កម្ពុជា​គ្រោង​គ្រោង​​ពង្រីក​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​​ឱ្យ​​បាន​ដល់ ៤៥០មេហ្កាវ៉ាត់​​នៅ​ឆ្នាំ២០២១

រដ្ឋាភិបាល​នឹង​ពង្រីក​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ឲ្យ​បាន​ដល់ ៤៥០​មេហ្កាវ៉ាត់​ នៅ​ក្នុង​ឆ្នាំ២០២១​ ខាង​មុខ​នេះ​​ស្រប​ពេល​ដែល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កំពុង​តម្រូវ​ការ​ខ្លាំង។​

អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​ថាមពល​ នៃ​ក្រសួង​រ៉ែ និង​ថាមពល​ លោក​ វិច ទ័រហ្សូនា​ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៣​ កញ្ញា​ថា​ គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ​​ បន្ទាប់​ពី​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ មាន​កម្លាំង​ ៣០​មេហ្កាវ៉ាត់​ បាន​ដាក់​អោយ​ដំណើរ​ការ​នៅ​ក្នុង​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ កាល​ពី​ថ្ងៃ​ទី២១​ កញ្ញា។

លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​ មាន​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​

នៅ​ក្នុង​ខេត្ត​ ស្វាយ​រៀង​មាន​ ១៥​មេហ្កាវ៉ាត់​ ខេត្ត​កំពង់​ស្ពឺ​មាន​ ៨០​មេហ្កាវ៉ាត់​ ហើយ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​៣០​ មេហ្កាវ៉ាត់។

លោក​និយាយ​ថា​ មូល​ហេតុ​ដែល​កម្ពុជា​តម្រូវ​ការ​ឲ្យ​មាន​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ គឺ​ដោយ​សារ​តែ​កម្ពុជា តម្រូវ​ការ​របស់​មនុស្ស​បាន​កើន​ឡើង​ជា​ប្រចាំ​ឆ្នាំ ហើយ​ប្រសិន​បើ​មិន​មាន​ការ​បង្កើន​ថាមពល​អគ្គិសនី​ទេ​ កម្ពុជា​នឹង​​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់៖ « ជួន​កាល​យើង​មាន​ផែន​ការ​ច្បាស់លាស់​ ហើយ​ដូច​ដែល​យើង​ជួប​ប្រទះ​កាល​ពី​ពេល​ថ្មីៗ​នេះ​កាល​ពី​ឆ្នាំ២០១៩ រដូវ​ប្រាំង​កន្លង​មក​ វារី​អគ្គិសនី​យើង​ដើរ​មិន​សូវ​មាន​កម្លាំង​ ធ្វើ​អោយ​ពេល​នោះ​ការ​ផ្គត់​ផ្គង់​នៅ​តំបន់​មួយ​ចំនួន​ខ្វះខាត »

លោក​ វិច ទ័រហ្សូនា​ បាន​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ចន្លោះ​ពី ៧០ ទៅ ៨០​ភាគរយ​នៃ​តម្រូវការ​នៃ​តម្រូវ​ការ​សម្រាប់​អ្នក​ប្រើប្រាស់ ចំណែក​ឯ​ថាមពល​ដែល​នៅ​សល់​ត្រូវ​ទិញ​ពី​ក្រៅ​ប្រទេស។

តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ​ និង​ថាមពល បញ្ជាក់​ថា ចាប់ពី​ឆ្នាំ២០០៦ ដល់​ចុង​ឆ្នាំ២០១៩ កម្ពុជា​មាន​ការ​វិនិយោគ​លើ​វិស័យ​អគ្គិសនី​មាន​ចំនួន​ជាង ៦ពាន់​លាន​ដុល្លារ (៦,១​ពាន់​លាន​ដុល្លារ)

បើ​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ ជិត ៣លាន​មេហ្កាវ៉ាត (២.៨៧០,៦៥​មេហ្គាវ៉ាត់) នៅ​ឆ្នាំ២០១៩ គឺ​បាន​កើន​ឡើង​ពី​ ២លាន​ ៦សែន​ មេហ្កាវ៉ាត់ (២.៦៥០,២៦មេហ្គាវ៉ាត់) កាល​ពី​​ឆ្នាំ២០១៨៕