ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក្សា​ជំហរ​មិន​កែប្រែ​របាយការណ៍​របស់​ខ្លួន​ស្តី​ពី​បញ្ហា​បំណុល​ពលរដ្ឋ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​រក្សា​ជំហរ​មិន​កែប្រែ​របាយការណ៍​ដែល​ពួក​គេ​រក​ឃើញថា កម្ចី​របស់​ស្ថាប័ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជំ​ពាក់​បំ​ណុលវ័ណ្ឌក។ ការ​អះអាង​នេះ​ គឺបន្ទាប់ពី​សមាគម​ធនាគារ​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​រួមគ្នា​ចេញ​ចេញ​លិខិត​ចំហរ​ចោទប្រកាន់​ថា របាយការណ៍​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួមមាន៖ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់ថា សង់​ត្រា​ល់ សមាគម​ធាងត្នោត និង​សម្ព័ន្ធ​សហជីព​កម្ពុជា​ថា របាយការណ៍​របស់​ពួក​គេ​មាន​ភាព​ត្រឹមត្រូវ​និង​ឆ្លុះបញ្ចាំង​ពី​ការពិត​និង​គ្មាន​ចរិត​ញុះញង់​ឬ​លំអៀង​ទៅ​គណបក្ស​ណា​​​​​​​​​​​​​​​​មួយ​ឡើយ។

នាយករង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៦ ខែ​កក្កដា​ថា ក្រោយ​ទទួល​បាន​លិខិត​របស់​សមាគម​ធនាគារ​និង​សមាគម​មីក្រូហិរញ្ញវត្ថុ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងបួន​ស្ថាប័ន​បាន​ប្រជុំ​និង​គ្រោង​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​សមាគម​ធនាគារ​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​វិញ បញ្ជាក់​ការ​ប្រកាន់​ជំហរ​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន។ លោក អំ សំអាត បន្ត​ថា ការ​ស្រាវជ្រាវ​ផ្ដោត​សំខាន់​លើ​សិទ្ធិមនុស្ស​នេះ​ធ្វើ​ឡើង​ដោយ​អព្យា​ក្រិត្យ ឥត​លំអៀង​និង​ដើម្បី​ជំរុញ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​បំណុល​ពលរដ្ឋ៖ « របាយការណ៍​ដែល​ចេញ​មកនេះ​ដូច​យើង​បាន​បញ្ជាក់​អំពី​រឿង​ដែល​យើង​ផ្ដល់​ជា​អនុសាសន៍​ដើម្បី​ឱ្យ​រក​វិធីសាស្ត្រ​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ត​បន្ទាប់។ មួយ​ទៀត​យើង​បញ្ជាក់​ថា របាយការណ៍​នេះ​គ្មាន​ចរិត​នៃ​ការ​ញុះញង់ ឬក៏​បម្រើ​ផលប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​ទេ​គឺ​យើង​ធ្វើ​ដោយ​អព្យាក្រឹត្យ​ឥត​លំអៀង​ដោយ​តម្លាភាព​ហើយ​ធម្មតា​របាយការណ៍​ដែល​ចេញ​ជា​សាធារណៈ​ជន​ណា​ក៏​អាច​មើល​បាន​ដែរ​បាទ »

សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ រួមគ្នា​ចេញ​លិខិត​ចំហ​ថ្ងៃ​ទី១៥ ខែកក្កដា​ចោទ​ប្រកាន់​ថា របាយការណ៍​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ លិខិត​ចុះ​បន្ត​ថា របា​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ខ្វះ​តម្លាភាព ជាពិសេស​មិនដែល​បាន​សាកសួរ ឬ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ។ លិខិត​ដដែល ស្នើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​តម្រូវ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត ដោយ​ចោទប្រកាន់​ថា អត្ថបទ​ទាំងនេះ​ជា​ការ​សន្មត់​ផ្ទាល់ខ្លួន​និង​សរសេរ​ផ្ទុយពី​ការពិត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញផ្សាយ​របាយការណ៍​ចំនួន៣ ជា​បន្ត​បន្ទាប់​ចាប់​ពី​ខែ​សីហា ឆ្នាំ២០១៩ ដល់​ខែ​មិថុនា ឆ្នាំ២០២០ រួមមាន ការ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​បញ្ចាំ។ ការ​រំលោភ​បំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។ បទពិសោធន៍​នៃ​ភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​ចំណាកស្រុក​ឆ្លងដែន​និង​របាយការណ៍​ចុងក្រោយ​គឺ​ធ្វើការ​រហូត​ជំពាក់​បំពុល​វ័ណ្ឌក។ ក្នុង​របាយការណ៍​ដែល​លើកឡើង​ថា ធ្វើការ​រហូត​ជំពាក់​បំពុល​វ័ណ្ឌក​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ប្រសិនបើ​គ្មាន​កម្មវិធី​សម្រាល​បន្ទុក​បំណុល​ភ្លាម​ៗ ទេ នោះ​កម្មករ កម្មការិនី​ទាំងនេះ​នឹង​ត្រូវ​ប្រឈម​និង​ការ​លក់​ដី ឬ​ផ្ទះ កាត់​បន្ថយ​ការ​បរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់​កម្ចី​កាន់តែ​ច្រើន​ឡើង​ ដើម្បី​យក​ទៅ​សងបំណុល​ដែល​មានស្រាប់។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ លើកឡើង​ថា របាយការណ៍​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៃ​បញ្ហា​ប្រឈម​របស់​កម្មករ​កម្មការិនី​ដែល​កំពុង​ជួបប្រទះ។ អ្នកស្រី​បន្ត​ថា តាម​កា​រសម្

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ លើកឡើង​ថា របាយការណ៍​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៃ​បញ្ហា​ប្រឈម​របស់​កម្មករ​កម្មការិនី​ដែល​កំពុង​ជួបប្រទះ។ អ្នកស្រី​បន្ត​ថា តាម​ការ​សម្ភាស​កម្មករ​ជាង ១០០នាក់ ​ពួក​គេ​ឆ្លើយ​ស្រ​ដៀងៗ គ្នា​ថា ដោយសារ​បញ្ហា​បំណុល​ធ្វើឲ្យ​កម្មករ​បើកប្រាក់​មក​គ្រាន់តែ​សង​បំណុល​របស់​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហើយ​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​លក់​ដី​ដើម្បី​ដោះ​បំណុល៖ « យើង​មិន​អាច​កែប្រែ​របាយការណ៍​នេះ​បានទេ​ ព្រោះ​របាយការណ៍​នេះ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ខ្ញុំ​និយាយ​បាន​គឺ​របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​បងប្អូន​កម្មករ​ពិត​ប្រាកដ​ដែល​ជួប​ប្រទះ​ត្បិត​របាយការណ៍​នេះ​ យើង​បាន​ធ្វើ​ចំពោះ​បងប្អូន​កម្មករ​ជាង ១០០នាក់​ក៏ដោយ​ ប៉ុន្តែ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​បងប្អូន​កម្មករ​ទូទៅ​នៅ​ប្រទេស​កម្ពុជា​យើង »

នាយក​សមាគម​ធាងត្នោត លោក សឿង សា​រ៉ន ឱ្យ​ដឹង​ដែរ​ថា ការ​រក​ឃើញ​អំពី​របាយការណ៍​ទាំង​នេះ​មាន​គុណ​ភាព​ដោយ​ផ្ដោត​លើ​ទៅ​ភស្តុតាង ដែល​ប្រមូល​ពី​ប្រជា​សហគមន៍​ ដែល​សមាគម​លោក​បាន​ធ្វើ​ការ​ជាមួយ៖ « ដូច​យើង​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ដើម​របស់​យើង​អ៊ីចឹង គឺ​ផ្ដោត​ទៅលើ​ចំនួន​ជាក់លាក់​ទាក់ទង​នឹង​គុណភាព​ព្រោះ​ការស្រាវជ្រាវ​មាន​ពីរ​ប្រភេទ គឺ​បរិមាណ និង​គុណភាព​ហើយ​យើង​ផ្ដោត​ទៅលើ​ការស្រាវជ្រាវ​គុណភាព »

នៅ​ដើម​សប្ដាហ៍​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លើកឡើង​ថា រដ្ឋាភិបាល និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រមូល​បំណុល និង​ការ​ប្រាក់​សម្រាប់​អ្នកខ្ចី​ប្រាក់​ខ្នាត​តូច ដែល​មិន​អាច​ទូទាត់​បំណុល​បាន​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩។ អង្គការ​អន្តរជាតិ​មួយ​នេះ​វាយតម្លៃ​ថា ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​មិន​គ្រប់​គ្រាន់​ ដើម្បី​ការពារ​អ្នកខ្ចី​ប្រាក់​ឡើយ ហើយ​បាន​រំលោភ​លើ​សិទ្ធិ​រស់នៅ​ដោយ​ថ្លៃថ្នូរ ជាពិសេស ​ការ​ទទួល​បាន​លំនៅឋាន​សមរម្យ។ ចំណែក​អ្នក​ផ្ដល់​កម្ចី​ខ្នាត​តូច​វិញ ក៏​ដូចគ្នា​នេះ​ដែរ គឺ​មិនបាន​ទទួល​ខុស​ត្រូវ​ផ្នែក​សិទ្ធិមនុស្ស​ ចំពោះ​អ្នក​ខ្ចី​ប្រាក់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។