អ្នក​ជំនាញ​កសិកម្ម​បារម្ភ​អំពី​ការ​លក់​ដីស្រែ​ប្រែ​ទៅជា​តំបន់​ពុះ​ដី​ឡូត៍​សម្រាប់​សង់ផ្ទះ​ល្វែង​លក់

ដោយ សេក បណ្ឌិត
2019-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជាអតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជាអតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

អ្នកជំនាញ​កសិកម្ម និង​សេដ្ឋកិច្ច បារម្ភ​អំពី​ការលក់​ដីស្រែ ហើយ​ប្រែ​ក្លាយទៅជា​តំបន់​ពុះ​ដី​ឡូត៍​សម្រាប់​សង់ផ្ទះ​ល្វែង​លក់ ដែល​បញ្ហា​នេះ​អាច​កើតមាន​ហានិភ័យ​ខ្ពស់​ដល់​ការ​ផ្គត់​ស្បៀង និង​វិបត្តិ​ខ្វះ​ដី ដែលមាន​សក្តានុពល​ស​ម្រា​ប់​បង្កបង្កើនផលរ​បស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​ខាងមុខ។ ពួកគាត់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និ​ភាគី​ពាក់ព័ន្ធ​នានា គួរ​មាន​វិធានការ​ទប់ស្កាត់ និង​ពន្យល់​កសិករ អំពី​ហានិភ័យ​មួយចំនួន​ជុំវិញ​រឿងនេះ។ តែ​ទោះ​យ៉ាងណាក្តី អ្នកជំនាញ​ខាង​អចលនទ្រព្យ ថា​បញ្ហា​នេះ គឺជា​និន្នាការ​សង្គម មាន​ការ​វិវឌ្ឍន ដែល​ពិបាក​នឹង​ទប់ស្កាត់។

អ្នកជំនាញកសិកម្ម បារម្ភអំពីការលក់ដីកស្រែ ដោយប្រែក្លាយទៅជាតំបន់ពុះដីឡូតិ៍លក់ ឬសង់​ផ្ទះ​ល្វែង ដោយសារតែនិន្នាការនេះ ចេះតែមានសន្ទុះកើនឡើងខ្ពស់។

លោក បណ្ឌិត យ៉ង សាំង កុមារ​មានប្រសាសន៍ថា បញ្ហា​នេះ​អាច​ជារឿងល្អ ហើយក៏អាច​ជារឿងមិន​ល្អ​ដែរ។ រឿងល្អ គឺកសិករ លក់ដីបានលុយដុំច្រើនភ្លាមៗ ចំណែករឿងមិនល្អ​មិនល្អនោះ គឺមានការ​បរម្ភ​ច្រើន ទាក់ទងនឹងការចិញ្ចឹមជីវិតយូរអង្វែងរបស់កសិករ។

លោក​ថ្លែងឲ្យដឹងបែបនេះតាមរយៈវីដេរឃ្លីបមួយមានរយៈពេលជាង២នាទី ដែលលោកឈរ​នៅចំ​កណ្តាលវាលស្រែដ៏ធំមួយ ស្ថិតនៅក្នុងខេត្តកំពត ហើយ​វីឌីអូ​ឃ្លីប​នោះ បាន​ផុស​នៅ​លើ​ទំព័រ Face book នៃ​សហគមន៍ សម្បូរសប្បាយ​កាល​ពី​ប៉ុន្មាន​​សប្ដាហ៍​មុន​នេះ៖ «បាទ​នេះ​ជា​វាល​ស្រែ ដ៏​ធំ​ល្វឹង​ល្វើយ ឃើញដោយទង់ពេញ​ពាសវាលពាសកាលហ្នឹង! គឺជាវាលស្រែស្ថិតនៅស្រុក ស្ថិត នៅ​ស្រុកជុំគីរី ខេត្ត​កំពត ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ១រយ​គីឡូ​ម៉ែត្រ​ពី​រាជធានីភ្នំពេញ ហើយ​វាល​ស្រែ​នេះ ​ត្រូវ​បាន​កសិករនាំគ្នាលក់​ទៅឲ្យអ្នក​វិនិយោគ​ទុនពុះជាដីឡូតិ៍លក់»

លោកបន្តថា​ជាទូទៅកសិករសឹងគ្រប់ទីកន្លែងតែងតែមាន​បញ្ហាប្រឈម​នឹងការ​ធ្វើ​ស្រែ​ចម្ការ និង​ប្រាក់​ចំណូល។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ កសិករ​នាំ​គ្នា​លក់​ដី ដែល​ធ្វើ​ឲ្យ​ពួក​គាត់​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ការ​ធ្វើ​ស្រែ​ចម្ការ និង​ឆាប់​រហ័ស។

លោក បណ្ឌិត យ៉ង់ សាំងកុមារ ថាការធ្វើដូច្នេះ ជារឿងល្អសម្រាប់កសិករ ដើម្បីដោះស្រាយបញ្ហា​ផ្សេងៗក្នុង​ជីវភាពគ្រួសារបានក្នុងរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេលវែងតទៅមុខទៀត ពួកគាត់​នឹង​អាច​ជួប​ហានិភ័យ​ច្រើន បន្ទាប់​ពី​ពួក​គាត់​អស់​ដី​ស្រែ​សម្រាប់​បង្ក​បង្កើន​ផល។ លោក​បាន​លើក​ជា​សំណួរ​ថា បើ​ទៅ​ថ្ងៃ​មុខទៀត គ្រួសារពួកគាត់មាជួបបញ្ហាទៀត តើ​ពួក​គាត់​ដោះ​ស្រាយ​យ៉ាង​ដូច​ម្តេច? បើ​លុយ​ក៏​អស់ ដី​ក៏​ស្រែ​ក៏​បាត់បង់ និង​គ្មាន​កន្លែង​បង្ក​បង្កើន​ផល​ទៀត​នោះ?«នេះ​ជា​រឿង​ដែល​យើង​ត្រូវ​គិត​ពិចារណា ហើយ​រឿង​សំខាន់​មួយ​ទៀត​នោះ បើ​ដីស្រែ​ត្រូវ​បាន​បម្លែង ឬ​ពុះ​ឡូតិ៍​លក់ ឬ​ក៏​អភិវឌ្ឍន៍​អី​ផ្សេងៗ ក៏​វា​អាច​ប៉ះពាល់​ដល់​ផលិតកម្ម​ស្បៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ»

ចំណែក​ទីប្រឹក្សា​ឯករាជ្យ ផ្នែក​កសិកម្ម លោក សំ វិទូ មានប្រសាសន៍ថា ការ​បំប្លែង​ផ្ទៃ​ដី​ដាំ​ដុះ ទៅជា​ដីឡូតិ៍ សម្រាប់សង់ផ្ទះល្វែងលក់ ពេលនេះនៅមានចំនួនតិចនៅឡើយ គឺប្រមាណ ១% ប៉ុណ្ណោះ ក្នុង​ចំណោមផ្ទៃដី​កសិកម្ម​ប្រមាណ​ជាង ៣លាន​ហិកតា​រ។ លោក​ថា ចំនួន​នេះ​មិន​ទាន់​ផ្ដល់​នូវ​ផល​ប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែបច្ចុប្បន្នបញ្ហានេះលោកមើល​ឃើញថា កំពុង​មាន​និន្នាការ​កើន​ឡើង។ លោក​ក៏មានក្តីព្រួយបារម្ភដែរ បើសិននិន្នាការនេះ ចេះ​តែ​កើន​ឡើង​ខ្លាំង​រហូត​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​ វានឹងធ្វើឲ្យមាន​ផល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ពាក់ព័ន្ធ​ដល់​គម្រោង​ផ្គត់ផ្គង់​ស្បៀង​ប្រចាំ​ឆ្នាំ ទាំង​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ក្រៅ​ប្រទេស។

លោកបន្តថា កត្តាមួយចំនួនដែលនាំឲ្យ ប្រជាពលរដ្ឋបោះបង់របបកសិកម្ម ហើយ​លក់​ដី​ស្រែ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​គ្រប់គ្រងវិញនោះ គឺពួកគាត់ធ្វើមិនបានផលចំណេញ និង​ប្រឈម​នឹង​ខាត​បង់ ហើយ​ឈាន​ដល់​ជំពាក់​បំណុល​ធនាគា​រដោះ​ស្រាយ​មិន​រួច​ជា​ដើម។

ទោះ​យ៉ាងណាក្តី លោកថា​បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន បើ​សិន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ជួយ​ពួក​គាត់ ដូច​ជា ផ្តល់បច្ចេកទេស ដើមទុន បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ និង​ទីផ្សារ​ជា​ដើម។

ចំណែក​អ្នក​វិភាគ​សេដ្ឋកិច្ច និង​ទីផ្សារ​អចលនទ្រព្យ​ លោក ង៉ែត ជូ មើល​ឃើញ​ថា ការដែល​កសិករ​បំប្លែង​ផ្ទៃ​ដី​ដាំ​ដុះ ទៅជា​ដីឡូតិ៍​សម្រាប់​សង់​ផ្ទះ​ល្វែង​នេះ គឺ​ជា​និន្នាការ​សង្គម ដែល​ពិបាក​នឹង​ចៀសវាង​បាន ដោយ​សារ​​វា​ជា​តម្រូវ​ការ​ជាក់​ស្ដែង​ទាក់ទង​​​ការ​​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ ដែល​ចាំបាច់​ត្រូវការ​លំនៅ​ឋាន​ស្នាក់​សមរម្យ​ ចេះ​តែ​កើន​ឡើង​ដែរ៖ «ម្យ៉ាង​បើ​យើង​និយាយ​ពី​តម្លៃ​សេដ្ឋកិច្ច​របស់​វា គឺ​មាន​ការ​កើន​ឡើង​នៃ​ដី​នោះ មាន​ន័យ​ថា​ដី​នោះ មាន​តម្លៃ​ជាង​មុន លក់​បាន​ថ្លៃ ដូច្នេះ​​បើ​គាត់​ទុក​ធ្វើ​របរ​កសិកម្ម​ពួក​គាត់​មាន​ការ​លំបាក»

ជាមួយគ្នានេះ លោក​ក៏មានការព្រួយបារម្ភដែរ ចំពោះការផ្លាស់ប្តូរ​មុខរបរ​របស់កសិករ ដោយលក់​ដីនេះ ពីព្រោះ​បើ​ពួក​គាត់​មួយ​ចំនួន មិន​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ពង្រីក​អាជីវកម្ម ពង្រីក​ចំណេះដឹង សម្រាប់​អនាគត​កូន​ចៅ​ក្នុង​គ្រួសារ​គាត់​នោះ​ទេ ហើយ​បែរ​ជា​លង់​ខ្លួន​ដោយ​យក​ប្រាក់​ពី​ការ​លក់​ដី​នោះ ទៅ​ប្រកួត​ប្រជែង​ចំណាយ​លើ​សម្ភារៈ​និយម​តាម​គ្នា ដោយ​កង្វះ​ចំណេះដឹង​នោះ គឺ​ជា​ហានិភ័យ​មែនទែន៖ «មាន​ន័យ​ថា គាត់​ឃើញ​អ្នក​ជិត​ខាង​លក់​ដី​ស្រែ​បាន​ថ្លៃ ឃើញ​គេ​ទិញ​របស់​ថ្លៃ​ប្រើប្រាស់ ទិញ​រថយន្ត​ជិះ ធ្វើ​ផ្ទះ​ធំ​ជាង​មុន គេ​ឧស្សាហ៍​ចេញ​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស អ្នក​ខ្លះ​ឈាន​ដល់​លេង​ល្បែង​ស៊ីសង​អី​ទៀត​នោះ ករណី​នេះ គឺ​ជា​បញ្ហា​ប្រឈម​មែនទែន តាំង​ពី​ជំនាន់​គាត់ រហូត​ដល់​កូន​ចៅ​គាត់​ក្រោយៗ ទៀត ពីព្រោះ​គាត់​​អត់​បាន​វិយោគ​លើ​អនាគត​ជាមួយ​កូន​ចៅ​គាត់ គឺ​ចង់​សំដៅ​ដល់​ការ​ចំណាយ​លើ​ការ​បណ្ដុះ​ចំណេះ​ជំនាញ ផ្ដល់​អប់រំ​កូន​ដល់​កូន​ចៅ ឬ​បង្កើត​មុខ​របរ​អ្វី​មួយ​ដែល​ជា​គំរូ ដល់​កូន​ចៅ​គាត់​ជាដើម»

លោក​បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម ឬ​កុំ​ឲ្យ​មាន​ហានិភ័យ​ទាំង​នេះ​កើត​ឡើង​សម្រាប់​កសិករ​ដី​នោះ បញ្ហា​ទាំង​នេះ គួរ​តែ​ជា​បន្ទុក​របស់​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន គួរ​មាន​កម្មវិធី​ចុះ​ជួយ​អប់រំ ផ្តល់​ចំណេះ​ដឹង​អំពី​ការ​បង្កើត​អាជីវកម្ម ការ​ធ្វើ​ផែន​ការ ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​សុវត្ថិភាព ឬ​ពន្យល់​ណែនាំ​អំពី​ហានិភ័យ​មួយ​ចំនួន​ក្រោយ​ពេល​លក់​ដី​ស្រែ​ចម្ការ​នោះ៖ «គួរ​តែ​មាន​កម្មវិធី​អប់រំ​ជួយ​ពន្យល់​ដល់​ពួក​គាត់​ថា ពេល​បាន​លុយពី​ការ​លក់​​ដី​​នោះ ពួក​គាត់​គួរ​បង្កើត​មុខ​របរ​អ្វី ឬ​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​គាត់ ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​គាត់​បាន​យូរ​អង្វែង ដើម្បី​កុំ​ឲ្យ​ការ​បាត់បង់​ដី គឺ​បាត់បង់​អ្វីៗ បាត់​បង់​ឱកាស ហើយ​កូន​ចៅ​គាត់​ក្លាយ​ជា​ជន​ចំណាក​ស្រុក»

ចំណែក លោក បណ្ឌិត យ៉ង់ សាំងកុមារ វិញ លោក​មិន​លើក​ទឹក​ចិត្ត កសិករ លក់ ដីស្រែ ចម្ការ ទេ ផ្ទុយ​ទៅ​វិញ លោក​ទឹក​ចិត្ត ឲ្យ​រក​វិធី​អភិវឌ្ឍ​ដី​ស្រែ​ទាំង​នោះ​ឲ្យ​មាន​ប្រយោជន៍​ឈាន​ឡើង​ថែម​ទៀត​ និង​រក​ចំណូល​បាន​ច្រើន​ពី​ដី​ស្រែ​នោះ​ជា​បន្ត​បន្ទាប់ ។ លោក​បន្ត​ថា រឿង​គឺ​ជា​បន្ទុក​រដ្ឋាភិបាល ​​ហើយ​លោក​ក៏​ទាមទារឲ្យ កសិករ រដ្ឋាភិបាល ឬ​អាជ្ញាធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់​ជុំវិញ​បញ្ហា​នេះ មុន​នឹង​លក់​ដី ឬអនុញ្ញាតឲ្យមានការអភិវឌ្ឍ​ដី​ស្រែ​ឲ្យ​ទៅ​ជា​ដី​ឡូត៍​សង់ផ្ទះ​ល្វែង និង​គួរ​តែ​បន្ត​គាំទ្រ​ដល់កសិករ ឲ្យមានការអភិវឌ្ឍ​លើ​ការ​ចិញ្ចឹម​ជីវិត​របស់​ពួកគាត់​បាន​យូរអង្វែង​​តាម​រយៈ​របប​កសិកម្មបែបទំនើបនោះ ជា​ការ​ប្រសើរ៖ «ដី​ស្រែ​ទាំង​នេះ បើ​យើង​បម្លែង​ជា​កសិកម្ម​ចម្រុះ កសិដ្ឋាន ​«ស៤» មាន​ស្រែ មាន​សួន មាន​សត្វ មាន​ស្រះ​ទឹក​អី​អញ្ចឹង​ទៅ អាច​ជួយ​ឲ្យ​កសិករ​មាន​ប្រាក់​ចំណូល ហើយ​ក៏​ជា​ជម្រើស​មួយ​សម្រាប់​គាត់ មុន​នឹង​សម្រេច​ចិត្ត​លក់​ដីធ្លី»

អាស៊ី​សេរី មិនទាន់ អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុទ្ធី ដើម្បី ​សុំ​ការ​ពន្យល់​អំពី​រឿង​នេះ​បាន​ទេ ចាប់​ពី​ថ្ងៃ​ទី២០ មិថុនា រហូត​ដល់​ម៉ោង​ផ្សាយ​នេះ។

លោក ង៉ែត ជូ ឲ្យ​ដឹង​ថា លោក​មិន​មាន​ស្ថិតិ​ទូទៅ​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​លោក​អាច​ដឹង​បាន​ថា ត្រឹម​ចម្ងាយ ២០គីឡូ​ម៉ែត្រ ពី​កណ្ដាល​ក្រុង​ភ្នំពេញ ឬ​ទីប្រជុំជន​នានា គឺ​ស្ទើរ​តែ ១០០% ទៅ​ហើយ ដែល​ដី​ស្រែ​ចម្ការ​ទាំង​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ដី​លំនៅឋាន ឬ​ជា​តំបន់​ដី​ឡូត៍​សម្រាប់​សង់​ផ្ទះ​ល្វែង​ទៅ​ហើយ។

ចំណែក​ចម្ងាយ​ចន្លោះ​ពី ២០ ទៅ ៥០គីឡូ​ម៉ែត្រ​ពី​ទីប្រជុំជន នៅ​មាន​ដី​កសិកម្ម​​​ច្រើន​​នៅ​ឡើយ ប៉ុន្តែ​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ម្ចាស់ ដោយ​គេ​លក់​ទៅ​ឲ្យ​អ្នក​វិនិយោគ​រួច​ទៅ​ហើយ ប៉ុន្តែ​ម្ចាស់​ដើម​នៅ​អាច​បន្ត​ធ្វើអាជីវកម្ម​ស្រែ ចម្ការ បណ្ដោះអាសន្ន​​​​បាន ប៉ុន្តែ​លោក​ព្យាករ​ថា ចន្លោះ​ពី ១០ ទៅ ១៥ឆ្នាំ​ខាងមុខ​ទៀត​ ដី​ទាំង​នោះ នឹង​អាច​ក្លាយ​ជា​ដី​សង់​លំនៅឋាន​សម្រាប់​លក់ វិនិយោគ​លើ​អាជីវកម្ម​ផ្សេងៗ ឬ​ក្លាយ​ជា​ដំបន់​ឧស្សាហកម្ម​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល