អាជ្ញាធរបានចុះបង្ក្រាបសាច់បង្កក់ខូចគុណភាពជាង២ពាន់គីឡូក្រោម (២.២០០) ដែលនាំចូលខុសច្បាប់ពីប្រទេសជិតខាង នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប កាលពីថ្ងៃទី១៣ ខែមិថុនា បានចុះបង្ក្រាបសាច់បង្កក់ខូចគុណភាពជាង២ពាន់គីឡូក្រោម (២.២០០) ដែលនាំចូលពីប្រទេសពីជិតខាងដឹកតាមរថយន្តម៉ាកស្តារិក (Starex) យកមកបោះលក់ចែកចាយឱ្យអាជីវករ លក់ សាច់គោនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សាច់បង្កកខូចគុណភាពទាំងនោះភាគច្រើនគឺជា សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ មន្ត្រី ក.ប.ប បានយកសាច់បង្កកទាំងនោះយកទៅដុតកម្ទេចចោល កាលពីថ្ងៃទី១៣ ខែមិថុនា ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្ត្រីជំនាញ ក.ប.ប ហៅទៅសួរនាំតាមនីតិវិធី។
ជុំវិញរឿងនេះ ប្រធានសមាគមបណ្ដាញអ្នកចិញ្ចឹមសត្វ លោក ជួប វិបុល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមិថុនា ការបង្ក្រាបសាច់បង្កកខុសច្បាប់នេះគឺជាចំណែកតូចប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរគួរតែពង្រឹងការអនុវត្តច្បាប់លើអ្នកនាំចូលសាច់បង្កកទ្រង់ទ្រាយធំ ពីព្រោះការអនុវត្តច្បាប់តែទៅលើអាជីវករតូចតាចមិនអាចទប់ស្កាត់ការនាំចូលសាច់ខុសច្បាប់បានឡើយ។
លោក ជួប វិបុល៖ «អ៊ីចឹងដើម្បីអាចធានាសុវត្ថិភាពអ្នកទទួលទាន ក៏ដូចជាធានាដល់ស្ថិរភាពនៃប្រកួតប្រជែងវិស័យសាច់សត្វនេះរដ្ឋាភិបាលគួរតែមានចំណាត់ការតឹងរ៉ឹងចំពោះការនាំចូល សាច់បង្កកហើយប្រសិនជាអាចរដ្ឋាភិបាលគួរតែបញ្ចប់ទាំងស្រុងទៅលើការនាំចូលសាច់បង្កកដែលមិនមានភាពចាំបាច់»។
របាយការណ៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចេញផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣ អាជ្ញាធរ បានរឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លង បានជិត ២ពាន់តោន ដែលចំនួននេះមានការកើនឡើង ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញចិញ្ចឹមសត្វ ជំរុញឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតរកមន្ត្រីដែលជាមេខ្លោងអនុញ្ញាតឱ្យមានការនាំចូលសាច់បង្កកខុសច្បាប់ និងស្នើឱ្យម្ចាស់ភោជនីយដ្ឋាននានាងាកមកប្រើប្រាស់សាច់សត្វក្នុងស្រុកជំនួសវិញដើម្បីលើកកម្ពស់ជីវភាពកសិករក្នុងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
