្មករក្នុងរយៈពេលខ្លីហ្នឹង ក៏ជួយក្នុងកម្រិតតិចតួច មិនមែនបំពេញប្រាក់ខែដែលគាត់បាត់បង់បានទាំងស្រុងនោះទេ។ ឧទាហរណ៍ ប្រាក់ខែគាត់១៨០ ជាងហ្នឹង រដ្ឋាភិបាល ខ្ញុំគិតថា បើអាចជួយបានត្រឹមមួយខែ៥០ - ៦០ ដុល្លារ ក៏គ្រាន់ដែរ។ ខ្លាចតែវាមិនបានទៅទៀត»។
វិស័យកាត់ដេរបានផ្តល់ការងារដោយផ្ទាល់ដល់ពលរដ្ឋខ្មែរលើសពី ៧សែននាក់ ហើយអ្នកទទួលផលពីវិស័យនេះមានជាង ៣លាននាក់ទៀត។ កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរ រួមមាន សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ទៅសហភាពអឺរ៉ុប គិតជាទឹកប្រាក់ជាង៥ ពាន់លានដុល្លារអាមេរិក។ វិស័យនេះ គឺជាកម្លាំងចលករមួយយ៉ាងសំខាន់នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា ពីព្រោះវាតំណាងឱ្យ ៧៥% នៃការនាំចេញទំនិញរបស់កម្ពុជា និង៩០% នៃការនាំចេញទៅសហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
