អ្នកជំនាញបារម្ភចំពោះជីវភាពប្រចាំថ្ងៃរបស់កសិករខ្មែរមួយចំនួនដោយសារតែបច្ចុប្បន្ន ខ្វះទីផ្សារលក់ផលិតផលឱ្យបានទូលំទូលាយ។
ការបារម្ភនេះ កើតឡើងស្របពេលដែលកសិករកំពុងតែប្រឈមនិងបញ្ហាជាច្រើនដូចជានៅខេត្តខ្លះកសិករតវ៉ាជុំវិញការលក់ស្រូវបានតម្លៃថោកនិងខេត្តខ្លះទៀតខ្វះទឹកធ្វើស្រែប្រាំង។ បន្ថែមលើនេះកាលពីពេលថ្មីៗ សហភាពអឺរ៉ុប មិនទទួលទិញអង្ករខ្មែរដោយសារតែរកឃើញថា មានផ្ទុកសំណល់ថ្នាំកសិកម្មលើសកម្រិត។
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ព្រួយបារម្ភខ្លាំងហើយលោកជំរុញឱ្យរដ្ឋាភិបាលនិងក្រសួងកសិកម្មត្រូវតែស៊ើបអង្កេត និងលាងសំអាតឱ្យច្បាស់លាស់ដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅក្នុងទីផ្សារនាំចេញ។ លោកថា ប្រសិនបើវិបត្តិសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករខ្មែរនៅតែអូសបន្លាយរយៈពេល ២ឬ ៣ឆ្នាំទៅមុខទៀត គឺនឹងធ្វើឱ្យកសិករខ្មែរប្រឈមនិងបញ្ហាគ្មានទីផ្សារលក់អង្ករ ហើយស្រូវក៏លក់បានតម្លៃថោក។
លោក គឹម សុខ៖ «បើអង្ករខ្មែរមានវិបត្តិជាតិគីមីនាំទៅអឺរ៉ុប ហើយសហភាពអឺរ៉ុបមិនទទួលនិងបញ្ជូនត្រឡប់វិញ ក្នុងរយៈពេលតែ២-៣ឆ្នាំទៅមុខទៀតគឺនឹងធ្វើឱ្យប្រជាកសិករខ្មែររត់ចោលស្រែស្ទើរតែទាំងអស់។ បញ្ហានេះទីបំផុតនឹងធ្វើឱ្យដីកសិកម្មរបស់ខ្មែរនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ឈ្មួញវៀតណាមនិងឈ្មួញចិនមកធ្វើស្រែជំនួសរួចហើយដឹកអង្ករយកទៅស្រុករបស់ពួកគេ ដោយធ្វើជំនួញកសិកម្មលើខ្នងពលរដ្ឋខ្មែរនិងប្រទេសកម្ពុជា។ មានន័យថាដីស្រែកសិកម្មរបស់ខ្មែរក្លាយទៅជាដីកសិកម្មរបស់ចិននិងវៀតណាមហើយ»។
ស្រដៀងគ្នានេះដែរ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា វាជាការគួរឱ្យព្រួយបារម្ភនៅពេលដែលកសិករខ្មែរ នៅតាមបណ្ដាខេត្តខ្លះកំពុងតែមានបញ្ហារឿងតម្លៃស្រូវចុះថោក ថែមទាំងមានសម្ពាធមួយទៀត គឺអង្ករខ្មែរដែលនាំចេញទៅសហភាពអឺរ៉ុប មានផ្ទុកសំណល់ថ្នាំកសិកម្មលើសកម្រិតនោះ។ លោកថាបញ្ហានេះកាន់តែធ្វើឱ្យកសិករខ្មែរពិបាករកទីផ្សារលក់ស្រូវ ព្រមទាំងអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរ។
លោក អ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលនិងក្រសួងកសិកម្មត្រូវតែរកឱ្យឃើញពិតប្រាកដថា តើអង្ករដែលមានសារធាតុគីមីលើសកម្រិតនោះ ជារបស់កសិករខ្មែរឬក៏ជារបស់ក្រុមហ៊ុនបរទេសណាមួយដែលបន្លំយកយីហោខ្មែរដើម្បីនាំចេញ?។
លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតបញ្ហានេះ ឱ្យបានច្បាស់លាស់ ដើម្បីរកប្រភពអង្ករដែលមានសំណល់ថ្នាំកសិកម្មលើសកម្រិតនោះថា តើជារបស់វៀតណាម ដែលបន្លំធ្វើជារបស់កម្ពុជាឬក៏វាជារបស់កម្ពុជាមែន?រដ្ឋាភិបាលក៏ត្រូវស៊ើបអង្កេតផងដែរថា តើមូលហេតុអ្វីបានជាមានអង្ករមានសំណល់ថ្នាំកសិកម្មលើសកម្រិតទៅវិញ?តើវាបណ្ដាលមកពីពលរដ្ឋកម្ពុជាបានប្រើសារធាតុគីមីនៅក្នុងថ្នាំកសិកម្មដោយមិនមានការយល់ដឹង និងគ្មានការណែនាំពីក្រសួងកសិកម្មឬក៏យ៉ាងណា?។ ដូច្នេះរដ្ឋាភិបាលគួរតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ជុំវិញរឿងនេះ»។
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីកាលពីពេលថ្មីៗ អង្ករខ្មែរប្រមាណ ៤ពាន់តោន ដែលគិតជាទឹកប្រាក់ប្រមាណ ២លានដុល្លារ ត្រូវប្រទេសសហភាពអឺរ៉ុបមិនទទួលទិញដោយសារតែគេរកឃើញថា អង្ករទាំងនោះមានផ្ទុកសំណល់ថ្នាំកសិកម្មលើសកម្រិត។ បន្ថែមលើនេះពេលបច្ចុប្បន្នកសិករខ្មែរនៅតាមបណ្ដាខេត្តជាច្រើនដូចជាខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យកំពុងមានបញ្ហាពិបាករកទីផ្សារលក់ស្រូវឱ្យបានថ្លៃដែរ។ រីឯកសិករនៅស្រុកបាទីខេត្តតាកែវ ក៏កំពុងមានបញ្ហាខ្វះទឹកធ្វើស្រែប្រាំងជាដើម។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងអង្ករខ្មែរដែលមានសំណល់ថ្នាំកសិកម្មលើសកម្រិតនាំចេញទៅសហភាពអឺរ៉ុប និងបញ្ហាផ្សេងៗទៀតរបស់កសិករពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បាននៅឡើយនៅថ្ងៃទី២៥ ខែមករា។
ប៉ុន្តែតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែមករា ឱ្យដឹងថា អង្ករខ្មែរមួយចំនួនដែលនាំចេញទៅសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុប មិនទទួលយកគឺដោយសារតែមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ សំណល់ថ្នាំកសិកម្មនៅក្នុងអង្ករនោះ មានដូចជាសារធាតុអាស៊ីតាមីព្រីដទ្រីស៊ីក្លាសូល (Acetamiprid Tricyclazole) និងទីយ៉ាមមេតូហ្សាម(Thiamethoxam) លើសកម្រិតបញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យតែត្រឹមចំនួន ០,០១មីលីក្រាមក្នុងអង្ករ ១គីឡូក្រាម។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំអង្ករចេញទៅសហភាពអឺរ៉ុបចំនួនប្រមាណជាង ៣០ម៉ឺនតោន មិនមានបញ្ហារឿងសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករទេ ទើបតែនៅពេលចុងក្រោយគឺអង្ករស្រែប្រាំងប្រមាណតែ ២ ទៅ ៣កុងទីន័រប៉ុណ្ណោះ ដែលមានបញ្ហានេះ។ លោកថា ជាច្រើនឆ្នាំមកហើយស្រូវរដូវវស្សារបស់កម្ពុជាគឺមិនដែលមានបញ្ហារឿងសំណល់ថ្នាំកសិកម្មលើសកម្រិតឡើយ។ លោក លន់ យ៉េង បញ្ជាក់ទៀតថា បើទោះបីជាសហភាពអឺរ៉ុបមិនទទួលយកអង្ករទាំងនោះក៏ដោយក៏អង្ករដែលមានបញ្ហាបានលក់ទៅឱ្យប្រទេសផ្សេងអស់ទៅហើយ។ យ៉ាងនេះក្តីលោក លន់ យ៉េង ចង់ឱ្យកសិករខ្មែរឈប់ប្រើប្រាស់ថ្នាំកសិកម្មទៅលើស្រូវច្រើនលើសកម្រិត នៅពេលខាងមុខតទៅទៀត។
លោក លន់ យ៉េង៖ «ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវដល់បងប្អូនកសិករថាប្រភេទថ្នាំកសិកម្មមួយចំនួនសូមប្រើប្រាស់ឱ្យត្រូវតាមបច្ចេកទេសពីព្រោះនៅតាមសំបកថ្នាំក៏មានសរសេរណែនាំឱ្យប្រើនៅពេលណា? សូមកុំប្រើតាមនឹកឃើញ។ ដូច្នេះសូមឱ្យកសិករទាំងអស់ស្វែងយល់ នៅពេលស្រូវមានជម្ងឺ មានផ្សិតស្លឹកឬក៏មានសត្វល្អិតស៊ី សូមជៀសវាងកុំប្រើប្រាស់ថ្នាំប្រភេទ(Acetamiprid )ឬក៏Tricyclazoleហើយងាកទៅប្រើថ្នាំដែលអ្នកជំនាញអនុញ្ញាតគឺជាការប្រសើរ»។
សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួនប្រមាណ៦៥ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ចំនួនជាង ៤រយ (៤៩១) លានដុល្លារអាមេរិក។សហភាពអឺរ៉ុបគឺជាទីផ្សារនាំមុខគេរបស់កម្ពុជាដែលបានទិញអង្ករខ្មែរចំនួនជាង ៣២ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង២រយ (២៥៣) លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
