ពលករ​ខ្មែរ​នៅ​​ថៃ​ប្រមូល​ផ្តុំគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្យារ​ពេល​សងបំណុល​ទៅ​ធនាគារ

ដោយ មាន ឫទ្ធិ
2023.11.27
ពលករ​ខ្មែរ​នៅ​​ថៃ​ប្រមូល​ផ្តុំគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្យារ​ពេល​សងបំណុល​ទៅ​ធនាគារ ទិដ្ឋភាពពលករខ្មែរនៅប្រទេសថៃ បានប្រមូលផ្ដុំគ្នាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ពន្យាពេលសងបំណុលធនាគារ កាលពីថ្ងៃទី២៥ ខែ​វិច្ឆិកា ២០២៣។
រូប៖ ពលករផ្ដល់ឱ្យ

ពលករ​ខ្មែរ​មួយចំនួន​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ប្រមូល​ផ្ដុំគ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ទៅ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឱ្យជួយ​ពន្យារពេល​សង​ប្រាក់​ត្រឡប់​ទៅវិញ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ ប្រសើរ​ជាង​ចោទប្រកាន់​ទៅលើ​ពួកគាត់។

ក្រុម​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ លើកឡើង​ថា ពួកគេ​គ្មាន​លទ្ធភាព​រក​ប្រាក់​សង​បំណុល​ធនាគារ​នោះ​ទេ។

តំណាង​ពលករ​និង​ជា​ពលករ​ខ្មែរ​ធ្វើការ​សំណង​នៅ​ប្រទេស​ថៃ លោកស្រី ជាតិ សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​កំពុងធ្វើការ​ជាមួយ​លោកស្រី ប្រមាណ​១​ពាន់​នាក់ មាន​ពលរដ្ឋ​៩៥​ភាគរយ​ហើយ ដែល​ជំពាក់​បំណុល​ធនាគារ ហើយ​បច្ចុប្បន្ន​ពួកគេ​មិនអាច​រក​ប្រាក់​សង​ទៅ​ធនាគារ​នោះ​ទេ ដោយសារតែ​មួយរយៈ​នេះ មិនសូវ​មាន​ការងារ​ធ្វើ​ទៀត​ទាត់។ លោកស្រី​បន្ត​ថា ក្រុម​ពលករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី ជួយ​អន្តរាគមន៍​ទៅ​ធនាគារ​ឱ្យ​ពន្យារពេល​សង​ប្រាក់​ត្រឡប់ រយៈពេល​កន្លះ​ឆ្នាំ​ឡើយ​ទៅ។

លោកស្រី ជាតិ សុខា៖ «ចាស​ពិបាក​មែនទែន​ហើយ ពិបាក​មែនទែន​ខ្ញុំ​ឯណេះ សូម​ឱ្យ​សំឡេង​នាង​ខ្ញុំ​ជំនួសមុខ​បងប្អូន​ដែល​ដូច​នាង​ខ្ញុំ​ទាំងអស់ សូម​ថា​រាជរដ្ឋាភិបាល​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ណា​សូម​ឱ្យ​ជួយ​និយាយ​ជាមួយ​ពួក​ធនាគារ​ទៅ​សូមកុំ​ទាន់​ឱ្យ​ពួក​ខ្ញុំ​បង់​អី មិនបាន​១​ឆ្នាំ​ក៏​៦​ខែ​ក៏​បាន​ដែរ»

ពលករ​ធ្វើ​សំណង់​ម្នាក់​នៅ​ទីក្រុង​បាងកក ដែល​បាន​ចូលរួម​ទាមទារ​ដែរ​នោះ គឺ​លោក ម៉ុច ម៉ុល ថ្លែង​ថា លោក​ជំពាក់​ធនាគារ​ចំនួន​៥​ពាន់​ដុល្លារ លោក​ត្រូវ​បង់​១​រយ​ដុល្លារ​ក្នុង​មួយ​ខែ សង​ទៅ​ធនាគារ ហើយ​សព្វថ្ងៃ​នេះ​លោក​ពិបាក​រក​ការងារ ដោយ​ក្នុង​មួយ​ខែ​លោក​រក​ប្រាក់​ជាង ១​ម៉ឺន​បាត ឬ​ស្មើ​ប្រមាណ ៣​រយ​ដុល្លារ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា លោក​ត្រូវ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដែល​មាន​សមាជិក​ចំនួន ៤​នាក់​ជា​បន្ទុក ដូច្នេះ​មិន​មាន​ប្រាក់​សល់​សម្រាប់​សង​ទៅ​ធនាគារ​នោះ​ទេ។

លោក ម៉ុច ម៉ុល៖ «ហើយ​ដល់​អ៊ីចឹង​ទៅ​វា​ភារៈ​ច្រើន​បង​ណាមួយ​ក៏​តូប​ផង​ណាមួយ​ក៏​នំចំណី​កូន​អ្វី​អ៊ីចឹង​ណា បន្ទប់​ជួយ​ទៀត​អ៊ីចឹង​ជាដើម ហើយ​ការងារ​មិន​សូវ​មាន​ធ្វើ បច្ចុប្បន្ន​នេះ​គឺ​យើង ការងារ​មាន​ធ្វើ​ទៅ​ហើយ​យើង​ធ្វើ​ឈប់ៗ​ប្រាក់ចំណូល​វា​អត់​សូវ​មាន អ៊ីចឹង​ទៅ​យើង​រត់​អត់​រួច​អ៊ីចឹង អ៊ីចឹង​ហើយ​មានតែ​ស្នើ​សូម​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ពន្យារពេល​ការ​បង់ប្រាក់​ការ​ធនាគារ»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ប៉ុន្តែ​កាលពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឲ្យ​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​មួយ​នេះ ជួយ​សម្រួល​ការ​លំបាក​របស់​អតិថិជន​ដែល​កំពុង​រងគ្រោះ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅពេល​បច្ចុប្បន្ន​នេះ បើ​ពុំ​នោះ​ទេ ទាំង​ក្រុមហ៊ុន និង​រដ្ឋាភិបាល នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ។

បើ​ទោះបី​លោកនាយក​រដ្ឋមន្ត្រី​ស្រែក​អំពាវនាវ​យ៉ាងណាក្ដី ក្រុម​ពលករ និង​ពលរដ្ឋ​មួយចំនួន​អះអាង​ថា រហូត​មក​ដល់​ពេលនេះ​បុគ្គលិក​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅតែ​ទារប្រាក់​ពី​ពួកគេ​ដដែល រហូតដល់​ពលរដ្ឋ​ខ្លះ​កាត់បន្ថយ​ម្ហូបអាហារ​ប្រចាំថ្ងៃ ដើម្បី​ទុក​ប្រាក់​សង​ធនាគារ។

ជុំវិញ​រឿង​នេះ​ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា សង្កេត​ឃើញ​ថា ពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ សុទ្ធសឹងតែ​ជា​អ្នក​ដែល​មាន​ជីវភាព​លំបាក និង​ជាប់បំណុល​ធនាគារ ។ លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ស្ដាប់​ពី​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​យកចិត្តទុកដាក់​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នោះ ប្រសើរ​ជាង​ទៅ​ចោទប្រកាន់ និង​លាប​ពណ៌​ទៅលើ​ពួកគេ​ថា​ពួក​ប្រឆាំង​រដ្ឋាភិបាល។

លោក ឌី ថេហូយ៉ា៖ «អ៊ីចឹង​យើង​ត្រូវ​សិក្សា​ពិតប្រាកដ ថា​តើ​មកដល់​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ខ្មែរ​ចំនួន​ប៉ុន្មាន​ដែល​ជំពាក់​បំណុល​គេ​ហើយ​ការ​ជំពាក់​បំណុល​ទាំងអស់​ហ្នឹង​តើ​គាត់​មានលទ្ធភាព​អត់​ត្រូវ​សំឡេង​អំពី​ការ​លើកឡើង​របស់​ពួកគាត់​ហើយ​រក​ដំណោះស្រាយ​ឲ្យ​សមស្រប​ឆ្លើយតប​នឹង​បញ្ហា​ដែល​គាត់​កំពុង​មាន»

មួយរយៈ​ពេល​ចុង​ក្រោយ​នេះ​ពលករ​ខ្មែរ​មួយចំនួន ធ្វើការ​នៅ​ប្រទេស​ថៃ​តែងតែ​ប្រមូល​ផ្តុំគ្នា​សម្ដែង​មតិ និង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពន្យារ​ពេល​សងបំណុល​ធនាគារ​ជា​បន្តបន្ទាប់​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា បញ្ហា​ទាំងនេះ ប្រសិនបើ​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ​តាម​ការ​សំណើ​របស់​ពលរដ្ឋ​ទេ​នោះ អាច​នឹង​កើតមាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ នៅ​ថ្ងៃ​ខាងមុខ ហើយ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើនឡើង ដើម្បី​រក​ប្រាក់​សង​ទៅ​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។