ក្រុម​ស្ត្រីរត់ម៉ូតូ​កង់​បី​នៅ​សៀមរាប​ចង់​ជួប​​នាយករដ្ឋមន្ត្រី រាយការណ៍​ព័ត៌មាន​ពិត​ពី​ស្ថានភាព​ទេសចរណ៍

0:00 / 0:00

ក្រុម​ស្ត្រី​រត់​ម៉ូតូ​កង់​បី​នៅ​តំបន់​អង្គរ ខេត្ត​សៀមរាប​ ចង់​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​ផ្ទាល់ ដើម្បី​ផ្តល់​មតិយោបល់​ដែល​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន។

ពួកគាត់​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ការ​ពិត​ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ និង ​កុំ​ជឿ​តែ​របាយការណ៍​របស់​មន្ត្រី​ថ្នាក់​ក្រោម។

ក្រុម​ស្ត្រី​រត់​ម៉ូតូ​កង់​បី​នៅ​ខេត្ត​សៀមរាប ទទូច​ឱ្យ​រដ្ឋាភិបាល ទទួល​យក​មតិ​យោបល់​របស់​ពួកគាត់​ទៅ​ដោះស្រាយ​ឱ្យ​ចំ​គោលដៅ ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ ​ដែល​អាច​ទទួល​បាន​ប្រាក់​កម្រៃ​សមរម្យ​ពី​វិស័យ​ទេសចរណ៍​ឡើង​វិញ។

តំណាង​ក្រុម​ស្ត្រី​ម៉ូតូ​កង់បី និង​ជា​ប្រធាន​សមាគម​អ្នក​បើក​បរ​រ៉ឺម៉ក​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប លោកស្រី គីម សុខលៀង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៤ មករា ថា ក្រុម​ស្ត្រី ៣០នាក់ ដែល​​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​តំបន់​អង្គរ ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ខ្សត់​ភ្ញៀវ​ទេសចរ​ដឹក ដោយ​ពុំ​ទទួល​បាន​ប្រាក់​កម្រៃ​សមរម្យ​នៅ​ឡើយ​ទេ ស្របពេល​ដែល​​ភ្ញៀវ​ទេសចរ​បរទេស​ភាគ​ច្រើន បាន​ទទួល​កញ្ចប់​សេវាកម្ម​របស់​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ។

លោកស្រី គីម សុខលៀង៖«ព័ត៌មាន​ស្រុក​ខ្មែរ​គឺ​ភាគ​ច្រើន​អត់​ការ​ពិត​ទេ​បាន​តែ​អួត​តែ​ប៉ុណ្ណោះ!រដ្ឋាភិបាល​គួរតែ​ចុះ​មក​ជួប​ពួក​យើង ជឿ​ពួក​យើង​ផង​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច?ចាំ​ខ្ញុំ​នឹង​ប្រាប់​ពី​ការ​អភិវឌ្ឍ​​ប្រទេស​រួមគ្នា។ និយាយ​នេះ​ខ្ញុំ​មិនមែន​ចង់​បាន​អ្វី​ទេ​ ខ្ញុំ​គ្រាន់តែ​ចង់​ឃើញ​ប្រជាជន​ខ្មែរ​រស់​នៅ​ក្ដី​សុខ​ស្មើ​គ្នា​ប៉ុណ្ណោះ ព្រោះ​លំបាក​ណាស់​រាល់​ថ្ងៃ​មិនមែន​លំបាក​ធម្មតា​ទេ»។

លោកស្រី គីម សុខលៀង ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​បញ្ឈប់ ផ្សព្វផ្សាយ​របាយការណ៍​បំប៉ោង​តួលេខ​ បំផ្លើស​ការពិត​ពី​ចំនួន​ភ្ញៀវ​ទេសចរ ដើម្បី​ចៀសវាង​ឱ្យ​មហាជន​យល់​ច្រឡំ ​ព្រមទាំង​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​អង្គរ​មិន​សប្បាយ​ចិត្ត។

លោកស្រី​បន្ថែម​ថា ប្រសិន​បើ​ពួក​លោកស្រី បាន​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកស្រី​នឹង​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ ជំរុញ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​​កែ​លម្អ​ចំណុច​ខ្វះខាត​ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ជុំ​វិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី​លោក មាស សុភ័ណ្ឌ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៤ មករា។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័គ ក៏​មិន​ទាន់​អាច​ទាក់​ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ថ្មីៗនេះ ក្រសួង​ព័ត៌មាននិង​ក្រសួង​ទេសចរណ៍បាន​ជូន​ដំណឹង​ស្តី​ពី​ការ​រៀបចំ​«ពិធី​ផ្សព្វ​ផ្សាយ​លើកកម្ពស់​វិស័យ​ទេសចរណ៍និង​​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ» ។ ពិធីនេះមានការចូលរួម ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា និង រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍លោក ហួត ហាក់ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ១៥ ខែ​មករាឆ្នាំ២០២៥ខាង​មុខ​នេះ នៅ​រាជ​ធានី​ភ្នំពេញ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ ​និង​ផែនការ​ប្រែ​ក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ ប្រកប​ដោយ​ភាព​ទាក់​ទាញ សម្បូរ​បែប​ ​ព្រមទាំង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​​ ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍។

ជុំវិញ​រឿង​នេះ ប្រធាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្ត​សៀមរាប លោក ខៀវ ធី គាំទ្រ​សំណើ​របស់​ក្រុម​ស្ត្រី​ ដែល​ចង់​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ឱ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​រូប​នេះ​ ទទួល​យក​ទុក្ខ​កង្វល់​របស់​ពួកគាត់ ដោះស្រាយ​ឱ្យ​ចំ​គោលដៅ។

លោក ខឿវ ធី៖៖គំនិត​ពួកគាត់​គឺ​ល្អ​ ព្រោះ​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ក៏​ចង់​ឱ្យ​មាន​ការ​ប្រជុំ​រួម​មួយ​ដើម្បី​លើក​ឡើង​ពី​វិស័យ​ទេសចរណ៍​នេះ ព្រោះ​វា​មាន​ប្រយោជន៍​ទាំង​ពួកគាត់ ទាំង​ក្រុម​បើកបរ​តុកៗ អ្នក​លក់​ដូរ ផ្ដល់​សេវាកម្ម​ទេសចរណ៍ សណ្ឋាគារ និង​ផ្ទះ​សំណាក់​ផ្សេងៗ​ ដើម្បី​ឱ្យ​ពួកគាត់​មាន​ឱកាស​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដោះស្រាយ​រួមគ្នា»។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០២៤​ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦​លាន​នាក់។ ចំនួន​នេះ​កើន​ឡើង ២២​ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ២០២៣។

ក្រុម​ស្ត្រី​រត់​ម៉ូតូ​កង់​បី​រំពឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​បើក​ចិត្ត​ទូលាយ​ជួប​ពួកគាត់​ដោយ​ផ្ទាល់​នៅ​ពេល​ឆាប់ៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។