អាជីវករខ្មែរលក់ដូរបន្លែត្រីសាច់នៅផ្សារខៅឌិនក្នុងដីថៃ ជាប់ច្រកព្រំដែនស្រុកសំពៅលូនត្អូញត្អែរថា ចាប់តាំងពីកម្ពុជា-ថៃបានឯកភាពគ្នាបើកច្រកព្រំដែនអន្តរជាតិភ្នំដីកាលពីថ្ងៃ៣០មីនាមក សមត្ថកិច្ចថៃបានរឹតបន្តឹងខ្លាំងទៅលើមុខទិញរបស់ខ្មែរដែលនាំចេញទៅលក់នៅប្រទេសថៃតាមច្រកព្រំដែននេះ បណ្ដាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលប្រកបរបរលក់ដូរនៅព្រំដែនច្រកនេះ ធ្វើឲ្យបាត់បង់ប្រាប់ចំណូលប្រចាំថ្ងៃ។
អាជីវករលក់ដូរនៅផ្សារខៅឌិនរបស់ថៃ ដែលជាប់ព្រំដែនស្រុកសំពៅលូន ស្នើឲ្យអាជ្ញាធររបបលោក ហ៊ុន សែន ជំរុញទៅភាគីថៃបន្ធូរបន្ថយពន្ធលើមុខទំនិញដែលនាំចេញពីកម្ពុជា។
អាជីវករលក់ត្រីនៅផ្សារខៅឌិនស្រុកក្លងហាតរបស់ថៃ លោក នួន ភក្ដី ឲ្យដឹងនៅថ្ងៃទី១០មេសាថា ចាប់តាំងពីបើកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីមក សមត្ថកិច្ចថៃបានរឹតបន្តឹងពន្ធលើមុខទំនិញដែលនាំចេញពីកម្ពុជា ស្ទើរគ្រប់មុខ ជាពិសេសបន្លែ ផ្លែឈើ និងត្រីស្រស់ជាដើម គឺត្រូវឲ្យបង់ពន្ធទ្វេដង ដោយត្រីស្រស់បង់ពន្ធ ៥បាតប្រាក់ថៃ ស្នើនឹងប្រមាណ ៦៥០រៀលក្នុងមួយគីឡូក្រាម។លោកបន្ថែមថា ពន្ធ ៦៥០រៀលនេះ ត្រូវបង់ឲ្យគយថៃមួយកន្លែងនិងមន្ត្រីជលផលថៃមួយកន្លែង ដែលខុសពីកាលមិនទាន់បើកច្រកទ្វារព្រំដែនអន្តរជាតិ ដែលគយថៃយកពន្ធមួយបាតកន្លះ ឬប្រមាណ ២០០រៀលក្នុងមួយគីឡូក្រាម៖ «អ្នកដែលយកទំនិញទៅលក់ឲ្យថៃរាប់រយនាក់ ហើយភាគច្រើននាំទំនិញប្រមាណពី ២០០គីឡូក្រាមទៅជាង១តោនក្នុងមួយថ្ងៃ។ពួកខ្ញុំសុទ្ធតែប៉ះពាល់គ្រប់គ្នាហើយបានផ្ដិតស្នាមមេដៃសុំតវ៉ាទៀតផង ហើយខាងសមត្ថកិច្ចគេថាបើពួកខ្ញុំតវ៉ាគេនឹងចាត់ការតាមផ្លូវច្បាប់ ហើយពួកខ្ញុំមិនដឹងជាត្រូវធ្វើយ៉ាងណាទៀត » ។
បន្ថែមលើនេះទៀត អាជីវករលក់បន្លែនិងត្រីស្រស់នៅផ្សារខៅឌិនម្នាក់ទៀត អ្នកស្រី សុខ ស៊ីនួន លើកឡើងថា សមត្ថកិច្ចថៃរឹតបន្តឹងពន្ធនេះ គឺប្រៀបដូចជាច្របាច់កអាជីវករខ្មែរឲ្យលៀនអណ្ដាតទៅហើយ ព្រោះពួកគាត់លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារទេ៖ « ខ្ញុំដឹកចូលទៅអីវ៉ាន់ខ្ញុំប្រហែល៧០០គីឡូក្រាមត្រូវបង់ពន្ធឲ្យថៃប្រមាណ៣០ម៉ឺនរៀល ហើយខ្ញុំនៅថ្លៃដឹកជញ្ជូននិងថ្លៃឈ្នួលផ្សេងៗទៀតខ្ញុំមិនបានចំណេញទេ ហើយបើខាងថៃគេដឹកត្រីចូលមកខ្មែរវិញក្នុងមួយតោនគេយកតែ៥០០បាតទេ » ។
អ្នកបន្ថែមទៀតថា សមត្ថកិច្ចថៃនៅច្រកព្រំដែនអន្តរជាតិភ្នំដីរឹតបន្តចំពោះតែទំនិញរបស់កសិករដែលនាំចេញពីស្រុកខ្មែរប៉ុណ្ណោះ ប៉ុន្តែទំនិញរបស់ថៃបាននាំចូលមកលក់នៅកម្ពុជាមានចំនួនច្រើនលើសលុប ហើយសមត្ថកិច្ចខ្មែរក៏មិនបានរឹតបន្តឹងដូចខាងថៃនោះឡើយ។
អភិបាលស្រុកសំពៅលូន លោក ងាវ ប៊ុនយាង មានប្រសាសន៍ថា បញ្ហានេះអាជ្ញាធរព្រំដែនរបស់ខ្មែរបានទៅជួបពិភាក្សាជាមួយភាគីថៃហើយ តែខាងថៃមិនអាចអនុគ្រោះឲ្យនោះទេ ព្រោះគេអនុវត្តន៍តាមច្បាប់របស់ប្រទេសគេ៖ « ព្រោះគេតម្រូវឲ្យមានច្បាប់ពីក្រសួងកសិកម្មនិងពីក្រសួងពាណិជ្ជកម្មទៅទើបតម្លៃថោក។បាទមានមួយចំនួនហាមឃាត់និងមួយចំនួនអនុគ្រោះ ហើយដែលហាមឃាត់ដូចជាត្រីរស់គេទាមទារឲ្យធ្វើដូចនៅច្រកប៉ោយប៉ែត » ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន លើកឡើងថាបញ្ហានេះដោយសារភាពកម្សោយនៃប្រព័ន្ធការអនុវត្តន៍ច្បាប់របស់កម្ពុជា។លោកបន្ថែមទៀតថា របបលោកហ៊ុន សែន គួរតែរឹតបន្តឹងលើពន្ធទំនិញនាំចូលដូចប្រទេសជិតខាងដែរ ទើបអាចជួយដល់ជីវភាពរបស់កសិករខ្មែរបានប្រសើរឡើង៖ « ហើយនេះជាបន្ទុកបន្ថែមច្រើនទៀត សម្រាប់កសិករដែលរកស៊ីតូចតាច ពួកគាត់អាចខាត ប៉ុន្តែឈ្មួញធំៗមិនសូវអីទេ ព្រោះគេមានដើមទុនច្រើន » ។
អាជ្ញាធរកម្ពុជា-ថៃបានសហការគ្នាបើកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្ថិតនៅស្រុកសំពៅលូនខេត្តបាត់ដំបងជាផ្លូវការ កាលពីថ្ងៃទី៣០មីនាឆ្នាំ២០១៨ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរឆ្លងកាត់នៃប្រទេសទាំង២។ ប៉ុន្តែពលរដ្ឋដែលឆ្លងដែលទៅលក់ដូរនៅច្រកព្រំដែនមួយនេះ អះអាងថាចាប់ពីពង្រីកច្រកនេះទៅជាច្រកអន្តរជាតិមក គឺបានប៉ះពាល់ខ្លាំងដល់ការនាំទំនិញខ្មែរទៅលក់នៅប្រទេសថៃ។ ក្រុមអាជីវករលើកឡើងថាប្រសិនបើសមត្ថកិច្ចថៃមិនព្រមអនុគ្រោះដល់ការនាំទំនិញចេញទៅលក់នៅប្រទេសនេះដូចពេលមុនទេ ពួកគាត់នឹងនាំគ្នាតវ៉ាបិទច្រកមួយនេះក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។