តំបន់​អាងភាស ខេត្ត​បាត់ដំបង ក្លាយជា​កន្លែង​ទេសចរណ៍​បង្កើត​មុខរបរ​ដល់​អ្នកភូមិ​មួយ​ចំនួន

អាង​ភាស ដែល​ធ្លាប់​ជា​វាលស្រែ​ល្វឹងល្វើយ និង​មិន​សូវ​មាន​អ្នក​ស្គាល់ ពេល​នេះ​ប្រែ​ក្លាយ​មាន​សភាព​អ៊ូអរ មាន​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត ជា​រៀងរាល់ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ ជាពិសេស​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​បង្កើត​មុខរបរ​ដល់​អ្នកភូមិ​មួយ​ចំនួន។

បន្ទាប់ពី​សាងសង់​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ នៅ​តាម​បណ្ដោយ​ខ្នង​អាង និង​កសាង​ទ្វារ​ទឹក​ជា​ច្រើន​កន្លែង ពេល​នេះ​អាងភាស ស្ថិត​នៅ​ស្រុក​ឯកភ្នំ ដែល​មាន​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង នឹង​មិន​ស្ងប់ស្ងាត់​ឯកោ​ដូច​ពេល​មុន​នោះ​ទេ ដោយ​មាន​ភ្ញៀវ​ក្នុង​ស្រុក​មក​ជិះទូក​លេង​កម្សាន្ត​នៅ​រដូវ​ទឹក​ឡើង។

សំឡេង​ម៉ាស៊ីន​ទូក លាន់ឮ​ពេញ​ផ្ទៃ​អាង។ ភាព​អ៊ូអរ​នៅ​លើ​ផ្ទៃ​ទឹក​នេះ បាន​នាំមក​នូវ​មុខ​របរ​ដល់​អ្នកភូមិ​មួយចំនួន ដែល​សុទ្ធ​សឹង​ជា​អ្នកនេសាទ រក​ខ្យង និង​ធ្វើស្រែ​ចម្ការ។

អង្គុយ​លើ​ក្បាលទូក​ស្មាច់​តូចៗ​អូស​ដោយ​ម៉ាស៊ីន​សាំង អ្នក​បើក​ទូក​ដឹក​ភ្ញៀវ គឺ​យុវជន ថន ប៊ុនថាន អាយុ​ប្រហែល ១៥​ឆ្នាំ ឱ្យ​ដឹង​ថា រូបគេ​បើកទូក​ដឹក​ភ្ញៀវ​ជិត​មួយ​ខែ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ពេល​ដែល​ទឹក​ឡើង​លិច​ចូល​ទំនប់​អាងភាស គឺ​តែងតែមាន​ពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​មកលេង​ជា​ហូរហែ​។ យុវជន​រូប​នេះ​បន្ត​ថា របរ​នេះ​ផ្ដល់​កម្រៃ​សមរម្យ ដោយ​ក្នុង​មួយថ្ងៃ​រូបគេ​អាច​រកបាន​ចន្លោះ​ពី​៥​ម៉ឺន ទៅ​៧​ម៉ឺន​រៀល។

យុវជន ថន ប៊ុនថាន៖ «ខែ​ទឹក​ច្រើន គេ​ជិះ​ដើរលេង ថតរូប​ថត​អី​អ៊ីចឹង ឆ្វែល​តាម​វាលស្រែ​មួយ​ភ្លែតៗ​។ បើ​ជិះ​ឆ្ងាយ គេ​យក​មួយ​នាក់ ៥​ពាន់​រៀល រាង​ថ្លៃ​បន្តិច ព្រោះ​សាំង​ឡើងថ្លៃ»។

សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ជិះ​លេង​កម្សាន្ត​ទៅ​មើល​ទេសភាព​នៅ​កណ្ដាល​ផ្ទៃ​បឹង ដោយ​ក្នុង​មួយ​លើក​មាន​រយៈពេល​ប្រហែល​២០​នាទី និង​យក​ថ្លៃ​ក្នុង​មនុស្ស​ម្នាក់ ៣​ពាន់​រៀល​(៣.០០០)។

ទោះជា​យ៉ាងណា សេវាកម្ម​ដឹក​ភ្ញៀវ​កម្សាន្ត​ក្នុង​អាង​នេះ គឺជា​មុខរបរ​តាម​រដូវ ដោយ​ភ្ញៀវ​មកលេង​តែ​នៅក្នុង​រដូវ​ទឹក​ឡើង​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​យុវជន​អ្នក​បើកទូក​ខ្លះ មាន​ក្ដី​ស្រមៃ ចង់ឱ្យ​តំបន់​អាងភាស មាន​អ្នក​មក​លេង​កម្សាន្ត​ទាំង​រដូវប្រាំង និង​រដូវវស្សា។

Anpheas2.jpg
ទិដ្ឋភាពពលរដ្ឋទៅលេង​នៅតំបន់អាងភាស ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៤ តុលា​ ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

យុវជន​បើកទូក​ដឹក​ភ្ញៀវ​ទេសចរ​ម្នាក់ទៀត ឈ្មោះ ធី វីរៈ ឱ្យ​ដឹង​ថា របរ​នេះ​ផ្ដល់​ការកម្សាន្ត​ប្លែក​អារម្មណ៍​ដល់​ពលរដ្ឋ​ផង និង​ទទួល​បាន​កម្រៃ​ផង​។ យុវជន​រូប​នេះ លើកឡើង​ថា បើ​ពឹង​ផ្អែកលើ​របរ​នេសាទ រក​ខ្យង និង​ធ្វើស្រែ​នោះ មិនអាច​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​អាភា​សមាន​ជីវភាព​ល្អ​ប្រសើរ​ឡើយ។ យុវជន ធី វីរៈ ស្នើ​ឱ្យ​អាជ្ញាធរ​អភិវឌ្ឍ​តំបន់​អាងភាស​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត និង​បង្កើត​មុខរបរ​ដល់​អ្នកភូមិ។

យុវជន ធី វីរៈ៖ «បាន​ដោយ​ថ្ងៃ ពេលខ្លះ​បាន​មួយថ្ងៃ ២​ម៉ឺន​ទៅ ៣​ម៉ឺន​រៀល​។ ធម្មតា ៣​ម៉ឺន បើ​មាន​គេ​មកលេង​ច្រើន​បាន ៥​ម៉ឺន»។

ភ្ញៀវ​ដែល​មក​ជិះទូក​លេង​កម្សាន្ត​នៅ​អាងភាស យុវជន វណ្ណ ចំរុង រៀបរាប់​ថា តំបន់​អាងភាស​នេះ មាន​ទេសភាព​វាលស្រែ​ស្អាត ខ្យល់​អាកាស​ល្អ​ជាង​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ចំនួន ជា​ពិសេស​ចំណាយ​ថ្លៃ​សេវាកម្ម​តិច និង​មិន​ចាំបាច់​ទិញ​សំបុត្រ។

យុវជន វណ្ណ ចំរុង៖ «បរិយាកាស​ស្រស់ស្រាយ ព្រោះ​អី​ទើបតែ​ធ្វើ​(​ទ្វារ​ទឹង​)​រួច»។

ទោះជា​យ៉ាង​នេះ​ក្ដី ល្បឿន​ដែល​អ្នក​បើកទូក​ជូន​ភ្ញៀវ​កម្សាន្ត​នៅ​លើ​ផ្ទៃ​អាង​នោះ លឿន​មិន​ចាញ់​ម៉ូតូ​ប្រណាំង​នោះ​ទេ ដោយ​ទូក​ខ្លះ លឿន​រហូត​បាត​ទូក​ទាំងមូល​ស្ទើរ​ហោះ​ផុត​ពី​ទឹក ហើយ​នៅ​សល់​តែ​ដង​ស្លាប​ចាក់​ប៉ុណ្ណោះ​។ ទន្ទឹម​គ្នា​នេះ អ្នក​ជិះ​ភាគច្រើន​មិន​មាន​អាវ​ពោង​សម្រាប់​ការពារ​ខ្លួន​ឡើយ​។ ប៉ុន្តែ​ក្រុម​អ្នក​បើកទូក​អះអាង​ថា ពួកគេ​នឹង​ចងក្រង​គ្នា​ជា​សហគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ក្រៅពី​ដឹក​ភ្ញៀវ​តាម​ទូក​ជិះ​កម្សាន្ត ពលរដ្ឋ​នៅ​តំបន់​អាងភាស ក្នុង​ឃុំ​ពាម​ឯក នេះ ក៏​មាន​លក់​ត្រី ក្ដាម ខ្យង​ធម្មជាតិ​ស្រស់ៗ ដែល​អ្នកភូមិ​រកបាន និង​ម្ហូបអាហារ បង្អែម ភេសជ្ជៈ ឱ្យ​អ្នក​ទៅ​កម្សាន្ត​ផង​ដែរ។

Anpheas3.jpg
ទិដ្ឋភាពពលរដ្ឋទៅលេង​នៅតំបន់អាងភាស ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៤ តុលា​ ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នកលក់​ទឹកកក​ឈូស និង​ចំណី នៅ​ជាប់​មាត់​អាង កញ្ញា ហួន ចាន់រ៉ាត់ និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា ក្នុង​មួយថ្ងៃ​កញ្ញា​អាច​លក់​ចំណេញ​ប្រាក់​បាន​ពី ៥​ម៉ឺន​(៥០.០០០)​ទៅ ៦​ម៉ឺន​រៀល​(៦០.០០០)​។ ក៏ប៉ុន្តែ កញ្ញា​ប្រាប់​ថា ចំនួន​ភ្ញៀវ​ដែល​មកលេង​នៅ​ទ្វារ​ទំនប់ទឹក​អាងភាស​នេះ ហាក់​ធ្លាក់ចុះ​ជាង​មុន​បន្តិច ដោយសារ​កាលពី​ដើមខែ​តុលា មាន​ករណី​ក្មេងស្រី​ម្នាក់ លង់ទឹក​ស្លាប់ ដែល​បណ្ដាល​ឱ្យ​ភ្ញៀវ​មួយចំនួន​មានការ​ភ័យខ្លាច និង​មិន​ហ៊ាន​មក​ម្ដងទៀត។

កញ្ញា ហួន ចាន់រ៉ាត់៖ «លក់​បាន​រាយៗ ព្រោះ​អី​តាំងពី​មាន​មនុស្ស​ស្លាប់​មក​រៀង​ស្ងាត់​។ នេះ​គ្រាន់​ជាង​រាល់ថ្ងៃ»។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់​អភិបាលស្រុក​លោក ម៉ិល សុផល និង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី១៤ តុលា។

អាងភាស​បាន​សាងសង់​ឡើង​ក្នុង​របប​ខ្មែរក្រហម អំឡុង​ឆ្នាំ​១៩៧៧ មាន​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ​(១.៤០០) និង​ជាប់​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ថ្មគោល និង​ស្រុក​ឯកភ្នំ។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ចំនួន​ជិត​៣​រយ​គ្រួសារ។ កាលពី​ជាង ១០​ឆ្នាំមុន តំបន់​នេះ គឺជា​វាលស្រែ​ដាច់​សង្វែង ដែល​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ មក​ធ្វើស្រែ​ប្រដេញទឹក ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ក្នុង​ព្រៃ ដែល​ជិះ​បាន​ត្រឹម​តែ​ម៉ូតូ ឬ​កង់​ប៉ុណ្ណោះ​។ លុះ​ក្រោយមក ដោយសារ​មាន​ប្រជាពលរដ្ឋ​មក​រស់​នៅ​លើ​ខ្នង​អាង​កាន់តែ​ច្រើន អាជ្ញាធរ​បាន​កសាង​ផ្លូវលំ និង​ទ្វារ​ទឹក​នៅ​តាម​ខ្នង​អាង​ជា​បន្តបន្ទាប់។

អាងភាស.jpg
ទិដ្ឋភាពតំបន់អាងភាស ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១០ សីហា​ ២០២២។ រូប៖ រដ្ឋបាលខេត្ត​បាត់ដំបង

អ្នកសម្របសម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត យល់ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​អាងភាស ភាគច្រើន​មាន​ជីវភាព​ទន់ខ្សោយ ដែល​ពឹងផ្អែក​លើ​របរ​កសិកម្ម និង​នេសាទ​ជា​គោល​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ រៀបចំ​សណ្ដាប់ធ្នាប់ ស្ដារ​បរិស្ថាន និង​បង្កើត​ជា​សហគមន៍ នៅ​តំបន់​អាងភាស ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដែល​មាន​សក្ដានុពល ដើម្បី​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ។

លោក អ៊ិន គង់ជិត៖ «ចំពោះ​អ្នកប្រើប្រាស់​ទូក កាណូត​ហ្នឹង ក៏​ត្រូវ​គ្រប់គ្រង​ឱ្យ​មាន​បញ្ជី​ឈ្មោះ​ច្បាស់លាស់ ហើយ​ត្រូវ​ឱ្យ​អ្នក​បើកបរ​មាន​ជំនាញ​ប៉ិនប្រសព្វ កុំឱ្យ​បើកបរ​លឿន ហើយ​រៀបចំ​លំដាប់​នៃ​ការ​ចេញ កុំឱ្យ​មានការ​ច្របូកច្របល់​។ ហើយ​ក្រៅ​ពី​នេះ ម្ចាស់​ទូក​កាណូត​នីមួយៗ ត្រូវ​មាន​អាវ​ពោង បំពាក់​ដល់​ប្រជាពលរដ្ឋ​បងប្អូន​ដែល​ទៅ​កម្សាន្ត​នៅ​ទី​ហ្នឹង ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​គ្រោះថ្នាក់»។

ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​អាងភាស ស្នើ​ឱ្យ​អាជ្ញាធរ អភិវឌ្ឍ​តំបន់​នេះ​ឱ្យ​ក្លាយជា​កន្លែង​ទេសចរណ៍​ធម្មជាតិ និង​ដាក់​បញ្ចូល​តំបន់​អាងភាស ឱ្យ​ក្លាយជា​ភូមិ​ពេញលេញ​មួយ ដើម្បី​បង្កើត​ជា​រចនាសម្ព័ន្ធ​គ្រប់គ្រង​មួយ ដែល​ធានា​បាន​នូវ​សណ្ដាប់ធ្នាប់ និង​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។