ក្រសួងទេសចរណ៍បន្តធ្វើពិធីស្វាគមន៍ភ្ញៀវទេសចរចិនដោយជូនបាច់ផ្កា និងជូនក្រមាដល់ដល់ពួកគេនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនៅប្រទេសចិននៅតែបន្តមានករណីឆ្លងជំងឺ-១៩ ថ្មីក្នុងមួយថ្ងៃរាប់ម៉ឺននាក់។ ជាមួយគ្នានេះ មន្ត្រីសង្គមជំរុញដល់រដ្ឋាភិបាលពិចារណារឹតបន្តឹងផ្នែកសុខាភិបាល និងបង្កើនការគ្រប់គ្រងជនបរទេសឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។
កម្ពុជាបន្តទទួលស្វាគមន៍មិត្តដែកថែបរបស់ខ្លួនគឺ ភ្ញៀវទេសចរចិនជាង ១រយនាក់ (១២៥) កាលពីថ្ងៃទី០៧ ខែកុម្ភៈ នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិដោយពុំមានវិធានរឹតបន្តឹងផ្នែកសុខាភិបាលឡើយ។
ហ្វេសប៊ុក (Facebook) របស់ក្រសួងទេសចរណ៍ ចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈថា ជនជាតិចិនខ្លះមកធ្វើដំណើរកម្សាន្តតាមក្រុមហ៊ុនទេសចរណ៍ និងអ្នកខ្លះទៀតមកដើរលេងកម្សាន្តលក្ខណៈជួបជុំមិត្តភក្ដិ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុង ប្ដេជ្ញាថា នឹងខិតខំទាក់ទាញភ្ញៀវទេសចរចិនក្នុងឆ្នាំ២០២៣ នេះ ឱ្យចូលមកកម្ពុជា ៨០ម៉ឺននាក់ (៨០.០០០០) ទៅ ១លាននាក់ (១.០០០០០០)។ ក្រៅពីនេះ ក្រសួងក៏អំពាវនាវដល់ ម្ចាស់អាជីវកម្មបម្រើវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ទទួលភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈក្រសួងអះអាងថា ទេសចរចិននេះ ឯងគឺជាទីផ្សារធំសម្រាប់សេដ្ឋកិច្ចកម្ពុជា។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ ប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាធ្វើពិធីទទួលស្វាគមន៍ទេសចរចិននេះចំពោះតែជើងហោះនានាចេញពីប្រទេសចិនជាលើកដំបូង ក្រៅពីនេះកម្ពុជាពុំមានទទួលស្វាគមន៍ពួកគាត់ទៀតនោះទេ។ លោកបញ្ជាក់ថា បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជាក្នុងមួយថ្ងៃមានចំនួនចន្លោះ ពី ១ម៉ឺន ២ពាន់នាក់ (១២.០០០) ទៅ ១ម៉ឺន ៣ពាន់នាក់ (១៣.០០០)។ លោកទទួលស្គាល់ថា កន្លងមករដ្ឋាភិបាលមានចន្លោះប្រហោងច្រើនក្នុងការគ្រប់គ្រងទេសចរអន្តរជាតិ។ ទោះយ៉ាងណា លោកអះអាងថា កម្ពុជាបានបង្កើនយន្តការរឹតបន្តឹងផ្លូវច្បាប់ដែលមានស្រាប់ហើយដែរ។
លោក តុប សុភ័គ៖ «ប្រសិនជាមានទេសចរណាដែលគាត់ចូលមកខុសច្បាប់ គាត់ត្រូវតែទទួលទោសទណ្ឌទៅតាមការកំណត់របស់ច្បាប់ជាធរមាន។ មិនថា ទេសចរចិន ទេសចរណាទេ ទេសចរជនជាតិណាក៏ដោយកាលណាចូលមកទឹកដីរបស់យើងដោយខុសច្បាប់អាហ្នឹងត្រូវតែទទួលទោសទណ្ឌនៃការកំណត់របស់ច្បាប់» ។
ទោះបីជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលមើលឃើញថា លំហូរជនជាតិចិនចូលកម្ពុជាគឺមានពីរក្រុម ដោយក្នុងនោះមួយក្រុមពួកគេចូលកម្ពុជាមករកស៊ី ឬមកលេងកម្សាន្តគោរពច្បាប់កម្ពុជាត្រឹមត្រូវ និងមួយក្រុមទៀតចូលកម្ពុជាដើម្បីជ្រកកោនប្រព្រឹត្តបទឧក្រិដ្ឋកម្មនានា។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ជនជាតិចិនដែលមករកស៊ីនៅកម្ពុជាត្រឹមត្រូវក៏បានរួមចំណែកកសាងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋដែរ។ ទោះយ៉ាងណា លោកថា ជនជាតិចិនខ្លះទៀតមកកម្ពុជាស្ថិតក្នុងរូបភាពគួរឱ្យព្រួយបារម្ភ ដោយសារពួកគេចូលមកកម្ពុជាដោយខុសច្បាប់ និងយកកម្ពុជាធ្វើជាកន្លែងប្រកបអាជីវកម្មបែបឧក្រិដ្ឋ។
លោក សន ជ័យ៖ «ក្រុមមកដោយខុសច្បាប់ បានជាយើងនិយាយថា ខុសច្បាប់ពេលដែលបង្ក្រាបបានអាជ្ញាធរឃើញថា ករណីខ្លះគ្មានឯកសារគ្រប់គ្រាន់ចាប់បញ្ជូនទៅវិញអីជាដើម។ អ៊ីចឹង ក្រុមនេះអាជ្ញាធរគួរតែប្រុងប្រយ័ត្នកុំឱ្យពួកគេយកទឹកដីកម្ពុជាធ្វើជាជម្រក និងការប្រព្រឹត្តបទល្មើស បទឧក្រិដ្ឋផ្សេងៗដែលអាចពាក់ព័ន្ធមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។
ស្របពេលកម្ពុជាស្នេហ៍សិ្នទ្ធនឹងចិន និងស្ថិតក្នុងទំនាក់ទំនងក្នុងនាមជាមិត្តដែកថែបផងនោះ ភ្ញៀវទេសចរចិន ក៏ហាក់ទទួលបានកិច្ចគាំពារពិសេសជាងភ្ញៀវទេសចរអន្តរជាតិផ្សេងទៀតពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែរ។ ថ្វីត្បិត តែនៅប្រទេសចិនមានករណីផ្ទុះជំងឺកូវីដ-១៩ យ៉ាងណាក្ដី រដ្ឋាភិបាលឯកបក្សពុំចាត់វិធានការរឹតបន្តឹងផ្នែកសុខាភិបាលឡើយ។
របាយការណ៍អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា រយៈពេល ២៤ចុងក្រោយនេះ នៅប្រទេសចិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ១ម៉ឺន ៧ពាន់នាក់ (១.៦៩៣៣)។ ហើយសម្រាប់កម្ពុជាវិញ ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ១៤ម៉ឺននាក់ (១៣.៨៧០០) ក្នុងនោះមាន ២ករណីឆ្លងថ្មី និងមានមនុស្សជាង ៣ពាន់នាក់ (៣.០៥៦) បានស្លាប់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ព្រួយបារម្ភចំពោះទេសចរចិនបន្តចូលកម្ពុជាជាបន្តបន្ទាប់ដោយគ្មានវិធានរឹតបន្តឹងផ្នែកសុខាភិបាលនេះថា អាចនឹងបង្កឱ្យមានករណីផ្ទុះជំងឺកូវីដក្នុងសហគមន៍សាជាថ្មី ដែលបណ្ដាលឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបការលំបាក។ លើសពីនេះ លោកថា ទន្ទឹមកម្ពុជាធ្វើពិធី ស្វាគមន៍ទេសចរចិន រដ្ឋាភិបាលគួរទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីអឺរ៉ុបមកកម្ពុជាផងដែរ ដើម្បីជួយសេដ្ឋកិច្ចជាតិ ដ្បិតលោកថាទេសចរចិនពួកគេចាយវាយត្បិតត្បៀត។
លោក វន់ ពៅ៖ «ចិនកំពុងមានការផ្ទុះកូវីដ។ ប្រសិនបើយើងឱ្យទេសចរចិនមក ហើយមិនបានត្រួតពិនិត្យ ច្បាស់លាស់ទាក់ទងវិធានការរបស់កូវីដទេ វាជាការព្រួយបារម្ភមួយ។ បារម្ភខ្លាចដូចពេលជំនាន់ផ្ទុះកូវីដដំបូង ប្រទេសកម្ពុជាយើងអត់សូវបានប្រុងប្រយ័ត្នទេ ទទួលស្វាគមន៍ទេសចរបរទេសប៉ុន្មានកប៉ាល់ ហើយក្រោយមកប្រទេសកម្ពុជាផ្ទុះកូវីដ មានការបិទខ្ទប់ធ្វើឱ្យប្រជាពលរដ្ឋលំបាករស់នៅ សេដ្ឋកិច្ចធ្លាក់ចុះ ខ្ញុំបារម្ភត្រឡប់ថយក្រោយខ្លាចដូចពេលផ្ទុះកូវីដលើកដំបូង»។
មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញសុខាភិបាល នៅតែព្រួយបារម្ភចំពោះការរីករាលដាលជំងឺកូវីដសាជាថ្មី ស្របពេលរដ្ឋាភិបាលអនុវត្តលក្ខខណ្ឌធូររលុងក្នុងការទទួលទេសចរចិន។ ពួកគាត់លើកឡើងថា ការរឹតបន្តឹងផ្នែកសុខាភិបាលចំពោះទេសចរចិន គឺពុំមានការរើសអើង ឬរឹតត្បិតអ្វីនោះទេ ប៉ុន្តែ គឺដើម្បីការពារសុវត្ថិភាពសុខភាពពលរដ្ឋខ្មែរ។ អ្នកឃ្លាំមើលស្នើដល់រដ្ឋាភិបាលគួរពិចារណាក្នុងការដាក់វិធានការរឹតបន្តឹងផ្នែកសុខាភិបាលឡើងវិញ ក្នុងនោះមិនមែនសំដៅតែលើទេសចរចិននោះទេ តែទៅលើទេសចរអន្តរជាតិទាំងអស់ផងដែរ។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិប្រមាណ ៤០ម៉ឺននាក់ (៤០០០០០) ក្នុងនោះទេសចរចិនមានជាង ២ម៉ឺននាក់ (២៥.០០០) ។ ក្រសួងរំពឹងថា ទេសចរចិននឹងបន្តចូលមកកម្ពុជាកើនឡើងជាលំដាប់ចាប់ពីខែមីនាឡើងទៅ។ ក្រសួងបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខកម្ពុជានឹងមានជើងហោះហើរពីព្រលានយន្តហោះគួនមីង (Kunming) ប្រទេសចិនមកកាន់ខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។