ប្រធាន​ធនាគារ​ឯកជន​ថា ធនាគារ​មិន​រឹបអូស​ទ្រព្យ​សម្បត្តិ ឬ​ពិន័យ​អ្នក​ដែល​គ្មាន​ប្រាក់​សង​ធនាគារ ក្នុង​គ្រា​មាន​វិបត្តិ​កូវីដ-១៩

ប្រធាន​ធនាគារ​ឯកជន បញ្ជាក់​ជំហរ​ថា ខាង​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​មិន​​ពិន័យ ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​ជំពាក់​លុយ​ធនាគារ​នោះ​ទេ ទោះ​អ្នក​ទាំង​នោះ​គ្មាន​ប្រាក់​សង ក្នុង​ពេល​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA) ដែល​មាន​សាខា​នៅ​គ្រប់​ខេត្ត​ក្រុង​នៅ​កម្ពុជា លោក អ៊ិន ចាន់នី ថា គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឯកជន ត្រូវ​អនុវត្ត​ដំណោះ​ស្រាយ​ទន់ភ្លន់ តាម​ការ​ណែនាំ​របស់​ធនាគារ​ជាតិ​កម្ពុជា។

ថ្លៃង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី២២ ខែ​ឧសភា លោក​ថា ដំណោះ​ស្រាយ​ទន់ភ្លន់​ទាំង​នោះ រួមមាន​ការ​មិន​ពិន័យ ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ជំពាក់​បំណុល​ធនាគារ ដែល​គ្មាន​លទ្ធភាព​រក​លុយ​សង​បាន ក្នុង​ស្ថានភាព​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ។

លោក អ៊ិន ចាន់នី បន្ថែម​ទៀត​ថា ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឯកជន ទទួល​បាន​វិធាន​ការ​អនុគ្រោះ​ច្រើន​ល្មម ពី​ធនាគារ​ជាតិ រួម​មាន​ការ​បន្ធូរបន្ថយ​ទុន​បម្រុង​កាតព្វកិច្ច ពី ១២,៥% មក​ត្រឹម ៧% និង​អាច​ចុះ​ទាប​ជាង​នេះ​ទៀត ដែល​វិធានការ​ទាំង​អស់​នេះ អាច​ធ្វើ​ឲ្យ​ធនាគារ​ឯកជន​មាន​លទ្ធភាព​ទប់ទល់​នឹង​ស្ថានការណ៍​វិបត្តិ​នេះ​បាន៖ «ការ​ស្នើ​សុំ​របស់​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ គឺ​បាន​ធ្វើ​រួ​ច​ហើយ និង​បាន​ទទួល​ការ​អនុញ្ញាត​រួច​ហើយ អំពី​ការ​បន្ធូរ​បន្ថយ​ទុន​បម្រុង​កាតព្វកិច្ច​ ដែល​ជា​មូលនិធិ​សំខាន់​ណាស់ ដែល​ធ្វើ​ឲ្យ​យើង​មាន​ដើម​ទុន​បន្ថែម​ទៀត សម្រាប់​ការ​គាំទ្រ​ប្រតិបត្តិការ​របស់​យើង និង​ជួយ​គាំទ្រ​ដល់​អតិថិជន​របស់​យើង ហើយ​យើង​មិនបាន​សុំ​អ្វី​បន្ថែម​ទៀត​ទេ »

ធនាគារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៧ ខែមីនា បាន​ដាក់​ចេញ​នូវ​វិធានការ ៥ចំណុច ដើម្បី​ជួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន ក្នុង​គ្រា​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​អនុវត្ត​ជាក់​ស្ដែង មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន​ជាច្រើន នៅ​តែ​បង្ខំឲ្យ​ប្រជាពលរដ្ឋ សង​ប្រាក់​ឲ្យ​ខាង​តែ​បាន។ ដោយ​ខ្លាច​ធនាគារ​រឹបអូស​ទ្រព្យ​សម្បត្តិ ឬ​ខ្លាច​ខូចឈ្មោះ ពលរដ្ឋ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​គោ​ក្របី ដើម្បី​សង​ធនាគារ។ អ្នក​ខ្លះ​ទៀត ទាល់​ខ្លាំង ក៏​បង្ខំ​ចិត្ត​តតាំង​នឹង​ភ្នាក់ងារ​ធនាគារ​ ដែល​ចុះ​ទៅ​ទារ​លុយ​ជា​ប្រចាំ។

ជារឿយៗ ពលរដ្ឋ​ដែល​ទ្រាំ​មិន​បាន​នឹង​ការ​បង្ខំ​នេះ លួច​ថត​វីដេអូ​នៃ​សកម្មភាព​របស់​ភ្នាក់ងារ​ធនាគារ ដែល​ចុះ​ទៅ​បង្ខំ​ពួក​គាត់ ឲ្យ​សង​ប្រាក់​នោះ។ វីដេអូ​ជា​ច្រើន ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ វីដេអូ​ដែល​ចែកចាយ​តៗ គ្នា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ នេះ បង្ហាញ​ភ្នាក់ងារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បី​រូប ដែល​បង្ខំឲ្យ​ម្ចាស់​បំណុល យក​របស់​ទៅ​បញ្ចាំ ធ្វើ​យ៉ាង​ណា​យក​ប្រាក់​មក​សង​ធនាគារ​ឲ្យ​ខាង​តែ​បាន ទោះ​ម្ចាស់​បំណុល​នោះ ប្រាប់​ថា គាត់​ទាល់​ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩៖ «ភ្នាក់ងារ​៖ កាតគ្រី​ម៉ូតូ​នេះ​បញ្ចាំ​ក៏​បាន ៣០០ ដុល្លារ​ដែរ។ បង់​ការ​ប្រាក់​គេ​តែ​មួយ​ខែ ១០ដុល្លារ ឬ ១៥ដុល្លារ​ទេ។ ស្ត្រី​ជំពាក់​បំណុល៖ ជំពាក់​លុយ​ធនាគារ​ ខ្ញុំ​មិន​ទាន់​មាន​លុយ​បង់​ផង ឲ្យ​ខ្ញុំ​យក​ស្អី​ទៅ​បញ្ចាំ​តទៅទៀត ? ឲ្យ​ខ្ញុំ​កាន់​តែ​វ័ណ្ឌ​ក​ថែម​ទៀត ? ភ្នាក់ងារ​៖ មិន​មែន​ឲ្យ​បញ្ចាំ​ម៉ូតូ​ទេ ឲ្យ​បញ្ចាំ​តែ​កាតគ្រី ! កាតគ្រី​ក៏​បាន​ ២០០ ដុល្លារ ដោះស្រាយ​បាន​មួយ​ខែ​ដែរ។ ស្ត្រី​ជំពាក់​បំណុល៖ ពី​មុន​មក​ខ្ញុំ​មាន​ដែល​ជំពាក់​លុយ​ធនាគារ​ដែរ ? ថ្ងៃ​នេះ ខ្ញុំ​ពិបាក មិន​មែន​អត់​ពិបាក​ទេ។ ភ្នាក់ងារ៖ ពិបាក​ខ្ញុំ​ដឹង​តែ​ពិបាក​ហើយ តែ​ធ្វើ​ម៉េច​រក​លុយ​ឲ្យ​បាន​មក៍ ! ស្ត្រី​ជំពាក់​បំណុល៖ ខ្ញុំ​អត់​រត់​ទេ ប៉ុន្តែ​ទុក​ពេល​ឲ្យ​ខ្ញុំ​តាម​ដំណើរ​សិន ចាំ​កូន​ចៅ​ខ្ញុំ​បាន​ចូល​ធ្វើ​ការ​គ្រប់​គ្នា​សិន។ ខ្ញុំ​ពពាយនាយ​លក់​ដី​ដែរ តែ​លក់​មិន​ដាច់​ដែរ »

ក្នុង​វីដេអូ​ឃ្លីប​ដដែល​នោះ បុរស​ម្នាក់​ខឹង​សម្បារ ដោយសារ​តែ​ភ្នាក់ងារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ ​ ព្រមាន​រឹប​អូស​កង់​បី ដែល​ជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត​គ្រួសារ​របស់​គាត់ ព្រោះ​រក​ប្រាក់​មិន​បាន ដើម្បី​សង​ធនាគារ៖ «បាទ​នេះ គឺ​ជា​ភ្នាក់ងារ​ធនាគារ​ LOLC មួយ​ម៉ាត់​ណា ក៏​ថា​រឹបអូស​កង់​បី​ដែរ។ កង់​បី​ហ្នឹង​របស់​ប្អូន​ខ្ញុំ រត់​អត់​បាន។ គាត់​ថា ខាង​គាត់​អត់​មាន​សហការ​ជាមួយ​ធនាគារ​ជាតិ​ទេ ដាច់ខាត​ត្រូវ​តែ​មាន​លុយ​បង់។ គាត់​ថា​ឲ្យ​តែ​មាន​លុយ​បង់ ចង់​ទៅ​ខ្ចី​អ្នក​នរណា​ក៏​ខ្ចី​ទៅ។ បើ​អត់​បាន គាត់​នឹង​រឹប​អូស​យក​កង់​បី»។

ក្នុង​គ្រា​មាន​វិបត្តិសេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា ដូច​ជា ប្រទេស​ថៃ ក្រៅ​ពី​ជួយ​ផ្នែក​ធនាគារ​ឯកជន រដ្ឋ​បាន​បញ្ចេញ​កញ្ចប់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ផ្ដល់​ប្រាក់​ដល់​ពលរដ្ឋ​ទូទៅ និង​ជា​ពិសេស គ្រួសារ​កសិករ ដែល​ជួប​បញ្ហា​នេះ។ ថ្មីៗនេះ រដ្ឋាភិបាល​ថៃ បញ្ចេញ​ថវិកា​បន្ថែម​ជាង​ ៤,៦ពាន់​លាន​ដុល្លារ ដោយ​ផ្ដល់​ប្រាក់ ៤៦២ ដុល្លារ​សម្រាប់​កសិករ​មួយ​គ្រួសារ ដើម្បី​ដោះ​ទាល់​រយៈ​ពេល​បី​ខែ រហូតដល់​ខែ មិថុនា។

របប​ក្រុង​ភ្នំពេញ ក្រៅ​ពី​សន្យា​ថា នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ជា​ច្រើន​ដំណាក់​កាល ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ​ខ្លួន រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ ដែល​ថា​រដ្ឋ បញ្ចេញ​កញ្ចប់​ថវិកា ដើម្បី​ចែក​ពលរដ្ឋ​ខ្មែរ រួម​ទាំង​គ្រួសារ​កសិករ ក្នុង​គ្រា​ក្រ​នេះ​នៅ​ឡើយ​ទេ។

ការ​ខ្វះ​អន្តរាគមន៍​ទាន់​ពេល​វេលា និង​ភាព​ទីទាល់​ក្រ​របស់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បែប​នេះ ធ្វើឲ្យ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា ជម្រើស​ដ៏​ល្អ​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា ក្នុង​ពេល​ដែល​រដ្ឋ​មិន​ជួយ​នេះ គឺ​ម្ចាស់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នាំ​គ្នា​ឈប់​បង់​ប្រាក់​ធនាគារ ឬ​ស្នើ​ឲ្យ​ធនាគារ​លុប​បំណុល​ដែល​ពលរដ្ឋ​ក្រីក្រ ជំពាក់​ធនាគារ​ចោល​តែ​ម្ដង។

ជុំវិញ​ការ​មិន​សង​ប្រាក់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ឯករាជ្យ​លោក ង៉ែត ជូ បង្ហាញ​ក្តី​បារម្ភ​ថា គ្រឹះស្ថាន​ទាំង​នេះ អាច​ប្រឈម​នឹង​ការ​ក្ស័យធន ប្រសិនបើ​អតិថិជន​មិន​សង​ប្រាក់​បំណុល​ពីរ​បី​ខែ៖ «ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ មិន​អាច​ប្រកាស​ថា​ពន្យារ​ទាំង​អស់​គ្នា​រយៈ​ពេល ២ - ៣ខែ​ទេ គឺ​វា​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ក្ស័យធន»

វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ។ ប៉ុន្តែ ខាង​ធនាគារ​ជាតិ​កម្ពុជា ចេញ​គោល​ការណ៍​អនុគ្រោះ លើ​វិស័យ​អាទិភាព​តែ​បួន​ប៉ុណ្ណោះ គឺ​ផ្នែក​កាត់​ដេរ ទេសចរណ៍ សំណង់ និង​ដឹកជញ្ជូន។ លោក​ ង៉ែត ជូ សង្កេត​ឃើញ​ថា អ្នក​ដែល​ជំពាក់​ប្រាក់​ធនាគារ​ច្រើនជាង​គេ គឺ​ពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម​ឯ​ណោះ ជា​ពិសេស​កសិករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។