ស្ថានទូត​ចិន​ថា ចេក​ ជា​ដំណាំ​ហូប​ផ្លែ​ដំបូង​បង្អស់​របស់​កម្ពុជា ដែល​បាន​នាំ​ចេញ​​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន

ដោយ សេក បណ្ឌិត
2019.05.13
ចេកអំបូងលឿង​កម្ពុជា​នាំ​ទៅ​ចិន 051019 ចេក​អំបូង​លឿង​ស្រស់​របស់​កម្ពុជា ដែល​បាន​នាំ​ទៅ​កាន់​ទីផ្សារ​របស់​ចិន​ដោយ​ផ្ទាល់ និង​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា។
រូប៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ឲ្យ​ដឹង​ថា ចិន​បាន​នាំ​ចេក​អំបូង​លឿង​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន​ដោយ​ផ្ទាល់ និង​ជា​លើកដំបូង។

ហ្វេសប៊ុក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ចុះ​ផ្សាយ​ថ្ងៃ​ទី១២ ខែ​ឧសភា​ថា មុន​ឈាន​ដល់​ការ​ចេក​ចេញ​នេះ គឺ​មាន​ការ​ធ្វើ​ពិធីសារ​ស្ដីពី​សំណូម​ពរ​ត្រួត​ពិនិត្យ​គុណភាព​ផ្លែចេក ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ២០១៨ កន្លង​ទៅ​នៅ​អគ្គនាយកដ្ឋាន​គយ​នៃ​ប្រទេស​ចិន។

ហ្វេសប៊ុក​របស់​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចុះ​ផ្សាយ​ដោយ​ដក​ស្រង់​សំដី អគ្គនាយក​ក្រុមហ៊ុន​​របស់​ឧកញ៉ា ផែ ហុកឈួន ដែល​ជា​ក្រុមហ៊ុន​ចេក​ចេញ​ទៅ​លក់​នៅ​ចិន ឲ្យ​ដឹង​ថា ក្រុមហ៊ុន បាន​ប្រើប្រាស់​ទុន​វិនិយោគ​ជាង ៣២លានដុល្លារ ដើម្បី​រៀបចំ​ចម្ការ​ចេក​លើ​ផ្ទៃ​ដី​សរុប ១.០០០​ហិកតារ ហើយ​បច្ចុប្បន្ន ផ្ទៃ​ដី​ជាង ៤០០ហិកតារ កំពុង​ប្រមូល​ផល ដែល​ក្រុមហ៊ុន​មាន​ទីតាំង​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។

ការប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​វេច​ខ្ចប់ និង​នាំ​ចេញ​ផ្លែ​ចេក​អំបូង​លឿង​ស្រស់​របស់​ក្រុមហ៊ុន ឡងមេត អេហ្រ្គីខលឈ័រ (Longmate Agriculture) ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា។

លោក​សង្ឃឹម​ថា ក្នុង​ឆ្នាំ២០១៩ នេះ ចេក​ស្រស់​ប្រមាណ​ជាង ២ម៉ឺន​តោន (,២ម៉ឺន​តោន) នឹង​ត្រូវ​នាំ​ចេញ ហើយ​នៅ​ឆ្នាំ២០២០ ខាង​មុខ គេ​រំពឹង​ថា បរិមាណ​នេះ​នឹង​កើន​ឡើង​ដល់​ជាង ៣ម៉ឺន​តោន។ លោក​អះអាង​ទៀត​ថា ការ​វិនិយោគ​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាច​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ជាង ៨០០នាក់ ហើយ​ឆ្នាំ២០២០ ត្រូវ​ការ​ពលកម្ម​បន្ថែម​ជាង ១.០០០នាក់។

ចំណែក​អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ក៏​បង្ហាញ​ក្តី​រំពឹង​ថា ក្រុមហ៊ុន​វិនិយោគ​ចេក នេះ​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា និង​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ប្រាក់ ចំណូល​ក្នុង​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។