ក្រុមហ៊ុន​​គ្រីសអិនណឺជី( KrisEnergy)ឈប់​​បូមប្រេង​​ទាំង​ស្រុង​នៅ​ប្លុក A

ដោយ ម៉ៅ សុធានី
2021.07.29
ក្រុមហ៊ុន​​គ្រីសអិនណឺជី( KrisEnergy)ឈប់​​បូមប្រេង​​ទាំង​ស្រុង​នៅ​ប្លុក A ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ដែលកាលពី​ដាច់ឆ្នាំ២០២០ បូមបានតំណក់ប្រេងដំបូងនៅកម្ពុជា ឥឡូវប្រកាស​ក្ស័យធន​ហើយ។
រូប៖ Kr​i​s​Energy​

ក្រុមហ៊ុន​ប្រេង​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហបូរី (Singspore) គ្រីសអិនណឺជី( KrisEnergy) បានបញ្ឈប់​ដំណើរ​ការបូមប្រេង​ទាំងស្រុង​នៅ​អណ្ដូង​អប្សរា ឬ​ប្លុក A នៅពេល​ក្រុមហ៊ុន​នេះ​កំពុង​បន្ត​រឿងក្ដី​ក្ស័យធន​នៅ​តុលាការ។

អគ្គនាយក​នៃអគ្គនាយកដ្ឋានប្រេងកាត​នៃ​ក្រសួងរ៉ែ និង​ថាមពល លោក ជៀប សួរ បាន​ប្រាប់​សារព័ត៌មាន ខេមបូចា កាលពីថ្ងៃទី២៩ ខែ​កក្កដា​ថា មក​ដល់​ពេលនេះ ​ក្រុមហ៊ុននេះ​កំពុង​ដំណើរការរឿងក្ដីរបស់​ខ្លួន​នៅតុលាការ និង​មិនដឹង​ថា​ ពេលណា​បញ្ចប់​នៅឡើយ។ លោក​ថា​ រឿងនេះ​ក៏​កំពុងស្ថិត​ក្នុង​ការពិភាក្សា និង​រង់ចាំ​រហូត​ទាល់តែ​កិច្ចការជាមួយ​ក្រុមហ៊ុន​នេះ​បាន​ចប់សព្វគ្រប់។

បើទោះជាយ៉ាងណាលោក ជៀប សួរ មិន​បាន​បញ្ជាក់​ទេ​ថា​ តើ​រដ្ឋាភិបាល​នឹង​ធ្វើ​អ្វី​តទៅ​ទៀត​ទាក់ទង​នឹង​ការបូបប្រេង​នៅ​អណ្ដូង​អប្សរា ក្រោយ​ពេល​ដែល​ក្រុមហ៊ុន KrisEnergy ត្រូវ​រម្លាយ ដោយ​ក្ស័យធននេះ? និង​ថាតើវាសនា​វិស័យ​ប្រេង​នៅកម្ពុជា​នឹង​ទៅជាយ៉ាងណា​នោះ?

ក្រុមហ៊ុន Kris​Ener​​​​​​gy ប្រកាស​កាល​ពី​ថ្ងៃ​ទី៤ ខែមិថុនា ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង​បំណុល ទាំង​បំណុល​ដែល​អាច​កើន​ឡើង និង​កំពុង​ជំពាក់​ជាក់ស្តែង។ ក្រុមហ៊ុន​ថា មូលហេតុចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែលធ្វើឱ្យក្រុមហ៊ុន​ប្រកាសក្ស័យធន​នោះ​ គឺ​ការធ្លាក់ចុះ​កម្រិតប្រេងដែលរកឃើញ​នៅ​​អណ្ដូង​អប្សរា ឬ​ប្លុកA នៅ​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល លោក ម៉េង ស័ក្តធារ៉ា ធ្លាប់​សរសេរ​ពន្យល់​លើ​ហ្វេសប៊ុក​ថា​ នៅ​ពេល​ក្រុមហ៊ុន KrisEnergy ត្រូវ​រម្លាយ ​ម្ចាស់​បំណុល​នឹង​ទទួល​បាន​សិទ្ធិ​ចាត់ចែង​លើ​ទ្រព្យ​របស់​ក្រុមហ៊ុន នៅពេលនោះ​ម្ចាស់​បំណុល​ត្រូវ​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រក​ការឯកភាព​គ្នា ដើម្បី​បន្ត​អនុវត្ត​គម្រោង​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក A នេះ យ៉ាងណា​ទៅ​មុខ​ទៀត។

ក្រុមហ៊ុន KrisEnergy បាន​រកឃើញ​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នៅ​ចុង​ឆ្នាំ ២០២០ ប៉ុន្តែ​លទ្ធផល​នៃ​កម្រិត​បរិមាណ​ប្រេង​ពី​អណ្តូង​សាកល្បង​ចំនួន៥នៅប្លុកA មិន​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក។ ដំបូង​ក្រុមហ៊ុន​នេះ​ថា អាច​មាន​ប្រេង ជាង៧ពាន់ធុង (៧.៥០០)ក្នុង​មួយ​ថ្ងៃ តែ​ជាក់ស្ដែង​បូម​បាន​មិន​ដល់​៣ពាន់​ធុង (២.៨៨៣ធុង) ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។