ប្រជាពលរដ្ឋមួយក្រុមនៅស្រុកសំឡូត ខេត្តបាត់ដំបងបង្កើតសហគមន៍ចិញ្ចឹមឃ្មុំផលិតយកទឹកលក់រកប្រាក់ដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ពលរដ្ឋទាំងនេះទទួលបានជោគជ័យ បន្ទាប់ពីពួកគាត់សាកល្បងចិញ្ចឹមឃុំអស់រយៈពេលប្រមាណ ២ឆ្នាំ។ តើពលរដ្ឋទាំងនោះចិញ្ចឹមឃ្មុំដោយរបៀបណាទើបបានជោគជ័យបែបនេះ?
សហគមន៍ចិញ្ចឹមឃុំនេះ ស្ថិតនៅក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ដែលមានចំងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ពលរដ្ឋមានគ្នា ៣នាក់បានសហការគ្នាចិញ្ចឹមឃ្មុំតាំងពីចុងឆ្នាំ២០១៨ រហូតមក បន្ទាប់ពីពួកគេបានរៀនសូត្រជាមួយអង្គការអឹមជេភី (M.J.P) របស់តារាភាពយន្ត លីវូដ (Hollywood) អ្នកស្រី អែនជេលីណា ជូលី Angelina Jolie ដែលបានណែនាំពួកគាត់ឱ្យចេះវិធីចិញ្ចឹមឃ្មុំជាលក្ខណៈគ្រួសារនេះឡើង។
ប្រជាពលរដ្ឋរស់នៅភូមិកញ្ចាំង លោកស្រី ជ័យ រ៉ង ថ្លែងថា ពួកលោកស្រីសហការគ្នា ៣នាក់ចិញ្ចឹមឃ្មុំចំនួន ២០កេស ដោយចំណាយអស់ដើមទុនប្រហែល ២ពាន់ដុល្លារអាមេរិក។លោកបន្តថា ថវិកាមួយចំនួនអង្គការអឹមជេភី (M.J.P) ឱ្យខ្ចីធ្វើដើមទុន និងមួយចំនួនទៀតជាប្រាក់ផ្ទាល់ខ្លួនរបស់ពួកលោកស្រី។ លោកស្រីឱ្យដឹងថា កាលពីថ្ងៃទី៣ ខែធ្នូពូកលោកស្រីប្រមូលផលទឹកឃ្មុំបាន ៨០លីត្រ បន្ទាប់ពីពួកគាត់បានសាកល្បងចិញ្ចឹមឃ្មុំអស់រយៈពេលប្រហែល ២ឆ្នាំរួចមក។ លោកស្រីប្រាប់ថា នេះជាលើកទីមួយហើយដែលពួកលោកស្រីផលិតទឹកឃ្មុំបានច្រើន ដោយសារតែពួកគាត់សាកល្បងចិញ្ចឹមឃ្មុំជាបន្តបន្ទាប់មក ជាពិសេសគឺ ចេះរកកន្លែងដើមឈើដែលមានផ្កាល្អដើម្បីឱ្យឃ្មុំផលិតទឹកឃ្មុំបានច្រើន៖ «យើងខ្លាចស្រមោចខ្លាចអង្ក្រងអីដែរ ប៉ុន្តែឧស្សាហ៍មើលវា កុំឱ្យវាមានអង្ក្រងមានឪម៉ាល់ ហើយដាក់កន្លែងម្លប់កុំឱ្យមានពន្លឺថ្ងៃចំរន្ធវា។ ក្នុងចិត្តគិតថា ទោះបីវាជួបនឹងបញ្ហាខ្លះក៏ដោយក៏ចេះតែប្រឹងទៅ ដោយសារវាស្រួលជាងយើងដើរឆ្ងាយប្រៀបធៀបយើងដាំចំការមួយហិកតារក៏យើងដើរដាំឆ្ងាយដែរ ហើយវាហត់វាក្ដីទៀត » ។
លោកស្រីឱ្យដឹងទៀតថា នៅស្រុកសំឡូតមានប្រជាពលរដ្ឋចិញ្ចឹមឃ្មុំចំនួន ១៨គ្រួសារ បានបង្កើតជាសហគមន៍ចិញ្ចឹមឃ្មុំ ក្នុងនោះពួកលោកស្រីមានគ្នា ៣នាក់ទទួលបានជោគជ័យជាងគេ។លោកស្រីនិយាយថា ការទទួលផ្លែផ្កានេះ ដោយសារពួកគាត់សហការគ្នាបានល្អ គឺឧស្សាហ៍ថែសង្កេតមើលឃ្មុំ និងយល់ពីរបៀងជ្រើសរើសដើមឈើដែលមានផ្កាល្អដើម្បីដាក់ចិញ្ចឹមឃ្មុំឱ្យឆាប់ទទួលបានផលយ៉ាងយូរ ១០ថ្ងៃប៉ុណ្ណោះ៖ «រដូវប្រាំងហ្នឹងលឿនទេ ប៉ុន្តែនៅពេលចប់រដូវតាង៉ែន ទាល់តែយើងរកកន្លែងដាក់ផ្សេងទៀត យើងដាក់នៅចម្ការដំឡូងមី កៅស៊ូ អីវិញ។ តែដាក់ក្នុងចម្ការកៅស៊ូអាចយឺតជាងតាង៉ែនបន្តិច បើចម្ការតាង៉ែន ១០ថ្ងៃបានកោះម្ដងហើយ។យើងខំព្យាយាមថា ធ្វើអ្វីមួយយើងអត់មើលថែវាក៏អត់បានសម្រេចបានជោគជ័យដែរ អីចឹងទាំងថែទាំរួមផ្សំនឹងយើងពេញចិត្តវា យើងចេះតែខំប្រឹងទៅ » ។

លោកស្រីបន្ថែមថា ការចិញ្ចឹមឃ្មុំនេះផ្ដល់ប្រយោជន៍ទាំងអ្នកចិញ្ចឹមអាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបាន និងជួយឱ្យដើមឈើរបស់កសិករកាន់ផ្លែបានច្រើន ដោយសារតែឃ្មុំបានក្រេបលំអងផ្កានៅក្នុងចម្ការ។ ប្រជាពលរដ្ឋទាំងនេះយកកេះឃុំទៅដាក់ចិញ្ចឹមនៅក្នុងព្រៃសហគមន៍ដែលពួកគាត់ការពារ និងនៅតាមចម្ការតាង៉ែន និងដើមឈើហូបផ្លែរបស់កសិករនៅស្រុកសំឡូត។
កសិករដាំតាង៉ែននៅឃុំស៊ុងម្នាក់ លោក គាន វ៉ាន់នី និយាយថា តាង៉ែនរបស់លោក២ហិកតារកាន់ផ្លែបានល្អ បន្ទាប់ពីសហគមន៍បានដាក់ចិញ្ចឹមឃ្មុំនៅទីនោះប្រមាណ ១០ថ្ងៃ។ លោកប្រាប់ថា កាលពីមិនទាន់មានការចិញ្ចឹមឃ្មុំចម្ការតាង៉ែនរបស់លោក ផ្កាមិនសូវកាន់ផ្លែនោះទេ ហើយចំណាយអស់ប្រាក់ច្រើនដើម្បីទិញថ្នាំបាញ់ជំនួយឱ្យមានផ្លែច្រើន៖ «ចម្ការខ្ញុំ ដាក់តែម្ដងទេ ដល់ពេលខ្ញុំចាប់ផ្ដើមបញ្ជាឱ្យបានផ្កាចាំខ្ញុំហៅគាត់មកដាក់ទៀត ។ព្រោះអីកាលលើកមុនខ្ញុំមិនដែលបានទំនាក់ទំនងបង្អូនណាដែលមានឃ្មុំឃើញថាសហគមន៍មានឃ្មុំខ្ញុំឱ្យមកដាក់ហ្នឹង មើលទៅលទ្ធផលវាល្អគ្រាន់បើ វាបានថែមក្ដឹបច្រើន វាអាចមានផ្កាញីវាច្រើន » ។
ទឹកឃ្មុំដែលប្រជាពលរដ្ឋផលិតបានភាគច្រើនពួកគាត់លក់នៅក្នុងសហគមន៍តម្លៃ ៧ម៉ឺនរៀល (៧០.០០០) ក្នុងមួយលីត្រ និងចែកចាយឱ្យពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។
ទាក់ទងរឿងនេះមេភូមិកញ្ចាំង អ្នកស្រី ស៊ួ ហឿន ប្រាប់អាស៊ីសេរីថា ការចិញ្ចឹមឃ្មុំនេះមានអត្តប្រយោជន៍ច្រើនដល់សង្គម មានដូចជាជួយឱ្យប្រជាពលរដ្ឋមានរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស និងជួយការពារព្រៃឈើនៅតំបន់នោះឱ្យបានគង់វង្ស។ អ្នកស្រីបន្តថា ពលរដ្ឋនៅក្នុងភូមិដែលអ្នកស្រីគ្រប់គ្រងមាន ២គ្រួសារបានជោគជ័យពីរបរចិញ្ចឹមឃ្មុំនេះ ហើយអ្នកស្រីគាំទ្រនឹងពលរដ្ឋប្រកបរបរនេះ៖ «ឮសូរគាត់មានសមាជិកច្រើនទៀតដែរ គ្រាន់តែខ្ញុំអត់ទាន់បានជួបការធ្វើរបស់ពួកគាត់បានកម្រិតណា តែបើពួក ២នាក់ហ្នឹងខ្ញុំដឹងថា គាត់បានជោគជ័យ។ ឃើញអត់ធ្វើដូចថា គាត់ស្វះស្វែងដើររកកន្លែងដាក់ឱ្យឃ្មុំវាផលិតទឹកបានរាល់ខែបោះគាត់ដែរ។ ខែស្វាយគាត់ទៅដាក់ចម្ការស្វាយទៅ ដល់តាង៉ែនដែលគេផ្កាគាត់ទៅទាក់ទងជាមួយម្ចាស់ចម្ការគេ គេជួយមើលជួយថែឱ្យគាត់ដែរហ្នឹង » ។
គ្រូបង្គោល និងជាបុគ្គលិកអង្គការអឹមជេភី (M.J.P)ម្នាក់ លោក កែវ សុធន់ ប្រាប់អាស៊ីសេរីថា លោកនៅតែបន្តបង្រៀនពលរដ្ឋទាំងនោះជារៀងរាល់ខែ ដើម្បីឱ្យពួកគាត់ចេះចិញ្ចឹមឃ្មុំផលិតទឹកបានច្រើន។ លោកបន្តថា ពូជឃ្មុំដែលប្រជាពលរដ្ឋយកទៅចិញ្ចឹមនោះនាំចូលពីក្រៅប្រទេស ហើយយកមកបង្កាត់ជាមួយឃ្មុំព្រៃនៅកម្ពុជា។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបញ្ជាក់ថា គោលបំណងនៃការបង្រៀនពលរដ្ឋនេះ ដោយសារចង់ឱ្យសហគមន៍ការពារព្រៃឈើទាំងនោះមានការងារធ្វើរកប្រាក់ចំណូលក្នុងព្រៃតំបន់ពួកគាត់គ្រប់គ្រង ដើម្បីឱ្យពួកគាត់នៅការពារព្រៃជាប់លាប់ និងជួយឱ្យដើមឈើដំណាំហូបផ្លែរបស់កសិករនៅតំបន់នោះហុចផលបានច្រើន។ លោកបន្តថា រដូវសំបូរផ្កាឈើ ប្រសិនបើឃ្មុំកើតល្អឃ្មុំមួយកេស អាចប្រមូលផលម្ដងបានទឹកឃ្មុំពី ៣ ទៅ ៥លីត្រ៖ «ទឹកឃ្មុំគាត់ពាក្យថាទឹកឃ្មុំចិញ្ចឹមតាមពិត ជាទឹកឃ្មុំធម្មជាតិ១០០ភាគរយ ព្រោះមិនបានដាក់សារធាតុគីមីនៅក្នុងហ្នឹងទេ ហើយមានយកមកលាយអីទេ។ទឹកឃ្មុំហ្នឹងយកពីចម្ការភ្លាម គឺយើងបានបង្រៀនគាត់ក្នុងត្រងការចម្រោះវគ្គទី១ វគ្គទី២ ហើយច្រកជាដបបិតជាផ្លាកតែម្ដង ហើយដាក់អាសយដ្ឋានរបស់គាត់ ហើយគាត់បានលក់ជូនទៅដល់អតិថិជនដែលបានកុម្ម៉ង់ទិញ » ។
លោកឱ្យដឹងថា សព្វថ្ងៃក្រុមពលរដ្ឋទាំងនេះចេះផលិតពូជឃ្មុំដោយខ្លួនឯង ដែលធ្វើឱ្យពួកគាត់ពង្រីកបរិមាណឱ្យកាន់ច្រើនបាន ដោយចំណាយអស់ដើមទុនតិចជាងមុន ហើយអាចរកប្រាក់ចំណូលបានច្រើនជាងមុខ។
អ្នកចិញ្ចឹមឃុំទាំងនោះរំពឹងថា ក្នុងរដូវប្រាំងឆ្នាំនេះ ក្រុមរបស់ពួកគាត់មានគ្នា ៣នាក់ នឹងអាចរកប្រាក់ចំណូលបានប្រមាណ ២ពាន់ដុល្លារ (២.០០០) ក្នុងមួយខែពីរបរចិញ្ចឹមឃ្មុំនេះ។ ពួកគាត់គ្រោងពង្រីកការចិញ្ចឹមឃ្មុំរបស់ខ្លួនឱ្យបានច្រើនកេសបន្ថែមទៀត ដើម្បីលក់ទឹកឃ្មុំរកប្រាក់ចំណូលឱ្យបានកាន់តែច្រើន ដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកចោលផ្ទះសម្បែង និងអាចជួយឱ្យពួកគាត់មានលទ្ធភាពនៅការពារព្រៃឈើក្នុងសហគមន៍ឱ្យបានគង់វង្សជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
