ក្រសួងកសិកម្មប្រតិកម្មចំពោះការព្រួយបារម្ភរឿងសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA នាំឲ្យប៉ះពាល់ដល់ប្រជាកសិករជាងកន្លះលានគ្រួសារ។ ក្រសួងកសិកម្មអះអាងថា រដ្ឋាភិបាលបានចេញវិធានការចាំបាច់រួចហើយ ចំពោះការយកពន្ធអង្ករទៅចេញទៅទីផ្សារសហភាពអឺរ៉ុប។ រីឯសង្គមស៊ីវិលយល់ថា ទោះបីជារដ្ឋាភិបាលដាក់ចេញវិធានការបែបណាក្តី ប៉ុន្តែការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប គឺនៅតែធ្លាក់ចុះ ប៉ះពាល់ដល់កសិករខ្មែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ប្រឈមមុខនឹងស្ថានភាពដែលសហភាពអឺរ៉ុប ចាប់ផ្តើមយកពន្ធលើអង្ករកម្ពុជានេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីលើកកម្ពស់ធុរកិច្ចស្រូវអង្ករ ដូចជា ជួយអន្តរាគមន៍កាត់បន្ថយថ្លៃដើមផលិត កែឆ្នៃ និងវេចខ្ចប់ជាដើម ដើម្បីឲ្យអង្ករកម្ពុជា អាចប្រគួតប្រជែងទីផ្សារបាន។
ក្រសួងកសិកម្មបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ សីហាថា ក្រសួងបានដាក់ចេញវិធានការបច្ចេកទេសផលិតកម្ម ដែលទទួលបានទិន្នផលខ្ពស់ និងចំណាយតិច។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ទៀតថា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានជំរុញឲ្យសមាគមន៍ម៉ាស៊ីនកិនស្រូវខិតខំសមត្ថភាពកែឆ្នៃអង្ករឲ្យមានគុណភាពបន្ថែមទៀតសម្រាប់បម្រើទីផ្សារអន្តរជាតិផងដែរ។
ក្រៅពីបញ្ជាក់ពីវិធានការទាំងនេះ ក្រសួងកសិកម្មក៏បានប្រតិកម្មចំពោះអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលបាននិយាយក្នុងវិទ្យុអាស៊ីសេរី អំពីក្តីបារម្ភរបស់លោកជុំវិញផលប៉ះពាល់លើកសិករ ក្នុងករណីសហភាពអឺរ៉ុបដក EBA ពីកម្ពុជាដែរ។ ក្រសួងបញ្ជាក់ថា នេះគ្រាន់តែជាយល់ឃើញផ្ទាល់ខ្លួនរបស់លោក ថេង សាវឿន មិនមែនការយល់ឃើញរបស់សហគមន៍កសិកម្មឡើយ ហើយលោក ថេង សាវឿន ក៏មិនមែនតំណាងឲ្យសហគមន៍កសិកម្មនៅប្រទេសកម្ពុជានោះដែរ។
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ឆ្លើយតបថា លោកមិនដែលអះអាងថា លោកជាតំណាងឲ្យសហគមន៍កសិកម្មទូទាំងប្រទេសម្ដងណាឡើយ ហើយអ្វីដែលលោកបញ្ចេញមតិ គឺក្នុងក្របខណ្ឌរបស់សមាជិកនៅតាមតំបន់គោលដៅ ដែលសមាគមរបស់លោកកំពុងធ្វើការជាមួយតែប៉ុណ្ណោះ។ លោកបន្តថា ការបញ្ចេញមតិព្រួយបារម្ភរបស់លោកនេះ គឺគ្រាន់តែដើម្បីជួយវិភាគទានបែបស្ថាបនាក្នុងការចូលរួមចំណែករកវិធីសាស្រ្តដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ ឬការបាត់បង់អត្ថប្រយោជន៍របស់កសិករ ដែលធ្លាប់ទទួលបានពីកម្មវិធីអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។ លោកបន្ថែមទៀតថា លោកទទួលស្គាល់អំពីការអន្តរាគមន៍របស់រដ្ឋាភិបាលលើវិស័យស្រូវអង្ករដែរ ប៉ុន្តែបន្ទាប់ពីសហភាពអឺរ៉ុបចាប់ផ្តើមយកពន្ធលើអង្ករកម្ពុជាមក គឺការនាំអង្ករទៅទីផ្សារអឺរ៉ុបក្នុងឆមាសទី១ បានធ្លាក់ចុះអស់ ៥០ភាគរយ៖ « អ្វីដែលខ្ញុំព្រួយបារម្ភបំផុត គឺក្នុងករណីនៅពេលមានការព្យូរ EBA គឺអាចប៉ះពាល់ដល់ផលិតភាពនៃផលិតផលកសិកម្មផ្សេងៗ ទៀត ដែលអាចនាំចេញ ខណៈសហភាពអឺរ៉ុបយកពន្ធទៅលើវិស័យផ្សេងៗ មិនមែនតែស្រូវអង្ករទេ នោះ គឺវាបង្កឲ្យមានផលវិបាក និងធ្វើឲ្យបាត់បង់នូវអត្ថប្រយោជន៍របស់កសិករទាំងអ្នកវិនយោគទុនទាំងអ្នករកស៊ីដែរ » ។
លោក បន្តថា ការជួយអន្តរាគមន៍របស់រដ្ឋាភិបាលនេះ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ រដ្ឋាភិបាល ហើយអ្វីដែលសង្គមស៊ីវិលចង់បាននោះ គឺដំណោះស្រាយ ដែលកម្ពុជាអាចរក្សាបាននូវប្រពន្ធអនុគ្រោះពន្ធ EBA បន្តទៅទៀត។
កាលពីចុងសប្តាហ៍មុន សហព័ន្ធស្រូវអង្ករកម្ពុជា ចេញសេចក្ដីប្រកាសថា គ្រាន់តែសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជានោះ បានធ្វើឲ្យកសិករខ្មែរឈឺចាប់រួចទៅហើយ ទម្រាំសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ថែមទៀត គឺកសិករខ្មែរនឹងកាន់តែឈឺចាប់បន្ថែមទៀត ព្រោះថាឧស្សាហកម្មស្រូវអង្ករ នឹងត្រូវបំផ្លាញខ្ទេចខ្ចី និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ។ សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា គ្រាន់តែនៅដើមឆមាសទី១ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញអង្ករកាន់ទីផ្សារសហគមន៍អឺរ៉ុប បានធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយសារតែសហគមន៍អឺរ៉ុបបានយកពន្ធលើការនាំចូលអង្ករពីកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជាស្នើសុំសហភាពអឺរ៉ុប ឱ្យបន្តការអនុគ្រោះពន្ធក្រោមកម្មវិធី ''អ្វីៗ ទាំងអស់ លើកលែងតែអាវុធ ឬ EBA'' ដល់កម្ពុជាតទៅទៀត ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ និងរក្សានូវកិច្ចប្រឹងប្រែងកន្លងមក ក្នុងការពង្រីកការផលិតស្រូវអង្ករ ដែលស្របតាមស្តង់ដារអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។