"សេដ្ឋកិច្ច​ជាតិ​សម្រាប់​ឆ្នាំ​នេះ អាច​នឹង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន ខណៈ​ស្ថានភាព​​ជំងឺ​កូវីដ១៩ ទប់​លែង​ជាប់"

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សេដ្ឋកិច្ច​ជាតិ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ «​ឆ្លូវ​» នេះ អាច​នឹង​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈ​រដ្ឋ​ទប់ទល់​ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ-១៩ លែង​ជាប់​។ ពួកគេ​ព្រមាន​ថា ភាព​មិន​ច្បាស់លាស់​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​នានា​របស់​រដ្ឋាភិបាល អាច​បណ្តាល​ឲ្យ​អាជីវកម្ម និង​ឧស្សាហកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ឈាន​ទៅ​ដួល​រលំ​នា​ពេល​ខាង​មុខ​ប្រសិនបើ​វិបត្តិ​ជំងឺ​នេះ នៅតែ​បន្ត​អូស​បន្លាយ។

ប្រជាពលរដ្ឋ​កម្ពុជា​បើក​ទំព័រ​ស្វាគមន៍​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ឆ្នាំ «​ឆ្លូវ​» លាយឡំ​ជាមួយនឹង​ភាព​មិន​ច្បាស់លាស់ និង​ភាព​ភ័យ​ស្លន់ស្លោ​ក្រោយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អាសន្ន​បិទ​ខ្ទប់​រាជធានី និង​ក្រុង​តាខ្មៅ​ទាំងស្រុង​តែម្តង រយៈពេល ១៤​ថ្ងៃ ដោយសារតែ​ទប់ទល់​ស្ថានការណ៍​វាយលុក​នៃ​ជំងឺ​កូវីដ១៩ លែង​ជាប់។

នៅ​មុន​ដំណាច់ឆ្នាំ​២០២០ ប្រព័ន្ធ​ឃោសនា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​នាំ​គ្នា​ផ្សព្វផ្សាយ​ក្តែងៗ​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន កម្ពុជា​បាន​ទទួល​ជ័យជម្នះ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ក្នុង​ពេល​ដែល​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​កំពុង​ឆ្លងកាត់​វិបត្តិ​នេះ និង​អួតអាង​ថា ប្រទេស​មួយ​ចំនួន​សុំ​រៀនសូត្រ​ពី​បទ​ពិសោធន៍​របស់​កម្ពុជា៖ «កម្ពុជា​ឆ្លងកាត់​វិញ្ញាសា​ធំ​បំផុត​ទី​៣ ដោយ​ជោគជ័យ​ម្ដងទៀត​ ...! យើង​ពិតជា​អាច​និយាយ​បាន​ថា នេះ​ជា​វិញ្ញាសា​ដ៏​តឹងតែង​បំផុត​ដើម្បី​សាកល្បង​សមត្ថភាព​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​សាជាថ្មី​ម្តង​ទៀត​បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បាន​ចាត់ចែង​ដឹកនាំ និង​ឆ្លងកាត់​ដោយ​ជោគជ័យ​នូវ​វិញ្ញាសា​ពីរ​រួចហើយ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​កូវីដ១៩»។

ក៏ប៉ុន្តែ មិន​បាន​ប៉ុន្មាន​ផង សមត្ថភាព​ជោគជ័យ​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​នេះ ទំនងជា​ត្រូវ​សាបរលាប​ទៅ​វិញ ក្រោយ​លោក ហ៊ុន សែន ប្រកាស​អាសន្ន​បិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ យ៉ាង​ទាន់ហន់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​នៅ​ទូទាំង​ប្រទេស​ចំ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​តែម្តង​។ ទន្ទឹម​នឹង​នោះ លោក​ខ្លួនឯង​ក៏​បែរជា​ទទួលស្គាល់​ថា ជ័យជម្នះ​ដែល​លោក​ហាក់​ទទួល​បាន​កាល​ពី​ពេញ​មួយឆ្នាំ​២០២០​នោះ កំពុងតែ​នាំ​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​មាត់ជ្រោះ​មរណៈ​ទៅវិញ៖ «សូម​អង្វរ​ក​បងប្អូន​ប្រជា​ពលរដ្ឋ​របស់​យើង​ខិតខំ​ឡើង​រួមគ្នា ដើម្បី​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់​។ យើង​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​មរណៈ​ហើយ ប្រសិនបើ​យើង​មិន​ប្រឹង​រួមគ្នា យើង​នឹង​ឈាន​ទៅ​រក​មរណៈ​ពិតប្រាកដ​។ ដូច្នេះ​វិធី​តែមួយគត់ គឺ​រួមដៃគ្នា​ទាំង​រដ្ឋ និង​ប្រជាជន»។

លោក ហ៊ុន សែន ក៏​ទំនងជា​មេដឹកនាំ​ទី​ពីរ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​ប្រកាស​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ​ទាំងមូល ក្រៅ​តែ​ពី​សម័យ​ខ្មែរក្រហម ដែល​លោក​ខ្លួនឯង​ធ្លាប់​ធ្វើជា​កម្មាភិបាល​ម្នាក់។

ជុំវិញ​ការដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​សោកនាដកម្ម​នៃ «​មាត់ជ្រោះ​មរណៈ​» ដែល​គួរតែ​អាច​បញ្ចៀស​បាន​នេះ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ «​ឆ្លូវ​» នេះ មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា សេដ្ឋកិច្ចជាតិ​អាច​នឹង​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ដដែល​មិន​ខុស​ពី​ឆ្នាំ​២០២០ ឬក៏​អាច​អន់​ជាងនេះ​ទៅ​ទៀត​។ កាលពី​ឆ្នាំ​២០២០ «​ហង្ស​សេដ្ឋកិច្ច​» កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​មកនេះ រហូត​ដល់​ជាង -៣%។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (TI-Cambodia) លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ការ​វាយលុក​របស់​ជំងឺ​កូវីដ​១៩​ក្នុង​ឆ្នាំ​២០២១​នេះ ធំ​ជាង​កាល​ពី​ឆ្នាំ​២០២០​។ លោក​ពន្យល់​ថា កាលនោះ​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ​មានតែ​ទៅលើ​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍ ដូចជា កំសាន្ត ភោជនីយដ្ឋាន​ជា​លក្ខណៈ​ទេសចរណ៍​ដើម​។ ក៏ប៉ុន្តែ ក្នុង​ឆ្នាំ​២០២១​នេះ ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ មាន​ទំហំ​ធំធេង​រាលដាល​ដល់​វិស័យ​ដទៃទៀត​៖ «​ប៉ុន្តែ ឥឡូវ យើង​ដឹង​ថា វិស័យ​ផ្សេងទៀត​ដែល​ឆ្នាំ​២០២០ ឥត​សូវ​ប៉ះ ឥឡូវ​ប៉ះពាល់​ធំធេង​ណាស់ ទៅ​លើ​អាជីវករ​ផ្សេងៗ​ដែល​រក​ស៊ី​ធម្មតា ក៏​គាត់​ប៉ះ​ដែរ ហើយ​វិស័យ​អចលនទ្រព្យ សំណង់ ក៏​ប៉ះពាល់​ដែរ​ដោយសារ​ជា​ធម្មតា កាលណា​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​នៃ​ការ​ធ្វើ​ការ​វិនិយោគ ទិញ​លក់ដូរ​អី​នោះ គឺ​គាត់​លែង​សូវ​មានការ​សម្រេចចិត្ត​វិនិយោគ​ហើយ​។ ដូច្នេះ ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​ទៅលើ​វិស័យ​ផ្សេង​ហ្នុ​ង​ក៏​ប៉ះ​ដែរ​។ វិស័យ​កសិកម្ម​ក៏​អាច​ប៉ះ ហើយ​ឥឡូវ​បើសិនជា​បិទ​រោងចក្រ​ទៅទៀត យើង​នឹង​អាច​ប៉ះពាល់​ទៅដល់​ការនាំចេញ​។ យើង​មិនដឹង​ទិន្នន័យ​ជាក់លាក់​ទេ គ្រាន់តែ​ស្ថានភាព​ហ្នឹង ជា​ការ​មើលឃើញ​ជា​បច្ចេកទេស យើង​ឃើញថា​សេដ្ឋកិច្ច​យើង​នឹង​ធ្លាក់​ធ្ងន់ធ្ងរ​នៅក្នុង​ឆ្នាំ​២០២១​នេះ បើ​មិន​លើស​ឆ្នាំ​២០២០​ទេ ក៏​ស្រដៀង​នឹង​ឆ្នាំ​២០២០​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើល​ឃើញ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ អាច​នឹង​នៅតែ​អវិជ្ជមាន​ដដែល​។ ទន្ទឹម​នឹង​នេះ លោក​ថា ក្រៅពី​ការ​ដួលរលំ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​មួយចំនួន វិស័យ​ឧស្សាហកម្ម​ទាំងមូល​ក៏​អាច​នឹង​ឈាន​ទៅ​រក​ការ​ក្ស័យធន ប្រសិនបើ​រដ្ឋ​គ្មាន​វិធានការ​ជួយ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ​៖ «ខ្ញុំ​មើល​ទៅ​ស្ថានភាព​ឥឡូវ​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​នេះ យើង​ឃើញថា​មានតែ​អាជីវកម្ម​មួយចំនួន​ទេ ដែល​អាច​នៅ​ដំណើរការ​ដូច​រឿង​ស្បៀងអាហារ ឬ​ម្ហូបអាហារ​។ ប៉ុន្តែ ក្រៅពី​ហ្នឹង​ត្រូវតែ​ផ្អាក​ដំណើរការ​ភាគច្រើន​។ អ៊ីចឹង​ប្រាកដ​ណាស់ កាលណា​ផ្អាក​អាជីវកម្ម​អស់​ហ្នឹង ជាពិសេស​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ប្រហែល​អ្នកខ្លះ​អាច​នឹង​ក្ស័យធន បើសិនជា​រដ្ឋ​អត់​មាន​វិធានការ​អី​ចេញ​ជួយ​ឲ្យ​ទូលំទូលាយ​នោះ​ទេ​។ វា​អាច​ឈាន​ទៅដល់​ឧស្សាហកម្ម​ទៀត​។ ដូច្នេះហើយ ខ្ញុំ​មើលទៅ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ប្រហែលជា​ពិបាក​នឹង​ងើប​ឲ្យ​ទៅ​ជា​វិជ្ជមាន​ណាស់»។

ជុំវិញ​ការ​យល់​ឃើញ​នេះ អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាន​នៅឡើយ​ទេ គិត​ត្រឹម​យប់​ថ្ងៃទី​១៥ មេសា​។ យ៉ាងណា ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​លោក ហ៊ុន សែន លោក​ប្ដេជ្ញា​ថា​នឹង​ខិតខំ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ និង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច​ដែល​បាន​ដាក់ចេញ​ដើម្បី​អភិវឌ្ឍន៍​ជាតិ និង​ភាព​សុខក្សេមក្សាន្ត​របស់​ពលរដ្ឋ​កម្ពុជា។

នៅ​ពី​មុន​ពេល​ផ្ទុះ​វិបត្តិ​កូវីដ​១៩ ចូល​ក្នុង​សហគមន៍ និង​ការ​ឈាន​ទៅ​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ធនាគារ​ពិភពលោក (World Bank) និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​វាយតម្លៃ និង​ព្យាករណ៍​ស្រដៀង​គ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ អាច​នឹង​ប្រសើរ​ជាង​កាលពី​ឆ្នាំ​២០២០ ហើយ​កើន​ឡើងវិញ ក្នុង​រង្វង់ ៤% ទៅ ៤,២%​។ យ៉ាងណា​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ ស្ថាប័ន​ទាំងពីរ​នេះ នឹង​ធ្វើ​ការវាយតម្លៃ​ឡើងវិញ​អំពី​ការព្យាករណ៍​របស់​ខ្លួន ក្រោយ​កម្ពុជា​ប្រឈម​នឹង​ស្ថានការណ៍​កាន់តែ​អាក្រក់​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ។

លោក ប៉ិច ពិសី ចង់​ឃើញ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​សង្គ្រោះ​សេដ្ឋកិច្ច​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ក្នុង​ពេល​តែមួយ​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​គ្រប់​គោលដៅ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដល់​សេដ្ឋកិច្ចជាតិ​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ ក្រៅតែ​ពី​ការ​ធានា​ថា វិស័យ​សុខាភិបាល​មិន​ដួល​រលំ ហើយ​រដ្ឋ​ត្រូវ​ធានា​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នោះ លោក​ផ្តល់​អនុសាសន៍​ថា រដ្ឋ​ក៏​ត្រូវ​ចាត់វិធានការ​ដទៃទៀត​ដើម្បី​សង្គ្រោះ​កុំ​ឲ្យ​សហគ្រាស​នានា​ប្រឈម​នឹង​ការ​ក្ស័យធន​៖ «ទន្ទឹម​នឹង​នេះ យើង​ត្រូវធ្វើ​រឿង​ផ្សេងទៀត ដើម្បី​មើលទៅ​លើ​ស្ថានការណ៍​សេដ្ឋកិច្ច​ខាងមុខនេះ យើង​មិនអាច​បណ្តែតបណ្តោយ​ឲ្យ​សហគ្រាស​យើង​ដួល​ទេ។ សហគ្រាស​នៅ​ស្រុក​ខ្មែរ ភាគច្រើន​ជា​សហគ្រាស​តូច និង​មធ្យម ហើយ​កម្លាំង​នៃ​ការ​ស្រូប​ការងារ​ពី​សហគ្រាស​ទាំងនោះ គឺ​ធំធេង​ណាស់ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ច្រើន​។ បើសិនជា​សហគ្រាស​ទាំង​នោះ​ដួល​រលំ ក្ស័យធន យើង​នឹង​មាន​វិបត្តិ​ក្រោយ​ឆ្នាំ​២០២១ គឺ​ការ​អត់​ការងារ​ធ្វើ​ច្រើនណាស់​។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​យ៉ាងម៉េច​ជួយ SME ឲ្យ​ដើរ​។ មិន​ចំណេញ​ក៏​អាច​ទប់ទល់​បាន បាន​ន័យថា គាត់​មិន​បិទ​ទេ ហើយ​គាត់​មិន​បញ្ឈប់​បុគ្គលិក​ដែល​មាន​ស្រាប់​ទេ»។

កាល​ពី​ចុង​ខែ​មីនា ធនាគារ​ពិភពលោក ធ្លាប់​ពន្យល់​ជា​រួម​ថា ដោយសារតែ​ជំងឺ​រាតត្បាត​កូវីដ​១៩​នេះ ប្រជាជន​ប្រមាណ ៣២​លាន​នាក់​នៅ​ក្នុង​តំបន់ នៅតែ​មិន​អាច​រើខ្លួន​ចេញ​ផុត​ពី​ភាព​ក្រីក្រ​បាន សម្រាប់​ការ​ចំណាយ​ជាង ៥​ដុល្លារ (៥,៥​ដុល្លារ​) ក្នុង​មួយថ្ងៃ​។ ទន្ទឹមគ្នា​នេះ វិសមភាព​ក្នុង​សង្គម​ក៏​ចេះតែ​កើនឡើង​ដោយសារតែ​មកពី​ការ​រាតត្បាត​ជំងឺ និង​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ព្រមទាំង​កង្វះ​លទ្ធភាព​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​សង្គម និង​បច្ចេកវិទ្យា​ឌីជីថល​។ រីឯ​ស្ត្រី​វិញ ក៏​ទទួលរង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ច្រើនជាង​មុន។

នៅ​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ធនាគារ​ពិភពលោក ក៏​ធ្លាប់​គូសបញ្ជាក់​ថា ចំនួន​ពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​កៀក​នឹង​បន្ទាត់​ភាព​ក្រីក្រ ឬ​ដែល​ងាយ​នឹង​ធ្លាក់ខ្លួន​ក្រីក្រ​ឡើងវិញ គឺ​មាន​រហូតដល់​ទៅ​ប្រមាណ​ជាង ៤​លាន ៥​សែន​នាក់​។ ធនាគារ​ដដែល​កាល​ពី​ឆ្នាំ​២០២០ បាន​ព្យាករណ៍​ថា យ៉ាង​ហោចណាស់ ពលរដ្ឋ​កម្ពុ​ជាជាង ១​លាន ៧​សែន​នាក់ ពិសេស​ក្នុង​ចំណោម​គ្រួសារ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ទិញ​លក់ដុំ និង​រាយ វិស័យ​កាត់ដេរ វិស័យ​សំណង់ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ផលិតកម្ម ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។