និស្សិត​មួយ​ក្រុម​នៅ​ខេត្តសៀមរាប បង្កើត​អាជីវកម្ម​លក់​កាហ្វេ​ចល័ត ទាក់ទាញ​អ្នក​ទេសចរ​តំបន់​អង្គរ

ដោយ ជាតិ ចំណាន
2024.11.30
និស្សិត​មួយ​ក្រុម​នៅ​ខេត្តសៀមរាប បង្កើត​អាជីវកម្ម​លក់​កាហ្វេ​ចល័ត ទាក់ទាញ​អ្នក​ទេសចរ​តំបន់​អង្គរ កាហ្វេ​ចល័តលើ​កូន​ឡាន ​ស្លាក​យីហោ «The ROZA CARAVAN» ដែល​ជា​​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​បង្កើតឡើង​ដោយ​និស្សិត​មួយ​ក្រុម ដើម្បី​បង្កើត​ឱកាស​ការងារ​ដល់​និស្សិត​ក្រីក្រ ក្នុង​ខេត្តសៀមរាប។ រូបថតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ដើម​ឈើ​ធំៗ ជះ​ម្លប់​ត្រជាក់​ស្រឹប​ដុះ​តាម​បណ្ដោយ​ដង​ស្ទឹង​សៀមរាប ផ្តល់​បរិយាកាស​ធម្មជាតិ​ស្រស់​បំព្រង គឺ​ជា​ទីតាំង ដែល​និស្សិត​មួយ​ក្រុម​ជ្រើស​យក​កន្លែង​នោះ លក់​កាហ្វេ​ចល័ត​បម្រើ​សេវាកម្ម​ជូន​អ្នក​ទេសចរ។

កាហ្វេ​ចល័ត​កូន​ឡាន​ស្លាក​យីហោ «The ROZA CARAVAN» បាន​បង្កើត​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​តាម​រថយន្ត​មួយ​គ្រឿង អាច​បង្កើត​ឱកាស​ការងារ​ដល់​និស្សិត​ក្រីក្រ ក្នុង​ខេត្តសៀមរាប។

នៅ​សង​ខាង​ស្ទឹងសៀមរាប មាន​ដើម​ឈើ​តូច​ធំៗ ច្រើន​ស្អេកស្កះ កំពុង​ក្លាយ​ជា​ទីតាំង ដែល​អ្នក​ទេសចរ​អង្គុយ​កម្សាន្ត​ទទួលទាន​កាហ្វេ​គយគន់​ទេសភាព។

និស្សិត​មួយ​ក្រុម​កំពុង​មមាញឹក​លក់​កាហ្វេ​ចល័ត​តាម​រថយន្ត​ជូន​អ្នក​ទេសចរ​នៅ​ជាប់​មាត់​ស្ទឹង​សៀមរាប​ក្នុង​តំបន់​នោះ។

និស្សិត​សិក្សា​នៅ​សកលវិទ្យាល័យ​មួយ​ក្នុង​ក្រុង​សៀមរាប ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង​ក្នុង​ហាង​កាហ្វេ​នេះ គឺ​កញ្ញា ផាន់ សុផាណា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលចិត្ត​អង្គុយ​មាត់​ស្ទឹង​សៀមរាប ជជែក​លេង​កម្សាន្ត​ស្រូប​យក​បរិយាកាស​ធម្មជាតិ ដោយ​ភាគ​ច្រើន​ពួក​គាត់​ទទួល​ទាន​កាហ្វេ។

កញ្ញា​ថា អាជីវកម្ម​នេះ​នឹង​រួម​ចំណែក​បង្កើន​ឱកាស​ការងារ ផ្តល់​បទពិសោធន៍ និង​ប្រាក់​ចំណូល​ដល់​និស្សិត​ក្រីក្រ ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា ថ្នាក់​មហាវិទ្យាល័យ។

កញ្ញា ផាន់ សុផាណា៖ «ខ្ញុំ​សង្កេត​ឃើញ​ភ្ញៀវ​មក​ពី​ភ្នំពេញ ពួក​គាត់​ចូលចិត្ត​បរិយាកាស​នៅ​ខេត្តសៀមរាប ព្រោះ​នៅ​ភ្នំពេញ អត់​​មាន​ដើម​ឈើ និង​កន្លែង​អង្គុយ​លេង​ច្រើន​អ៊ីចឹង​ទេ។ ដូច្នេះ ពេល​ពួក​គាត់​មក​លេង ពួក​គាត់​អង្គុយ​តាម​មាត់​ស្ទឹង​អ៊ីចឹង​ទៅ ទទួល​បាន​អារម្មណ៍​ល្អ ហើយ​ស្ទឹង​ក៏​គេ​ស្ដារ​បាន​ស្អាត»

កាហ្វេ​ចល័ត​កូន​ឡាន ដែល​បិទ​ស្លាក​យីហោ «The ROZA CARAVAN» បង្កើត​ឡើង​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដោយ​និស្សិត​មួយ​ក្រុម​រស់នៅ​ខេត្តសៀមរាប ផ្ដួចផ្ដើម​គំនិត​ច្នៃប្រឌិត។

ស្ទើរ​ជា​រៀងរាល់​ថ្ងៃ គេ​តែង​ប្រទះ​ឃើញ​កូន​ឡាន​ពណ៌​បៃតង ដឹក​ម៉ាស៊ីន​កិន​កាហ្វេ និង​សម្ភារៈ​លក់​កាហ្វេ។ អាជីវកម្ម​នេះ មាន​បុគ្គលិក​បម្រើ​ការងារ ៥នាក់ ជា​និស្សិត ដោយ​លក់​កាហ្វេ​ទទួល​បាន​ចំណូល​ចាប់​ពី ៥០ដុល្លារ រហូត​ដល់​ជាង ១០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។

ដស (1).jpg
កាហ្វេ​ចល័តលើ​កូន​ឡាន ​ស្លាក​យីហោ «The ROZA CARAVAN» ដែល​ជា​​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​បង្កើតឡើង​ដោយ​និស្សិត​មួយ​ក្រុម ដើម្បី​បង្កើត​ឱកាស​ការងារ​ដល់​និស្សិត​ក្រីក្រ ក្នុង​ខេត្តសៀមរាប។ រូបថតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ជាមួយ​គ្នា​នេះ កញ្ញា ផាន់ សុផាណា បន្ថែម​ថា កាហ្វេ​មួយ​កែវ​មាន​តម្លៃ ៤ពាន់​រៀល ឬ​ប្រមាណ ១ដុល្លារ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ចន្លោះ​ពី ៥០កែវ រហូត​ដល់​ជាង ១០០កែវ។

កញ្ញា​បន្ថែម​ថា ហាង​កាហ្វេ​ចល័ត​នេះ​មាន​សេវាកម្ម​ល្អ ផ្សារភ្ជាប់​នឹង​សម្រស់​ធម្មជាតិ​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​សិស្ស-និស្សិត​តែងតែ​អង្គុយ​អាន​សៀវភៅ និង​ធ្វើ​កិច្ចការ​សាលា។

ចំណែក​ឯ​សហស្ថាបនិក​កាហ្វេ​កូន​ឡាន លោក ស្រ៊ុន រ៉ូហ្សា និយាយ​ថា ពួក​លោក​រួម​គ្នា​បង្កើត​អាជីវកម្ម​នេះ ក្នុង​បំណង​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី អាច​បង្កើត​ឱកាស​ការងារ​ដល់​និស្សិត​ក្រីក្រ ឆ្លៀត​មក​ធ្វើការ​ក្រៅ​ម៉ោង ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​បង់​ថ្លៃ​សិក្សា។

លោក​ស្រមៃ​ថា នឹង​ចង់​ពង្រីក​អាជីវកម្ម​នេះ មាន​ស្តង់ដារ​ខ្ពស់ ទាំង​គុណភាព និង​អនាម័យ តម្លៃ​សមរម្យ ក៏​ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លះៗ ដោយសារ​ទីតាំង ដែល​ពួក​លោក​កំពុង​លក់ដូរ ប្រឈម​នឹង​អាជ្ញាធរ​រារាំង ដោយ​លើក​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក ស្រ៊ុន រ៉ូហ្សា៖ «នេះ​ណា​មួយ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​អ៊ីចឹង​ទៅ ពួក​យើង​មិន​អាច​ធ្វើ​ជា​កន្លែង​ហាង​បាន​ទេ ទើប​ពួក​ខ្ញុំ​ឌីហ្សាញ​ជា​ប្រភេទ​កាហ្វេ​លក់​តាម​ចិញ្ចើម​ផ្លូវ ព្រោះ​ពួក​យើង​ចង់​ឱ្យ​មាន​ការ​ប្លែក​ខុស​ពី​គេ​លក់​ក្នុង​តម្លៃ​សមរម្យ​មែនទែន ធ្វើ​ឱ្យ​ភ្ញៀវ​ទូទៅ ក៏​អាច​អង្គុយ​ញ៉ាំ​បាន​ដូច​ក្នុង​ហាង»

ភ្ញៀវទេសចរ​ម្នាក់​កំពុង​ទទួលទាន​កាហ្វេ​កូន​ឡាន លោក សេត សុវណ្ណ ថ្លែង​ថា លោក​ចូល​ចិត្ត​អង្គុយ​ជជែក​គ្នា​លេង​ក្នុង​រង្វង់​ការងារ និង​បញ្ហា​សង្គម​ជាតិ នៅ​ហាង​កាហ្វេ​ជាប់​មាត់​ស្ទឹង​សៀមរាប ព្រោះ​មាន​បរិយាកាស​ធម្មជាតិ ស្ដាប់​សំឡេង​ទឹក​ហូរ។

លោក​យល់​ថា អាជីវកម្ម​នេះ ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ទេសចរ មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ប្លែក​ភ្នែក ព្រោះ​មាន​ដើម​ឈើ​ធំៗ អម​ដោយ​ខ្យល់​អាកាស​ត្រជាក់ ដែល​ជា​ទី​មនោរម្យ​ឱ្យ​អ្នក​ទេសចរ អង្គុយ​ទទួលទាន​កាហ្វេ​កម្សាន្ត ជា​ផ្នែក​មួយ​លម្អ​ទីក្រុង​អង្គរ។

២៣.jpg
សិស្សនិស្សិត​មកកម្សាន្ត​នៅកាហ្វេ​ចល័តលើ​កូន​ឡាន ​ស្លាក​យីហោ «The ROZA CARAVAN» ដែល​ជា​​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​បង្កើតឡើង​ដោយ​និស្សិត​មួយ​ក្រុម ដើម្បី​បង្កើត​ឱកាស​ការងារ​ដល់​និស្សិត​ក្រីក្រ ក្នុង​ខេត្តសៀមរាប។ រូបថតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
លោក សេត សុវណ្ណ៖ «ការ​អង្គុយ​ញ៉ាំ​កាហ្វេ​តាម​មាត់​ស្ទឹង ធ្វើ​ឱ្យ​អារម្មណ៍​ខ្ញុំ​ស្រស់​ថ្លា ដល់​អង្គុយ​ទៅ ខ្យល់​បក់​មក​ធ្វើ​ឱ្យ​ខួរ​ក្បាល​ខ្ញុំ​ល្ហើយ ត្រជាក់​ស្រួល​សម្រាប់​ខួរ​ក្បាល»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បាននៅឡើយទេនៅថ្ងៃទី២៩ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់​ថា និស្សិត​បង្កើត​អាជីវកម្ម ដោយ​ខ្លួន​ឯង​ជា​រឿង​ល្អ ស្រប​ពេល ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​សង្គម។ លោក​ថា គំនិត​ច្នៃប្រឌិត​នេះ រដ្ឋាភិបាល​គួរតែ​ជួយ​ជ្រោមជ្រែង​ឱ្យ​រីក​ចម្រើន ហើយ​អាជ្ញាធរ​ខេត្ត​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​គាត់​អាច​លក់ដូរ ដោយ​គ្មាន​ការ​រារាំង។

លោក វន់ ពៅ៖ «អាជ្ញាធរ​ខេត្ត​គួរតែ​គាំពារ​បង្ក​លក្ខណៈ​ឱ្យ​គាត់ និង​ចៀសវាង​ការ​រារាំង​ដោយ​ប្រការ​ណា​មួយ ឬ​ក៏​មាន​ជន​ខិលខូច​ណា​មក​ទារ​ប្រាក់ ​ដោយ​គំរាម​សំអាង​ថា ខូច​សណ្ដាប់ធ្នាប់។ អ៊ីចឹង ត្រូវ​គាំទ្រ​ពួក​គាត់ និង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត អំពី​មុខ​របរ​របស់​គាត់ ជា​ពិសេស ក្រសួង​ទេសចរណ៍ ដើម្បី​បង្កើត​ប្រាក់​ចំណូល​ពួក​គាត់​ផង និង​ទាក់ទាញ​ទេសចរណ៍​ផង»

ក្រុម​និស្សិត​ចាត់​ទុក​ស្ទឹង​សៀមរាប ជា​កន្លែង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​សំខាន់ ដែល​ជា​ជ្រុង​មួយ រួម​ចំណែក​ជំរុញ​សេដ្ឋកិច្ច​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​នេះ។ ហេតុនេះ​ពួក​គាត់​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​សម្រស់​បរិស្ថាន​ស្ទឹង​នេះ ដោយ​ត្រូវ​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ស្ទឹង ដែល​នាំ​ឱ្យ​មាន​ក្លិន​ស្អុយ ប៉ះពាល់​អារម្មណ៍​ភ្ញៀវទេសចរ និង​អាជីវកម្ម​របស់​ពួក​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។