អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ដែលហាននិយាយរិះគន់របបក្រុងភ្នំពេញ ឥតសំចៃមាត់ ថា កម្ពុជាពិបាកលុបបំបាត់ប្រាក់ដុល្លារ ដោយសារសេដ្ឋកិច្ចកម្ពុជាពឹងទាំងស្រុងលើបរទេស។ លោកបន្តថា ប្រទេសកម្ពុជា ដែលខ្វះឯករាជ្យភាពក្នុងការដឹកនាំនយោបាយរូបិយវត្ថុយូរយារណាស់មកហើយនោះ ឥឡូវបន្ថែមបន្ទុកមួយទៀត គឺវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារបញ្ហាជំងឺកូវីដ-១៩។
ប្រតិកម្មរបស់លោក គឹម សុខ ធ្វើឡើងស្របពេលដែលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា បានប្រកាសប្រមូលក្រដាសប្រាក់ដុល្លារប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ចូលឃ្លាំងឱ្យអស់ ត្រឹមរយៈពេល ៣ ខែ គិតចាប់ពីពេលនេះតទៅ។ ក្រោយប្រមូលអស់ហើយ ធនគារជាតិនៃកម្ពុជា នឹងដឹកជញ្ជូនក្រដាសប្រាក់ទាំងនេះទៅក្រៅប្រទេស។ ធនាគារជាតិ អះអាងថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាចរាចរណ៍ប្រាក់ដុល្លារទាំងនេះ។ ក្រោយប្រមូលក្រដាសប្រាក់ដុល្លារទាំងនេះអស់រួច ធនាគារជាតិនឹងកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទក្រោម ១០ដុល្លារនេះ ទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថ។
លោក គឹម សុខ ដែលកំពុងនិទ្ទេសខ្លួននៅប្រទេសហ្វាំងឡង់ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៨ ខែឧសភា ថាអ្វីដែលកម្ពុជាត្រូវធ្វើជាចម្បង ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាអាចឈរដោយខ្លួនឯងបានរឹងមាំ គឺការដាក់ចេញផែនការស្ថាបនាមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសការពង្រឹងផលិតកម្មក្នុងស្រុក។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក ហ៊ុន សែនជាង ៣០ ឆ្នាំមកហើយនេះ សេដ្ឋកិច្ចកម្ពុជានៅតែខ្ចីដង្ហើមគេដកដដែល។ ដូច្នេះលោក គឹម សុខ ថា កិច្ចខិតខំប្រឹងប្រែងលុបបំបាត់លុយដុល្លារនៅពេលនេះ គឺគ្មានបានប្រយោជន៍អ្វីនោះឡើយ៖ «នយោបាយបដិដុល្លាររូបនីយកម្មនៅពេលហ្នឹងទៅយ៉ាងម៉េចនឹងរួច។ សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងពីការអនុគ្រោះសេដ្ឋកិច្ចនៃបណ្តាធំៗ ដូចជាអាមេរិក និងសហភាពអឺរ៉ុប។ ការដាក់គោលនយោបាយនេះ វាអត់ខុសទេ ប៉ុន្តែវាអត់ទៅមុខរួច ដោយសារតែកម្ពុជាយើងគ្មានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ។ អត់បានបង្ហាញផែនការនយោបាយសេដ្ឋកិច្ចឱ្យច្បាស់លាស់។ អត់បានបញ្ចេញលុយក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ ហើយកន្លងមក អ្វីដែលគាត់ធ្វើនិយាយចោលៗ»។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ ករណីប្រមូលក្រដាសប្រាក់ដុល្លារប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ បានធ្វើឱ្យមតិសាធារណជនមួយចំនួន ច្របូកច្របល់ ព្រោះបារម្ភអំពីបញ្ហាឈប់ចាយលុយដុល្លារ។ ប៉ុន្តែ ធនាគារជាតិអះអាងថា វិធានការនេះ គឺដើម្បីពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។