មន្ត្រីអង្គការស៊ីម៉ាក់ថា ការផ្អាកជំនួយអាមេរិកភ្លាមៗធ្វើឱ្យប៉ះពាល់ដល់ការបោសសំអាតគ្រាប់មីន
2025.02.02

មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ឱ្យដឹងថា ការសម្រេចផ្អាកជំនួយភ្លាមៗរបស់សហរដ្ឋអាមេរិកធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះ ដែលកំពុងប្រតិបត្តិការក្នុងខេត្តចំនួន៨ នាភាគឦសាននិងភាគខាងកើតរបស់កម្ពុជា។
ជាមួយគ្នានេះ វាក៏ធ្វើឱ្យកម្លាំងអន្តរាគមន៍ និងកម្លាំងបោសសំអាតគ្រាប់បែកដែលនៅសេសសល់ពីសម័យសង្គ្រាមឥណ្ឌូចិនចំនួនជាង២០០នាក់ នឹងប៉ះពាល់ដោយសារតែគ្មានការងារធ្វើ។
មន្ត្រីអាជ្ញាធរមីនកម្ពុជាថា បុគ្គលិកផ្នែកបោសសំអាតមីននៅកម្ពុជាជាង១ពាន់នាក់នឹងរងការប៉ះពាល់ ដោយសារតែការផ្អាកជំនួយពីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជាលោក ទេព កល្យាណ លើកឡើងថា បុគ្គលិកទាំងនោះ កំពុងបម្រើការនៅតាមអង្គភាពជាច្រើន ដូចជា អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាអង្គការដោះមីនហាឡូ ត្រាស (Halo Trust) អង្គការ(MAG) អង្គការដោះមីនកម្ពុជា (CSHD) និងអង្គការជំនួយប្រជាជនន័រវែសសម្រាប់ដោះមីន(NPA)ជាដើម។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការប្រកាសផ្អាកជំនួយរបស់សហរដ្ឋអាមេរិកភ្លាមៗ ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពបោសសំអាតមីនមនុស្សធម៌នៅកម្ពុជាដែរ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី៣០ ខែមករា លោក លី ធុជ អះអាងថា ការផ្អាកជំនួយរយៈពេល៩០ថ្ងៃ តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់គម្រោងបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៩៣គម្រោង និងការងាររបស់ក្រុមអ្នកដោះ
លោក លី ធុជ អំពាវនាវសុំឱ្យសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយលើគម្រោងបោសសំអាតមីននៅកម្ពុជាតទៅទៀត បន្ទាប់ពីអាមេរិកបានបញ្ចប់គោលនយោបាយថ្មី ក្នុងការផ្អាកជំនួយរយៈពេល៩០ថ្ងៃរួចហើយនោះ។
លោក លី ធុជ៖ «ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកនឹងវិលមកបន្តគម្រោងដែលបានចាប់ផ្ដើមជាមួយគ្នា ដើម្បីកសាងភាពជាដៃគូដ៏ល្អលើវិស័យបោសសំអាតមីនរវាងពីរប្រទេសគឺអាមេរិកនិងកម្ពុជានេះបន្តទៀត បន្ទាប់ពីបញ្ចប់ការផ្អាកជំនួយរយៈពេល៩០ថ្ងៃរួចហើយ»។
ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាដូចនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៦ ខែមករា បានចេញសេចក្ដីប្រកាសផ្អាកជំនួយដែលផ្ដល់តាមរយៈក្រសួងការបរទេសនិងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ទៅឱ្យបរទេស ក្នុងរយៈពេល៩០ថ្ងៃ ដែលការផ្អាកជំនួយនេះ រួមមានទាំងកម្ពុជាផងដែរ។
ចំណែកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា សំដែងការសោកស្ដាយ បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកជំនួយនេះ។ លោកថា ការផ្អាកជំនួយរបស់អាមេរិក បានប៉ះពាល់ដល់គម្រោងស្រាវជ្រាវនិងបោសសំអាតគ្រាប់បែកទម្លាក់ពីលើយន្តហោះ សេសសល់ពីសម័យសង្គ្រាមឥណ្ឌូចិន។ ក្នុងឆ្នាំ២០២៥នេះ CMACមានគម្រោងបោសសំអាតលើផ្ទៃដីទំហំ ៤៩គីឡូម៉ែត្រក្រឡា។
លោក ហេង រតនា បញ្ជាក់ថា ក្នុង១ឆ្នាំៗអង្គភាពស៊ីម៉ាក ធ្លាប់ទទួលបានជំនួយពីសហរដ្ឋអាមេរិកចំនួន២លានដុល្លារ ដើម្បីបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកទម្លាក់ពីលើយន្តហោះនេះ។ បច្ចុប្បន្នមានកម្លាំងស្រាវជ្រាវនិងបោសសំអាតគ្រាប់បែក របស់CMACចំនួនជាង ២រយ(២១២)នាក់ កំពុងធ្វើការងារនេះ។
លោក ហេង រតនា៖ «ដោយសារតែសហរដ្ឋអាមេរិកសម្រេចផ្អាកជំនួយយ៉ាងតក់ក្រហល់ភ្លាមៗយើងក៏មានការពិបាកលើគម្រោងបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះហើយក៏មានការសោកស្ដាយដែរ។ ក៏ប៉ុន្តែយើងក៏អនុលោមទៅតាមសេចក្តីសម្រេចនោះ ពីព្រោះសហរដ្ឋអាមេរិកមានគោលនយោបាយផ្សេង ដូច្នេះយើងមិនដឹងធ្វើយ៉ាងណាទេ? ពីព្រោះវាជាគោលនយោបាយរបស់ប្រទេសមួយ»។
អាជ្ញាធរមីនកម្ពុជាឱ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩៣មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយសម្រាប់ការបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យកម្ពុជាចំនួន ១០លានដុល្លារក្នុង១ឆ្នាំៗ។
ការប្រកាសផ្អាកជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់គម្រោងបោសសំអាតមីននៅកម្ពុជានេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងស្រាវជ្រាវរកឃើញចំការមីនថ្មីៗនៅខេត្តចំនួន៧ ដែលជាប់ព្រំដែនគ្នាជាមួយប្រទេសថៃ បន្ថែមពីលើផ្ទៃដីដែលមិនទាន់ដោះមីនរួចរាល់ទំហំជិត៥០០(៤៦៨) រយគីឡូម៉ែត្រក្រឡាថែមទៀត។
ជុំវិញការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកជាបណ្ដោះអាសន្ននេះ ក្រៅតែពីមានបញ្ហាដោះមីន ក៏ធ្វើឱ្យអ្នកវិភាគសង្គម មន្ត្រីរាជការនិងសង្គមស៊ីវិលមួយចំនួន ព្រួយបារម្ភចំពោះការប៉ះពាល់ដល់ការអភិវឌ្ឍសហគមន៍ ការលើកកំពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ វិស័យអប់រំ សុខាភិបាល កសិកម្ម និងការអភិរក្សធនធានធម្មជាតិនៅកម្ពុជាជាដើម។ ពួកគេស្នើឱ្យរដ្ឋាភិបាលកម្ពុជា រិះរកដំណោះស្រាយជាមួយរដ្ឋាភិបាលអាមេរិកដើម្បីស្នើសុំបន្តជំនួយឡើងវិញ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញកង្វល់របស់មហាជននេះ ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បាននៅឡើយនៅថ្ងៃទី១ ខែកុម្ភៈ។
ចំណែកអ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា មូលហេតុដែលកម្ពុជាទទួលរងសម្ពាធពីការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកគឺដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោក គឹម សុខ៖ «រឿងដែលកម្ពុជាថប់ដង្ហើមគឺដោយសារតែរដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំផ្ដាច់ការគ្មានលទ្ធិប្រជាធិបតេយ្យ គ្មានគន្លឹះអ្វីយកទៅសម្របសម្រួលផ្សះផ្សាជាមួយប្រទេសសេរី ដើម្បីទាញយកជំនួយនិងការអនុគ្រោះពាណិជ្ជកម្មបានផង។ គ្រាន់តែអាមេរិកបង្កកថវិកាលើគម្រោងដោះមីន១០លានដុល្លាររយៈពេល៣ខែ ធ្វើឱ្យរដ្ឋាភិបាលត្រកូលហ៊ុនលៀនភ្នែកទៅហើយ ចុះទម្រាំបើអាមេរិកបង្កកជំនួយជិត ១០០លានដុល្លារថែមទៀត តើរដ្ឋាភិបាលកម្ពុជានឹងយ៉ាប់យ៉ឺនយ៉ាងណា?»។
អ្នកវិភាគនយោបាយយល់ឃើញទៀតថា កម្ពុជានៅមានឱកាសអាចស្ដារស្ថានភាពនយោបាយរបស់ខ្លួនបាន ប្រសិនបើរដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុន ងាកមករកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
ការស្ដារស្ថានភាពនេះ គឺរដ្ឋាភិបាលកម្ពុជាត្រូវបើកលំហសេរីភាពពលរដ្ឋ សេរីភាពសង្គមស៊ីវិល សេរីភាពសារព័ត៌មាន និងសេរីភាពនយោបាយ ឱ្យប្រសើរឡើងវិញ ទើបអាចផ្សះផ្សាទំនាក់ទំនងល្អ ព្រមទាំងទទួលបានជំនួយពីបណ្ដាប្រទេសសេរីដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី កាណាដា និងអង់គ្លេសឱ្យប្រសើរឡើងវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។