វៀតណាម​បន្ត​​មិនយក​ពន្ធ​លើ​មុខ​ទំនិញ​នាំចេញ ៣១មុខ​របស់​កម្ពុជារហូតដល់​ឆ្នាំ២០២២

ដោយ អាស៊ីសេរី
2021.03.30
វៀតណាម​បន្ត​​មិនយក​ពន្ធ​លើ​មុខ​ទំនិញ​នាំចេញ ៣១មុខ​របស់​កម្ពុជារហូតដល់​ឆ្នាំ២០២២ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។
រូប៖ ហ្វេសប៊ុក SPM

វៀតណាមនិងបន្ត​​អនុវត្ត​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី មិនយក​ពន្ធ​លើ​មុខ​ទំនិញនាំចេញ ៣១មុខ​របស់​កម្ពុជា រហូតដល់​ឆ្នាំ២០២២។ មុខ​ទំនិញ​​មិនគិត​ពន្ធ ឬ​ទទួល​បាន​ភាពអនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​​ទាំងនោះ ភាគច្រើន គឺជា​​​​ផលិតផល​កសិកម្ម​ ដែល​មាន​ដូចជា​ សាច់បសុបក្សី ផ្លែឈើ​ ស្រូវ អង្ករ និង ថ្នាំជក់ ជាដើម។

យោងសេចក្តីជូន​ដំណឹង​ក្រសួងពាណិជ្ជកម្ម ថ្ងៃទី២៥ មីនា ថា កម្ពុជានិង​វៀតណាម បាន​ឯកភាពគ្នា​​បន្ត​សុពលភាព​នៃ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី កាល​ពី​ឆ្នាំ២០២០ ឲ្យ​នៅ​ជា​ធរមាន​រហូត​ដល់​ឆ្នាំ២០២២។ ​ក្នុង​នោះ​ កម្ពុជា​ទទួល​បាន​ការមិនគិត​ពន្ធ លើ​​មុខ​ទំនិញ ៣១​បន្ទាត់​ពន្ធគយ ដែល​មាន​ដើមកំណើត​នៅ​កម្ពុជា នាំចេញ​ទៅ​ប្រទេស​វៀតណាម។ ក្រសួងពាណិជ្ជកម្ម មិន​បាន​បញ្ជាក់​ទេ ថាតើ​កម្ពុជា​អនុញ្ញាត​ឲ្យ​វៀតណាម​អាច​នាំចូល​មុខ​ទំនិញ​​របស់​ខ្លួន​មក​កម្ពុជា​ដោយ​មិនគិតពន្ធ ​ប៉ុន្មាន​មុខ​នោះទេ។

ក្រសួង​ពាណិជ្ជកម្ម ជូន​ដំណឹង​ថា ផលិតករ ឬ​អ្នកនាំចេញ អាច​ធ្វើ​ការស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​ដំណើត​ទំនិញ ទម្រង់​អេស (CO Form S) តាមរយៈ​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម។ រីឯ មុខ​ទំនិញ​អង្ករ និង​សន្លឹក​ថ្នាំជក់​ស្ងួត ផលិតករ ឬ​អ្នកនាំ​ចេញ​ ត្រូវ​ដាក់ពាក្យ​ស្នើសុំ មក​នាយកដ្ឋាន​នាំចេញ​នាំចូល នៃអគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឲ្យដឹង​ថា កាលពី​ឆ្នាំ២០២០ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ប្រទេស​វៀតណាម ក្នុង​ទំហំ​ទឹកប្រាក់ជិត ៤០០​លាន​ដុល្លារ គឺកើនឡើង​ជិត ១៥ភាគរយ បើធៀប​នឹង​ឆ្នាំ២០១៩ កន្លងទៅ។ រីឯ វៀតណាម នាំចេញ​ទំនិញ​មក​កម្ពុជា​វិញ មានតម្លៃ​រហូត​ដល់​ទៅជាង ២ពាន់៦រយ​លាន​ដុល្លារ នៅក្នុង​​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។