កសិករ​នៅ​ខេត្ត​បាត់ដំបង​បិទ​ផ្លូវ​ទាមទារ​ឱ្យ​រក​ដំណោះស្រាយ​រឿង​ស្រូវ​ចុះ​ថោក

វិបត្តិ​តម្លៃ​ស្រូវ​ចុះ​ថោក​បណ្ដាល​ ក្រុម​កសិករ​ប្រមាណ ៦០​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ នៅ​ភូមិ​គោកធ្លក​ឃុំ​ព្រៃតូច ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥ ទាមទារ​​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ រក​ដំណោះស្រាយ ជូន​ពួកគាត់។ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា ក្រុម​កសិករ​​បាន​យក​គោយន្ត​មាន​ដឹក​បាវ​ស្រូវ មក​ចត​ទទឹង​ផ្លូវ​ជាតិ​លេខ​៥​ និង​លើក​បដា​ ទាមទារ​ដំឡើង​ថ្លៃ​ស្រូវ។

ពួកគាត់​ថា បញ្ហា​ស្រូវ​ចុះ​ថោក​នេះ ពលរដ្ឋ​បាន​បង្ហោះ​ចែករំលែក​នៅ​តាម​សង្គម​រួច​ហើយ​ដែរ តើ​អាជ្ញាធរ បាន​ដឹង​រឿង​នេះ​ទេ?

ទាក់ទង​ករណី​នេះ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​ពី​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​មករា។

ក្រុម​កសិករ​ឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​ទិញ​ស្រូវ​ពួកគាត់​ត្រឹម​តម្លៃ​ពី​៦០០​រៀល ទៅ​៧០០​រៀល​ ក្នុង​មួយ​គីឡូក្រាម តែ​កសិករ​ស្នើ​ឱ្យ​តម្លៃ​ស្រូវ​នេះ​ខ្ពស់​ជាង ១ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ទើប​អាច​កសិករ​​អាច​ចំណេញ​បាន​ខ្លះ។

ក្រៅពី​កសិករ​ខេត្ត​បាត់ដំបង ជួប​វិបត្តិ​ស្រូវ​ចុះ​ថោក​នេះ កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​ក៏​ត្អូញត្អែរ​រឿង​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​ដែរ។ ពួកគាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ និង​ទប់ស្កាត់​កុំ​ក្រុម​ឈ្មួញ​ទម្លាក់​តម្លៃ​ស្រូវ​តាម​ទំនើង​ចិត្ត​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។