លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង (South Korea) គឺលោកបានជួបជាមួយក្រុមហ៊ុនកូរ៉េធំៗ ជាច្រើន។
តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជាគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថែមទៀត ដោយរំពឹងទុកថា នឹងទទួលបានការវិនិយោគពីប្រទេសកូរ៉េ ចិន និងជប៉ុនកាន់តែច្រើនសម្រាប់អនាគត។
ក៏ប៉ុន្តែអ្នកតាមដានបញ្ហាសង្គម និងនយោបាយយល់ថា ការបើកតំបន់សេដ្ឋកិច្ចពិសេសតែ មួយមុខមិនមែនជាដំណោះស្រាយយូរអង្វែងសម្រាប់សេដ្ឋកិច្ចកម្ពុជានោះទេ។
អ្នកតាមដានការអភិវឌ្ឍន៍សង្គម និងនយោបាយ លើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជាដូចបច្ចុប្បន្ន មិនអាចបង្កើតភាពកក់ក្ដៅ និងការជឿទុកចិត្ត ឱ្យក្រុមហ៊ុនធំៗ មកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលជាប្រទេសសេរី ចូលមកវិនិយោគបានច្រើនដូចការរំពឹងទុកទេ។
ភាពរាំងស្ទះ ដែលមិនអាចឱ្យក្រុមហ៊ុនធំៗ នៃប្រទេសសេរី ចូលមកវិនិយោគនៅកម្ពុជា គឺដោយសារតែរដ្ឋាភិបាលកំពុងគ្រប់គ្រងអំណាចប្រាសចាកពីលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស មិនអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ គំរាមកំហែងទៅលើគណបក្សប្រឆាំង ព្រមទាំងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋនិងសេរីភាពសារព័ត៌មានជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ខែឧសភាថា ក្រុមហ៊ុនធំៗ របស់កូរ៉េខាងត្បូង និងជប៉ុន ដែលជាប្រទេសសេរី នៅមានការពិចារណាច្រើន ចំពោះការមកវិនិយោគនៅកម្ពុជា។
លោកថា ក្នុងស្ថានភាពដូចបច្ចុប្បន្ន ដែលកម្ពុជាមិនអាចធានាបាន នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺមិនអាចទាក់ទាញអ្នកវិនិយោគពីប្រទេសកូរ៉េ ជប៉ុន និងពីបណ្ដាប្រទេសសេរីជាច្រើន នៅជុំវិញពិភពលោកផង។
លោក សេក សុជាតិ៖ «ខ្ញុំយល់ថា ការអនុវត្តច្បាប់នៅកម្ពុជា នៅមិនទាន់ឆ្លើយតបតាមការចង់បានជាលក្ខណៈរួមនៅឡើយទេ ដោយសារតែមានទំនាក់ទំនងនឹងឥទ្ធិពលនយោបាយ ធ្វើឱ្យក្លាយទៅជាប្រធានបទមួយប៉ះពាល់ទៅដល់អ្នកវិនិយោគផងដែរ។ ប្រសិនបើកម្ពុជានៅតែបន្តមានវិបត្តិធ្ងន់ធ្ងរ ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានផ្សេងៗ ធ្វើឱ្យអ្នកវិនិយោគទុនភ័យខ្លាចណាស់ ពីព្រោះគាត់ខ្លាចពេលមានបញ្ហាផ្សេងៗ កើតឡើង ហើយគ្មានអ្នកណាអាចជួយគាត់បាន»។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ឃើញប្រហាក់ប្រហែលគ្នានឹងលោក សេក សុជាតិ ដែរថា កម្ពុជាអាចទទួលបានអ្នកវិនិយោគទុនល្អ មកពីប្រទេសលោកសេរីប្រសិនបើ កម្ពុជាចាប់ផ្ដើមបើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយ សិទ្ធិសេរីភាពសារព័ត៌មាន ការបញ្ចេញមតិនិងដោះស្រាយវិបត្តិសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋដែលកំពុងតែកើតមានជាច្រើននោះ។
លោក ប៉ោ មករា៖«យើងមើលប្រវត្តិប្រទេសទាំងអស់ ដូចជា ជប៉ុន កូរ៉េ សឹង្ហបូរី ដែលតែងរកស៊ីនៅកម្ពុជា ជាពិសេស គឺជប៉ុន បានសំដៅទៅដល់សិទ្ធិខ្លាំងណាស់ សំដៅទៅដល់សិទ្ធិរស់រានមានជីវិត សិទ្ធិមានលំនៅឋានគ្រប់គ្រាន់ សិទ្ធិទទួលបានសំណងការប៉ះពាល់ពីក្រុមហ៊ុន។ យើងឃើញមានការសងបានត្រឹមត្រូវ ពលរដ្ឋអាចទទួលយកបាន។ ឧទាហរណ៍ដូចជា នៅអាគារប៊ូឌីញ(Building)ដែលចាស់ទ្រុឌទ្រោម ហើយត្រូវក្រុមហ៊ុនជប៉ុនទៅអភិវឌ្ឍន៍ គឺយើងឃើញគេសងបានសមរម្យ»។
ការលើកឡើងរបស់អ្នកតាមដានការអភិវឌ្ឍន៍សង្គម និងនយោបាយដូចនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន ឱ្យចូលមករកស៊ីបានកាន់តែច្រើនថែមទៀតសម្រាប់អនាគត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងពលករខ្មែរ ក្នុងពេលធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភាថា លោកបានជួបជាមួយក្រុមហ៊ុនកូរ៉េធំៗ ជាច្រើន ហើយក្រុមហ៊ុនទាំងនោះ ចាប់អារម្មណ៍ ចំពោះការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត រំពឹងថា កម្ពុជានឹងទទួលបានការវិនិយោគពីកូរ៉េបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត អះអាងទៀតថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកទទួលបានគម្រោងវិនិយោគ ដែលចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចំនួន ១៤៧គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុប ប្រមាណ ២ពាន់ ៧រយលានដុល្លារអាមេរិក។
បើទោះជាយ៉ាងណាក្ដី វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ជុំវិញរឿងនេះបាននៅឡើយ នៅថ្ងៃទី២២ ខែឧសភា ដោយសារតែទូរស័ព្ទរបស់លោកទាំងពីរមិនអាចទាក់ទងបាន។
តាមឯកសាររបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមាន តំបន់សេដ្ឋកិច្ចពិសេស ដែលបានអនុម័តសរុបចំនួន ៥៩ទីតាំង។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសចំនួន ២៩ទីតាំង កំពុងធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តព្រះសីហនុ កំពត កោះកុង ក្រចេះ ស្វាយរៀង និងបន្ទាយមានជ័យជាដើម។
អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា ក្នុងស្ថានភាពដូចបច្ចុប្បន្ន ដែលធ្វើឱ្យក្រុមហ៊ុនចាស់ៗ ជាច្រើន ដូចជា រោងចក្រកាត់ដេរបាត់បង់អ្នកបញ្ជាទិញ វិស័យទេសចរណ៍ធ្លាក់ចុះ និងអចលនទ្រព្យជាច្រើន មានវិបត្តិជាប់គាំងស្ទើរតែទាំងស្រុងនេះ មិនអាចឱ្យរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគទុនថ្មីៗ ដោយងាយនោះទេ។
លោក គឹម សុខ៖«រដ្ឋាភិបាលអួតស្ទើរតែរាល់ខែពីគម្រោង ក៏ប៉ុន្តែភាគច្រើនគ្មានចេញជារូបរាងប្រតិបត្តិការវិនិយោគអ្វីទេ។ នៅចំពេលដែលរដ្ឋាភិបាលគ្មានទុនបម្រុងសម្រាប់ជួយជ្រោមជ្រែងដល់អ្នកវិនិយោគខ្នាតតូចនៅក្នុងស្រុកផង ហើយពឹងផ្អែកទៅលើកម្ចីពីចិនតែមួយ សួរថា តើសេដ្ឋកិច្ចដ៏ខ្សោយបែបនេះ សង្ឃឹមអ្វី?»។
អ្នកវិភាគបញ្ហាសង្គម បណ្ឌិត មាស នី បានបញ្ចេញយោបល់យ៉ាងខ្លីថា ការបើកតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញអ្នកវិនិយោគធំៗ មកពីកូរ៉េ ជប៉ុន និងចិននោះ មិនមែនជាដំណោះស្រាយសម្រាប់ការលូតលាស់ នៃសេដ្ឋកិច្ចយូរអង្វែងនោះទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនមានបរិយាកាសនយោបាយល្អ និងកក់ក្ដៅ សម្រាប់អ្នកវិនិយោគ ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចមានសក្ដានុពលគួរឱ្យជឿទុកចិត្តបាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។